ភ្នំពេញ៖ ចាប់តាំងពីអ្នកជំងឺកូវីដ ១៩ ទាំង ១២២ នាក់បានជាសះស្បើយ ហើយកម្ពុជាមិនបានរកឃើញអ្នកឆ្លងមេរោគថ្មីជាង ១ ខែមកនោះ វត្តមានយានយន្តបានវិលត្រឡប់មកបំពេញដងវិថីនានា ខណៈពលរដ្ឋធ្វើដំណើរទៅធ្វើការប្រកបរបររកទទួលទាន និងនាំគ្នាដើរលេងកម្សាន្ដ។
ទោះជាយ៉ាងណាក្ដី មន្ដ្រីសុខាភិបាលតែងតែក្រើនរំឭកជារឿយៗឲ្យពលរដ្ឋត្រូវតែប្រុងប្រយ័ត្ន និងចាប់យកទម្លាប់រស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវអនាម័យ និងគម្លាតសុវត្ថិភាពជានិច្ច។
បច្ចុប្បន្នភោជនីយដ្ឋាន និងរីសតជាច្រើន ដែលបានបិទទ្វារកាលពីប៉ុន្មានខែមុន អំឡុងពេលកម្ពុជារកឃើញចំនួនអ្នកផ្ទុកជំងឺកូវីដ ១៩ កើនឡើងខ្លាំង ក៏ចាប់ផ្ដើមបើកដំណើរការឡើងវិញដែរ។
ទើបបើកសម្ពោធឡើងវិញកាលពីចុងសប្ដាហ៍មុន អេកូរីសតភូមិស្លា ស្ថិតនៅខេត្ដសៀមរាប បានទទួលភ្ញៀវដែលចូលចិត្ដមកគយគន់ទេសភាព ទទួលទានអាហារ និងថតរូបសែលហ្វ៊ីនៅជាយក្រុងបុរាណមួយនេះ។
លោក តាំង ឆាយហេង ម្ចាស់រីសត ថ្លែងថា៖ «យើងទទួលភ្ញៀវបណ្ដើរៗ ក្រោយពីបានបិទទ្វារជិត ២ ខែ»។
លោកអះអាងថា បុគ្គលិករបស់ខ្លួនតែងតែពាក់ម៉ាស់ ពេលបម្រើម្ហូប និងភេសជ្ជៈដល់ភ្ញៀវ ដែលបានកុម្ម៉ង់ពីក្យូសសង់លើបរិវេណផ្ទៃដីធំទូលាយ។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំប្រាកដថា គម្លាតសុវត្ថិភាពបុគ្គលត្រូវបានអនុវត្ដ ដោយសារក្យូសនីមួយៗស្ថិតនៅឆ្ងាយពីគ្នា។ យើងក៏យកចិត្ដទុកដាក់ចំពោះផលិតផលរបស់យើងសម្រាប់បម្រើភ្ញៀវផងដែរ»។
អាល់កុលសម្លាប់មេរោគ គឺជាការរស់នៅធម្មតាក្នុងគន្លងថ្មីតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលត្រូវបានដាក់ចេញសម្រាប់ម្ចាស់មុខជំនួញទាំងអស់ ដើម្បីអនុវត្ដជារបៀបរស់នៅបែបថ្មីក្នុងការទប់ស្កាត់រលកទី ២ នៃវីរុសកូរ៉ូណា។
ដើម្បីទប់ស្កាត់រលកទី ២ នៃការចម្លងវីរុស ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ឲ្យដឹងថា៖ «វិធានការ ដែលយើងតែងតែអំពាវនាវនោះ គឺបងប្អូនប្រជាពលរដ្ឋត្រូវចេះកែប្រែនូវទម្លាប់ និងឥរិយាបថរបស់ខ្លួនក្នុងការរស់នៅធម្មតាតាមគន្លងថ្មី (New normal life)»។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះបានបន្ដថា ការរស់នៅធម្មតាក្នុងគន្លងថ្មីនេះ គឺមានភាពសាមញ្ញៗទេ។ ទី១ អនុវត្ដអនាម័យខ្លួន ជាពិសេស ឧស្សាហ៍លាងដៃឲ្យបានស្អាតជាប់ជានិច្ច។ ទី២ គឺការប្រើប្រាស់ម៉ាស់ក្នុងករណីចាំបាច់ ហើយបើមានក្អក កណ្ដាស់អី យើងប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ដោយខ្ទប់ច្រមុះ និងមាត់។ បន្ទាប់មក ខ្ចប់ឲ្យជិត រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
លោកស្រីអះអាងថា ទី៣ ជាចំណុចសំខាន់បំផុត គឺរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីកាត់បន្ថយឲ្យបាននូវការចម្លងវីរុសកូរ៉ូណា ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
លោក Swapnil Deshmush ស្ថាបនិកកាហ្វេ Socials Coffee ជាទីដែលអតិថិជនត្រូវបានបម្រើភេសជ្ជៈដោយបុគ្គលភាគច្រើនជាមនុស្សគថ្លង់ បានអនុវត្ដគោលការណ៍ ៣ ចំណុចរបស់ខ្លួន ដើម្បីការពារទាំងបុគ្គលិក និងអតិថិជនពីហានិភ័យ ដោយបុគ្គលិកត្រូវពាក់ម៉ាស់ វាស់កម្ដៅ លាងដៃ និងមិនធ្វើដំណើរបើមិនចាំបាច់។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងធ្វើការប្រជុំប្រចាំខែតាមរយៈ Zoom លើកទឹកចិត្ដអតិថិជនបង់ថ្លៃសេវាដោយមិនចាំបាច់ប្រើសាច់ប្រាក់ និងពង្រឹងសមត្ថិភាពការដឹកជញ្ជូនជាមួយ Nham24 តាមរយៈការបញ្ចុះតម្លៃ»។
ក្រសួងសុខាភិបាលក៏មានការអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ចូលរួមក្នុងការត្រួតពិនិត្យក៏ដូចជាជួយសម្របសម្រួលទៅលើការអនុវត្ដវិធានការនានានៅតាមមូលដ្ឋាននៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
លោកស្រីបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ឧទាហរណ៍ចំពោះភោជនីយដ្ឋាន និងរមណីយដ្ឋាន ប្រសិនបើបើកលោកត្រូវចាត់ចែងរៀបចំ និងធានាថា មិនធ្វើឲ្យទីតាំងរបស់ខ្លួនក្លាយជាកន្លែងចម្លងវីរុសកូវីដ ១៩ ជាពិសេសអនុវត្ដការវាស់កម្ដៅ មានអាល់កុលលាងដៃ គម្លាតសុវត្ថិភាពបុគ្គលដោយទុកចន្លោះពី ១ ម៉ែត្រកន្លះទៅ ២ ម៉ែត្រ»។
ជាអ្នកទេសចរលក្ខណៈគ្រួសារ លោក លី មុនីរ័ត្ន បាននាំភរិយា និងកូនប្រុស ២ នាក់ធ្វើដំណើរកម្សាន្ដខេត្ដកំពត និងកែប កាលពីចុងសប្ដាហ៍ហើយឃើញថា តំបន់ទេសចរណ៍ទាំងនោះសុទ្ធតែមានមនុស្សកុះករ។
លោកបន្តថា៖ «យើងបានចំណាយពេល ៣ ថ្ងៃ ដើរលេងឆ្នេរកែប កោះទន្សាយ មើលថ្ងៃលិចនៅហាងកាហ្វេ Led Zep Café និងរីសតដូងទេរ»។
អ្នកទេសចររូបនេះទទូចថា ពលរដ្ឋគ្រប់រូបត្រូវមានវិធានការការពារខ្លួនដោយខ្លួនឯងផងដែរ។
ទាក់ទងនឹងការកើនឡើងនៃចំនួនអ្នកធ្វើដំណើរ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ «យើងកុំមានការយល់ច្រឡំថា វីរុសកូវីដ ១៩ បានចាកចេញផុតពីប្រទេសកម្ពុជា យើងហើយ។ ទាំង ១២២ ករណី បានជាសះស្បើយ ដោយមិនមានរកឃើញថ្មី និងមិនមានអ្នកស្លាប់នេះ ជាសញ្ញាបង្ហាញពីប្រសិទ្ធភាពនៃកិច្ចអន្ដរាគមន៍ និងការចាត់ចែងទប់ស្កាត់កុំឲ្យមានការរីករាលដាលចូលដល់សហគមន៍របស់យើង។ គួរជាទីមានមោទនភាពបំផុត»។
លោកស្រីបញ្ជាក់ថា ប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាព Alarming (ត្រូវប្រុងប្រយ័ត្ន និងរវៀសរវៃជានិច្ច) និងនៅតែមានហានិភ័យនៃការចម្លងជំងឺកូវីដ ១៩ នៅឡើយ ដោយសារនៅលើសកលលោក ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់នៅមានករណីឆ្លងវីរុសនេះ។ ប្រទេសជិតខាងមួយចំនួនទៀតនៅតែរកឃើញថ្មីៗជាបន្ដបន្ទាប់។
លោកស្រី ឱ វណ្ណឌីន បានទទូចថា៖ «ខ្ញុំអំពាវនាវសាជាថ្មី សុំបងប្អូនយើងកុំភ្លេចខ្លួន។ យើងអាចភ្លេចវីរុសកូវីដ ១៩ បានងាយស្រួល តែវីរុសកូវីដ ១៩ អត់ភ្លេចយើងទេ»៕