ភ្នំពេញ: អ្នក​ដែល​មាន​នូវ​ភាពតានតឹង​ធុញថប់​ពី​ការងារ ឬ​ការសិក្សា និង​អ្នក​ចង់​ស្វែងរក​កន្លែង​សម្រាក លម្ហែ​អារម្មណ៍ ដោយ​មិន​ចាំបាច់​ជិះ​រាប់​ម៉ោង​ទៅកាន់​ទីកន្លែង​ឆ្ងាយៗ​អាច​មក​កម្សាន្ត​នៅ​ភោជនីយដ្ឋាន​បែប​ធម្មជាតិ ម្អម​ស្រែ​ទើប​នឹង​បើក​ថ្មី​នៅ​ម្ដុំ​ផ្លូវ​ឧកញ៉ា​ទ្រីហេង ភូមិ​ច្រេស សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ទ្រីហេង ផុត​ផ្សារ​បឹងបៃតង​ប្រមាណ​ជាង ៩០០ ​ម៉ែត្រ​រួច​បត់​ស្តាំ​ប្រមាណ ៤០០ ​ម៉ែត្រ​ភោជនីយដ្ឋាន ម្អមស្រែ ស្ថិត​ខាងឆ្វេង​ដៃ​ដែល​មាន​ទំហំ​ផ្ទៃដី​ជិត​ ១ ​ហិកតា​។

ភោជនីយដ្ឋាន​នេះ​មាន​ក្យូស​ឈើ​ប្រក់​ដំបូល​ស្បូវ​សម្រាប់​អង្គុយ​លម្ហែ​សរុប​ចំនួន ១៤ ​ក្បូស​។ ក្យូស​ធំ ១ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១០០ ​នាក់​សក្ដិសម​នឹង​ពិធី​ជប់លៀង​គ្នាច្រើន​។ ក្បូស​ ១ ​ទៀត​បាន ៤០ ​នាក់ និង​មាន​ក្យូស​តូចៗ​ចំនួន ១២ ​នាក់​អង្គុយ​បាន​ភ្ញៀវ​ ១០ ​នាក់​។ នៅ​តាម​បង្កាន់​ដៃ​ក្បូស​មាន​ដាំ​ដើមឈើ និង​ផ្កា​ចម្រុះ​ពណ៌​បង្កើត​បាន​ជា​សម្រស់​ស្អាត​មួយ​បែប​គួរ​ជា​ទី​ត្រជាក់​ភ្នែក​។

ម្ហូប​នៅ ម្អមស្រែ មាន​តម្លៃ​ជា​មធ្យម ៨ ដុល្លារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មាន​ទីតាំង​អំណោយផល​នៅ​ជិតបង្កើយ​ភោជនីយដ្ឋាន ម្អមស្រែ ម្ហូប​ខ្មែរ​បែប​ធម្មជាតិ​ចាប់​បើក​ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់​ម៉ោង ១២ ​យប់​ដោយ​មាន​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ខ្យល់​អាកាស​បរិសុទ្ធ​ផ្ដល់​ភាព​ត្រជាក់​កាយ​ដល់​ភ្ញៀវ​មក​អង្គុយ​នៅ​ក្យូស​ប្រប​មាត់​ស្រះ​។

ផ្ទៃ​ទឹក​មាន​បណ្តោយ ៤០ ​ម៉ែត្រ និង​ទទឹង ៣០ ​ម៉ែត្រ​មាន​ត្រី​ជាង ១ ​តោន​ហែល​ឆ្វែល​ឆ្វាត់​សម្រាប់​ភ្ញៀវ​អាច​ស្ទូចត្រី​លេង​ដោយ​គិត​តម្លៃ​មួយ​គីឡូក្រាម ១ ​ម៉ឺន​រៀល​។

ប្រសិន​បើ​ភ្ញៀវ​ចង់​ភ្លក្ស​រសជាតិ​ត្រី​ដែល​ខ្លួន​ស្ទូច​បាន​នៅ​នឹង​កន្លែង ភោជនីយដ្ឋាន​គិត​តម្លៃ ១ ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ដូចគ្នា​។ ចំណុច​ពិសេស​មួយទៀត​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក៏​អាច​ច្រៀង​បន្ធូរ​អារម្មណ៍​នៅ​ភោជនីយដ្ឋាន ម្អម​ស្រែ​ផង​ដែរ​។

អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ម្អម​ស្រែ​លោក ឈុន ឡៃ បាន​និយាយ​៖ «​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ភ្ញៀវ​យើង​ក៏​ចូល​មក​ច្រើន​ដែរ​បង ហើយ​បើ​ច្រើន​ជាង​គេ​គឺ​សុក្រ សៅរ៍ អាទិត្យ គឺ​ច្រើន​មែនទែន​មាន​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស តែ​ភ្ញៀវ​ខ្មែរ​មាន​ច្រើន​ជាង​។ ពួកគាត់​ស្គាល់​ផេក​ហ្វេសប៊ុក និង​មិត្តភក្តិ​ប្រាប់តៗ​គ្នា​»​។

ក្យូស​មាន​ដាំ​ដើមឈើ និង​ផ្កា​បង្កើន​សោភណភាព​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទន្ទឹម​នឹង​នេះ​អ្នក​គ្រប់គ្រង​រូប​សង្ហា​វ័យ ២៧ ​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា ភោជនីយដ្ឋាន ម្អមស្រែ មាន​សេវាកម្ម​ល្អ​រហ័ស បុគ្គលិក​មាន​ភាពរួសរាយ​រាក់ទាញ និង​មាន​ទេសភាព​បែប​ធម្មជាតិ ទោះ​ជា​ស្ថិត​ក្នុង​ទឹកដី​ក្នុង​ក្រុង​ក្តី​។

ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ផងដែរ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដូចជា នាពេល​ចុង​សប្តាហ៍ ការបម្រើ​សេវាកម្ម​អាច​នឹង​មាន​ការយឺតយ៉ាវ​បន្តិច ហើយ​លោក​នឹង​ព្យាយាម​ពង្រឹង​ចំណុច​នេះ ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។

ម្ហូប​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន ម្អមស្រែ មាន​ដូចជា​សម្រស់​ម្អម​ស្រែ​តម្លៃ ១៥​ ដុល្លារ ម្ជូរ​ខួក្តាម​ពងត្រី​មាន​តម្លៃ ៨ ​ដុល្លារ និង​សាច់គោ​ម្អម​ស្រែ​តម្លៃ ៨ ដុល្លារ​។ ក្រៅពី​ម្ហូប​ពិសេស​ភោជនីយដ្ឋាន​ក៏​មាន​ម្ហូប​ខ្មែរ​បែប​ធម្មជាតិ​គ្មាន​ជាតិគីមី​ដូចជា សម្លកកូរ ៨ ​ដុល្លារ សម្លប្រហើរ ៨ ​ដុល្លារ សម្លម្ជូរ​គ្រប់​ប្រភេទ និង​មាន​ម្ហូប​ផ្សេងៗ​ជាច្រើន​ជិត ២០០ ​មុខ​។

ភោជនីយដ្ឋាន ម្អមស្រែ មាន​ទំព័រ​ហ្វេសប៊ុក M''ormSrae និង​លេខ​ទំនាក់ទំនង ០៩៨ ៧៦ ៦៦ ៦២, ០៩៧ ៣១ ៥៧ ៣៣០ និង ០៩៦ ៥០ ៧៦ ៤២១៕

វីដេអូ៖