ភ្នំពេញៈ ជា​ទីក្រុង​បេះដូង​ពាណិជ្ជកម្ម​ដ៏ចំណាស់ រាជធានី​ភ្នំពេញ​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​បាន​និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ទេសចរ​អន្តរជាតិ ជាពិសេស​អ្នក​ដែល​ចូលចិត្ត​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ ចម្លាក់​ក្បូរ​ក្បាច់រចនា និង​សំណង់​ស្ថាបត្យកម្ម​ពី​អតីតកាល និង​បច្ចុប្បន្ន​។

ដំណើរ​ទស្សនា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នេះ​អាច​ធ្វើ​ឡើង​តាមរយៈ​រថយន្ត​អគ្គិសនី​ខ្នាតតូច​ដែល​យានជំនិះ​នេះ​បាន​កំពុង​ក្លាយ​ជា​មធ្យោបាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​។

សំចត​រង់ចាំ​ទទួលភ្ញៀវ​មក​ជិះ​កម្សាន្ត​តាម​តំបន់​ប្រវត្តិសាស្ត្រ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ រថយន្ត​អគ្គិសនី​មាន​ចំនួន ១៥ កៅអី​រាង​តូច​ជាង​រថយន្តក្រុង​ដទៃ​ទៀត និង​បំពាក់​ទៅ​ដោយ​កង្ហារ​ ៤ សម្រាប់​ការបន្ថយ​កម្ដៅ​។

រថយន្ត​អគ្គិសនី​នាំ​ភ្ញៀវ​ទស្សនា​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​។ រូបថត ហេង ជីវ័ន

រថយន្ត​នេះ​អាច​បើកទ្វារ​ចំហៀង​បាន​ទាំងអស់ ងាយស្រួល​សម្រាប់​ការចេញចូល និង​ទស្សនា​នូវ​ទេសភាព ឬ​ទិដ្ឋភាព​ផ្សេងៗ​ក្នុង​ទីក្រុង ភ្ជាប់​ទៅ​ដោយ​ឧបករណ៍​ទំនើបៗ​ដូចជា ថេប្ល៊ិត (Tablets) ជា​ជំនួយ​ក្នុង​ការបង្ហាញ​ប្រាប់​ពី​ទីតាំង រូបភាព និង​ប្រវត្តិ​របស់​ទីកន្លែង​ប្រវត្តិសាស្ត្រ​ទាំងនេះ​ពី​សម័យ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​ជាមួយ​នឹង​កាស​ស្តាប់ (Earphone) ដែល​អាច​និយាយ​បាន​ច្រើន​ភាសា​ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ រុស្ស៊ី ចិន ជប៉ុន និង​ភាសា​ខ្មែរ​។

លោក ហ្សង់ ព្យែរ ហ្វ្រឺណូ (Jean Pierre Freneau) ជនជាតិ​បារាំង និង​ជា​ម្ចាស់​រថយន្ត​ដឹក​ភ្ញៀវទេសចរ​មួយ​នេះ​បាន​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍​ដឹង​ថា​៖ «​នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​វា​មុន​ដំបូង​គឺ​មាន​តែ ២-៣ ​ភាសា​ទេ​។ ខ្ញុំ​ចង់​នាំ​ភ្ញៀវទេសចរ​ទៅ​ស្គាល់​កន្លែង​ប្រវត្តិសាស្ត្រ​នានា​នៅក្នុង​ទីក្រុង ហើយ​យើង​មាន​ថេប្ល៊ិត​ឲ្យ​ភ្ញៀវ​ប្រើប្រាស់​។ ខ្ញុំ​គិត​ថា​នេះ​ជា​គំនិត​ល្អ​។ នៅក្នុង​ថេប្ល៊ិត​នោះ​យើង​មាន​រូបភាព​ពី​អតីតកាល និង​បច្ចុប្បន្ន​បង្ហាញ​ទៅកាន់​ភ្ញៀវ​។ ម្យ៉ាង​ទៀត​យើង​អាច​ចូល​ទៅកាន់​ទីតាំង​ពិសេសៗ​មួយ​ចំនួន​បាន​ដែល​មនុស្ស​មួយ​ចំនួន​មិន​អាច​ចូល​ដូចជា​អគារ​របស់​យូណេស្កូ​ជាដើម​»​។

ស្ថាបនិក​រថយន្ត​លោក ហ្សង់ ព្យែរ ហ្វ្រឺណូ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មាន​ចំណត​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី រថយន្តក្រុង​តូច​នេះ​ចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរ​ក្នុង​មួយ​ថ្ងៃ​ ២ ​ដង​ក្នុង​ការ​ធ្វើ​ដំណើរ ១ ​ដង​រយៈពេល ២ ​ម៉ោង​ចាប់ពី​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ដល់​ម៉ោង​ ១១ និង ៣០ ​ថ្ងៃត្រង់ និង​ម៉ោង ១ និង ៣០ ​រសៀល​ដល់​ម៉ោង​ ៤ ​ល្ងាច ។ តម្លៃ​ធ្វើ​ដំណើរ​សម្រាប់​មនុស្ស​ធំ ២២ ​ដុល្លារ និង​សម្រាប់​កុមារ​តម្លៃ​ ១៩ ដុល្លារ​រួម​ជាមួយ​នឹង​ការធានារ៉ាប់រង​ដល់​អ្នកដំណើរ​។

រថយន្ត​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​ចំនួន ២២ មាន​អគារ​ប្រៃសណីយ៍​ពី​សម័យ​អាណានិគម​បារាំង អគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អគារ​បណ្ណាសារជាតិ ផ្ទះ​ចិន រួច​ត្រឡប់​ទៅ​ស្ពាន​នាគ​វត្តភ្នំ​ឆ្ពោះ​ទៅ​កាន់​ទូត​អាមេរិក បណ្ណាល័យ​ជាតិ​។ ក្រោយ​ឈប់​សម្រាក​បន្តិច​រថយន្ត​ក៏​បន្ត​ទៅ​កាន់​ស្ថានីយ​រថភ្លើង ផ្សារ​ធំថ្មី​ផ្លូវ ១៨៧ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សារមន្ទីរ​ជាតិ អគារ យូណេស្កូ ព្រះបរមរាជវាំង និង​ផ្លូវ ២៤០ ដែល​ជា​អតីត​កន្លែង​ចិញ្ចឹម​ដំរី របស់​ព្រះមហាក្សត្រ​ក្នុង​អតីតកាល​។

ជាមួយ​ថេប្ល៊ិត និង​កាស​ស្ដាប់ ភ្ញៀវ​អាច​ស្វែងយល់​ពី​ប្រវត្តិ​ទីតាំង​នីមួយៗ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទាន់ទិន​នឹង​ការបរិយាយ​ប្រវត្តិ​ទីតាំង​នីមួយៗ ម្ចាស់​រថយន្តក្រុង​តូច ជនជាតិ​បារាំង​អាយុ ៥៦ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ចំនួន​​ ១០ ​ក្បាល ហើយ​ខ្ញុំ​បាន​ទៅ​ជួប​ជាមួយ​នឹង​គ្រួសារ​រាជវង្ស​ខ្មែរ ដើម្បី​ឲ្យ​ព្រះអង្គ​ពន្យល់​ប្រាប់​ពី​ប្រវត្តិ​ព្រះបរមរាជវាំង និង​តំបន់​ដទៃ​ទៀត​ដូចជា​ប្រវត្តិ​អតីត​កន្លែង​ចិញ្ចឹម​ដំរី​របស់​អតីត​ព្រះមហាក្សត្រ​ជាដើម​»​។

លោក ហ្សង់ ព្រែរ ហ្វ្រឺណូ បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​ជាមួយ​ភរិយា​តាំងពី​ឆ្នាំ ២០១៤ ជាមួយ​ការដាក់ទុន​បើក​មុខរបរ​លើ​វិស័យ​ទេសចរណ៍​ចំនួន​ ២ ​គឺ នាវា​ដឹក​ភ្ញៀវទេសចរ និង រថយន្ត​តូច​ដឹក​ភ្ញៀវទេសចរ​នេះ​។

ទៅ​ថ្ងៃ​អនាគត លោក ហ្សង់ ព្យែរ ហ្វ្រឺណូ មាន​បំណង​នឹង​បញ្ជូល​បន្ថែម​នូវ​ភាសា​ ២ ​ទៀត​ចូល​ក្នុង​ប្រព័ន្ធ​បរិយាយ​ប្រវត្តិ​ជា​ភាសា​កូរ៉េ និង​អ៊ីតាលី​។

ទន្ទឹម​នឹង​នេះ​លោក​ក៏​មាន​គម្រោង​ពង្រីក​បន្ថែម​នូវ​រថយន្តក្រុង​ទេសចរណ៍​នេះ​ទៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប និង​ពង្រីក​ដល់​ក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ក្រុង​ម៉ាឡាកា​របស់​ម៉ាឡេស៊ី​ផង​ដែរ​៕

Husain Haider

រូបភាព និង​ការបរិយាយ​ក្នុង​ថេប្ល៊ិត មាន​ជម្រើស​ជាច្រើន​ភាសា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ