The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន​ផ្ដល់​ទិដ្ឋភាព​ប្លែកៗ​ក្លែម​ជាមួយ​អាហារ

ភោជនីយដ្ឋាន​ផ្ដល់​ទិដ្ឋភាព​ប្លែកៗ​ក្លែម​ជាមួយ​អាហារ

ទិដ្ឋភាព​ភ្លើង​អគ្គិសនី​នា​ពេល​ព្រលប់ នៅ​ភោជនីយដ្ឋាន​ដែល​ស្ថាបនា​នៅ​ក្នុង​រូង​ភ្នំ​ធម្មជាតិ។
ទិដ្ឋភាព​ភ្លើង​អគ្គិសនី​នា​ពេល​ព្រលប់ នៅ​ភោជនីយដ្ឋាន​ដែល​ស្ថាបនា​នៅ​ក្នុង​រូង​ភ្នំ​ធម្មជាតិ។

ភោជនីយដ្ឋាន​ផ្ដល់​ទិដ្ឋភាព​ប្លែកៗ​ក្លែម​ជាមួយ​អាហារ

ក្រុងញូវយ៉ក: ​នៅ​ក្នុង​លោក​យើង​នេះ ក្រៅពី​ការ​ច្នៃ​ប្រឌិត​អាហារ​ប្លែកៗ ម្ចាស់​អាជីវកម្ម​ផ្នែក​ភោជនីយដ្ឋាន​ក៏​បាន​គិត​គូរ​រិះរក​កន្លែង​ពិសេសៗ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​ទទួល​ទាន​ផង​ដែរ។

បន្ថែម​ពី​លើ​រសជាតិ​អាហារ​ ទេសភាព​ និង​បរិយាកាស​ជុំ​វិញ​ភោជនីយដ្ឋាន​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ ​បង្កើន​តម្លៃ​អាហារ​មួយ​កម្រិត​ថែម​ទៀត។

ខាង​ក្រោម​នេះ​គឺជា​សេវាកម្ម ភោជនីយដ្ឋាន​មួយ​ចំនួន ដែល​ផ្ដល់​ទីតាំង​ពិសេស​សម្រាប់​ភ្ញៀវ ដើម្បី​ឲ្យ​អ្នក​មក​ទទួល​ទាន បាន​ញ៉ាំ​បណ្ដើរ ក្លែម​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​បណ្ដើរ។

អាហារ​ក្នុង​រូង​ភ្នំ នៅ​សណ្ឋាគារ Grotta Palazzese ក្នុង​ក្រុង ប៉ូលីញ៉ាណូ ប្រទេស​អ៊ីតាលី ភោជនីយដ្ឋាន​មួយ​ត្រូវ​បាន​ស្ថាបនា​នៅ​ក្នុង​រូង​ភ្នំ។ អ្វី​ដែល​ពិសេស​ទៅទៀត​នោះ គឺ​ភ្ញៀវ​ដែល​មក​ទទួលទាន​នៅ​ក្នុង​រូង​ភ្នំ​ អាច​គយគន់​ទេសភាព​ឆ្នេរ​សមុទ្រ អេទ្រីយ៉ាទិក ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ផង​ដែរ។

ថ្វី ដ្បិត​តែ​នៅ​ក្នុង​រូង​ភ្នំ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​តុបតែង​ដោយ​គ្រឿង​សង្ហារិម​បែប​ទំនើប និង​លម្អ​ដោយ​អំពូល​ភ្លើង​អគ្គិសនី ដែល​បាន​ជះ​ពន្លឺ​ចិញ្ចែង​ចិញ្ចាច​ដល់​ភ្ញៀវ ដូច​ក្នុង​រូង​ភ្នំ​ដែល​មាន​នៅ​ក្នុង​រឿង​ព្រេង​និទាន​ដូច្នេះ​ដែរ។

ភោជនីយដ្ឋាន​ដែល​អាច​ឲ្យ​ភ្ញៀវ​គយ​គន់​ត្រី​នៅ​ក្នុង​ទឹក។
ភោជនីយដ្ឋាន​ដែល​អាច​ឲ្យ​ភ្ញៀវ​គយ​គន់​ត្រី​នៅ​ក្នុង​ទឹក។

ភោជនីយដ្ឋាន​រទេះ​សេះ ចំណែក ​នៅ​តំបន់ ហៀលេវៀល រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ ភ្ញៀវ​ទេសចរ​អាច​ទទួលទាន​អាហារ​នៅ​លើ​រទេះ​សេះ​ដែល​បរ​យឺតៗ ធ្វើ​ឲ្យ​ពួក​គេ ​អាច​រីករាយ​នឹង​អាហារ ស្រប​ពេល​ដែល​គយគន់​ទេសភាព​បែប​ជន​បទ​ដ៏​ស្ងប់ស្ងាត់​នៅ​ទីនោះ​ផង​ដែរ។

អាហារ​នៅ​លើ​រទេះ​សេះ​ ជា​ប្រភេទ​អាហារ​ពេល​ព្រឹក​បារាំង និង​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ​ល្ងាច​ដែល​រួមមាន​ គ្រឿង​សមុទ្រ សាច់​ចៀម សាច់​កង់គូរូ និង​អាហារ​ប្រពៃណី​របស់​អូស្ត្រាលី​ផង​ដែរ។

ចំណែក តម្លៃ​ ភ្ញៀវ​ម្នាក់​គឺ​១២០​ដុល្លារ​សម្រាប់​អាហារ​ពេល​ព្រឹក ១៣៥​ដុល្លារ​សម្រាប់​ពេល​ថ្ងៃ​ត្រង់ និង​១៦៤​ដុល្លារ​សម្រាប់​ឈុត​ពេល​ល្ងាច។

ភោជនីយដ្ឋាន​ក្រោមទឹក ចំណែក​ឯ​នៅ​កោះ​ម៉ាល់ឌីវ ឯ​ណោះ​វិញ ភ្ញៀវ​អាច​ទទួល​ទាន​នៅ​ក្រោម​បាត​សមុទ្រ​ជម្រៅ​ជិត​១០​ម៉ែត្រ​ឯ​ណោះ​។

នៅ​ពី​លើ​ដំបូល​កញ្ចក់​របស់​ភោជនីយដ្ឋាន ហ្វូង​មច្ឆា និង​សត្វ​សមុទ្រ​ជា​ច្រើន​ហែល​ឆ្វែល​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​រស់​រវើក ធ្វើ​ឲ្យ​រសជាតិ​អាហារ​កាន់​តែ​មាន​ន័យ។ ជា​និច្ចកាល ភ្ញៀវ​ក៏​អាច​ឃើញ​ត្រី​ឆ្លាម និង​បបែល​យក្ស​ហែល​យឺតៗ​ពី​លើ​ដំបូល​កញ្ចក់​ដ៏​ថ្លា​ឆ្វង់​នោះ​ដែរ។

ភោជនីយដ្ឋាន មាន​តុ​អង្គុយ​ប្រមាណ​ជា​៦​ប៉ុណ្ណោះ ដែល​សម​ស្រប​សម្រាប់​មនុស្ស​១២​នាក់ ហើយ​ភ្ញៀវ​ភាគ​ច្រើន​មក​ជា​គូ​តែ​ម្ដង។ រីឯ​តម្លៃ​នោះ​គឺ​មិន​ថោក​ទេ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​គឺ​ពី​១៩៥​ទៅ ៣២០​ដុល្លារ​សម្រា​ប់មនុស្ស​ម្នាក់ គឺអាស្រ័យ​លើ​ឈុត​អាហារ ៤​មុខ ឬ​៦​មុខ៕

អត្ថបទគួរចាប់អារម្មណ៍