ក្រុង​បាន​លុងៈ ដោយសារ​មាន​អំណោយ​ផល​ល្អ មាន​ទេសភាព​ស្រស់​ស្អាត អម​ដោយ​ព្រៃ​ឈើ​សង​ខាង មាន​លាយ​ឡំ​នឹង​ពណ៌​ខៀវខ្ចី និង​ពណ៌​លឿង​ឆ្អៅ ទឹកថ្លា​ឆ្វេង ត្រជាក់​ស្រេង អាច​ចុះ​ងូត​លេង​ត្រជាក់​កាយ ជាមួយ​នឹង​ជម្រៅ​ទឹក​រាក់ៗ ហូរ​ជ្រែក​ចង្វែក​ផ្ទាំង​ថ្ម មាន​ទីវាល​លេង​ទឹក​ដ៏​ធំ និង​អាច​ជា​កន្លែង​អង្គុយ​ញ៉ាំ​បាយ​ក្រោម​ដើម​ឈើ​ធំៗ​ចោល​ម្លប់​ត្រឈឹង​ត្រឈៃ ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ជា​លក្ខណៈ​គ្រួសារ មិត្តភក្តិ និង​គូស្នេហ៍ នា​រដូវ​ប្រាំង​នេះ ពេល​ទៅ​ដល់​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ធម្មជាតិ​អូរ​ស៊ិនលែរ។

រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​អូរស៊ិន​លែរ ស្ថិតនៅ​ក្នុងភូមិ ៣ ស្រុក ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ពី​ក្រុង​បានលុង។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ចេញ​ស្រប​គ្នា​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម គឺ​ចេញ​ហួស​ប្រមាណ​ចម្ងាយ ១៩ គីឡូម៉ែត្រ នឹង​បាន​ទៅ​ដល់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ធម្មជាតិ​អូរ​ស៊ិនលែរ​ជា​មិន​ខាន។

ដោយឡែក​ភ្ញៀវទេសចរ ក៏​អាច​ថតរូប​លេង​កម្សាន្ត​ជាមួយ​បណ្តំ​ទេសភាព​នៃ​ទឹក​ធ្លាក់​ច្រើន​ជាន់ និង​ផ្ទះ​ជន​ជាតិ​ប្រចាំ​តំបន់​នៅ​ខេត្ត​រតនគិរី ទៀត​ផង។

​ទេសភាព​មាន​ដើមឈើធំៗ​អាចជាទី​កន្លែង​អង្គុយ​កម្សាន្ត​ និង​ចុះងួតទឹកលេង​។ ហេង ជីវ័ន

បើតាម​សម្តី​រៀបរាប់​ទាំង​ទឹកមុខ​ស្ងួត​របស់​អ្នកស្រី ដុស ស្រីរ័ត្ន ដែល​បាន​ប្រកប​របរ​ជា​អ្នក​លក់​ម្ហូប​អាហារ​នៅ​តំបន់​ទឹក​ធ្លាក់​នេះ​អស់​រយៈពេល ១០ ឆ្នាំ មក​ហើយ​នោះ​ថា ទឹក​ធ្លាក់​ធម្មជាតិ​អូរ​ស៊ិនលែរ សម្បូរ​ភ្ញៀវ​មក​លេង​កម្សាន្ត​តែ​នៅ​ក្នុង​រដូវ​ប្រាំង​ប៉ុណ្ណោះ ខណៈ​នៅ​ក្នុង​រដូវ​វស្សា​វិញ សឹង​តែ​គ្មាន​មនុស្ស​មក​លេង ព្រោះ​តែ​ស្ថានភាព​នៃ​ផ្លូវ​ចូល​ទៅ​មិន​អំណោយ​ផល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យានយន្ត។

ស្ត្រី​ជា​អ្នកលក់​ម្ហូបអាហារ​រូបនេះបញ្ជាក់​ឲ្យ​ដឹងថា៖ «ផ្លូវ​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​មិន​សូវ​មាន​ភ្ញៀវ​មក​លេង​ទេ​ព្រោះ​ពួកគេ​មិន​ហ៊ាន​បើកបរ ឬ​ជិះ​ម៉ូតូ​មក​លេង​ដោយសារ​ផ្លូវ​រអិល។ តែ​នៅ​រដូវ​ប្រាំង​វិញ សម្បូរ​ភ្ញៀវ​ច្រើន​មក​លេង ជាពិសេស​នៅ​រដូវ​បុណ្យ​ធំៗ​ដូចជា បុណ្យ​ឆ្លង​ឆ្នាំ ឬ​បុណ្យ​ចូល​ឆ្នាំ​សកល បុណ្យ​ចូល​ឆ្នាំ​ចិន បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​អុំទូក ជាដើម។

ទឹក​ថ្លាឈ្វេងអាចចុះងូត​លេង​​​បាន​នៅ​ជាន់​លើ​មាន​ទឹកធ្លាក់​កម្ពស់​ទាបៗ​។ ហេង ជីវ័ន

ចំនួន​ភ្ញៀវ​អាចមាន​ពី​រាប់រយ​នាក់ ឬ​ក្បែរ​ពាន់​នាក់​ឯណោះ គឺមាន​ចម្រុះ​ទាំង​ភ្ញៀវ​នៅ​ក្នុង​តំបន់ និង​ពី​ចម្ងាយ។ ខណៈ​ចំនួន​ភ្ញៀវ​មាន​តិច​តួច​នៅ​ថ្ងៃ​ធម្មតា និង​ចុង​សប្តាហ៍ ដោយ​មូល​ហេតុ​មក​ពី​ផ្លូវ​ដី​ក្រហម​ហុយ​ខ្លាំង និង​មាន​ជង្ហុក​ដោយ​អន្លើ​ផង​ដែរ ក្រោយ​ពី​ឆ្លង​ផុត​រដូវ​ភ្លៀង​មក​នោះ»។

ចំពោះ​ម្ហូបអាហារ​នៅ​ទីនោះ​អាចមាន​ដូចជា​បុកល្ហុង​បាយដំណើប ងៀត​សាច់​គោ មាន់​ស្រែ​ដុត និង​ភេសជ្ជៈ​នានា។

អ្នកស្រី ដុស ស្រីរ័ត្ន ប្រាប់​តម្លៃ​ម្ហូបអាហារ ដែលមាន​លក់​នៅ​ទីនោះ​ថា៖ «សម្រាប់​មាន់​ស្រែ ១ តម្លៃ ៥ ម៉ឺន រៀល មាន​ទម្ងន់​ពី​ចន្លោះ ១,២ ទៅ ១,៥ គីឡូ ហើយ​ក៏​អាច​កម្ម៉ង់​ធ្វើ​ម្ហូប ២ មុខ​ក៏បាន​ដែរ។ ចំពោះ​បាយ​ស​អាច​មាន​លក់​ជា​ប្រអប់ ដោយ ១ ប្រអប់​តម្លៃ ២០០០ រៀល ញ៉ាំ​បាន ២ នាក់ ខណៈ ១ ឆ្នាំ​តម្លៃ ចន្លោះ​ពី ១៥០០០ ទៅ ២០ ០០០ រៀល ដែល​អាច​ញាំ​បាន​គ្នា​ប្រហែល ១០ នាក់​ឯណោះ»។

ផ្ទះ​ជន​ជាតិ​ ដែល​ក្រុម​ទេសចរ​អាចចូលលេង និងថ​ត​រូបបាន​​។ ហេង ជីវ័ន

អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ ការ​ទៅលេង​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​អូរ​ស៊ិនលែរ នា​រដូវ​ប្រាំង​នេះ ភ្ញៀវ​ពី​ចម្ងាយ​ក៏​អាច​មាន​ឱកាស​ជាវ​បាន​ទឹកឃ្មុំ​សុទ្ធ​ផង​ដែរ ខណៈ​ទឹកឃ្មុំ​នោះ​ត្រូវ​បាន​បងប្អូន​ខ្មែរ​នៅ​សហគមន៍​ជន​ជាតិ​ភាគ​តិច​នានា​ដូចជា​ទំពួន​ជាដើម រក​បាន​មក​ពី​តំបន់​ព្រៃ​នៅ​ជុំវិញ​ភូមិ​ឋាន​ពួកគេ​នោះ៕

វីដេអូ៖