កណ្តាលៈ អ្នក​ចង់​ស្វែងរក​កន្លែង​សម្រាកលម្ហែ​អារម្មណ៍ ដោយ​មិន​ចាំបាច់​ជិះ​រាប់​ម៉ោង​ទៅ​កាន់​ទីកន្លែង​ឆ្ងាយៗ​អាច​មក​កម្សាន្ត​ទទួល​នូវ​បទពិសោធ​ថ្មី​ពី​រមណីយដ្ឋាន​ទើប​បង្កើត​ថ្មីថ្មោង​ឈ្មោះ​ថា ភូមិ​ផ្កាត្រកួន​។

រមណីយដ្ឋាន​បែប​ធម្មជាតិ​ដ៏ស្រស់ស្រាយ​ត្រជាក់​កាយ និង​ស្អាត​ប្លែក​ភ្នែក​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល​។

លោក ឌិន សុមេធារិទ្ធ អគ្គនាយក​ភូមិ​ផ្កាត្រកួន​បាន​ឲ្យ​ដឹងថា​៖ «​ទីតាំង​នេះ​កាលពី​មុន​ជា​ដីចម្ការ​ស្វាយ ចម្ការចេក អត់​មាន​ផ្លូវ​ទេ ហើយ​ពិបាក​ណាស់ តែ​យើង​បង្កើត​វា​ទៅ​ជា​រមណីយដ្ឋាន​។ យើង​ធ្វើ​ថ្មី​ទាំងអស់ ទាំង​ផ្លូវ និង​ឈូសឆាយ​អី​ផ្សេងៗ ហើយ​ធ្វើ​ប្រព័ន្ធ​ទឹក​ប្រព័ន្ធ​លូ​គឺ​យើង​ធ្វើឲ្យ​ល្អ​ឲ្យ​ស្រួល​សម្រាប់​ភ្ញៀវ​ដែល​មក​កម្សាន្ត​។ ឥឡូវ​យើង​មាន​ផ្ទៃដី​ប្រហែល ១០០ ហិកតា​អ៊ីចឹង​យើង​នឹង​កសាង​បន្ថែម​ទៀត​»​។

ដំណាំ​ធម្មជាតិ​បង្កើត​បាន​ជា​ទិដ្ឋភាព​ស្រុកស្រែ​ចម្ការ​ដ៏ស្រស់ស្រាយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

រមណីយដ្ឋាន ភូមិ​ផ្កាត្រកួន ទើប​នឹង​អភិវឌ្ឍ​ទៅ​ជា​កន្លែង​សម្រាក​លម្ហែកាយ​បែប​ធម្មជាតិ​បាន​ប្រមាណ​ជិត ១ ​ឆ្នាំ និង​មិន​ទាន់​សាងសង់​រួចរាល់​នៅ​ឡើយ ប៉ុន្តែ​ទីនេះ​បាន​ចាប់​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​បណ្តើរៗ​ដោយ​ ១ ​ថ្ងៃ​មាន​ភ្ញៀវ​ប្រមាណ​ ១០០ ​នាក់​មក​ទទួល​បទពិសោធ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ វប្បធម៌ និង សាសនា​មួយ​នេះ​។

ភូមិ​ផ្កាត្រកួន​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូចជា បឹង​និស្ស័យ​មាន​ទំហំ​ជាង ២ ​ហិកតា​ស្ថិត​ចំ​កណ្តាល​ដែល​សម្បូរ​ទៅ​ដោយ​ត្រី​ធម្មជាតិ ព្រោះ​បឹង​ធម្មជាតិ​នេះ​មាន​តាំង​ពី​មុន​មក​ម្ល៉េះ​។

ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​រមណីដ្ឋាន​នេះ ក៏​អាច​ជិះទូក​កម្សាន្ត​គយគន់​ទេសភាព​ផ្ទៃ​បឹង​ដោយ​ទុក​ឲ្យ​ខ្យល់​ជំនោរ​បរិសុទ្ធ​ផាត់​យក​ទុក្ខ​កង្វល់​ភ្ញៀវ​មក​កម្សាន្ត​ឲ្យ​ធូរស្បើយ​សប្បាយ​កាយា​។

នៅ​ជុំវិញ​មាត់បឹង​មាន​ត្រកួន​ដុះ​ព្រោងព្រាត​ស្រស់​បៃតងខ្ចី​ដែល​ស័ក្ដិសម​ទៅ​នឹង​ឈ្មោះថា «​ភូមិ​ផ្កាត្រកួន​»​។ នៅ​មាន​សួន​បន្លែ​សិរីរាង្គ​គ្មាន​ជាតិ​គីមី​ពណ៌​បៃតង​ស្រស់​ដូចជា សណ្តែកកួរ ស្ពៃក្តោប សាឡាដ ស្លឹកបាស និង​ននោង​ជាដើម​។

ភ្ញៀវ​ក៏​អាច​ជិះទូក​លេង​កម្សាន្ត ស្រូប​យក​ខ្យល់អាកាស​ត្រជាក់​កាយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

នៅ​ប្រប​មាត់បឹង​មាន​ក្យូស​ឈើ​ប្រក់​ដំបូល​ស្បូវ​ចំនួន ៥ ក្យូស សម្រាប់​អង្គុយ​លម្ហែ​អារម្មណ៍ និង ញុំា​អាហារ​ចំនួន ៥ ក្បូស ។ ក្យូស​នីមួយៗ​អាច​ទទួល​ភ្ញៀវ​បាន​ចំនួន​ ១០ ​នាក់​។

រមណីយដ្ឋាន​នេះ​ក៏​មាន​បម្រើ​អាហារ​សុទ្ធសឹង​ជា​ម្ហូប​ខ្មែរ​បែប​ស្រុក​ស្រែចម្ការ​ដូចជា ម្ជូរ​កូន​ត្រី​តម្លៃ ១២០០០ ​រៀល កកូរ​ត្រី​អណ្តែង ឬ​ត្រី​ឆ្លាំង​តម្លៃ ១២០០០ ​រៀល ស្ងោរជ្រក់ (​សាច់មាន់ សាច់គោ សាច់​ត្រី​) តម្លៃ ១៦០០០ ​រៀល ម្ជូរ​គ្រឿង (​សាច់​ទា សាច់គោ ពោះគោ​) តម្លៃ ២០០០០ ​រៀល ត្រី​បំពង​ស្វាយ​ខ្ចី (​ត្រីរ៉ស់ ត្រីឌៀប​) ៣០០០០ ​រៀល​មាន់​ស្រែ​ដុត​តម្លៃ ៦០០០០ ​រៀល​។

ទន្ទឹម​នឹង​នោះ​ភ្ញៀវទេសចរ​ក៏​អាច​មក​សម្រាក​នៅផ្ទះ​លម្ហែ​បុរាណសម័យ​ឧដុង្គ​បាន​ផង​ដែរ​។ ផ្ទះ​បុរាណ​មាន​ប្រមាណ​ជាង ១០ ​ខ្នង​ដោយ​ផ្ទះ​ធំ​តម្លៃ ១៥០ ​ដុល្លារ ផ្ទះ​កណ្តាល​តម្លៃ ១០០ ​ដុល្លារ និង​ផ្ទះ​តូច​តម្លៃ ៧០ ​ដុល្លារ​។

លោក ឌិន សុមេធារិទ្ធ បញ្ជាក់​ថា​៖ «​គោលការណ៍​យើង​មាន​ពីរ​ធំៗ​គឺ​ដំណើរ​កម្សាន្ត​លម្ហែកាយ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន និង​សិស្ស​និស្សិត​។ ទី​ ២ សម្រាប់​លក្ខណៈ​គ្រួសារ​មកលេង​ពេល​ចុង​សប្តាហ៍​។ យើង​ធ្វើ​សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​ពួកគាត់​មិន​ចាំបាច់​ទៅ​ណា​ឆ្ងាយ​មក​ជិតៗ​ភ្នំពេញ​សប្បាយ​ជុំ​គ្នា​ត្រឹម​រយៈពេល ១ ​ថ្ងៃ ២ ​ថ្ងៃ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​បាន​ដូច​ថ្ងៃ​សៅរ៍-អាទិត្យ អ៊ីចឹង​ពួកគាត់​មក​ពិកនិក​ជុំគ្នា​អាច​បោះតង់ ឬ​ជួល​ផ្ទះ​ក៏​បាន​ហើយ​អត់​មាន​ដី​ណា​ធំ​អ៊ីចឹង​ទេ​នៅ​តំបន់​នេះ​កន្លែង​នេះ​ជា​ឋានសួគ៌​សម្រាប់​អ្នក​ទីក្រុង​»​។

ក្យូស​លម្ហែកាយ និង​ការ​ទទួលទាន​អាហារ​បែប​ស្រុកស្រែ​នៅ​ភូមិ​ផ្កាត្រកួន​។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​ឲ្យ​ដឹង​ថា​នៅពេល​ខាង​មុខ​នេះ​ភូមិ​ផ្កាត្រកួន​នឹង​រៀបចំ​ស្ថាបនា​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​ដូចជា កន្លែង​លេង​ហាត់​កីឡា សួនសត្វ សួន​កម្សាន្ត កន្លែង​សម្តែង​សិល្បៈ ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ ផ្សារ​ទំនើប សាលប្រជុំ និង​មាន​កន្លែង​ធ្វើ​សមាធិ​អប់រំ​ចិត្ត​តាមបែប​សាសនា​ផង​ដែរ​។

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ២១A ពី​ទួល​ក្រសាំង​មក​រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ប្រមាណ ២០ ​គីឡូម៉ែត្រ ឬ​ក៏​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ២១ ក្នុង​ចម្ងាយ ២៧ ​គីឡូម៉ែត្រ​ដោយ​ត្រូវ​វាង​កោះអន្លង់ចិន និង​ជិះ​កាត់​តាម​កោះក្របី​។

ភូមិ​ផ្កាត្រកួន​បើក​ពី​ម៉ោង ៨ ព្រឹក​រហូត​ដល់ ៥ ​ល្ងាច ទទួល​បាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​ជិត​ ១០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​។

ទំនាក់ទំនង​ទូរស័ព្ទ ០១២ ៣៨១ ១៩៩ ឬ ហ្វេសប៊ុក «​ភូមិ​ផ្កាត្រកួន​»៕

វីដេអូ៖