ក្រុងរ៉ាបា៖ មនុស្សរាប់សិបលាននាក់ទូទាំងពិភពលោកប្រហែលជាបានឃើញបន្ទាយលើវាលខ្សាច់ក្នុងភាពយន្ដភាគល្បី «Game of Thrones» តែមិនមានមនុស្សជាច្រើនបានឲ្យដឹងថា ពួកគេអាចទៅទស្សនាទីតាំងថតនៅភូមិម៉ារ៉ុក Ait-Ben-Haddou។
ប៉ុន្ដែមិនដូចទីតាំងល្បីៗដទៃទៀតពីឈុតក្នុងភាពយន្ដ និងល្ខោនទូរទស្សន៍ តំបន់បេតិកភណ្ឌពិភពលោក UNESCO បានបាត់បង់ឱកាសទាក់ទាញភ្ញៀវលើឧស្សាហកម្មទេសចរណ៍ ជាអ្វីដែលអ្នកស្រុកមួយចំនួនមានចិត្ដអន្ទះសាចង់បានការផ្លាស់ប្ដូរជីវភាព។
មគ្គុទេ្ទសក៍ទេសចរ Ahmed Baabouz បាននិយាយថា៖ «មនុស្សជាច្រើនបានប្រាប់ខ្ញុំថា ពួកគេត្រូវមកមើលទីតាំងក្នុងឈុតឆាករឿង Game of Thrones។ វាជាវិស័យទេសចរណ៍ផ្សារភ្ជាប់ភាពយន្ដ តែយើងមិនទាន់បានអភិវឌ្ឍឲ្យអស់សក្ដានុពលនោះទេ»។
ភូមិ Ait-Ben-Haddou ជាភូមិបន្ទាយដ៏ល្បីល្បាញបំផុតនៅម៉ារ៉ុក។ ពេលវេលាហាក់ដូចជានៅទ្រឹងក្នុងបរិវេណតំបន់នេះ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីក្រុង Ouarzazate។
ក្រោយពីឆ្លងកាត់ច្រកដ៏ស្រស់ស្អាត ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវរបៀងខ្វាត់ខ្វែងឆ្ពោះទៅដល់សំណង់លំនៅឋានប្រមូលផ្ដុំ។ មានព្រះវិហារអ៊ិស្លាមមួយ និងទីស្មសាន ២ ដែលក្នុងនោះមួយកន្លែងសម្រាប់អ្នកកាន់សាសនាមូស្លីម និងមួយទៀតសម្រាប់ជ្វីហ្វ។
យ៉ាងណាមិញ អ្នកស្រុកភាគច្រើនបានចាកចេញ ដោយផ្ទះសំបែងតិចតួចប្រែក្លាយជាហាងលក់វត្ថុសិប្បកម្ម។
មគ្គុទេ្ទសក៍ទេសចរណ៍ វ័យ ២៩ ឆ្នាំ លោក Baabouz បាននិយាយប្រាប់ថា៖ «យើងមានកេរដំណែលទាក់ទងនឹងភាពយន្ដដ៏សម្បូរបែប ដែលយើងសង្ឃឹមថានឹងប្រើ ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
ប៉ុន្ដែអ្នកផ្សព្វផ្សាយទេសចរណ៍ប្រទេស ម៉ារ៉ុក ហាក់មិនបានដាក់ទុនចំណាយលើវិស័យនេះឡើយ។
បើប្រៀបធៀប អៀរឡង់ខាងជើង មាល់តា និងឌូប្រូវនិក នៅក្រូអាស៊ី ដែលជាទីតាំងថតភាពយន្តល្បីៗ កន្លែងទាំងនោះបានទាក់ទាញអ្នកគាំទ្រជាច្រើនពីជុំវិញពិភពលោក។
ដើម្បីសម្រេចបានគោលដៅ លោក Baabouz និងយុវវ័យដទៃទៀតក្នុងភូមិបាននាំគ្នាបញ្ចេញធនធានដ៏មានកំណត់ស្ដួចស្ដើង ដើម្បីបំពេញនូវគម្រោងមហិច្ឆតារបស់ខ្លួន ដូចជា ការបង្កើតសារមន្ទីរមួយក្នុងបន្ទាយ និងបណ្ដុំរូបថតដកស្រង់ចេញពីភាពយន្ដនានា។
លោកក៏បានបង្កើតប្លុកផ្សព្វផ្សាយពីតំបន់ទេសចរនានាដែលត្រូវបានយកធ្វើទីតាំងថតភាពយន្តហូលីវូដល្បីៗ ដោយក្នុងនោះក៏មានព័ត៌មានអំពីគម្រោងថតរបស់ផលិតករធំៗ និងការជ្រើសរើសទីតាំងនៅម៉ារ៉ុកផងដែរ៕ AFP/HR