កំពត៖ វាមិនមែនប្រជុំថ្មច្រូងច្រាងក្នុងតំបន់ជួរភ្នំ Hallelujah Mountain នៃភាពយន្ដហូលីវូដ Avatar នោះទេ។ ភ្នំថ្មគ្របដណ្ដប់រុក្ខជាតិបៃតងស្រស់ដោយចុងកំពូលមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ បែរទៅទិសពាយព្យ ឈរអែបជាប់នឹងអាងស្ដុកទឹកធំមួយសម្រាប់ស្រោចស្រពដំណាំកសិកម្មអ្នកស្រុកកំពង់ត្រាច ស្ថិតក្នុងតំបន់សម្បូរភ្នំថ្មកំពុងតែក្លាយជាទីចាប់អារម្មណ៍ភ្ញៀវទេសចរជិតឆ្ងាយ ដោយសារតែផ្លូវទំនប់ប្រវែង ១ ២០០ ម៉ែត្រ។
រយៈពេលជាច្រើនសតវត្សរ៍ ភ្នំដំរីស្ថិតនៅយ៉ាងឯកាដោយពាក់កណ្ដាលភ្នំខាងលិចជាប់នឹងប្រភពទឹក និងពាក់កណ្ដាលទៀតជាប់វាលស្រែវាលស្រូវដ៏សែនកណ្ដោចកណ្ដែង បើទោះបីជាភ្នំដំរីស្ថិតនៅមិនឆ្ងាយពីរមណីយដ្ឋានប្រវត្ដិសាស្ដ្រភ្នំកំពង់ត្រាចតែប្រមាណ ៧ គីឡូម៉ែត្រ។
ថ្មីៗនេះ ជាមួយការបង្ហោះរូបភាពដ៏ទាក់ទាញនៅលើទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម ភ្នំដំរី ស្ថិតក្នុងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច បានអន្ទងចិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គម ប៉ងស្កាត់មកជួបឲ្យខាងតែបាន។
ជាមួយសំណេររៀបរាប់អំពីទិដ្ឋភាពនៃការកសាងផ្លូវតាមជើងភ្នំដំរីប្រវែង ១ ២០០ ម៉ែត្រ ដោយភ្ជាប់នឹងរូបភាពដ៏ស្រស់ត្រកាលនៃភ្នំដំរីស្ថិតនៅចម្ងាយជិត ៥០ គីឡូម៉ែត្រ ភាគខាងជើងក្រុងកំពត ការបង្ហោះពីខែវិច្ឆិកាឆ្នាំមុន បានទាក់ទាញការចុច likes ជាង ១ ពាន់ដង និងចែករំលែកជាង ៧០០ ដង។
ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃបរិវេណភ្នំដំរី យុវតី បៀច ស្រីអូន ក៏ជាពលរដ្ឋរស់នៅក្នុងភូមិក្បែរខាង បានមកអើតឈ្ងោកភ្នំដំរីជាមួយការភ្ញាក់ផ្អើលចំពោះទីឋានដ៏ទាក់ទាញ ស្ថិតនៅមិនឆ្ងាយពីផ្ទះខ្លួន។
យុវតីវ័យ ១៩ ឆ្នាំ ជាសិស្សថ្នាក់ទី ១២ វិទ្យាល័យព្រះបិតាជាតិបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំជាអ្នកស្រុកនៅទីនេះ តែអត់ដឹងថា គេចាក់ធ្វើផ្លូវតាំងពីពេលណាមកទេ។ ពីមុនអត់មានផ្លូវជិះអែបជើងភ្នំនេះទេ។ តាំងពីឃើញគេបង្ហោះលើហ្វេសប៊ុក ក៏មានការភ្ញាក់ផ្អើល និងមកលេង ព្រមទាំងថតរូបនៅទីនេះបាន ២ ដងហើយ។
កញ្ញា បៀច ស្រីអូន ដែលនាំប្អូនស្រី និងក្មួយតូចម្នាក់ទៀតមកថតរូបលេងកម្សាន្ដនៅលើខ្នងទំនប់ជាប់ភ្នំដំរី បានឆ្លៀតពេលពីការសិក្សាមកផ្ដិតយកទេសភាពដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ថ្មីក្នុងស្រុកកំណើតរបស់ខ្លួនបង្អួតមិត្ដភក្ដិបាន ២ ដងទៅហើយ។
យុវតីនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតរូបនេះនិយាយថា៖ «ពេលថតទៅ មានមិត្ដភក្ដិក្នុងហ្វេសប៊ុកសួរថានៅណាៗ។ ពេលរសៀលជាវេលាថតស្អាតបំផុត ដោយអាចមើលឃើញទិដ្ឋភាពផ្ទៃទឹកឆ្លុះជើងភ្នំ ខណៈពេលព្រឹកព្រលឹម ផ្កាព្រលឹត និងកញ្ឆែតរីកស្គុសស្គាយក៏ស្អាតដែរ»។
ដោយមើលឃើញពីសក្ដានុពលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្ដកំពត មន្ទីរទេសចរណ៍បាននិងកំពុងសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពីលទ្ធភាពបង្កើតជាតំបន់រមណីយដ្ឋានធម្មជាតិសម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាផ្លូវការ។
លោក សយ សាណុល ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពតបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងកំពុងតែសិក្សា និងសហការជាមួយសហគមន៍ពីលទ្ធភាពនៃការរៀបចំ ដោយសារវាថ្មីពេក ហើយយើងមើលទៅលើការទាក់ទងនឹងផ្លូវចូល។ ឥឡូវ យើងអត់មានអី ហើយយើងអត់ទាន់ហ៊ានផ្សព្វផ្សាយច្រើននោះទេ។ យើងកំពុងរកមធ្យោបាយថា តើយើងគួរធ្វើត្រឹមកម្រិតប៉ុនណា?»។
ទាក់ទងនឹងប្រវត្ដិភ្នំដំរី ប្រធានមន្ទីរទេសចរណ៍រូបនេះ នៅមិនទាន់មានប្រភពព័ត៌មានអំពីរឿងរ៉ាវភ្នំដំរី ដែលលាតសន្ធឹងនៅកណ្ដាលវាលស្រែពលរដ្ឋនៃស្រុកកំពង់ត្រាចនោះឡើយ។
លោកបាននិយាយថា៖ «ខ្ញុំអត់សូវច្បាស់ទេចំពោះរឿងនេះ ពីព្រោះកន្លងមក យើងអត់ទាន់បានសិក្សាអំពីភ្នំនេះទេ។ ពេលទំនប់នេះ ត្រូវបានស្ដារ យើងមើលឃើញថា វាមានភាពស្រស់ស្អាត និងទាក់ទាញគួរសម។ ខ្ញុំអត់មានឯកសារអ្វីនោះទេ ដោយសារវានៅថ្មីពេក។ ខ្ញុំធ្លាប់សិក្សាពីផ្ទះប៉ិតបុរាណរបស់ប្រជាពលរដ្ឋច្រើននៅតំបន់នោះ»។
លោកអះអាងថា ផ្លូវលំកសាងថ្មី ដែលទាក់ទាញអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ គឺជាអតីតទំនប់ចាស់ ដែលត្រូវស្ដារដើម្បីការពារការជ្រាបទឹក។
យោងតាមទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា៖ «ទិដ្ឋភាពទំនប់ទឹកការពារជ្រាបតាមជើងភ្នំដំរីប្រវែង ១ ២០០ ម៉ែត្រ ដែលអនុវត្ដការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្ដកំពត»៕
វីដេអូ៖