សៀមរាប: បើទោះសណ្ឋាគារលូ ហាក់មិនមែនជាគំនិតអ្វីថ្មីសម្រាប់បច្ចុប្បន្ននេះយ៉ាងណាមិញ ប៊ូទិក បន្ទប់មូលក្នុងក្រុងសៀមរាបនេះក៏នៅតែល្អឯក និងអាចចាត់ទុកទីស្នាក់ប្រកបដោយផាសុកភាព។
រីង ប៊ូទិក ស្ថិតនៅចម្ងាយតែ ៧០០ ម៉ែត្រពីតំបន់ផាប់ស្ទ្រីតផ្ដល់នូវបទពិសោធប្លែកសម្រាប់អ្នកធុញទ្រាន់នឹងបន្ទប់គេងជ្រុងៗក្នុងបរិស្ថានបែបផាសុកភាព។
លោក ភី សុពៅ ស្ថាបនិកប៊ូទិក និយាយថា៖ «សណ្ឋាគារ Ring Boutique ពិតជាខុសប្លែកគេនៅក្រុងសៀមរាបនេះ។ ដើម្បីធានាថាភ្ញៀវទទួលបាននូវបទពិសោធថ្មី យើងបានរចនាបន្ទប់គេងជាមួយការឌីហ្សាញជារូបរាងបំពង់លូជាមួយការរំលេចនូវគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត»។
ទាំង ២២ បន្ទប់ដែលមានបន្ទប់ Deluxe Double សម្រាប់មនុស្ស ២ នាក់បន្ទប់ Family Room សម្រាប់មនុស្ស ៤ នាក់ និង Royal Family សម្រាប់មនុស្ស ៦ នាក់សុទ្ធតែមានរូបរាងជាបំពង់លូមានញាត់គ្រែក្រាលកម្រាលទន់ល្មើយ ជាមួយសាឡុងអង្គុយ និងគំនូរលើជញ្ជាំង ខុសប្លែកពីបន្ទប់លូដទៃដែលមានគ្រែ ១ ញាត់ក្នុងលូ និងប្រើបន្ទប់ទឹករួម។
ជាអតីតនិស្សិតផ្នែកអក្សរសាស្ដ្រភាសាអង់គ្លេស និងជាគ្រូបង្រៀនភាសាអង់គ្លេសលោក ភី សុពៅ បង្កើតគំនិតរចនាបន្ទប់ស្នាក់ឲ្យកាន់តែទាក់ទាញក្នុងទីក្រុងដ៏ប្រកួតប្រជែងលើវិស័យទេសចរណ៍។
លោកបាននិយាយថា៖ «ថ្ងៃមួយ ខ្ញុំគិតអំពីប៊ូទិករូបរាងប្លែកដែលមានតែ ១ គត់ក្នុងទីក្រុងនេះ។ ដំបូងខ្ញុំចង់ឌីហ្សាញបន្ទប់រាងមូល និងនឹកដល់ការសង់បន្ទប់បំពង់លូ។ ខ្ញុំគិតថាប្លែកពីព្រោះខ្ញុំមិនទាន់ឃើញនរណាធ្វើវានៅឡើយទេ។ កាលនោះក្នុងឆ្នាំ ២០១៣ ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីយើងតែងតែសង់បន្ទប់ជ្រុងៗ។ ប៉ុន្ដែខ្ញុំអត់ដឹងថា ត្រូវធ្វើវាដោយរបៀបណានោះទេ»។
យ៉ាងណាមិញគំនិតនេះមិនអាចលេចជារូបរាង និងត្រូវបានបំភ្លេចចោលមួយរយៈរហូតដល់រីសត ២ ដែលបានសាងសង់បន្ទប់ស្នាក់បំពង់លូសម្រាប់ទទួលភ្ញៀវ។
ទោះយ៉ាងណាសមិទ្ធផលរបស់លោក សុពៅ កាន់តែគ្រប់ជ្រុងជ្រោយក្រោយពីបានសិក្សាពីសំណង់បន្ទប់លូរបស់រីសតទាំង ២។ រីង ប៊ូទិក បានចាប់កំណើតក្នុងឆ្នាំ ២០១៥ ដោយត្រូវខំត្រដររស់នៅក្នុងចំណោមសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងអាផាតមិនជាង ១០០០ កន្លែងទៀត។
លោកនិយាយថា៖ «ខ្ញុំឃើញថាបន្ទប់បំពង់លូអត់មានម៉ាស៊ីនត្រជាក់អត់សូវស័ក្ដិសមនឹងបរិយាកាសសីតុណ្ហភាពក្ដៅទោះស្ថិតនៅតំបន់ភ្នំក៏ដោយ។ ការប្រើប្រាស់បន្ទប់ទឹក និងបង្គន់រួមមិនមែនជាជម្រើសដ៏ល្អនោះទេ ជាពិសេសសម្រាប់ភ្ញៀវខ្មែរយើង»។
បន្ទប់ស្នាក់នៅ រីង ប៊ូទិក ស្រោបកញ្ចក់អមជាមួយរុក្ខជាតិបៃតងស្រស់ឡោមព័ទ្ធដោយអាងហែលទឹកមួយស្ថិតនៅចំកណ្ដាលទីធ្លា។
លោកបន្ដថា ប៊ូទិកលូនេះបំពាក់នូវគ្រឿងសង្ហារិមល្អៗ និងផ្ដល់ជូនឲ្យភ្ញៀវនូវអ៊ីនធឺណិត Wi-Fi គេហបាលតែ និងកាហ្វេ និងខ្នើយប្រឆាំងអាល្លែកហ្ស៊ីជាដើម។
លោករៀបរាប់ពីការដាក់ឈ្មោះប៊ូទិកថា៖ «ខ្ញុំមិនគិតថា យើងគួរដាក់ឈ្មោះថា ប៊ូទិកលូនោះទេ ដោយសារវាត្រូវបានប្រើនៅរីសតដទៃ ហើយពលរដ្ឋយើងខ្លះចាត់ទុកវាជាការអាប់ឱន។ យើងពិចារណាឈ្មោះជាច្រើនរហូតដល់ថ្ងៃមួយ ខ្ញុំរកនឹកបណ្ដើរ ដៃបង្វិលចិញ្ចៀនភ្ជាប់ពាក្យក្នុងម្រាមបណ្ដើរ ទើបខ្ញុំនឹកឃើញថា ហេតុអ្វីមិនយកឈ្មោះ រីង ប៊ូទិក»។
ទោះបីជា រីង ប៊ូទិក មានគ្រែគេងស្រោបបំពង់លូរង្វង់យ៉ាងណាក៏ដោយ ក៏ការស្នាក់នៅ និងសេវាកម្មផ្សេងៗមិនខុសប្លែកពីប៊ូទិក និងសណ្ឋាគារទូទៅឡើយ។
រីង ប៊ូទិក ស្ថិតនៅលើវិថី Funkey Ln ក្នុងភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប។ ព័ត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខ ០៦៣ ៧៦៦ ២៦៧ និង ០៧០ ៦៦ ៣៥ ៣៦ ឬវេបសាយ www.ringboutiquehotel.com៕
វីដេអូ៖