ក្រុងបាងកកៈ ប្រទេស​​ ថៃ​ បាន​បើក​ដំណើរការ​ឡើងវិញ​នូវ​រូងភ្នំ​ថាំ​ហ្លួង ដែល​ក្មេង​ប្រុង ១២ នាក់ ​និង​គ្រូបង្វឹក​របស់​ពួកគេ​បាន​ជាប់​នៅក្នុង​នោះ​កាលពី​ឆ្នាំមុន ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​។

រូងភ្នំ​ថាំហ្លួង ត្រូវបាន​បិទ​មិន​ឲ្យ​ចូល​ទស្សនា​ចាប់តាំងពី​ក្រុមកីឡា​បាល់ទាត់​ជ្រូកព្រៃ​ត្រូវ​បាន​ជួយសង្គ្រោះ​បន្ទាប់ពី​ជាប់​នៅក្នុង​នោះ​អស់​រយៈពេល​ជិត ៣ សប្តាហ៍​។

ប៉ុន្តែ​រូងភ្នំ​ដែល​ល្បី​នៅ​ទូទាំង​ពិភពលោក​ស្ថិតនៅ​ខេត្ត​ឈៀងរៃ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​នេះ​ត្រូវ​បាន​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រហែល ២ ពាន់​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើ​យោង​តាម​មន្ត្រី​អភិរក្ស​ក្នុង​មូលដ្ឋាន​ម្នាក់​ដែល​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

លោក Kamolchai Kotcha នាយក​ការិយាល័យ​អភិរក្ស​ក្នុង​មូលដ្ឋាន​ដែល​គ្រប់គ្រង​រូងភ្នំ​នេះ​បាន​ថ្លែងថា​៖ «​យើង​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូល​មើល​មាត់​រូងភ្នំ​»​។

នៅពេល​បច្ចុប្បន្ន​ភ្ញៀវ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទៅ​ជ្រៅ​លើស​ពី​ច្រកចូល​ទេ ជា​ទី​ដែល​ពួកគេ​អាច​សម្លឹង​មើល​ទៅកាន់​មាត់ច្រក​រូងភ្នំ​ដែល​បើកចំហ​ឃើញ តែ​ក្រុមមន្ត្រី​បាន​និយាយ​ថា ពួកខ្លួន​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលទៅ​ទស្សនា​ជ្រៅ​ជាង​នេះ​នៅ​ខាងក្នុង បន្ទាប់ពី​ធ្វើការ​អង្កេត​សុវត្ថិភាព​ផ្លូវ​ចូល​រួច​។

លោក Kotcha បាន​ថ្លែងថា ឧបករណ៍​ជួយសង្គ្រោះ​មួយ​ចំនួន​ដែល​ត្រូវបាន​ទុកចោល​រួមទាំង​ខ្សែ​ទូរស័ព្ទ ទុយោ និង​ខ្សែរ៉ក អាច​ត្រូវ​បាន​តាំង​បង្ហាញ​នៅក្នុង​រូងភ្នំ​សម្រាប់​ភ្ញៀវ​ទស្សនា​សម្រាប់​ពេលអនាគត​។

រូបថត​ដែល​ថត​នៅ​ថ្ងៃ​បើក​ឲ្យ​ចូល​ទស្សនា​ដំបូង​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បានបង្ហាញ​ឲ្យ​ឃើញ​ភ្ញៀវទេសចរ​ជាច្រើន​នៅ​ផ្លូវ​ចូលទៅ​រូងភ្នំ ជា​ទី​ដែល​កង់ និង​កាបូប​សម្លៀកបំពាក់​របស់​កុមារ​ដែល​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​ដែល​ធ្វើ​ឲ្យ​នគរបាល​ក្នុង​ស្រុក​ជឿថា ពួកគេ​នៅ​ខាង​ក្នុង​រូងភ្នំ​៕ KC