The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រាជ​ដំណាក់​កូរ៉េ​បម្រើ​ក្រយា​ស្ដេច​ដល់​ភ្ញៀវ

រាជ​ដំណាក់​កូរ៉េ​បម្រើ​ក្រយា​ស្ដេច​ដល់​ភ្ញៀវ

រាជ​ដំណាក់​កូរ៉េ​បម្រើ​ក្រយា​ស្ដេច​ដល់​ភ្ញៀវ

Content image - Phnom Penh Post
ឈុតក្រយាមានម្ហូបសម្រន់ច្រើនមុខ ឈឹម ស្រីនាង
Content image - Phnom Penh Post
ទិដ្ឋភាពច្រកចូលរាជដំណាក់ ដែលសព្វថ្ងៃក្លាយជាភោជនីយដ្ឋានបម្រើក្រយា ឈឹម ស្រីនាង
Content image - Phnom Penh Post
ទេសភាពនារដូវរងានៅលើភ្នំដែលជាផ្នូររបស់សែរាជវង្សស្ដេចរជ្ជកាលចូសិន ឈឹម ស្រីនាង
Content image - Phnom Penh Post
តុអាហារមួយចំនួនត្រូវបានតម្រៀបក្នុង សួនច្បារនៅដំណាក់ភីលខ្យុងជេ ក្រោយពេលធ្លាក់ព្រឹល ឈឹម ស្រីនាង
Content image - Phnom Penh Post
ក្រយារាជវង្សចូសិនរបស់កូរ៉េខាងត្បូង ឈឹម ស្រីនាង

ក្រុង សេអ៊ូល : នា​សិសិរដូវ ខណៈ​ដែល​ព្រឹល​ទឹកកក​ស​ក្បុស​គ្រប​ដណ្ដប់​ពសុធា​ភាព​រងា​រណ្ដំ​ថ្គាម​នេះ​មិន​បាន​រា​រាំង​ទេសចរ​ពី​ការ​ទៅ​កម្សាន្ត​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ឡើយ។

ក្រៅ​ពី​ជា​ទឹក​ដី​ល្បី​ខាង​វប្បធម៌​ប៉ុប ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ល្បី​ល្បាញ​ខាង​ម្ហូប​អាហារ​ដែរ។

ក្នុង​ចំណោម​កន្លែង​ទទួល​ទាន​ជា​ច្រើន​នៅ​ទីក្រុង​សេអ៊ូល ភោជនីយដ្ឋាន ភីលខ្យុងជេ (Phil Kyung Jae) គឺ​ជាទី​ដែល​មាន​អាយុ​កាល​យូរ​អង្វែង និង​ជា​កន្លែង​បម្រើ​ក្រយា​ដែល​អតីត​ព្រះ​រាជា​ធ្លាប់​សោយ​ផង​ដែរ​។

ដើម​ឡើយ ភីលខ្យុងជេ គឺ​ជា​ភូមិ​គ្រឹះ​បុរាណ​ដែល​សង់​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ជា​កន្លែង​ស្នាក់​សម្រាប់​ស្ដេច​នៅ​អំឡុង​សតត្សរ៍​ឆ្នាំ​១៤០០។ រាជ​ដំណាក់​អាយុ​កាល​ជាង​៥​សតវត្សរ៍​នេះ​ត្រូវ​បាន​ប្រជាជន​កូរ៉េ​ទាំង​ឡាយ​គោរព​និង​ថែរក្សា​យ៉ាង​គត់​មត់។

ឈាន​ជើង​ចូល​ដល់​មាត់​ច្រក​នៃ​រាជ​ដំណាក់​ដែល​ស្ថិត​នៅ​ចំ​បេះដូង​នៃ​ក្រុង សេអ៊ូល យើង​ឃើញ​រុក្ខជាតិ​ជា​ច្រើន ជា​ពិសេស​គឺ​ដើម​ស្រស់​ដុះ​ប្រប​នឹង​ខ្លោង​ទ្វារ។

ទៅ​ដល់​បរិវេណ​ខាង​ក្នុង អ្នក​នឹង​ប្រទះ​ឃើញ ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​កូរ៉េ​លំដាប់​សែ​រាជវង្ស នៅ​ចំ​កណ្ដាល​ឧទ្យាន​តែ​ម្ដង។ តាម​ពិត​ទៅ​រាជ​ដំណាក់ ភីលខ្យុងជេ គឺ​ជា​ទី​ដែល​ចៅ​លួត​របស់​ស្ដេច​អង្គ​ព្រះ​នាម សេជុង គង់​នៅ។ លុះ​តំណត​មក សាច់​សា​លោហិត​ដែល​បន្ត​សែ​រាជវង្ស​នេះ​បាន​នឹក​ឃើញ​នូវ​គំនិត​បង្កើត​រូបមន្ត​ចម្អិន​អាហារ​វាំង​ដែល​ដូច​នឹង​ក្រយា​ស្ដេច​កាល​ពី​អតីត ដើម្បី​លក់​បម្រើ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ពេល​ពួកគេ​បាន​មក ទស្សនា​រាជ​ដំណាក់​មួយ​នេះ។

គ្រួសារ​រាជវង្ស​ដែល​រស់​នៅ​មក​ទល់​បច្ចុប្បន្ន​បាន​បន្ត​ជំនួញ​បើក​ភោជនីយដ្ឋាន​នេះ ដោយ​ពួកគេ​ជឿ​ថា សំណង់​បុរាណ គួប​ផ្សំ​នឹង​បរិយាកាស​ប្រវត្តិ​សាស្ត្រ រឹត​តែ​អាច​ធ្វើ​ឲ្យ​បណ្ដា​ភ្ញៀវ​ដែល​មក​ទទួល​ទាន មាន​អារម្មណ៍​ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​កាល​នៃ​រាជវង្ស​ចូសិន​របស់​កូរ៉េ​អ៊ីចឹង។

តាម​ពិត​ទៅ ផ្នែក​ជា​ច្រើន​នៅ​ក្នុង​រាជ​ដំណាក់​នេះ​បាន​ទ្រុឌ​ទ្រោម​អស់​ហើយ​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៤ សំណង់​ទាំង​មូល​គឺ​ត្រូវ​បាន​ជួស​ជុល​ឲ្យ​ដូច​ភាព​ដើម​ឡើង​វិញ ហើយ​ទាំង​សួន​ច្បារ បរិវេណ​ខាង​ក្នុង​និង​ក្រៅ​ត្រូវ​បាន​អភិរក្ស​ឲ្យ​ស្អាត​ឥត​ខ្ចោះ​។

ភីលខ្យុងជេ មាន​បម្រើ​អាហារ​រាជវង្ស​ពិតៗ ហើយ​នៅ​ទី​នោះ​ក៏​មាន​បុគ្គលិក​រង់​ចាំ​ផ្តល់​ការ​ណែ​នាំ​សម្រាប់​ការ​ភ្លក្ស​អាហារ​នីមួយៗ និង​ចំណេះ​ដឹង​ពី​សិល្បៈ​ចម្អិន​ម្ហូប​របស់​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

អាហារ​ប្រពៃណី​គឺ​ផ្តើម​ឡើង​ពី​ឈុត​អាហារ​ចាន​តូចៗ​ដូច​ជា ស្ពៃ​ជ្រក់​គីម​ឈី និង​ឈុត​បន្លែ​សាច់​ក្នុង​ឆ្នាំង​ភ្លើង ដែល​ជា​អាហារ​ចម្បង​នៅ​ក្នុង​បញ្ជី​ក្រយា​សោយ​របស់​រាជវង្ស​ផង​ដែរ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​ក្រេប​ស្រា​ឲ្យ​ទទួល​ទាន​អាហារ​បាន​ឆ្ងាញ់​មាត់​នោះ សូម​សាក​ល្បង​ស្រា​ស​សូជូ ប៉ុន្តែ​គ្រឿង​ស្រវឹង​ប្រពៃណី​កូរ៉េ​នេះ​មាន​អនុភាព​ធ្វើ​ឲ្យ​អ្នក​ឆាប់​ទន់​ខ្លួន​ប្រាណ​ណាស់​ដោយ​សារ​តែ​វា​មាន​កម្រិត​ជាតិ​អាល់កុល​ដល់​ទៅ​៤០​ភាគរយ។

រាជ​ដំណាក់ ភីលខ្យុងជេ មិន​មែន​ជា​ភោជនីយដ្ឋាន​ដែល​ដាក់​តុ​កៅអី​តម្រៀប​ជិត​គ្នា ដើម្បី​បំពេញ​តាម​ចំនួន​ភ្ញៀវ​ដ៏​កកកុញ​ឡើយ។

ផ្ទុយ​ទៅ​វិញ ភ្ញៀវ​នឹង​ទទួល​បាន​នូវ​ភាព​ស្ងប់​ស្ងាត់ ដោយ​សារ​តែ​ទីនេះ​បាន​ខាន់​ចែក​ជា​បន្ទប់​តូចៗ​សម្រាប់​ការ​ទទួល​ទាន​ជា​លក្ខណៈ​ឯកជន។ ភ្ញៀវ​នឹង​មិន​ទទួល​ការ​រំខាន​ដោយ​សំឡេង​ឡើយ។ ជា​រឿយៗ​នារី​លើក​ម្ហូប​នឹង​ដើរ​លបៗ​មក​តម្រៀប​អាហារ​លើ​តុ​ឲ្យ​ភ្ញៀវ​ទទួល​ទាន។

ទីនេះ​មាន​ឈុត​អាហារ​ជា​ច្រើន​ប៉ុន្តែ​ភ្ញៀវ​ថ្មី​អាច​សាក​ល្បង​កុម្ម៉ង់​ឈុត​ស៊ូរ៉ា (Soora) ដែល​សម្បូរ​បែប​ទៅ​ដោយ​អាហារ​រាជវង្ស​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ អ្នក​មិន​អាច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​បុគ្គលិក​បាន​ស៊ី​ជម្រៅ​ទេ ព្រោះ​កម្រិត​ភាសា​អង់គ្លេស​របស់​ពួកគេ​ទាប។ ប៉ុន្តែ​អ្នក​នៅ​តែ​ទទួល​បាន​បដិ​សណ្ឋារកិច្ច និង​ស្នាម​ញញឹម​ដ៏​កក់​ក្ដៅ​ជានិច្ច។

ក្រោយ​ពេល​ដែល​ក្រពះ​របស់​អ្នក​ពេញ​ហើយ សូម​កុំ​ឲ្យ​ភាព​ងងុយ​អន្ទង​អ្នក​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​ភ្លាម។ អ្នក​ត្រូវ​តែ​ឆ្លៀត​ឱកាស​ដើរ​លេង​ក្នុង​សួនច្បារ គយ​គន់​ទេសភាព​ផ្កា អគារ និង​ទៅ​មើល​ព្រះ​ផ្នូរ​របស់​សែ​រាជវង្ស​ដែល​ជា​ម្ចាស់​ដំណាក់​នេះ​ផង។

អ្នក​នឹង​សង្កេត​ឃើញ​ថា​ផ្នូរ​ទាំង​នោះ​គ្រប​ដណ្ដប់​ដោយ​ស្មៅ​ចំបើង និង​មាន​ចាក់​បេតុង​ជា​បង្គោល និង​រូប​សំណាក​ហែ​ហម។

តំបន់​ប្រវត្តិ​សាស្ត្រ​ដែល​ប្រែ​ក្លាយ​ជា​ហាង​អាហារ​ប្រពៃណី​រាជវង្ស​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង ទោះ​ជា​តម្លៃ​វា​ហាក់​ថ្លៃ​បន្តិច​មែន គឺ​ប្រមាណ​ជា​២០០​ដុល្លារ​អាមេរិក​សម្រាប់​មនុស្ស​ម្នាក់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ភ្ញៀវ​អាច​បរិភោគ​អាហារ​ស្ដេច ក្នុង​អតីត​រាជ​ដំណាក់​បុរាណ​ដែល​ជា​បទ​ពិសោធ​មិន​អាច​បំភ្លេច​បាន​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍