រតនគិរី៖ មិនមែន​ជា​ការ​ស្លៀក​​ប៉ឹងបែប​ជនជាតិ​ដើម​ភាគ​តិច​​ដូច​ក្នុង​ភាពយន្ដ​ អ្នកស្រី កាង កាឆែង នៅ​បន្ដ​ស្ពាយ​កាផា​ដើរ​លក់​បន្លែ​កាត់​ភូមិ​មួយ​ចូល​ភូមិ​មួយ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​។

ទឹក​មុខ​ញញឹម​ស្រស់​ដែល​បង្ហាញ​ពី​វេលា​នៃ​ថ្ងៃ​ល្អ​ ផល្លានុផល​របស់​ស្ដ្រី​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ អ្នកស្រី កាឆែង និង​បង​ប្អូន​ស្រីៗ​ ៣ នាក់​ ដើរ​លក់​ពី​ភូមិ​កាទឹង ឃុំ​ល្បាំង ១ លើ​ចម្ងាយ​ផ្លូវ​ជាង ៣ គីឡូម៉ែត្រ បាន​ទាក់​ចិត្ដ​ម្ចាស់​ភូមិ​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ ធានា​ទិញ​បន្លែ​ដែល​ពួក​គាត់​ដាំ​ដុះ​ក្បែរ និង​​ក្នុង​ព្រៃ​សហគមន៍​។

អង្គុយ​ក្នុង​សភាព​ស្ងៀមស្ងាត់​ មិន​សូវ​មាត់​ក ស្ដ្រី​ដែល​អត់​ដឹង​សូម្បី​តែ​អាយុ​ខ្លួន​ឯង អ្នកស្រី កាង កាឆែង​ បាន​និយាយ​ភាសា​​បែប​រដឺន​ថា៖ «​ខ្ញុំ​លក់​ស្លឹក​អន់​តញ​ (ស្លឹក​ប្រមោយ​ដំរី) បេះ​នៅ​​តាម​អូរ​ និង​បន្លែ​ស្លឹក​បាស ល្ពៅ ល្ហុង ខ្នុរ ត្រឡាច ត្រប់ និង​ព្រលឹត។ ១ ​កាផា​លក់​បាន​ ២ ម៉ឺន​ ៣ ម៉ឺន​ប៉ុណ្ណឹង​ឯង​​»។

ភូមិ​វប្បធម៌​ដំរី​អៃរាវត្ដា ទើប​បើក​ទទួល​ភ្ញៀវ ២ ខែ ជា​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​សិប្ប​និម្មិត ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​បង្ហាញ​ពី​វប្បធម៌​កេរដំណែល​ជនជាតិ​ភាគ​តិច​សម្រាប់​​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​ ដោយសារ​តែ​ទិដ្ឋភាព​ភូមិឋាន​ពិត​ប្រាកដ​បាន​និង​កំពុង​ប្រែ​ក្លាយ​ស្ទើរ​តែ​ទាំង​ស្រុង​។

អ្នកស្រី ខៃ ចិន្ដា (Chenda Clais) ម្ចាស់​ភូមិ​វប្បធម៌​ស្ថិត​ក្នុង​ភូមិ​កាទៀង​​ ឃុំ​ល្បាំង​ ២ ស្រុក​លំផាត់​បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ ថា៖ «​​យើង​បង្កើត​ភូមិ​វប្បធម៌​នេះ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ស្គាល់​ពី​ព្រោះ​ថា នៅ​តាម​ភូមិ​មួយ​ចំនួន​មាន​ផ្ទះ​ចម្រុះ​ ដែល​មាន​ការ​ប្រែប្រួល​។ ដល់​ពេល​យើង​សង់​ភូមិ​វប្បធម៌​នេះ វា​ស្រប​​ទៅ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​របស់​ពួក​គាត់​មែន ដោយ​​យើង​ប្រើ​ឈើ​មូល ហើយ​ជណ្ដើរ​ក៏​ធ្វើ​ពី​កាំ​ឈើ​មូល​ដែរ និង​ប្រើ​ឫស្សី ឬ​ស្លឹក​ឈើ​សម្រាប់​ប្រក់​ដំបូល​»។

អ្នកស្រី ខៃ ចិន្ដា ប្រធានអភិរក្សដំរីខ្មែរអៃរាវត្តា។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភូមិ​វប្បធម៌​ដំរី​អៃរាវត្ដា ត្រូវ​បាន​​សាងសង់​ឡើង​ជា​រាង​មូល​ដោយ​​​ទឹក​ដៃ​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​ លើ​ផ្ទៃ​ដី ៦ ហិកតា ដែល​កំពុង​ត្រូវ​បាន​បំផុស​ការ​ដាំ​កូន​ឈើ​។ ភ្ញៀវ​​អាច​​ស្នាក់នៅ​ទី​នេះ​ទុក​ជា​បទពិសោធ​ជីវិត​​បែប​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​។ ​

អ្នកស្រី ចិន្ដា បាន​ឲ្យ​ដឹង​ថា​៖ «​ផ្ទះ​កូន​ក្រមុំ​មាន ១០ ផ្ទះ ហើយ​​នៅ​កណ្ដាល​ភូមិ​នេះ យើង​សង់​ផ្ទះ​មួយ​ហៅ​ថា ផ្ទះ​រួម​ ​​ជា​ប្រភេទ​ផ្ទះ​ជនជាតិ​ព្រៅ​របស់​ពួក​គាត់​ដែរ ដែល​ពួក​គាត់​សង់​ភូមិ​ជា​រាង​មូល​។ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ឲ្យ​កាឡៃ​អ្វី​ទាំង​អស់ បើ​ប្រពៃណី​គាត់​សង់​ដូច​ម្ដេច គាត់​ត្រូវ​សង់​បែប​នោះ​ ពីព្រោះ​ផ្ទះ​ទាំង​នេះ​មិន​ត្រឹម​តែ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​​ទេសចរ​នោះ​ទេ តែ​វប្បធម៌​ថែម​ទៀត​។ យើង​ទុក​ប្រើ​សម្រាប់​ឱកាស​បុណ្យ​ទាន រៀបការ ឬ pre-wedding»។

នៅ​ចម្ងាយ​ប្រមាណ​ ៥០ ម៉ែត្រ​ពី​បរិវេណ​ភូមិ​រាង​មូល គឺ​ជា​ផ្ទះ​កូន​កំលោះ​ចំនួន ២ ដែល​​ឈរ​ចំទើត​ខ្ពស់​ជិត ១០ ម៉ែត្រ​ផុត​ពី​ដី​។ វា​បង្ហាញ​ពី​អានុភាព​ដើម​ទ្រូង ៥ ហត្ថ ​របស់​កូន​ប្រុស​ពេញ​កម្លាំង​។

សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្ដិ​សហព័ន្ធ​កីឡា​ល្បុកតោ​កម្ពុជា អ្នកស្រី ខៃ ចិន្ដា បាន​និយាយ​ថា​៖​ ​«​​ពេល​យុវជន​គ្រប់​វ័យ​ដឹង​ខុស​ដឹង​ត្រូវ​ហើយ​ ដើម្បី​បង្ហាញ​​ភាព​ក្លាហាន​របស់​គាត់ រួម​ទាំង​នារីៗ​ផង​ក្នុង​បំណង​ស្វែងរក​ភរិយា​ គាត់​ត្រូវ​សង់​ផ្ទះ​ឲ្យ​ខ្ពស់​តាម​អាច​ធ្វើ​ទៅ​បាន​។ បើ​គាត់​សង់​កាន់​តែ​ខ្ពស់ វា​កាន់​តែ​បង្ហាញ​​ពី​ភាព​ម៉ឺងម៉ាត់​ និង​ក្លាហាន​របស់​គាត់​»។

ម្ចាស់​ភូមិ​វប្បធម៌​សម្រាប់​បម្រើ​​ឲ្យ​វិស័យ​អេកូ​ទេសចរណ៍ និង​វប្បធម៌​ ដែល​ត្រៀម​សង់​ផ្ទះ​បែប​​គ្រួសារ​ជា​ប្រភេទ​ផ្ទះ​ធំ រួម​មាន​ចង្ក្រាន​ បាន​បញ្ជាក់​ថា ​ចំពោះ​ភ្ញៀវ​ចង់​ស្នាក់នៅ​ផ្ទះ​កម្ពស់​ជិត ១០ ម៉ែត្រ​ ដែល​មាន​ភាព​រញ្ជួយ​ផង​នោះ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ទទួល​ខុស​ត្រូវ​សុវត្ថិភាព​ខ្លួន​ឯង។ ​​

ជា​ការ​បើក​សម្ពោធ​ភូមិ​វប្បធម៌​ដ៏​ឱឡារិក ពិធី​អាពាហ៍ពិពាហ៍​រវាង​ជន​បរទេស​មួយ​គូ​ត្រូវ​បាន​រៀបចំ​ឡើង​ជាមួយ​ការ​ហែ​ជំនូន​ពី​ក្រុម​ដំរី​ រួម​ទាំង​កម្មវិធី​តាម​បែប​ផែន​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​ទំនៀម​ទម្លាប់​ខ្មែរ​ថែម​ទៀត​។

អ្នកស្រី ចិន្ដា បាន​បន្ថែម​ថា​៖ «​​ថ្មីៗ​នេះ​ យើង​បាន​ទទួល​រៀបចំ​​អាពាហ៍ពិពាហ៍​មួយ​គូ​រួច​ហើយ​។ ពួក​គាត់​ជា​ជនជាតិ​អូស្ដ្រាលី និង​អាមេរិក​ ដែល​យើង​រៀបចំ​ពិធី​ដង្ហែ​ជំនូន​បែប​ជនជាតិ​ដើម​ភាគ​តិច​​ជាមួយ​ដំរី។ ប៉ុន្ដែ​ពួក​គាត់​ស្លៀកពាក់​ចម្រុះ​ ខ្មែរ​ផង ឥណ្ឌា​ផង ឥណ្ឌូនេស៊ី​ផង និង​អូស្ដ្រាលី​ផង​ ដោយសារ​កូន​កំលោះ កូន​ក្រមុំ​កាត់​ច្រើន​សាសន៍​»។

នៅ​ក្នុង​ភូមិ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច និង​ជំរំ​ដំរី ៤ ក្បាល​​ចុង​ក្រោយ ​ក្នុង​ខេត្ដ​រតន​គិរី ​ភ្ញៀវ​​អាច​​ដើរ​កម្សាន្ដ​ជាមួយ​ដំរី ជិះ​លើ​ខ្នង​ដំរី ឬ​ដើរ​ក្នុង​ព្រៃ​សហគមន៍​ជាមួយ​ដំរី និង​ងូត​ទឹក​ឲ្យ​ដំរី ព្រម​ទាំង​ទទួល​ទាន​ម្ហូប​​​ជនជាតិ​ដើម​ភាគ​តិច​ ជាមួយ​​​បន្លែ​ធម្មជាតិ​​​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​​​រស់​នៅ​បរិវេណ​ជុំវិញ​។

ភ្ញៀវអាចជិះដំរីដើរលេងរយៈពេលខ្លី ដោយមានជំនួយពីហ្មដំរីជំនាញ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី​បាន​បន្ដ​ថា៖ «​យើង​នៅ​​មាន​មាន់​ ឬ​ត្រី​ដុត​តាម​ចំណូល​​ចិត្ដ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ យើង​​មាន​បាយ​ដំណើប​ ដែល​បង​ប្អូន​​ជនជាតិ​ដាំ​ស្រូវ​តាម​ជើង​​ភ្នំ។ ភ្ញៀវ​នឹង​អាច​ភ្លក្ស​រសជាតិ​បាយ​ដំណើប​ស្រែ​គោក​​។ នៅ​ទី​នេះ មាន​​ម្ហូប​អាហារ​ប្លែកៗ ខុស​​ពី​តំបន់​ផ្សេងៗ ដែល​មាន​លក្ខណៈ​ជនជាតិ​ដើម​ភាគ​តិច​»។

ចំណោម​សកម្មភាព​នានា​ក្នុង​​ភូមិ​វប្បធម៌ ឃុំ​ល្បាំង ២ វគ្គ​បណ្ដុះបណ្ដាល​ហ្ម​ដំរី​មាន​ការ​ពេញ​​និយម​ជាង​គេ​ ដែល​ភ្ញៀវ​ចង់​ទទួល​បាន​នូវ​​បទពិសោធ​ទំនាក់​ទំនង​ជាមួយ​សត្វ​ដំរី​ និង​ដំណើរ​កម្សាន្ដ​ក្នុង​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។

អ្នកស្រី​បាន​ពន្យល់​ថា​៖ «​ភាគ​ច្រើន ហ្ម​ដំរី​ប្រើប្រាស់​ភាសា​ឡាវ​និយាយ​ជាមួយ​ដំរី​ ដោយសារ​ពី​ដើម​មក​ គេ​បង្ហាត់​ដំរី​ជា​ភាសា​ឡាវ​។ ​យើង​រក្សា​ភាសា​ឡាវ និយាយ និង​បង្គាប់​​ដំរី​ច្រើន ហើយ​ក៏​មាន​បញ្ចូល​ភាសា​ជនជាតិ​ដើម​ភាគ​តិច​បន្ដិច​បន្ដួច​។ អ៊ីចឹង ភ្ញៀវ​ត្រូវ​ចេះ​បញ្ចេញ​សូរស័ព្ទ​ពាក្យ​ឲ្យ​ត្រឹមត្រូវ ​ដើម្បី​ឲ្យ​ដំរី​ស្ដាប់​បាន និង​ធ្វើ​តាម»​។

ពេល​​ភ្ញៀវ​សប្បាយ​ចេះ​បង្គាប់​​ដំរី​បាន​ហើយ គាត់​អាច​នាំ​ដំរី​ដើរ​​កម្សាន្ដ​​ក្នុង​ព្រៃ​សហគមន៍​ ​យ៉ាង​សប្បាយ​រីករាយ​ អម​ដំណើរ​ពី​សំណាក់​ហ្ម​ដំរី​អាជីព​ ដោយ​មិន​មាន​ការ​​ប្រើ​ហិង្សា​លើ​សត្វ​។

ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា​ (AIRAVATA Elephant Foundation) បាន​លើក​ឡើង​​ថា​៖ «​ប្រពៃណី​ខ្មែរ​យើង​គោរព​បូជា​​ ស្រឡាញ់​ និង​ធ្វើ​បុណ្យ​ដំរី។ អស់​លោក​ខំ​ជិះ​ឡាន​មក​ឆ្ងាយ​នេះ គាត់​គ្រាន់​តែ​ឡើង​លើ​ខ្នង​ដំរី គាត់​ជិះ​ ៤-៥ នាទី ​គ្រាន់​តែ​ថត​រូប​អនុស្សាវរីយ៍​។ លោក​ទិញ​ចេក ទិញ​អំពៅ​ផ្ដល់​ចំណី​ឲ្យ​ដំរី ប៉ះ​ស្ទាប​ដំរី ហើយ​អ្នក​ខ្លះ​ទៀត គ្រាន់​តែ​ឈរ​ក្បែរ​ដំរី​ថត​រូប​។ អ៊ីចឹង លោក​សប្បាយ​ចិត្ដ បាន​ធ្វើ​បុណ្យ​ជាមួយ​ដំរី»​។

សេវាកម្ម​នេះ មាន​គោល​បំណង​ឲ្យ​​​ភ្ញៀវ​មាន​អនុស្សាវរីយ៍ និង​ចងចាំ​ថា ដំរី​ទាំង​ ៤ ក្បាល​នៅ​ខេត្ដ​រតនគិរី​នេះ គឺ​ជា​ដំរី​ចុង​ក្រោយ​ ដើម្បី​រួម​ចំណែក​​អភិរក្ស និង​​អភិវឌ្ឍ​អេកូ​ទេសចរណ៍ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​មក​ឃើញ​ផ្ទាល់​ដំរី​ពិត ​គឺ​បែប​នេះ​។

អ្នកស្រី ចិន្តា បញ្ជាក់​ថា៖ «​យើង​អាច​ឲ្យ​ភ្ញៀវ​ជិះ​ដំរី​បាន ដោយ​យើង​ត្រូវ​អភិរក្ស​ផង និង​អភិវឌ្ឍ​ផង ហើយ​យើង​ថែម​ទាំង​មាន​ការ​បង្កាត់​ពូជ​ដំរី​នៅ​ទី​នេះ។ ​យើង​មិន​មែន​ឲ្យ​ភ្ញៀវ​ជិះ​ដំរី​មួយ​ថ្ងៃ​វាល់​ល្ងាច​នោះ​ទេ។ យើង​ជិះ​តិច​ទៅ យើង​ដើរ​តិច​ទៅ ដើរ​បេះ​បន្លែ​ក្នុង​ព្រៃ​សហគមន៍​សម្រាប់​ជា​ម្ហូប​អាហារ​។ ភ្ញៀវ​អាច​​រៀន​សូត្រ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផល​ប្រយោជន៍​ព្រៃ​ព្រឹក្សា​​របស់​សហគមន៍​នេះ​»។

ជាមួយ​នឹង​ការ​ត្អូញ​ត្អែរ​ចំពោះ​​ការ​ចំណាយ​លើ​កិច្ចការ​អភិរក្ស​ដំរី​ ៤ ក្បាល​ ដោយ ​១ ក្បាល ​ស៊ី​ចំណី​ប្រមាណ ៣០០ គីឡូ​ក្រាម​ក្នុង ​១ ​ថ្ងៃ ​និង​ត្រូវ​ការ​ហ្ម​ដំរី​រហូត​ដល់ ៨ នាក់ ​ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា​រូប​នេះ ត្រូវ​បង្កើន​លទ្ធភាព​អភិវឌ្ឍ​លើ​កិច្ចការ​អភិរក្ស​ដំរី​ ការពារ​បរិស្ថាន​ផង និង​លើក​តម្កើង​ប្រពៃណី​វប្បធម៌​យើង​ផង​។

ស្រ្តីជនជាតិដើមភាគតិចលែងពិបាកស្ពាយកាផា ដើរលក់បន្លែរាប់គីឡូម៉ែត្រ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «ដូច្នេះ ភូមិ​ក៏​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​យើង​ដែរ​។ នៅ​ពេល​បង្កើត​ភូមិ វា​ត្រូវ​មាន​មនុស្ស​ ជា​ហេតុ​ដែល​យើង​នឹង​បន្ដ​បង្កើត​ផ្សារ​ជនជាតិ​ដើម​ភាគ​តិច​ទៀត​។ បង​ស្រីៗ​ជនជាតិ​ព្រៅ នឹង​មិន​ចាំបាច់​ស្ពាយ​កាផា​ដើរ​លក់​ដី​រាប់​គីឡូ​នោះ​ទេ​។ យើង​មិន​យក​លុយ​យក​កាក់​អ្វី​ទេ​ ហើយ​ដាច់​មិន​ដាច់​ជួយ​ទិញ​​ទៀត។ បន្ទាប់​មក យើង​ត្រូវ​មាន​ភោជនីយដ្ឋាន​ថែម​ទៀត​។

សេវាកម្ម​ដំណើរ​​កម្សាន្ដ​ជាមួយ​​ដំរី​ ភ្ញៀវ​អាច​ជួយ​ឧបត្ថម្ភ​​ម្នាក់ ៨ ម៉ឺន​រៀល ​រយៈ​ពេល ​១ ​ម៉ោង​។ អ្នក​ខ្លះ​គ្រាន់​តែ​ចង់​ស្គាល់​រសជាតិ​ជិះ​លើ​ខ្នង​ដំរី​មួយ​ភ្លែត និង​ថត​រូប​អនុវស្សាវរីយ៍ គាត់​អាច​ជួយ​ឧបត្ថម្ភ​ត្រឹម​ម្នាក់ ២ ម៉ឺន​រៀល​ ហើយ​អ្នក​ខ្លះ​ទៀត សុំ​ត្រឹម​ថត​ជាប់​ជាមួយ​ដំរី គាត់​អាច​ជួយ​ ៥ ពាន់​រៀល​ម្នាក់​។

ប្រាប់​អំពី​វគ្គ​បណ្ដុះបណ្ដាល​ហ្ម​ដំរី អ្នកស្រី​បាន​លើក​ឡើង​ថា៖ «​ការ​បង្រៀន​ភ្ញៀវ​ឲ្យ​ចេះ​ធ្វើ​ហ្ម​ដំរី គឺ​ជា​សេវាកម្ម ​១ ​ថ្ងៃ​ពេញ​ ដែល​ទាមទារ​ពេល​វេលា​ច្រើន​ និង​រួម​ទាំង​ម្ហូប​អាហារ ភេសជ្ជៈ​ មគ្គុទេសក៍ ​ដើម្បី​ណែនាំ និង​ពន្យល់​ មាន​តម្លៃ​ថ្លៃ​ជាង​គេ ចាប់​ពី ៤០ ម៉ឺន​រៀល​ឡើង​ទៅ​ម្នាក់​។ ចំពោះ​សេវាកម្ម​អាពាហ៍ពិពាហ៍​ក្នុង​ភូមិ​ដំរី ក៏​អាស្រ័យ​លើ​​ជម្រើស​របស់​ភ្ញៀវ​ផង​ដែរ ដោយ​មាន​តម្លៃ​ចាប់​ពី ១ ម៉ឺន​ដុល្លារ​ឡើង​។ យើង​ជា​អ្នក​រៀបចំ​ជូន​ពួក​គាត់​ទាំង​អស់​»។

ភូមិ​វប្បធម៌ដំរី​អៃរាវត្ដា និង​ជំរំ​​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា ស្ថិត​ក្នុង​​ភូមិ​កាទៀង​​ ឃុំ​ល្បាំង​ ២ ស្រុក​លំផាត់ ខេត្ដ​រតនគិរី មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទឹក​ធ្លាក់​កាទៀង​។ សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់ ​https://www.airavata-cambodia.com/ ឬ​ទូរស័ព្ទ​លេខ ០១២ ៩៦៥ ១៦៥៕

វីដេអូ៖