The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​សហគមន៍​នៅ​តែ​ចិញ្ចឹម​កូន​គោ រំពឹង​​ឆាប់​បាន​បន្ត​​​​​ប្រពៃណី​បរ​រទេះ​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​​តាម​ភូមិ​ ​​




ពលរដ្ឋ​សហគមន៍​នៅ​តែ​ចិញ្ចឹម​កូន​គោ រំពឹង​​ឆាប់​បាន​បន្ត​​​​​ប្រពៃណី​បរ​រទេះ​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​​តាម​ភូមិ​ ​​

Content image - Phnom Penh Post
សហគមន៍​កសិទេសចរណ៍​សង្កាត់ជ្រាវ ធ្លាប់មានរទេះគោ​ចន្លោះពី ២០ ទៅ ៣០ នឹម​ដឹកភ្ញៀវទេសចរ​ជិះ​កម្សាន្ត​តាមភូមិឋាន។ ភ្នំពេញ ប៉ុស្តិ៍

ពលរដ្ឋ​សហគមន៍​នៅ​តែ​ចិញ្ចឹម​កូន​គោ រំពឹង​​ឆាប់​បាន​បន្ត​​​​​ប្រពៃណី​បរ​រទេះ​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​​តាម​ភូមិ​ ​​

កំពង់ឆ្នាំង៖ សកម្មភាព​ធ្លាប់​​ជួប​ជុំ​គ្នា​អ៊ូអរ រទេះ​គោ​ ​ទិដ្ឋភាព​គោ​​ដេក​ ឈរ​​ច្រូងច្រាង​ពេញ​ដង​ផ្លូវ​ និង​ស្នាម​ញញឹម​​​​ពព្រាយ​​ពី​ប្រជា​សមាគម​​​រទេះ​គោ​កំពង់​ត្រឡាច​​លើ​ ដែល​​រីករាយ​នឹង​​ដឹក​ជញ្ជូ​ន​ភ្ញៀវ​​ទេសចរ​ពី​នាវា​កម្សាន្ដ​ ជិះ​​លើ​រទេះ​សាឡី​ឆ្លង​កាត់​ភូមិ​ឋាន​ឆ្ពោះ​ទៅ​​កាន់​អារាម​បុរាណ​ ពេល​នេះ​ប្រែ​ជា​ទទេ​ស្អាត​។

កំពង់ផែ​គ្មាន​នាវា​ចូល​ចត ​រទេះ​សាឡី​ត្រូវ​បាន​ទុក​ចោល​នៅ​ក្រោម​ផ្ទះ នៅ​​កៀន​របង​ និង​ក្រោយ​ផ្ទះ​ដោយ​គ្មាន​​ការ​យក​ចិត្ដ​ទុក​ដាក់​សុខ​ទុក្ខ​របស់​​វា​។ ស្នាម​ញញឹម និង​ការ​រៀន​បញ្ចេញ​សំឡេង​ពាក្យ​ពេនច៍​ភាសា​អង់គ្លេស​តិចតួច​ ក៏​ប្ដូរ​មក​ជា​សំឡេង​ពពាយ​នាយ​លក់​គោ​ជា​ថ្នូរ​ទឹក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​។

សកម្មភាព​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​បរទេស​ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ ក្រោយ​​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ព្រំដែន​​​គោក ទឹក និង​អាកាស​បណ្ដោះ​អាសន្ន​​ កាល​ពី​ដើម​ខែ​មីនា ដោយ​មាន​​ការ​បារម្ភ​ចំពោះ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ខណៈ​​កម្ពុជា​រក​ឃើញ​ទេសចរ​បរទេស​ផ្ទុក​ជំងឺ​កូវីដ ១៩ លើ​នាវា​កម្សាន្ដ Viking Cruise។

លោក តឹក ទ្រើង ប្រធាន​សមាគម​​រទេះ​គោ​កំពង់​ត្រឡាច​លើ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្ដិ៍​​ ថា៖ «​ក្រោយ​ពេល​បិទ​ទេសចរ​តាម​ផ្លូវ​ទឹក​មក គោ​ប្រមាណ ១៤០ ក្បាល​​ របស់​ប្រជា​សមាគម​រទេះ​គោ​យើង​ អត់​មាន​ដំណើរការ​អ្វី​ទាំង​អស់ ពី​ព្រោះ​គោ​អូស​រទេះ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​តែ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​»។

លោក ទ្រើង ដែល​តែងតែ​ដឹក​នាំ​ប្រជា​សមាគម​ដឹក​ភ្ញៀវ​ទេសចរ​ឲ្យ​ទទួល​បាន​បទពិសោធ​ជិះ​រទេះ​គោ​ខ្មែរ​​យ៉ាង​តិច ៣ ​ជើង​ក្នុង ​១ ​ថ្ងៃ​ បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ភូមិ​បាន​លក់​គោ​របស់​ខ្លួន​ស្ទើរ​តែទាំង​អស់​ទៅ​ហើយ​ ពី​ព្រោះ​ក្រៅ​ពី​ដឹក​ជញ្ជូន​ភ្ញៀវ​ គោ​លែង​ត្រូវ​បាន​ប្រើ​អូស​នង្គ័ល​ទៀត​ហើយ​»។

តំបន់​កសិទេសចរណ៍​សង្កាត់​ជ្រាវ​ក្នុង​ក្រុង​សៀមរាប ធ្លាប់​ទទួល​ភ្ញៀវ ​១ ​​ថ្ងៃ​ចន្លោះ​ពី ៣៥០ ទៅ ៤០០ នាក់​ ក្រោម​សកម្មភាព​កម្សាន្ដ​ប្លែក​ៗ ដូចជា ការ​ដើរ​ផ្សារ ទស្សនា​សាលារៀន បេះ​បោច​បន្លែ​បង្ការ ចម្អិន​ម្ហូប​ មើល​សត្វ​ស្លាប​ ទទួល​ទាន​អាហារ​រួម​គ្នា និង​ការ​ជិះ​រទេះ​គោ​ត្រាច់ចរ​តាម​ភូមិ​ ក៏​ត្រូវ​ផ្អាក​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ នេះ​ផង​ដែរ​។

Content image - Phnom Penh Post
ពលរដ្ឋ​អាចចិញ្ចឹមកូនគោ​ត្រៀម​ត្រឡប់​ទៅ​បម្រើទេសចរណ៍ ប៉ុន្តែ​រទេះគោ​ទុកចោល​អាច​ពុកផុយ​។ រូបថត លាង ផាន់​ណារ៉ា

លោក ក្រូច លី ប្រធាន​សមាគម​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍​ (IIC) នៃ​សហគមន៍​កសិទេសចរណ៍​សង្កាត់​ជ្រាវ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖​​ «ពី​ព្រឹក​ព្រលឹម ភ្ញៀវ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សត្វ​ស្លាប​ហើរ​ពី​តំបន់​នានា​មក​ទំ​លើ​វាល​ស្រែ​បៃតង​ខ្ចី​ ពិសេស បឹង​ពារាំង មក​រក​ចំណី​ដោយ​សេរី​ គ្មាន​​ការ​រំខាន ឬ​ញាំញី​ជីវិត​អ្វី​ឡើយ។ ក្រោយ​មក​ រទេះ​គោ​នឹង​ចូល​ខ្លួន​មក​ដឹក​ជញ្ជូន​ភ្ញៀវ​ចូល​ភូមិឋាន​ប្រជាជន រួច​សំចត​ក្បែរ​ចម្ការ​ច្បារ​ដំណាំ​ជាប់​ផ្ទះ​សំបែង​ ទុក​ឱកាស​ឲ្យ​ភ្ញៀវ​ដើរ​ទៅ​មើល​ទិដ្ឋភាព​ការ​​រស់នៅ​ស្រុក​ជនបទ»។

ក្នុង ​១ ​ថ្ងៃៗ រទេះ​គោ​ចន្លោះ​ពី ២០ ទៅ ៣០ នឹម​មាន​ភារៈ​ដឹក​ជញ្ជូន​ភ្ញៀវ​ជិះ​​កម្សាន្ដ​តាម​ផ្លូវ​រទេះ​ខ្វាត់​ខ្វែង​តាម​ភូមិ​ឋាន​នានា​ក្នុង​សហគមន៍​សង្កាត់​ជ្រាវ​ ​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ឃើញ​នូវ​ទិដ្ឋភាព​​រស់​នៅ​របស់​អ្នក​ភូមិ​។

យ៉ាង​ណាមិញ ចំពោះ​ការ​ចិញ្ចឹម​សត្វ​​គោ​លក្ខណៈ​គ្រួសារ​របស់​សហគមន៍​នានា​ទូទាំង​ប្រទេស​ ក្រៅ​ពី​អត្ថប្រយោជន៍​​​នៃ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​​ឲ្យ​ទទួល​បាន​បទពិសោធ​ធ្វើ​ដំណើរ​​បែប​ប្រពៃណី​ សត្វ​ពាហនៈ​ទាំង​នេះ​ក៏​ត្រូវ​បាន​លក់​យក​សាច់​ជា​អាហារ​ផង​ដែរ។

លោក​ តឹក ទ្រើង​​ បាន​អះអាង​ថា អ្នក​​ភូមិ​គ្មាន​លទ្ធភាព​បន្ដ​ចិញ្ចឹម​សត្វ​គោ​ធំៗ​​នៅ​ផ្ទះ​ដោយ​គ្មាន​ប្រយោជន៍​​បាន​ទេ​ ពួក​គេ​មាន​តែ​វ៉ៃ​ចេញ​ទៅ​ឲ្យ​កុង​​ស៊ី​កាប់​សាច់​លក់​ជា​ថ្នូរ​នឹង​ប្រាក់​មួយ​​ចំនួន​សម្រាប់​ការ​ចាយ​ប្រចាំ​ថ្ងៃ​ និង​ទិញ​កូន​គោ​ចិញ្ចឹម​បន្ដ​ទៀត។

ប្រធាន​សមាគម​រទេះ​គោ​ ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ ២​ ភូមិ គឺ​ភូមិ​អ្នក​តា​ហាន និង​ភូមិ​កំពង់​ត្រឡាច​លើ​បាន​បន្ត​​ថា​៖ «​គោ​គ្រប់​គីឡូ​ចន្លោះ​​ពី ៣០០ ទៅ ៤០០ គីឡូក្រាម​ មាន​​តម្លៃ​​ប្រមាណ ៥០០ ដុល្លារ​ ហើយ​​ជា​រួម​ គោ ​១ ​នឹម យើង​អាច​ទទួល​ចំណូល​បាន​ប្រមាណ ១ ០០០ ដុល្លារ​»។

លោក ទ្រើង ដែល​ចិញ្ចឹម​គោ​ ១​ នឹម​ខ្លួន​ឯង​ផង​នោះ បាន​ឲ្យ​ដឹង​ថា កូន​​គោ​អាច​ត្រូវ​ការ​ពេល​វេលា​ធំធាត់​ចន្លោះ​​ពី ១ ឆ្នាំ​កន្លះ​ទៅ​ ២ ឆ្នាំ​ ទើប​អាច​គ្រប់​គីឡូ​សម្រាប់​លក់​។

ក្រៅ​ពី​សមាគម​រទេះ​គោ​កំពង់​ត្រឡាច​លើ និង​ជ្រាវ នៅ​មាន​សហគមន៍​ និង​រីសត​ក្នុង​ស្រុក​ជា​ច្រើន​ទៀត ប្រើ​ជំនិះ​រទេះ​គោ​​ប្រពៃណី​ រទេះ​ក្របី ដឹក​ភ្ញៀវ​ជិះ​លេង​កម្សាន្ដ​តាម​ភូមិ​ឋាន​​នៃ​សហគមន៍​ ​ដោយ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី និង​លើក​កម្ពស់​ការងារ​ដល់​សហគមន៍​ផង​ដែរ​។

យ៉ាង​ណាមិញ ​រទេះ​គោ​ក្រៅ​ពី​​ការ​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​លេង​វត្ដ​ពោធិរុក្ខារាម ឬ​វត្ដ​កំពង់​ត្រឡាច​លើ​ ​ដែល​មាន​អាយុ​ចំណាស់​ជាង ១០០ ឆ្នាំ​ វា​មិន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ​។ ដូច្នេះ រទេះ​គោ​មាន​តែ​ត្រូវ​ម្ចាស់​ទុក​ចោល​ ដែល​អាច​ប្រឈម​នឹង​ការ​ពុក​ផុយ​ ទម្រាំ​តែ​មាន​ឱកាស​បាន​ដឹក​ភ្ញៀវ​ជា​ថ្មី។

សមាគម​រទេះ​គោ​កំពង់​ត្រឡាច​លើ ដែល​បាន​បង្កើត​ឡើង​ជិត ២ ទសវត្សរ៍​មក​នេះ ​ធ្លាប់​អភិរក្ស​ប្រពៃណី​​ពី​បរម​​បុរាណ​ ដោយ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ ជា​ថ្នូរ​នឹង​ប្រាក់​ចំណូល​តក់ៗ​​​ពី​វិស័យ​ទេសចរណ៍​។

Content image - Phnom Penh Post
អ្នក​ភូមិ​ធ្លាប់​តែ​រៀបចំ​រទេះគោ​ស្វាគមន៍​ភ្ញៀវទេសចរ​ជិះ​ទស្សនា​អារាម និងភូមិឋាន​នៅ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​​​។ ហុង មិនា

ភ្ញៀវ​ទេសចរ​ពេល​ឡើង​ពី​នាវា​កម្សាន្ដ​ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ ​វៀតណាម ​ឆ្លង​កាត់​ព្រំដែន​ក្អម​សំណរ​ រាជ​ធានី​ភ្នំពេញ កំពង់​ត្រឡាច​លើ​ នៃ​ខេត្ដ​កំពង់​ឆ្នាំង រួច​បន្ដ​ដំណើរ​ទៅ​កាន់​បឹង​ទន្លេសាប នៃ​ខេត្ដ​ពោធិ៍សាត់ និង​បាត់ដំបង​​ មុន​បក​ដំណើរ​វិល​វិញ​។

លោក តឹក ទ្រើង បាន​និយាយ​ថា​៖ «​ទោះ​បីជា​ក្រុម​ប្រជា​សមាគម​យើង​ទទួល​បាន​ប្រាក់​កម្រៃ​ប្រមាណ​តែ ៤ ទៅ ៥ ដុល្លារ​ សម្រាប់​រទេះ​គោ​ ១ ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​រីករាយ​នឹង​ការ​នាំ​ភ្ញៀវ​បរទេស​ឲ្យ​ទទួល​បាន​នូវ​បទពិសោធ​​ជិះ​រទេះ​គោ​បុរាណ និង​បាន​​ឃើញ​អារាម​​ជាង ១០០ ឆ្នាំ​ ហើយ​យើង​អាច​ទទួល​បាន​នូវ​​ប្រាក់​ធីប​ផង​ដែរ។ ភ្ញៀវ​ខ្លះ​ដៃ​ទូលាយ​ និង​អាណិត​ស្រឡាញ់​យើង ពួក​គាត់​ឲ្យ​ធីប​យើង​ពី ១០ ទៅ ២០ ដុល្លារ​»។

ជាមួយ​សំឡេង​បែប​អស់​សង្ឃឹម​ ប្រធាន​សមាគម​រូប​នេះ បាន​បន្ដ​ថា​៖ «​បើ​យើង​អត់​បាន​ដឹក​ភ្ញៀវ​ទេ យើង​ដូច​បាត់​ដៃ​ម្ខាង​អ៊ីចឹង​ ពីព្រោះ​ចំណូល​មួយ​​ផ្នែក​ធំ​ យើង​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍ ហើយ​វប្បធម៌​ជិះ​រទេះ​គោ​អាច​នឹង​មាន​ការ​បាត់​បង់​បន្ដិច​ម្ដងៗ​ ប្រសិន​បើ​វិស័យ​ទេសចរណ៍​នៅ​តែ​បន្ដ​រង​ផល​ប៉ះពាល់​»។

ថ្វី​ដ្បិត​តែ​មាន​ការ​បារម្ភ​ចំពោះ​ការ​ពុក​​ផុយ​នៃ​រទេះ​សាឡី​ដែល​ត្រូវ​បាន​ទុក​​ចោល​យូរ​ ដោយ​មិន​កំណត់​ពេល​វេលា​ដំណើរការ​ឡើង​វិញយ៉ាង​ណា​ក៏​ដោយ ក៏​ប្រជា​សមាគម​រទេះ​គោ​កំពង់​ត្រឡាច​​លើ​នៅ​តែ​បន្ដ​ការ​ចិញ្ចឹម​កូន​គោ​​ឲ្យ​ឆាប់​រីក​ធំ​ធាត់​សម្រាប់​​អូស​ទាញ​រទេះ​ជូន​ភ្ញៀវ​ទេសចរ​ ពេល​បើក​រដូវ​កាល​ទេសចរណ៍​ជា​ថ្មី​។

លោក តឹក ទ្រើង ប្រធាន​សមាគម​​រទេះ​​គោ​កំពង់​ត្រឡាច​លើ ស្ថិត​នៅ​ចម្ងាយ​ ៦០ គីឡូ​ម៉ែត្រ បាន​បញ្ជាក់​ថា​៖ «កូន​គោ​នឹង​ក្លាយ​ជា​គោ​ជំទង់​ពេញ​កម្លាំង​ឡើង​វិញ​ក្រោយ​រយៈពេល​ ១ ទៅ ២ ឆ្នាំ​។ ប៉ុន្ដែ​រទេះ​ដែល​ទុក​ចោល​យូរ​អាច​នឹង​ខូចខាត​ ហើយ​ការ​ជួសជុល​ និង​ផលិត​ថ្មី​អាច​ចំណាយ​ប្រាក់​ខ្ពស់​»។

លោក​និយាយ​ប្រកប​ដោយ​ក្ដី​សង្ឃឹម​ចុង​ក្រោយ ការ​លំបាក​ទាក់ទង​នឹង​ជំងឺ​​រាតត្បាត​នេះ នឹង​ផុត​រលត់​ក្នុង​រយៈពេល​​ដ៏​ខ្លី​ខាង​មុខ​ ហើយ​វិស័យ​ទេសចរណ៍​នឹង​រស់​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ នឹង​អាល​លោក និង​ប្រជា​សហគមន៍​មាន​ឱកាស​ដំណើរ​ការ​រទេះ​គោ​ឡើង​វិញ​៕

អត្ថបទគួរចាប់អារម្មណ៍