ក្រុង​សូហ្វ៊ីយ៉ា៖ កាល​ពី ៣០ ឆ្នាំ​មុន​ ជា​ទីកន្លែង​ដែល​របង​លួស​បន្លា​ខណ្ឌ​ចែក​ព្រំដែន​ប៊ុលហ្គារី បច្ចុប្បន្ន​ទេសចរ​នាំ​គ្នា​ឡើង​ភ្នំ​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​បុប្ផា​ផ្កា​ព្រៃ​ដ៏​កម្រជា​ច្រើន​ ​​ជា​ផ្នែក​មួយ​នៃ​ប្រវត្ដិ​វាំង​នន​ដែក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ទីឋាន​នោះ​ធ្លាប់​ត្រូវ​បាន​ព័ទ្ធ​របង​បន្លា​លួស​​​គ្រប់​ទិស។

ព្រៃ​ផ្លែ​កៅឡាក់​ដ៏​ផ្អែម​ឆ្ងាញ់ និង​វាល​ស្មៅ​ដ៏​ស្រស់​ស្អាត គ្រប​ដណ្ដប់​ភាគ​ខាង​ជើង​ជម្រាល​ភ្នំ​ Belasitsa ស្ថិត​នៅ​ភាគ​នីរតី​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ ដែល​សូម្បី​តែ​ប្រជាជន​ក្នុង​ស្រុក​ចង់​ធ្វើ​ដំណើរ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​សិន​។

ជា​លទ្ធផល​ធម្មជាតិ​ត្រូវ​បាន​បិទ​បាំង​ដោយ​ច្បាប់​មនុស្ស​អស់​រយៈពេល ៤៥ ឆ្នាំ ​រហូត​ដល់​ដួល​រលំ​របប​វាំង​នន​ដែក​ក្នុង​ឆ្នាំ ​១៩៨៩​។ បច្ចុប្បន្ន​ ពលរដ្ឋ​ភូមិ Gabrene និង​ភូមិឋាន​ដទៃ​ទៀត​នៅ​ជើង​ភ្នំ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​បៃតង​ ដោយ​បាន​ស្វាគមន៍​អ្នក​ឡើង​ភ្នំ និង​ជិះ​កង់​មក​ស្នាក់​អាស្រ័យ​ផ្ទះ​ប្រពៃណី​អ្នក​ភូមិ​។

ភ្ញៀវ​ទេសចរ​ទូក​គយគន់ទេសភាព​ជួរ​ភ្នំ និង​បក្សាបក្សីហើរ​ហាត់​ពេញ​មេឃា នៅតំបន់​ដែល​ធ្លាប់​​ព័ទ្ធបន្លា​លួស​​។ រូបថត AFP

លោក Dobriel Radev បាន​នាយក​គ្រប់គ្រង​ឧទ្យាន​ធម្មជាតិ​បាន​ប្រាប់​ថា​៖ «​ក្រោយ​ពី​របង​ព្រំដែន​ត្រូវ​បាន​រើ​ចេញ ពួក​គេ​បាន​បើក​បង្ហាញ​នូវ​ទស្សនីយភាព​ធម្មជាតិ​ដែល​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​អស្ចារ្យ​»។

ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​ព្រំដែន ១ ៨៨០ ម៉ែត្រ ​ពី​កំពូល​ភ្នំ Tumba នៅ​ប៉ុស្ដិ៍​ឆែកឆេរ​ព្រំដែន​ប៊ុលហ្គារី ក្រិក និង​ម៉ាសេដ្វាន ខាង​ជើង ភូមិ​ Gabrene បាន​ប្រែ​ក្លាយ​តំបន់​រឹត​បន្ដឹង​សន្ដិសុខ​ទៅ​ជា​ទីឋាន​ទេសចរណ៍​ធម្មជាតិ​ទាំង​ស្រុង​។

សំណល់​របង​ព្រំដែន​ចាស់ៗ និង​ប៉ម​បន្ទាយ​ច្រែះ​ស៊ី អាច​ត្រូវបាន​មើល​ឃើញ​ពី​ជាយ​ក្រុង​ Gabrene ហើយ​អ្នក​ភូមិ​វ័យ​ចំណាស់​តែងតែ​មាន​បំណង​ចង់​ចែក​រំលែក​នូវ​ការ​ចងចាំ​របស់​ពួក​គាត់​។

របង​បន្លាលួស​​លាត​សន្ធឹង ដែល​ខណ្ឌ​ចែក​ព្រះដែនប៊ុលហ្គារី។ រូបថត AFP

Belasitsa ដែល​ត្រូវ​បាន​ប្រកាស​ជា​ឧទ្យាន​ធម្មជាតិ​ក្នុង​ឆ្នាំ ​២០០៧ បង្កើន​រុក្ខជាតិ​ ១ ៥៩១ ពូជ​ រួម​ទាំង​ពូជ​អភិរក្ស ២៨ ព្រម​ទាំង​សត្វ​កញ្ជ្រោង ក្ដាន់​ និង​ជ្រូក​ព្រៃ​។

អ្នក​ជំនាញ​ឧទ្យាន Sofia Ilkova ដែល​ជា​អ្នក​ជីវវិទូ​ដំបូង​ម្នាក់​រក​ឃើញ​តំបន់​ព្រំដែន​ប៊ុលហ្គារី ក្រោយ​ពី​ដួលរលំ​វាំងនន​ដែក​ បាន​និយាយ​ថា៖ «​យើង​ទទួល​បាន​នូវ​អ្វី​ដែល​បាត់បង់​មក​វិញ​ហើយ​»។

ជាមួយ​ទេសភាព​ពពក​បាំង​ជួរ​​​ភ្នំ ​​ផ្ទៃ​ទឹក​ថ្លា​ឆ្វង់​ បក្សី​ហើរ​ឆ្វែល​ឆ្វាត់​ពេញ​វេហា ជា​ទី​គយគន់​នៃ​ទេសចរ ​​អ្នកស្រី​និយាយ​ថា​៖ «​សត្វ​ព្រៃ​រស់​នៅ​ដោយ​គ្មាន​កា​ររំខាន​ ហើយ​ជ្រលង​ភ្នំ​ចោត​មិន​អាច​អំណោយ​ផល​ដល់​កសិកម្ម​ ដែល​មិន​មាន​អ្វី​ត្រូវ​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ឡើយ​»៕ AFP/HR