The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ាឡេស៊ី​គ្រង​កំណត់ត្រា​ហ្គីនណេស ​ក្ដារ​​​​រំអិល​ប្រវែង​ជាង ១ គីឡូម៉ែត្រ​​ក្នុង​ព្រៃ​

ម៉ាឡេស៊ី​គ្រង​កំណត់ត្រា​ហ្គីនណេស ​ក្ដារ​​​​រំអិល​ប្រវែង​ជាង ១ គីឡូម៉ែត្រ​​ក្នុង​ព្រៃ​

Content image - Phnom Penh Post
ក្ដារ​រំអិល​មានប្រវែង​ជាង ១ គីឡូម៉ែត្រ ព័ទ្ធពេន​ចន្លោះ​ព្រៃព្រឹក្សា​​។ រូបថត AFP

ម៉ាឡេស៊ី​គ្រង​កំណត់ត្រា​ហ្គីនណេស ​ក្ដារ​​​​រំអិល​ប្រវែង​ជាង ១ គីឡូម៉ែត្រ​​ក្នុង​ព្រៃ​

ក្រុង​គូឡាឡាំពួ៖ យោង​រំអិល​ទឹក​វែង​បំផុត​មួយ​ក្នុង​លោក​បាន​ផុស​ឡើង​នៅ​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃ​ពុធ ដោយ​មាន​ក្ដារ​រំអិល​ប្រវែង ១ គីឡូម៉ែត្រ​ ដែល​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​លើ​កំពូល​ភ្នំ​ រួច​បត់​បែន​ឆ្លង​កាត់​ព្រៃ​ក្រាស់​ និង​មុន​នឹង​អ្នក​រំអិល​​ទម្លាក់​ខ្លួន​ក្នុង​អាង​ទឹក​មួយ​។

យោង​រំអិល​ពណ៌​ខៀវ និង​លឿង​នៅ​ឧទ្យាន​កម្សាន្ដ ESCAPE មាន​ប្រវែង ១ ១១១ ម៉ែត្រ​ បាន​ចូល​កំណត់ត្រា​ហ្គីនណេស​ពិភព​លោក​សម្រាប់​ជា​យោង​រំអិល​វែង​បំផុត​ ដែល​អ្នក​ជិះ​រំអិល​ប្រើ​ពោង​ខ្យល់​។

វា​មាន​ប្រវែង​វែង​ជាង​កំណត់ត្រា​ចាស់​ ៣ ដង ​ដែល​គ្រង​ក្នុង​ប្រទេស ​អាល្លឺម៉ង់​។ យោង​រំអិល​ទឹក​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ប៉េណាង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​កំពូល​ភ្នំ​ កម្ពស់ ៧០ ម៉ែត្រ ​ដោយ​អ្នក​ជិះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទី​នោះ ដោយ​កៅអី​យោង​​​ពិសេស​។

ការ​រំអិល​ពី​លើ​កំពូល​ភ្នំ​រហូត​ដល់​អាង​​ទឹក​មាន​រយៈពេល ៤ នាទី​ ដែល​ឆ្លង​កាត់​ព្រៃ​ជា​ទី​ជម្រក​សត្វ​កម្រ​នានា​ ចាប់​ពី​បក្សី​រហូត​ដល់​ស្វា​ មុន​ពេល​បង្ហូរ​កាត់​ផ្លូវ​មួយ​ខ្សែ​ និង​បញ្ចប់​ក្នុង​អាង​ទឹក​នៃ​ឧទ្យាន​។

Content image - Phnom Penh Post
ក្រោយ​ពីរំអិល​ខ្លួន​ ៤ នាទី​ ពីកម្ពស់ ៧០ម៉ែត្រ ​អ្នកជិះ​​មក​ដល់អាងទឹក​។ រូបថត AFP

លោក ស៊ី ឆូឃេង ជា​ម្ចាស់​ប្រតិបត្ដិករ​ឧទ្យាន Sim Leisure Group បាន​ឲ្យ​ដឹង​ថា​៖ «​គំនិត​បង្កើត​យោង​រំអិល​កើត​ឡើង​ដោយ​ការ​ខក​ចិត្ដ​ដែល​សកម្មភាព​កម្សាន្ដ​រំអិល​ភាគ​ច្រើន​​ប្រើ​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ ហើយ​យោង​រំអិល​នេះ​ចាប់​ផ្ដើម​ចេញ​ពី​កំពូល​ភ្នំ​កម្ពស់ ៧០ ម៉ែត្រ​ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​ជិះ​រីករាយ​»។

វា​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​សាធារណជន​នៅ​ខែ​ក្រោយ​។ ការ​កសាង​ក្ដារ​រំអិល​ ៤៨៨ បន្ទះ ​ភាគ​ច្រើន​​ធ្វើ​ឡើង​ដោយ​ដៃ ដោយ​គ្មាន​ជំនួយ​ពី​គ្រឿង​ចក្រ​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​។

យ៉ាង​ណា​មិញ ​ចិន​គឺ​ជា​ទីតាំង​មាន​យោង​រំអិល​ទឹក​ធំ​ជាង​នេះ ជាមួយ​ប្រវែង ៨ ៩០០ ម៉ែត្រ​ដែល​រំអិល​ចុះ​ពី​កំពូល​ភ្នំ​ក្នុង​ទីក្រុង Lishui​។ ឯតទគ្គកម្ម​ហ្គីនណេស​ពិភព​លោក​​នៅ​ខែ​នេះ បាន​ហៅ​វា​ជា​រំអិល​ទឹក​ពី​ភ្នំ​ដ៏​វែង​បំផុត​ក្នុង​លោក​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍