ក្រុងម៉ាល់ឌីវ៖ ម៉ាល់ឌីវ នៅតែស្វាគមន៍តារាបូលីវូដ និងសេដ្ឋីឥណ្ឌាមកលម្ហែនៅឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់ខ្លួន និងបឹងទឹកពណ៌គ្រីស្ដាល់ ទោះបីជាបណ្ដាប្រទេសជាច្រើនក្នុងលោកដាក់បម្រាមការហោះហើរពីប្រទេសនេះ ដោយសារតែបញ្ហាផ្ទុះការរីករាលដាលខ្លាំងនៃជំងឺឆ្លងយ៉ាងណាក៏ដោយ។
ដែនកោះនៅលើមហាសមុទ្រឥណ្ឌា ដែលមានកោះតូចៗជាង ១ ពាន់នេះ បានបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញកាលពីខែកក្កដា ក្រោយពីបិទខ្ទប់ ៣ ខែ ហើយប្រជាជនឥណ្ឌា ជាភ្ញៀវដ៏ច្រើនបំផុត។
សប្ដាហ៍នេះ ខណៈប្រទេសជាច្រើនហាមឃាត់ការហោះហើរពីឥណ្ឌា រដ្ឋាភិបាលម៉ាល់ឌីវបានកែសម្រួលតិចតួចចំពោះបទប្បញ្ញត្ដិរបស់ខ្លួនសម្រាប់អ្នកដំណើរពីមហាយក្សជិតខាង។
ភ្ញៀវទេសចរដែលមកពីប្រទេសឥណ្ឌា ពេលនេះអាចស្ថិតនៅតែក្នុងរីសត ឬនាវាកម្សាន្ដ និងមិនអនុញ្ញាត ឱ្យចូលផ្ទះសំណាក់នៅតាមដែនកោះ ជាទីដែលពលរដ្ឋម៉ាល់ឌីវរស់នៅនោះទេ។
ប្រធានអាជ្ញាធរទេសចរណ៍ជាតិ Visit Maldives លោក ថូយយីប មូហាមេដ បានប្រាប់ AFP ថា៖ «ទីតាំងភូមិសាស្ដ្រនៃប្រជុំកោះតូចៗរបស់យើង បានជួយកម្រិតអានុភាពវីរុស។ កោះតូចៗនីមួយៗគឺជារីសតចត្ដាឡីស័ករៀងៗខ្លួន។ ថ្វីដ្បិតតែយើងមានអ្នកឆ្លងវីរុសតិចតួចស្ថិតនៅរាយប៉ាយយ៉ាងណាក៏ដោយ ក៏យើងអាចគ្រប់គ្រងវាបាននៅតាមរីសតដោយមិនសាយភាយទៅដល់ពលរដ្ឋឡើយ»។
លោក ថូយយីប បាននិយាយថា ពួកគេក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបុគ្គលិកស្នូលទាំងអស់ ៥ ម៉ឺននាក់ ក្នុងវិស័យទេសចរណ៍ និងអ្នកផ្ដល់សេវាកម្មផ្សេងៗ ដែលទាក់ទងនឹងជំនួញបដិសណ្ឋារកិច្ច។
លោកបានប្រាប់ AFP តាមទូរស័ព្ទថា៖ «យើងចង់ក្លាយជាផ្នែកទេសចរណ៍ដែលទទួលបានវ៉ាក់សាំងទាំងស្រុងដំបូងគេក្នុងលោក»។
លោកបានអះអាងថា បុគ្គលិកប្រមាណ ៩០ ភាគរយបានទទួលវ៉ាក់សាំងរួចហើយ។
តារាបូលីវូដ ដែលគេចពីប្រទេសឥណ្ឌានាពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រួមទាំង អាលីយ៉ា ប្រាត ដៃគូរបស់នាង រ៉ាន់ប៊ី កាពួរ និងស្រាដដា កាពួរ ដែលបានបង្ហោះលើអ៊ីនស្ដាក្រាមនូវរូបថតរបស់ខ្លួនធ្វើលំហាត់ប្រាណយោគៈនៅពេលថ្ងៃហៀបលិចនៅរីសតម៉ាល់ឌីវមួយ។
របាយការណ៍សារព័ត៌មានបានបង្ហាញថា ក្រុមហ៊ុនយន្ដហោះឯកជនជាច្រើនបានបង្កើនការហោះហើរក្នុងតម្រូវការទៅកាន់អឺរ៉ុប មជ្ឈិមបូព៌ា និងម៉ាល់ឌីវ រួមទាំងអ្នកជួលយន្ដហោះរួមគ្នាផងដែរ។
រ៉ាចាន់ មេរ៉ា ប្រធានក្រុមហ៊ុនយន្ដហោះឯកជនមូលដ្ឋានក្រុងញូវដេលី Club One Air បានប្រាប់ The Print ថា៖ «នរណាក៏ដោយ ក៏អាចលៃលករកប្រាក់ជួលយន្ដហោះឯកជនហោះហើរទៅកាន់គោលដៅបានដែរ»៕ AFP/HR