ក្រុង​បាត់ដំបង៖ ​ភ្ញៀវ​​អាច​អង្គុយ និង​ថត​រូបភាព​នៅ​កន្លែង​កំពូល​តារា​ភាពយន្ដ​ហូលីវូដ​ធ្លាប់​ធ្វើ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​លើ​ក្យូស​លយ​ចូល​ស្រះ​ឈូក​ក្នុង​ផ្ទះ​ស្នាក់​វត្ដគរ​ ស្ថិត​នៅ​ចម្ងាយ​ ៨០០ ម៉ែត្រ ពី​ក្រុង​បាត់ដំបង​។

រូបភាព​តារា​ភាពយន្ដ អេនជេលីណា ជោលី ​អតីត​ស្វាមី ប្រ៊េត ភីត ជាមួយ​ម្ចាស់​ផ្ទះ​ស្នាក់​វត្ដគរ និង​ក្រុម​បុគ្គលិក ២ សន្លឹក ​ត្រូវ​បាន​តាំង​ភ្ជាប់​ជញ្ជាំង​នៅ​សាល​ទទួល​ភ្ញៀវ និង​មុខ​បន្ទប់​ដែល​ពួក​គេ​ធ្លាប់​ស្នាក់​ផង​ដែរ​។

លោក គឹម នូ ម្ចាស់​ផ្ទះ​ស្នាក់​វត្ដ​គរ ដែល​បាន​បើក​សម្ពោធ​ក្នុង​ឆ្នាំ ​២០១៣ បាន​និយាយ​ចង្អុល​ទៅ​កាន់​បន្ទប់​ជាន់​ក្រោម​នៃ​ផ្ទះ​បុរាណ​ខ្មែរ​ថា​៖ «​គាត់​ [អេនជេលីណា ជោលី​] មក​ស្នាក់​ទីនេះ​រយៈពេល​ ១០ ថ្ងៃ​​ ពេល​ថត​កុន​រឿង «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​​ប៉ា​របស់​​ខ្ញុំ​» ក្នុង​ឆ្នាំ ​២០១៦ ជាមួយ​អតីត​ស្វាមី​ដែល​ជា​តារា​ភាពយន្ដ​ហូលីវូដ​ផង​ដែរ​នោះ គឺ​លោក ប្រ៊េត ​ភីត​»។​

ភាព​ស្ងប់ស្ងាត់​ ផ្ទះ​រចនាប័ទ្ម​បុរាណ​ខ្មែរ គួប​នឹង​បរិស្ថាន​ដ៏​ស្រស់​បំព្រង​ទាំង​​រុក្ខជាតិ មិន​មាន​របង​បិទ​បាំងភ្នែក​អ្នក​ភូមិ​​ជិត​ខាង ទាំង​នេះ​បាន​ទាក់ទាញ​ចិត្ដ​កំពូល​តារា​ភាពយន្ដ​ហូលីវូដ​ឲ្យ​មក​ទី​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​។

ផ្ទះ​ស្នាក់​ដែល​តារា​ហូលីវូដ អេនជេលីណា ជោលី មក​ស្នាក់​នៅ​អំឡុងពេល​ផលិត​ខ្សែ​ភាពយន្ត​។ហុង មិនា

ស្ថិត​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា ផ្ទះ​ស្នាក់​វត្ដគរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីសក្ការៈ​វត្ដ​គរ ផ្ដល់​នូវ​បទពិសោធ​ស្នាក់​នៅ​បែប​ខ្មែរ​ប្រកប​ដោយ​ផាសុកភាព​ និង​ទទួល​ទាន​អាហារ​បែប​ខ្មែរ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ឈុត​បែប​បស្ចិម​ប្រទេស ជា​ពិសេស​ការ​បន្ដ​ថែ​រក្សា​រចនាប័ទ្ម​ផ្ទះ​បុរាណ​ខ្មែរ​ឲ្យ​នៅ​ស្ថិត​ស្ថេរ​គង់​វង្ស​​។

ផ្ទះ​ស្នាក់​​​មួយ​នេះ​មិន​មាន​ទី​ចំណត​រថយន្ដ​ក្នុង​បរិវេណ​ឡើយ​ ដោយ​ទីធ្លា​ទាំង​មូល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​​តុបតែង​រុក្ខជាតិ​តូច​ធំ ស្រះ​ទឹក​ ទូក​ឈើ​បុរាណ​ កង់​ឌុប​ ឧបករណ៍​​ចាប់​ត្រី​ អាង​ទឹក​សម័យ​ទំនើប​ និង​ផ្ទះ​សង់​ពី​ចំនៀរ​​ឈើ​ធំៗ ​​ដ៏​ស្កឹមស្កៃ​សម្រាប់​​ផ្គាប់​ចិត្ដ​ភ្ញៀវ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​​។

ការ​​ស្រឡាញ់​ចូលចិត្ដ​លើ​វិស័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ បាន​​នាំ​ឲ្យ​អតីត​និស្សិត​វិស្វករ​មក​ពី​សាលា​តិចណូ​រូប​នេះ បាន​ចាប់​ផ្ដើម​មុខ​ជំនួញ​​ក្រុមហ៊ុន​ទេសចរណ៍​ដោយ​សហការ​ជាមួយ​ដៃគូ​ជនជាតិ​បារាំង​ ​ដោយ​បើក​​ផ្ទះ​ស្នាក់​វត្ដ​គរ​ក្នុង​ឆ្នាំ ​២០១៣​ ​​ផ្អែក​លើ​ទស្សនៈ​​ផ្ដល់​សេវាកម្ម​បដិសណ្ឋារកិច្ច​ដ៏​រីករាយ​បែប​ធម្មជាតិ​ពិតៗ គោរព​ទៅ​តាម​វប្បធម៌​ប្រពៃណី​អ្នក​ស្រុក និង​ស្ទួយ​បរិស្ថាន​។

ម្ចាស់​ផ្ទះស្នាក់​វត្ត​គរ ជោលី និង​ ភីត អតីត​ស្វាមីនាង​។ រូបថត សហ​ការី

លោក គឹម នូ ដែល​មាន​បទពិសោធ​ក្នុង​វិស័យ​ទេសចរណ៍​ជា​ច្រើន​ឆ្នាំ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖​ «​បច្ចុប្បន្ន យើង​​ធ្វើ​ផ្ទះ​បាន ៣ គឺ​ផ្ទះ​ប៉ិត ផ្ទះ​កន្ដាំង និង​ផ្ទះ​ខ្មែរ ហើយ​យើង​នឹង​ធ្វើ​ផ្ទះ ២ ទៀត ​ដែល​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខែ​កញ្ញា​នេះ គឺ​ផ្ទះ​រោង​ដោល​ និង​ផ្ទះ​រោង​ឌឿង»។

ដោយ​មើល​ឃើញ​ពី​ភាព​ល្អ​ឯក​របស់​​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ លោក​​​បាន​ឲ្យ​ដឹង​​ថា៖ «​បើ​យើង​ធ្វើ​សំណង់​អ្វី​ដែល​មាន​លក្ខណៈ​ដូចៗ​គ្នា​នៅ​ស្រុក​គេ​ដែរ វា​​នឹង​មិន​មាន​ការ​ចាប់​អារម្មណ៍​ឡើយ​។ អ៊ីចឹង យើង​ធ្វើ​បែប​របស់​យើង​ តែ​យើង​បង្កើត​បរិយាកាស​បែប​ផាសុកភាព​បន្ដិច​ ដូច​ជា​បន្ទប់​ទឹក​ស្អាត​ល្អ»។

តារាង​មុខ​ម្ហូប​ខ្មែរ​បែប​កូន​កាត់​​បារាំង​​បន្ដិច​ ដោយ​ការ​រៀបចំ​ជា​​ឈុត​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​​បង្ហាញ​ម្ហូប​ខ្មែរ តាម​បែបបទ​​​នៃ​​ទម្លាប់​ទទួល​ទាន​របស់​​ភ្ញៀវ​ទេសចរ។

អាហារ​ឈុត ដែល​រៀបចំ​ផ្លាស់​ប្ដូរ​ញឹកញាប់​រៀង​រាល់​ថ្ងៃ ដូច​ជាមួយ​ឈុត ​រួម​មាន ញាំ​សាច់​មាន់ ស្ងោរ​ជ្រក់​សាច់​គោ អាម៉ុក​ត្រី និង​បង្អែម​នំអ៊ី​ ​មាន​តម្លៃ ១២ ដុល្លារ ​សម្រាប់​មនុស្ស​ម្នាក់​។

អាងទឹក​ហ៊ុមព័ទ្ធ​ដោយរុក្ខជាតិ​បៃតង​ដ៏​ត្រជាក់​ភ្នែក​។ហុង មិនា

អង្គុយ​ក្នុង​ភោជនីយដ្ឋាន​ក្បែរ​​​មាត់​ស្រះ​ លោក គឹម នូ​ បាន​បន្ដ​ថា​៖​ «​យើង​​មិន​កែកុន​រសជាតិ​ឲ្យ​សម​ស្រប​តាម​ភ្ញៀវ​នោះ​ទេ។ ជាក់​ស្ដែង បើ​សម្ល​នេះ​ត្រូវ​មាន​ប្រហុក យើង​ត្រូវ​បង់​ប្រហុក​ពិតៗ​តែ​ម្ដង​ ​ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ថា រសជាតិ​ម្ហូប​ខ្មែរ​វា​យ៉ាង​ដូច​ម្ដេច​ ពី​ព្រោះ​​ភោជនីយដ្ឋាន​ជា​ច្រើន​ដែល​ចម្អិន​ម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ ភាគ​ច្រើន​ចុងភៅ​​បារម្ភ​ភ្ញៀវ​អត់​អាច​ហូប​បាន​។ ប៉ុន្ដែ​ដល់​ពេល​ពួក​គាត់​ធ្លាប់​ហូប ពួក​គាត់​ចូលចិត្ដ​ម្ហូប​យើង​»។

ក្រៅ​ពី​ការ​ផ្ដល់​បទពិសោធ​ស្នាក់​ក្នុង​ផ្ទះ​បុរាណ​ខ្មែរ​ និង​ភ្លក្ស​រសជាតិ​អាហារ​ម្ចាស់​ស្រុក​ពិតៗ ម្ចាស់​ផ្ទះ​ស្នាក់​វត្ដគរ​រូប​នេះ​​ក៏​មាន​បំណង​ថែរក្សា​រចនាប័ទ្ម​ផ្ទះ​ប្រពៃណី​ខ្មែរ ដែល​បន្សល់​ទុក​តាំង​ពី​ដូនតា​បរម​បុរាណ​។

លោក គឹម នូ បាន​លើក​ឡើង​ថា​៖ «​ពេល​ដែល​ខ្ញុំ​ធ្វើ​បែប​នេះ អ្នក​ស្រុក​អ្នក​ភូមិ​ចូល​មក​ គេ​ថា​ស្អាត​ ហើយ​ខ្ញុំ​តប​វិញ​ថា ហ្នឹង​ហើយ តាម​ការ​ពិត​ផ្ទះ​គាត់​ស្អាត​​ជាង​ផ្ទះ​ខ្ញុំ​ទៅ​ទៀត​។ ខ្ញុំ​ចង់​​បំផុស​ឲ្យ​ពួក​គាត់​ថែ​រក្សា​ផ្ទះ​​បែប​បុរាណ​ទាំង​នេះ​​»​។

លោក​បន្ថែម​ទៀត​ថា​៖ «​យើង​ក៏​ចង់​បង្ហាញ​អំពី​របៀប​បដិសណ្ឋារកិច្ច​របៀប​​ខ្មែរ​យើង​ដែរ។ យើង​មិន​ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​ម្ហូប​ចេញ​ពី​ឆ្វេង​អី បែប​​ស្ដង់ដា​ដូច​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ផ្កាយ ៥ ឡើយ​។ យើង​ធ្វើ​តាម​របៀប​របស់​យើង បែប​ខ្មែរ​។ បុគ្គលិក​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​តាម​របៀប​ស្និទ្ធស្នាល​បែប​មិត្ដភក្ដិ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ដូច​ផ្ទះ​គាត់​អ៊ីចឹង​ដែរ»​។

បើក​ដំណើរ​ការ​មក​មាន​រយៈពេល ៦ ឆ្នាំ​មក​នេះ​ ផ្ទះ​ស្នាក់​វត្ដ​គរ ទទួល​ស្វាគមន៍​តារា​ភាពយន្ដ​ហូលីវូដ​បាន ២ ដង ​ដោយ​ម្ដង​អំឡុង​ពេល​ ជោលី ថត​ភាពយន្ដ​ខ្នាត​ធំ​ស្ដីពី​ខ្មែរ​ក្រហម ​និង​​ម្ដង​ទៀត​ កាល​ពី​ប៉ុន្មាន​ខែ​មុន ពេល​​អ្នក​ម្ដាយ​ចិញ្ចឹម​ ម៉ាដុក រូប​នេះ មក​ថត​ស្ពត​​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទឹក​អប់​បារាំង។

ម្ចាស់​ផ្ទះ​ស្នាក់​វត្ដគរ ដែល​ផ្ដល់​​សេវាកម្ម​ផ្ទះ​ស្នាក់​បែប​ខ្មែរ​ប្រណីត​បាន​បន្ដ​ថា​៖ «​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ គាត់​មក​ថត​ស្ពត​សម្រាប់​ពាណិជ្ជកម្ម​ទឹក​​​​អប់​របស់​បារាំង​។ គាត់​មក​ជា​ក្រុម​ការងារ​ រួម​ទាំង​ក្រុម​ថត​​​រូប​មក​ពី​ស្រុក​បារាំង​ផង និង​​ហូលីវូដ​ផង។ ប៉ុន្ដែ​កាល​​នោះ គាត់​អត់​បាន​ស្នាក់​នៅ​ទី​នេះ​​ទេ មាន​តែ​ក្រុម​ការងារ​ទាំង​អស់​របស់​គាត់​ស្នាក់​នៅ​ទី​នេះ​។ គាត់​ស្នាក់​នៅ​ផ្ទះ​​របស់​គាត់​នៅ​សំឡូត​ចាស់​ឯនោះ​»។

លោក គឹម នូ រំពឹង​ថា កំពូល​តារា​ភាពយន្ដ​ហូលីវូដ ដែល​ជា​ម៉ូយ​ម្នាក់​របស់​ផ្ទះ​ស្នាក់​លោក នឹង​មក​កាន់​ទីស្នាក់​អាស្រ័យ​រចនាប័ទ្ម​បែប​ខ្មែរ​នេះ​នៅ​ឱកាស​ក្រោយៗ​ទៀត​។

បន្ទប់​ធំ​ទូលាយ ដែល​បំពាក់​បរិក្ខារ​ប្រើប្រាស់​ប្រណីត បន្ថែម​ដោយ​គ្រឿង​សង្ហារឹម​ចំនៀរ​ឈើ​ច្នៃ​​យ៉ាង​ពិសេស​ មាន​តម្លៃ​ចាប់ ១២០ ទៅ ១៨០ ដុល្លារ​ក្នុង ​១ ​​យប់​។

ផ្ទះ​ស្នាក់​វត្ដ​គរ ស្ថិត​នៅ​ចម្ងាយ​ ៨០០ ម៉ែត្រ​ពី​ក្រុង​បាត់ដំបង លើ​ផ្លូវ​វត្ដ​គរ ឬ​ទំនាក់​ទំនង​តាម​អ៊ីមែល info@maisonswatkor.com ឬ​ចូល​ទៅ​កាន់​វេបសាយ http://www.maisonswatkor.com/៕

ស្រះឈូក​ និង​រានហាល​ដែលអាច​ឲ្យភ្ញៀវ​អង្គុយ​ស្រូបយកខ្យល់អាកាស។ហុង មិនា

វីដេអូ៖