សៀមរាប៖ ផ្ទះ​ឈើ​បុរាណ​អែប​វាល​​ស្រែ​​ក្នុង​បរិស្ថាន​ធម្មជាតិ​ដ៏​​ស្ងប់ស្ងាត់​ប្រកប​ដោយ​ផាសុកភាព​អាច​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ទូទៅ​ ជាពិសេស ទេសចរ​បរទេស​ដែល​ចង់​ទទួល​នូវ​បទពិសោធ​ការ​រស់នៅ​​ស្រុក​ស្រែ​ជនបទ​បែប​ប្រណីតភាព​។ ចុះ​ទម្រាំ​តែ​ផ្ទះ​បុរាណ​ប្រណីត​រហូត​ដល់ ​១ ​ភូមិ ​ដែល​រំលេច​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ព្រម​ទាំង​ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក​ជុំវិញ​ បឹង​ឈូក​ រុក្ខជាតិ​ត្រជាក់​ល្ហឹម​ និង​វាល​ស្រែ ក៏​ដូច​ជា​ អាង​ហែល​ទឹក​លក្ខណៈ​ឯកជន​។

ស្ថិត​នៅ​ចម្ងាយ​តែ ២ គីឡូម៉ែត្រ​ពី​ប្រាសាទ​បាគង រីសត​ផ្ទះ​ខ្មែរ​បុរាណ ម៉ានេ ហរិហរាល័យ​ ផ្ដល់​នូវ​ទី​សម្រាក​លម្ហែ​បែប​ធម្មជាតិ​ ខ្យល់​អាកាស​បរិសុទ្ធ និង​គេច​ផុត​ពី​សំឡេង​អ៊ូអរ​ជាមួយ​នឹង​ភាព​ស្ងប់​សុខ​នៃ​ជំនោរ​រំហើយ​វាល​​ស្រែ​វាល​ស្រូវ​។

អ្នកស្រី កី ម៉ានេ ម្ចាស់​រីសត​ ម៉ានេ ហរិហរាល័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​មនុស្ស​យើង​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​អគារ​ខ្ពស់ៗ ភាព​អ៊ូអរ សូរ​សំឡេង​រំខាន​​គ្រប់​ប្រភេទ​ ដែល​ធ្វើ​ឲ្យ​យើង​រត់​រក​ធម្មជាតិ​ជួយ​រំលែក​ទុក្ខ ​ដើម្បី​សុខភាព​អាយុ​យឺន​យូរ​។ បើ​ភ្ញៀវ​បរទេស​ចាប់​អារម្មណ៍​អគារ​ខ្ពស់​ៗ ពួក​គេ​ច្បាស់​​ជា​ទៅ​សិង្ហបុរី ជប៉ុន ឬ​ប្រទេស​នៅ​អឺរ៉ុប​​។ ប៉ុន្ដែ​បើ​គាត់​សម្រេច​ចិត្ដ​ជ្រើសរើស​យក​ខេត្ដ​សៀមរាប​យើង គាត់​ប្រាកដ​ជា​ដឹង​ថា សៀមរាប​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កសាង​អគារ​ខ្ពស់ៗ​នោះ​ទេ​។ ពួក​គាត់​ច្បាស់​ជា​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ ជា​ទេសចរណ៍​បែប​វប្បធម៌ និង​ប្រវត្ដិសាស្ដ្រ​»។

បន្ទប់​ផ្ទះ​ក្រាល​ឈើ​​គ្រប់​ចំអាម​បំពាក់​​សង្ហារិម​​​លំដាប់​ផ្កាយ ៥ រំលេច​ដំណាំ​ក្បែរ​ផ្ទះ​មិន​ខុស​ពី​ផ្ទះ​នៅស្រុក​ស្រែ​​។ ហុង មិនា

អង្គុយ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​តែ ​២ នាក់ ​យ៉ាង​រ៉ូមេនទិក​ ប្ដី​ប្រពន្ធ​សញ្ជាតិ​​វេណេស៊ុយអេឡា បាន​នាំ​គ្នា​មក​ប្រារឰ​ខួប​កំណើត​ក្រោម​បរិយាកាស​​សម្រស់​ធម្មជាតិ​បែប​ស្រុក​ស្រែ​ចម្ការ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​។

អ្នកស្រី Yoraima Petter ជា​វេជ្ជបណ្ឌិត​ផ្នែក​​សម្ផស្ស​ស្បែក​ បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​​សម្រាប់​ពួក​យើង​។ ដំបូង​ឡើយ ខ្ញុំ​ចង់​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​ប្រកប​ដោយ​បរិយាកាស​ល្អ​បំផុត​ជា​កាដូ​​ជូន​ស្វាមី​ខ្ញុំ​ក្នុង​ឱកាស​ខួប​កំណើត​របស់​គាត់​»។

និយាយ​បណ្ដើរ ភ្នែក​ត្របាញ់​រក​គ្នា​ក្នុង​ន័យ​បង្ហាញ​នូវ​ភាព​ផ្អែម​ល្ហែម លោក ​Ciro Izarra ជា​នាយក​ប្រតិបត្ដិ​ប្រចាំ​តំបន់​ កំពុង​រស់នៅ​ក្នុង​ប្រទេស ​សិង្ហបុរី​ បាន​បន្ដ​ថា​៖ «​នេះ​ជា​កាដូ​យ៉ាង​​​ពិសេស​ពី​ភរិយា​ខ្ញុំ​។ គាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការ​រស់នៅ​ក្នុង​បរិស្ថាន​បរិសុទ្ធ​រយៈពេល ៤ យប់​។ យើង​បាន​ប្រារឰ​ពិធី​ខួប​កំណើត​យ៉ាង​ស្ងប់សុខ​។ វា​ពិត​ជា​ទី​កន្លែង​ដ៏​អស្ចារ្យ​»។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​មក​កាន់​កម្ពុជា​។ ខ្ញុំ​បាន​ឃើញ​សណ្ឋាគារ​នេះ​លើ​អ៊ីនធឺណិត​ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​ថា ទី​នេះ​ពិត​ជា​ស្រស់​ស្អាត​បំផុត​ប្រចាំ​តំបន់​។ ដូច្នេះ យើង​ក៏​សម្រេច​ចិត្ដ​មក​ទី​នេះ​។ យើង​ចូលចិត្ដ​សម្រស់​ធម្មជាតិ និង​ស្ថាបត្យកម្ម​ផ្ទះ​ឈើ​បុរាណ​»។

ប្រសូត​ក្នុង​ឆ្នាំ ​១៩៨២ ក្នុង​គ្រួសារ​សហគ្រិន​មួយ កី ម៉ានេ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ និង​ច្បាប់​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​ជំនួយ​មីក្រូ​ហិរញ្ញវត្ថុ​ជាមួយ​អ្នក​ម្ដាយ​។ មិន​យូរ​ប៉ុន្មាន ដោយ​មាន​​ចំណូល​ចិត្ដ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក ស្ដ្រី​កូន​ ៤ នាក់​រូប​នេះ បាន​ពាំ​នាំ​យក​បទពិសោធ និង​ចំណេះ​ដឹង​ផ្នែក​បដិសណ្ឋារកិច្ច​បើក​សម្ពោធ​សណ្ឋាគារ​ដំបូង​ឈ្មោះ Mane Boutique Hotel and Spa ក្នុង​ឆ្នាំ ​២០១៥។

​អ្នកស្រី កី ម៉ានេ ស្ថាបនិក​រីសត​ ម៉ានេ ហរិហរាល័យ​​​។ ហុង មិនា

ក្រោយ​ពី​ទទួល​ជោគជ័យ​ចំពោះ​ការ​បើក​សម្ពោធ​សណ្ឋាគារ​ទី ១ ​​នៅ​សៀមរាប អ្នកស្រី កី ម៉ានេ បាន​បន្ដ​បន្ថែម​យីហោ​ខ្មែរ​នេះ​ជា​បន្ដ​បន្ទាប់​រហូត​ដល់​រីសត ម៉ានេ ហរិហរាល័យ ជា​សាខា​ទី ៦ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​ទៅ​នេះ​។

ម៉ានេ ហរិហរាល័យ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​រហូត​ដល់​ ៧ ហិកតា​ ជា​បរិវេណ​ភូមិ​ឋាន​ដ៏​ប្រណីត​មួយ​ដែល​មាន​ផ្ទះ​បុរាណ​ឈើ​បែប​ប្រណីត​ ៣៤ ខ្នង​ ផុស​ត្រដែត​អែម​រុក្ខជាតិ​ និង​ដុះ​ជ្រំ​ជុំវិញ​បឹង​ឈូក វាល​ស្រែ និង​ស្រះ​ដ៏​ធំ​ដែល​រំលេច​នូវ​កូន​កោះ​​​ឈើ​មួយ​ដើមៗ​តូចៗ​។

ជា​ប្រវត្ដិ​សាស្ដ្រ​ពិត និង​ជា​រឿង​អច្ឆរិយៈ​ដ៏​អស្ចារ្យ​មួយ ម៉ានេ ហរិហរាល័យ ស្ថិត​នៅ​លើ​ទីតាំង​អតីត​រាជធានី​បុរាណ​នៃ​ឆ្នាំ ​៨០២ ក្នុង​រជ្ជកាល​ស្ដេច​ជ័យ​វរ័្មនទី ២ ដែល​បាន​ច្បាំង​ឈ្នះ​សង្គ្រាម​ និង​កាន់​កាប់​តំបន់​បឹង​ទន្លេ​សាប​។

អ្នកស្រី កី ម៉ានេ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ អំពី​ការ​ប្រើប្រាស់​ឈ្មោះ​រីសត​ផ្ទះ​ឈើ​នេះ​​ថា​៖ «ម៉ានេ ជា​ឈ្មោះ​ខ្ញុំ​ផ្ទាល់ ដែល​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ និង​ត្រូវ​បាន​ប្រើ​ក្នុង​សណ្ឋាគារ​ដំបូង​តាំង​ពី​ឆ្នាំ ​២០១៥។ បច្ចុប្បន្ន ម៉ានេ ​ជា​សម្ព័ន្ធ​សណ្ឋាគារ​ចំនួន ៧ កន្លែង​ខុសៗ​គ្នា​។ គោល​បំណង​ចម្បង គឺ​យើង​បង្កើត​​បដិសណ្ឋារកិច្ច​កម្ពុជា (Cambodian Hospitality) ស្ដីពី​ទស្សនៈ​អ្នក​ម្ដាយ​កូន ៤ នាក់ (Mother of four) សម្រាប់​ភ្ញៀវ​ទូទៅ និង​លក្ខណៈ​គ្រួសារ​»។

អ្នក​ម្ដាយ​កូន​ ៤​ រូប​នេះ​បាន​បន្ដ​ថា​៖​ «យើង​មាន​បំណង​ផ្សព្វផ្សាយ​ឈ្មោះ​យីហោ​ខ្មែរ​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ ប៉ុន្ដែ​​យើង​ក៏​នឹង​ពង្រីក​សាខា​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត​។ រយៈ​ពេល​ ៥ឆ្នាំ​មក​នេះ​ យើង​បាន​​​ពង្រីក​​យីហោ ៧ សាខា​ហើយ​ ហើយ​យើង​មាន​គម្រោង​ទៅ​បើក​នៅ​បារាំង និង​ជប៉ុន​ទៀត»​។

ជាមួយ​បំណង​ចង់​នាំអារម្មណ៍​ភ្ញៀវ​ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​ឈើ​ប្រណីត​បាន​​​ផ្ដិត​ភ្ជាប់​នូវ​រូបភាព​បែប​ប្រពៃណី​ពី​អតីតកាល​ជាង ១ ២០០ ឆ្នាំ​មុន ហរិហរាល័យ ​ជា​ «​ដែន​ដី​របស់​ព្រះ​» ក្នុង​សាសនា​ព្រហ្មញ្ញ​ ដែល​ហរិ​ មាន​ន័យ​ថា ព្រះ​វិស្ណុ និង​ ហរា គឺ​ជា​ព្រះ​​សិវៈ​។

ទិដ្ឋភាព​ក្យូស និង​ស្ពាន​លយ​ចូល​ស្រះ​ធំ​ជា​ទី​លម្ហែ និង​ថតរូប​សែលហ្វ៊ីដ៏​ពេញ​និយម​របស់​ភ្ញៀវ​។ហុង មិនា

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ហូរ​ផាមួង​យ៉ាង​សម​សួន​ជា​នារី​ខ្មែរ អ្នកស្រី ​ម៉ានេ បាន​ឲ្យ​ដឹង​ថា​៖ «​ហរិហរាល័យ​ ជា​អតីត​រាជធានី​បុរាណ​ តាំង​ពី​ជំនាន់​ព្រះមហាក្សត្រ​ជ័យវរ័ន្ម​ទី ២ ក្នុង​សតវត្សរ៍ទី ៩ សម័យ​មុន​អង្គរ​។ ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​ ៣ គឺ​បាគង រលៃ និង​ព្រះគោ ដែល​មាន​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ ​ពី​រីសត​របស់​យើង»។

អ្នកស្រី​បាន​បន្ដ​ថា​៖ «យើង​ចង់​រំឭក​ដល់​អាណាចក្រ​ខ្មែរ​យើង​ពី​មុន ដែល​ប្រាង្គ​ប្រាសាទ​នានា​សុទ្ធ​តែ​មាន​គូទឹក​​​​​ព័ទ្ធ​ជុំវិញ​ទាំង​អស់​។ នៅ​ពេល​​ភ្ញៀវ​ចូល​​ដល់​បរិវេណ​រីសត ពួក​គាត់​មាន​អារម្មណ៍​ដូច​បាន​ឈាន​ជើង​ចូល​ពិភព​​មួយ​ដ៏​ស្ងប់ស្ងាត់​ ហើយ​ភ្ញៀវ​បរទេស​នឹង​ទទួល​បាន​នូវ​បទពិសោធ​ជាមួយ​ផ្ទះ​ខ្មែរ វប្បធម៌​ខ្មែរ​យើង សំណង់​របស់​យើង​»។

បើ​ទោះបី​ជា​ចង់​នាំ​អារម្មណ៍​ភ្ញៀវ​វិល​ទៅ​កាន់​អតីតកាល​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រណីតភាព និង​ផាសុកភាព​គឺ​ជា​ចំណុច​ចម្បង​ដែល​ ម៉ានេ ហរិហរាល័យ ផ្ដល់​ជូន​ភ្ញៀវ​មិន​ឲ្យ​ទាស់​ចិត្ដ​។

អ្នកស្រី ម៉ានេ បាន​និយាយ​ថា​៖ «​ដើម​ឡើយ យើង​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​បាន​ស្គាល់​ផ្ទះ​ខ្មែរ​បុរាណ​ដែល​សង់​តាម​រចនា​ប័ទ្ម​សម័យ​ដើម​ ដោយ​យោង​តាម​មតិ​របស់​ភ្ញៀវ​ និង​បទពិសោធ​របស់​យើង​ផ្ទាល់ យើង​ក៏​សម្រេច​ចិត្ដ​បំពាក់​គ្រឿង​បរិក្ខារ និង​សម្ភារ​ទំនើបៗ​បន្ថែម​ពី​លើ​ផ្ទះ​ប្រពៃណី​​ក្នុង​បំណង​បំពេញ​នូវ​តម្រូវ​ការ​របស់​ភ្ញៀវ​នា​ពេល​បច្ចុប្បន្ន​»។

ភ្ញៀវ​អាច​ជ្រើស​រើស​ងូតទឹក​ក្នុង​អាង​ទឹកប្រៃ និង​អាង​ទឹក​សាប​នៅ​អែប​សងខាង​ភោជនីយដ្ឋាន​​។ហុង មិនា

អ្នកស្រី​បន្ដ​ថា៖ «​រីសត​យើង​មាន​ភាព​​ខុស​​ប្លែក​​ពី​​គេ​ទាំង​ផ្ទះ​ខ្មែរ​ធ្វើ​ពី​ឈើ​​ប្រណីត​ហើយ​ខាង​ក្នុង​ផ្ទះ​ គឺ​យើង​បំពាក់​​គ្រឿង​បរិក្ខារ​ទំនើប ដូច​ជា បន្ទប់​ទឹក​បន្ទប់​គេង និង​គ្រឿង​ប្រើប្រាស់​ដទៃ​ទៀត។ បើ​និយាយ​ពី​បរិស្ថាន​វិញ ​គឺ​ប្រៀប​​ដូចជា​យើង​រស់នៅ​ក្នុង​ភូមិ​បុរាណកាល​ពី ១ ២០០ ឆ្នាំ​មុន​នៃ​សម័យ​ព្រះបាទ​ជ័យវរ្ម័នទី ២»។

កំពុង​នាំ​កូនៗ​ជិះ​កង់​លេង​ដែល​បញ្ឈរ ​២ គ្រឿង ​ក្រោម​ផ្ទះ​នីមួយៗ​កាត់​តាម​ភូមិឋាន​យ៉ាង​រីករាយ អ្នកម្ដាយ​មក​ពី​ភ្នំពេញ​ជាមួយ​ក្រុម​គ្រួសារ​ធំ​មួយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​៖ «​ការ​សម្រាក​ក្នុង​​ផ្ទះ​បែប​ខ្មែរ​នេះ ល្អ​ម្យ៉ាង​ដែរ​។ ទីនេះ មាន​សភាព​ស្ងប់ស្ងាត់​ ផាសុកភាព មាន​ដើម​ស្រូវ​ វាលស្រែ ទឹក​ និង​ដើម​ឈើ​ត្រជាក់​។ ភាគ​ច្រើន​ចំណាយ​ពេល​នៅ​ទី​នេះ​ច្រើន ដោយសារ​កូនៗ​ខ្ញុំ​ចូលចិត្ដ​​ជិះ​កង់ ជិះ​ទា​ទឹក ហែល​ទឹក​ និង​សម្រាក​លម្ហែ​កាយ»។

ជា​លើក​​ទី ២ ហើយ​ក្រោយ​ពី​រីសត ម៉ានេ ហរិហរាល័យ​ ទើប​បើក​សម្ពោធ​ជាង ២ ខែ ​ស្ដ្រី​ដែល​ជាប់​ចិត្ដ​នឹង​ផ្ទះ​ឈើ​បុរាណ​ មិន​ធ្លាប់​ទទួល​បាន​បទពិសោធ​រស់នៅ​ក្នុង​ផ្ទះ​ឈើ​បែប​បុរាណ​ជន​បទ​ អ្នកស្រី ហាក់​មាន​អារម្មណ៍​ប្លែក​ជាមួយ​នឹង​បរិយាកាស​បរិសុទ្ធ​ ស្រឡះ​​មុខ​ ស្រឡះ​មាត់​។

អ្នកស្រី ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ក្រោម​បរិយាកាស​មាន​តែ​កង់​ និង​រថយន្ដ​អគ្គិសនី​ក្នុង​បរិវេណ​ភូមិ​រីសត​ទាំង​មូល​​​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូចជា​កំពុង​តែ​ស្ថិត​ក្នុង​ឈុត​ឆាក​ភាពយន្ដ​បុរាណ​»។

អ្នកស្រី ម៉ានេ ដែល​រមែង​ឡើង​ចុះ​ភ្នំពេញ​-សៀមរាប ​ញឹក​ញយ​ក្នុង​ការ​មើល​​ខុស​ត្រូវ​ជំនួញ​ច្រើន​សាខា​ បាន​បន្ដ​ថា​៖ «​ចំពោះ​ម្ហូប​ យើង​ផ្ដោត​សំខាន់​លើ​ម្ហូប​ខ្មែរ ដែល​គ្រឿង​ផ្សំ​រក​បាន​ពី​ជុំវិញ​ផ្ទះ​ខ្លួន​ឯង​ដោយ​គ្មាន​ជាតិ​គីមី​»។

ភ្ញៀវ​អាច​ជិះ​កង់​ក្នុង​ភូមិ​ ម៉ានេ ហរិហរាល័យ​ គយ​គន់​វាល​ស្រែ​ប្រកប​ដោយ​ផាសុកភាព​​​។ហុង មិនា

ជាមួយ​បទពិសោធ​បើក​សេវាកម្ម​បដិសណ្ឋារកិច្ច​ជា​ច្រើន​សាខា​នេះ អ្នក​ស្រី បាន​ស្រាយ​ចម្ងល់​ដែល​រីសត​ដ៏​ប្រណីត​នេះ​ មាន​តែ​បុគ្គលិក​ក្នុង​ស្រុក​ទាំង​អស់​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ កើត​លើ​ទឹក​ដី​ខ្មែរ​។ ខ្ញុំ​រីករាយ​ដែល​បាន​បង្កើត​មុខ​ជំនួញ​ដែល​បាន​ផ្ដល់​ការងារ​ឲ្យ​កូន​​ខ្មែរ និង​ជួយ​សម្រួល​ជីវភាព​របស់​ពួក​គេ​។ យើង​មាន​ក្រុម​ការងារ​មាន​បទពិសោធ​ និង​សមត្ថភាព​អាច​ដឹកនាំ​ និង​បន្ដ​បណ្ដុះបណ្ដាល​ដល់​ប្អូនៗ​ជំនាន់​ក្រោយ»។

អ្នកស្រី​លើក​ឡើង​ថា​៖ «ប្អូនៗ​ខ្លះ បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​បាក់​ឌុប និង​​ពូកែ​ភាសា​អង់គ្លេស​ តែ​គាត់​អត់​មាន​លទ្ធភាព​រៀន​បន្ដ​។ អ៊ីចឹង គាត់​អាច​ធ្វើ​​ការ​បណ្ដើរ និង​រៀន​បណ្ដើរ​ដើម្បី​អាច​បង់​ថ្លៃ​សាលា។ ប្រសិន​ជា​គាត់​បំពេញ​ការងារ​បាន​ល្អ​ គាត់​អាច​ឡើង​តំណែង​ដល់​កម្រិត​ថ្នាក់​គ្រប់គ្រង​​។ ​ចំពោះ​ជំនាញ​បដិសណ្ឋារកិច្ច​នេះ ពួក​គាត់​រៀន​តៗ​ពី​គ្នា​ដោយ​ចាប់​ផ្ដើម​ពី​ថ្នាក់​ក្រោម​រៀន​ពី​ថ្នាក់​លើ​រហូត​ដល់​ពួក​គាត់​ឡើង​​កាន់​តែ​ខ្ពស់​។ ភាគ​ច្រើន ពួក​គាត់​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ដ​សៀមរាប​នេះ​តែ​ម្ដង​»។

អ្នកស្រី កី ម៉ានេ បាន​ប្រាប់​ថា ផ្ទះ​បុរាណ​ខ្មែរ តម្លៃ ២៧៧ ដុល្លារ​មួយ​យប់ អាច​ទទួល​ស្វាគមន៍​មនុស្ស​ធំ ២ នាក់ និង​ក្មេង​ៗ ២ នាក់​ ហើយ​នៅ​រដូវ​សម្បូរ​ភ្ញៀវ​ចាប់​ពី​ខែ​វិច្ឆិកា ធ្នូ មករា និងកុម្ភៈ តម្លៃ​នឹង​កើន​ដល់ ៣៧៧ ដុល្លារ​ រួមទាំង អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃ​ត្រង់​ រថយន្ដ​ទទួល​ទៅ​មក​ព្រលាន​យន្ដហោះ បេនឡាន​ក្រុង និង​សេវាកម្ម​ជូន​ដំណើរ​ពី​សណ្ឋាគារ​ទៅ​កាន់​ផ្សារ​ចាស់​ រួម​ទាំង​អាហារ​សម្រន់​ បង្អែម និង​នំ​ខ្មែរ​ផ្សេង​ៗ​ទៀត​។

រីសត​ហរិហរាល័យ មាន​ចម្ងាយ ២ គីឡូម៉ែត្រ​ពី​ប្រាសាទ​បាគង និង​ប្រមាណ ១៤ គីឡូម៉ែត្រ ពី​ប្រាសាទ​អង្គរវត្ដ ឬ ១០ គីឡូម៉ែត្រ​ពី​តំបន់​ផាប់ស្ទ្រីត​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សុំ​ចូល​ទៅកាន់​​ទំព័រ​ហ្វេសប៊ុក​​ @manehariharalaya ឬ ០៦៣ ២១១ ៧៧៧៕

វីដេអូ៖