The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំ​ដោះ​ក្រមុំ​ជាទី​បន់​ស្រន់​ដ៏​ស័ក្តិ​សិទ្ធិ​របស់​ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី

ភ្នំ​ដោះ​ក្រមុំ​ជាទី​បន់​ស្រន់​ដ៏​ស័ក្តិ​សិទ្ធិ​របស់​ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី

ភ្នំ​ដោះ​ក្រមុំ​ជាទី​បន់​ស្រន់​ដ៏​ស័ក្តិ​សិទ្ធិ​របស់​ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី

Content image - Phnom Penh Post

មណ្ឌលគិរី : ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិ ភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​សុវត្ថិភាព​និង​សុខភាព​ល្អ។ ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។

ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ឃុំ​សុខដុម​ស្រុក​សែន​មនោរម្យ​ខេត្ត​មណ្ឌលគិរី​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ឬ​ស្រុះ​ប្លង់។

តាម​សាច់​រឿង​បាន​តំណាល​តៗ​គ្នា​មក​ថា កាល​ពី​ដើម​ឡើយ​ជន​ជាតិ​ព្នង​ពីរ​នាក់​ដែល​កំលោះ​មាន​ឈ្មោះ ស្រុះ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់ ឈ្មោះ​ប្លង់​ហើយ​កំលោះ​ស្រុះ​បាន​ស្នើ​ឲ្យ​ឪពុក​ម្តាយ​ចូល​ស្តី​ដណ្តឹង​នាង​ប្លង់​ជា​គូ​គ្រង​។​ឪពុក​ម្តាយ​ខាង​ស្រី​ក៏​យល់​ព្រម​រើស​ថ្ងៃ​ដើម្បី​រៀបការ​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ជ័យ​នោះ នាង​ប្លង់​ដែល​បាន​ចេញ​ពី​ផ្ទះ​ទៅ​ដង​ទឹក​អណ្តូង​មួយ​ក្បែរ​មាត់​អូរ​ដើម្បី​យក​ទឹក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ពិធី​សែន​ព្រេន​នោះ ក៏​ស្រាប់​តែ​បាន​បាត់​ខ្លួន​នាង​ពុំ​ដឹង​ពី​មូល​ហេតុ​ទេ។ ក្នុង​ភាព​ដ៏​ស្លន់​ស្លោ​នោះ ឪពុក​ម្តាយ និង​គូ​ដណ្តឹង​របស់​នាង​កំលោះ​ស្រុះ បាន​ពឹង​ពាក់​រក​បង​ប្អូន​អ្នក​ភូមិ​ឲ្យ​ជួយ​ដើរ​រក​គ្រប់​ទិសទី​អស់​រយៈ​ពេល​១៥​ថ្ងៃ នៅ​តែ​រក​មិន​ឃើញ​នាំ​ឲ្យ​កំលោះ​ស្រុះ​ធ្លាក់​ក្នុង​ក្តី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​។ មិន​គួរ​ឲ្យ​ជឿ លុះ​ថ្ងៃ​មួយ​ក៏​ស្រាប់​តែ​នាង​ប្លង់​បាន​មក​បង្ហាញ​មុខ នៅ​ចំពោះ​មុខ​នាយ​ស្រុះ ក្នុង​ភូមិ ហើយ​ក៏​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​នាង​ថា នាង​វង្វេង​ក្នុង​ព្រៃ និង​ត្រូវ​បាន​ដូន​ចាស់​ពីរ​នាក់​ឈ្មោះ ជីហូ និង ជីវ័ន​ជួយ​សង្គ្រោះ​មើល​ថែ​បង្ហាញ​ផ្លូវ​ត្រឡប់​មក​ភូមិ​វិញ។

121214_20a
កន្លែងបន់ស្រន់ដ៏ស័ក្ដិសិទ្ធិនៅលើកំពូលភ្នំដោះក្រមុំខេត្តមណ្ឌលគិរី លាង ផាន់ណារ៉ា

បន្ទាប់​ពី​ជ្រាប​នូវ​រឿង​រ៉ាវ​នេះ នាង​ប្លង់​និង​នាយ​ស្រុះ​បាន​ស្រុះ​ស្រួល​គ្នា​ទៅ​ជួប​ដូន​ចាស់​ពីរ​នាក់​នោះ ហើយ​ដោយ​ដឹង​ថា​ស្រុះ និង ប្លង់ ជា​គូ​ដណ្តឹង​នឹង​គ្នា​ស្រាប់​ផង​ដូន​ចាស់​ទាំង​ពីរ​ក៏​បាន​ផ្សំ​ផ្គុំ​ឲ្យ​បាន​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​តែ​ម្តង និង​ឲ្យ​នាយ​ស្រុះ និង នាង ប្លង់ ជា​អ្នក​បន្ត​វេន​ថែ​រក្សា​ទឹក​ដី​ព្រៃ​ភ្នំ​នេះ​បន្ត​ពី​ពួក​គាត់​។ តាំង​ពេល​នោះ​មក​ភ្នំ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​បាន​ហៅ​ថា ភ្នំ​ជីហូ ជីវ័ន ឬ ស្រុះ​ប្លង់ និង​ក្រោយ​មក​ទៀត​បន្សល់​នៅ​តែ​ឈ្មោះ ស្រុះ​ប្លង់។

ប៉ុន្តែ​ក្រោយ​មក​គេ​មិន​បាន​ដឹង​ថា​ជីហូ ជីវ័ន​ស្រុះ​ប្លង់ ស្លាប់​នៅ​ពេល​ណា​ទេ តែ​អ្នក​ស្រុក​ជឿ​ថា​ព្រលឹង​របស់​ពួក​គេ​ស្ថិត​នៅ​ទី​នោះ​ជា​អមតៈ ដើម្បី​ការពារ​ព្រៃ​ភ្នំ​ជ្រលង​ដង​អូរ និង​ថែរក្សា​បង​ប្អូន​ជនជាតិ​ឲ្យ​រស់​រាន​មាន​សេចក្តី​សុខ​ជានិច្ច​នោះ។

លោក សេង លី ដែល​ជា​ជនជាតិ​ព្នង រស់​នៅ​ភ្នំ​ដោះ​ក្រមុំ​នោះ​បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មោះ​ភ្នំ​ដោះ​ក្រមុំ​ទើប​មាន​ទសវត្សរ៍​ឆ្នាំ​១៩៦០ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នេះ​ទេ ហើយ​អ្នក​ប្តូរ​ឈ្មោះ​ពី​ស្រុះ​ប្លង់​មក​ជា​ភ្នំ​ដោះ​ក្រមុំ​គឺ​តំណាង​រាស្រ្ត​ខេត្ត​មណ្ឌលគិរី ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​នោះ ឈ្មោះ លោក ខៀវ ប៊ុន»។

លោក សេង លី ក៏​បាន​ពន្យល់​ឲ្យ​ដឹង​ពី​ហេតុផល ដែល​លោក​តំណាង​រាស្រ្ត ប្តូរ​ឈ្មោះ​មក​ដាក់​ឈ្មោះ​ភ្នំ​ដោះ​ក្រមុំ​ថា៖

«​ផ្អែក​តាម​ការ​មើល​ឃើញ​នូវ​សភាព​ជាក់​ស្តែង​ថា ភ្នំ​នេះ​មាន​រាង​ដូច​សុដន់​របស់​ស្ត្រី​ក្រមុំ ពេល​នោះ​លោក​តំណាង​រាស្រ្ត ក៏​សម្រេច​ប្តូរ​ឈ្មោះ​ពី​ភ្នំ​ស្រុះ​ប្លង់ មក​ភ្នំ​ដោះ​ក្រមុំ ហើយ​ឈ្មោះ​នេះ​ក៏​ជាប់​រហូត​មក​សព្វ​ថ្ងៃ​នេះ​ទៅ​» ។

បើ​ទោះ​ជា​ឈ្មោះ​ភ្នំ​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ច្រើន​យ៉ាង​នេះ​ក្តី តែ​បារមី​ថែ​រក្សា​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​ស្ថិត​នៅ​នឹង​ព្រៃ​ភ្នំ​នេះ​មិន​សាប​រលាប​ដល់​សព្វ​ថ្ងៃ​។

លោក​សេង លី​បាន​អះអាង​ថា៖ «ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​បង​ប្អូន​ទូទាំង​ខេត្ត​មណ្ឌលគិរី មិន​ថា​តែ​ជន​ជាតិ​ពួក​ខ្ញុំ​ទេ​បើ​សូម្បី​តែ​ខ្មែរ​ក៏មាន​ជំនឿ​លើ​បារមី​ភ្នំ​ដោះ​ក្រមុំ ដែល​ពូកែ​ស័ក្ដិ​សិទ្ធិ​ដែរ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ភ្នំ​ដោះ​ក្រមុំ​ជាទី​ប្រជុំ​នៃ​ទី​សក្ការ​របស់​បងប្អូន​អ្នក​ខេត្ត​មណ្ឌលគិរី​ទាំង​មូល ហើយ​យើង​សម្រេច​យក​ភ្នំ​ដោះ​ក្រមុំ​នេះ​ជាទី​បូជាយញ្ញ​កាប់​ក្របី​ជ្រូក​មាន់​ទា ថ្វាយ​បារមី​ព្រៃ​ភ្នំ​របស់​បងប្អូន​ជនជាតិ​ព្នង​លុះ​សព្វ​ថ្ងៃ​នេះ» ។

ប៉ុន្តែ​ការ​ឡើង​ទៅ​ធ្វើ​បុណ្យ​កាប់​ក្របី​ជ្រូក​បូជា​យញ្ញ​ថ្វាយ​បារមី​ព្រៃ​ភ្នំ​នេះ ទើប​តែ​កើត​មាន​នៅ​ក្រោយ​ស្រុក​ទេស​ចប់​សង្គ្រាម​នោះ​ទេ។

លោក សេង លី បាន​រំឭក​ថា៖ «​ជា​យូរ​លង់​មក​ពួក​យើង​មិន​បាន​ឡើង​ទៅ​ធ្វើ​ពិធី​បុណ្យ​ឬ​បូជា​យញ្ញ​ធំ​ដុំ​នៅ​លើ​ភ្នំ​នេះ​ទេ​មាន​ត្រឹម​តែ​អុជ​ធូប​បែរ​បន់​នៅ​នឹង​ផ្ទះ​ហើយ​រំឭក​ដល់​បារមី​ភ្នំ​តែ​ប៉ុណ្ណោះ តែ​លុះ​ឆ្នាំ​២០០៦​ក្រោយ​ពី​មន្ទីរ​វប្បធម៌​សាងសង់​ស្តូប​បូជា និង​រូប​សំណាក​នោះ យើង​ក៏​បាន​នាំ​គ្នា​ឡើង​ធ្វើ​ពិធី​បុណ្យ​ថ្វាយ​បារមី​ភ្នំ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​នេះ​ទៅ»។

ទោះ​ជា​យ៉ាង​ណា​ការ​និយម​ធ្វើ​បុណ្យ​កាប់​សត្វ​បូជា​យញ្ញ​ថ្វាយ​បារមី​អ្នក​តា​អារក្ខ​ថែរក្សា​ព្រៃ លើ​កំពូល​ភ្នំដោះ​ក្រមុំ​ពេល​នេះ​ហាក់​មាន​ភាព​ផ្ទុយ​ពី​ប្រពៃណី​ជន​ជាតិ​ដើម​របស់​ជន​ជាតិ​ព្នង​។

លោក សេង លី បាន​លើក​ឡើង​ពី​ភាព​ផ្ទុយ​គ្នា​នេះ​ថា ខ្មែរ​មិន​បាន​កាប់​ក្របី​សែន​ដូច​ជន​ជាតិ​ព្នង​ទេ គឺពួក​គាត់​កាប់​គោ​ថ្វាយ​វិញ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ធ្វើ​បុណ្យ​នេះ​មិន​កំណត់​ពេល​វេលា​ជាក់​លាក់​ទេ​ភាគ​ច្រើន​គេ​ធ្វើ​ពេល​ណា​គេ​បន់​សុំ​អ្វី​មួយ​បាន​សម្រេច​នោះ​គេ​ក៏​ធ្វើ​តែ​ម្តង។ ប៉ុន្តែ​ការ​ធ្វើ​បុណ្យ​កាប់​ក្របី​ថ្វាយ​បារមី​ព្រៃ​ភ្នំ​របស់​ជន​ជាតិ​វិញ​ធ្វើ​នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​ដំណាំ តែ​បើ​អ្នក​ដែល​ធ្វើអ្វី​មួយ​ខុស​ឆ្គង​ហើយ​មិន​បាន​សុំទោស​ឬ​នៅ​មិន​សុខ​រក​ទទួល​ទាន​អ្វី​ក៏​មិន​បាន​នោះ ត្រូវ​តែ​ឡើង​ទៅ​ធ្វើ​បុណ្យ​សុំទោស​លា​បំណន់​ទើប​បាន»​៕

អត្ថបទគួរចាប់អារម្មណ៍