ក្រុង​កែប៖ ស្ថិត​លើ​ទូក​ក្ដោង​ជាមួយ​​​អ្នក​ជំនាញ និង​មិត្ត​ភក្ដិ​ម្នាក់​ទៀត អ្នក​ទេសចរ នួន សុខសារីម កំពុង​ផ្ចង់​អារម្មណ៍​ស្ដាប់់​ការ​ណែនាំ​ពី​វិធី​បញ្ជា​ទូក​ក្ដោង​​ ដោយ​​ចលនា​ខ្សែ​ក្ដោង និង​ដៃ​ចង្កូត​​​​យ៉ាង​រស់រវើក ទៅ​តាម​ទិសដៅ​ខ្យល់​បក់​។

ក្រោយ​ពី​ភ្លក្ស​​បទពិសោធ​ជិះ​ទូក​ក្ដោង​លើក​ដំបូង​​ អ្នក​ទេសចរ​រូប​នេះ បាន​ពិពណ៌នា​អារម្មណ៍​របស់​លោក​ថា៖ «ជិះ​ទូក​ក្ដោង​​នៅ​សមុទ្រ​អ៊ីចឹង ពិត​ជា​សប្បាយ​ណាស់។ ខ្ញុំ​រំភើប​ផង​ ស្រៀវ​ខ្លួន​ផង ព្រោះ​អត់​ចេះ​ហែល​ទឹក ប៉ុន្តែ​ខ្ញុំ​ទុក​ចិត្ត​អ្នក​ជំនាញ និង​​ឧបករណ៍​សុវត្ថិភាព​​»។

ការ​ជិះ​ទូក​ក្ដោង​ដ៏​ពេញ​និយម​​នៅ​ប្រទេស​ជឿន​លឿន​ មិន​ត្រឹមតែ​ជា​សកម្មភាព​កីឡា​នោះ​ទេ។ យាន​​​អាស្រ័យ​​កម្លាំង​ខ្យល់​​​លើ​ទឹក​នេះ ត្រូវ​បាន​ប្រើប្រាស់​​សម្រាប់​ជិះ​លេង​កម្សាន្ត តម្រូវ​សម្រាប់​ភ្ញៀវ​ទេសចរ​និយម​ស្វែង​រក​ភាព​រំជើប​រំជួល និង​បណ្ដែត​អារម្មណ៍​លើ​សាគរ ដោយ​គ្មាន​សំឡេង​រំខាន​ពី​ម៉ាស៊ីន​នាវា។

លោក វីលឃីនសិន ណែនាំ​ភ្ញៀវ​ពី​វិធី​បញ្ជា​ទូក​ក្ដោង​។ហុង មិនា

នៅ​ឆ្នេរ​សមុទ្រ​កម្ពុជា អ្នក​ទេសចរ​អាច​​មក​កាន់​រីសត ថ្ងៃ​បាំង​ឆត្រ (Knai Bang Chatt) នៅ​ខេត្ត​កែប​ ដើម្បី​​ទទួល​បាន​ការ​កម្សាន្ត​​ជិះ​ទូក​ក្ដោង ក្រោម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បរទេស​ដ៏​រួសរាយ​លោក នែល វីលឃីនសិន (Neil Wilkinson)។

ជាមួយ​បទពិសោធ​បញ្ជា​ទូក​ក្ដោង​ ១៧ ឆ្នាំ អ្នក​ជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន Discovery Centre គឺ​ជា​កន្លែង​ជិះ​ទូក​ក្ដោង​​តែ​ ១ គត់​នៅ​កែប និង​ប្រចាំ​ប្រទេស ​កម្ពុជា។

លោក វីលឃីនសិន បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ចាប់​ផ្ដើម​​ទូក​ក្ដោង​នេះ​ នៅ​​ពេល​ដែល​ខ្ញុំ​​បាន​មក​កំពត​ជាង ៥ ឆ្នាំ ​ហើយ​មិន​ធ្លាប់​ឃើញ​ទូក​ក្ដោង ​១ ​គ្រឿង​សោះ​នៅ​សមុទ្រ​កម្ពុជា។ ដូច្នេះ​ទូក​ក្ដោង​របស់​យើង​​អាច​ថា​​​​ពិសេស និង​មាន​តែ ​១ គត់ លើ​ផ្ទៃ​សមុទ្រ​ស្ងប់ស្ងាត់​ល្ហល្ហេវ​»។

អ្នក​ជំនាញ​ដែល​​ធ្លាប់​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ពី​បារាំង ក្រិក តួកគី កេនយ៉ា និង​អូស្ត្រាលី តាមរយៈ​ជំនាញ​​ទូក​ក្ដោង​​របស់​លោក​ មុន​នឹង​មក​កាន់​ការងារ​ជា​អ្នក​គ្រប់គ្រង​នៅ​ Discovery Centre បាន​ឲ្យ​ដឹង​ថា លោក​ចូលចិត្ត​កម្ពុជា​ដោយសារ​តែ​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស នេះ​អំណោយ​​ផល​ដល់​អ្នក​ទើប​នឹង​រៀន​​បញ្ជា​ទូក​ក្ដោង និង​​នាវា​ផ្សេងៗ​ប្រកប​ដោយ​សុវត្ថិភាព​។

លោក​បាន​ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖ «ទីនេះ​ពិត​ជា​ល្អណាស់ ព្រោះ​​​​អត់​មាន​ចរន្ត​ទឹក​ខ្លាំង គ្មាន​ឆ្លាម គ្មាន​​ផ្ទាំង​ថ្ម ហើយ​ទឹក​ក៏​រាក់​ទៀត។ អ្នក​មក​ជិះ​ទូក​ក្ដោង​​មាន​​ភាព​ជឿជាក់​ក្នុង​ការ​រៀន ព្រោះ​ខ្ញុំ​គិត​ថា ​ពួក​គេ​អត់​បារម្ភ​រឿង​ទឹក​ជ្រៅ។ សូម្បី​តែ​នៅ​រដូវ​វស្សា​​មាន​ខ្យល់​​ខ្លាំង ក៏​វា​​អំណោយ​ផល​ដល់​ការ​ជិះ​ទូក​ក្ដោង​ដែរ»។

ភ្ញៀវ​អាច​ជ្រើសរើស​ការ​ជិះ​ទូក​ក្ដោង​​​ជា​មួយ​គ្រូ​ជំនាញ ឬ​ក៏​ការ​​បញ្ជា​ទូក​ដោយ​ខ្លួន​ឯង ប្រសិន​បើ​ពួក​គេ​ចេះ​គ្រប់គ្រង​វា​​ស្រាប់ ក្រោយ​ពី​ធ្វើ​តេស្ត ៥ នាទី​​លើ​​​ទឹក​។

អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​ជិះ​ទូក​ក្ដោង Discovery Centre លោក វីលឃីនសិន បាន​បន្ត​ថា៖ «យើង​ប្រើ​ទូក​ប្រភេទ Hobie Cat ក្នុង​ការ​បង្រៀន​ ព្រោះ​វា​ងាយ​ស្រួល​បត់បែន​ស្ទើរ​តែ ៣៦០ ​ដឺក្រេ។ ទូក​នេះ​ត្រូវ​បាន​ផលិត​ដូច​យន្តហោះ​ដែរ​។ យើង​មាន​ទូក​​ប្រភេទ​នេះ ​២ បែប​ គឺ​អា​​តូច​សម្រាប់​ជិះ ២ នាក់ ឬ ​៤ នាក់ ​ប្រសិន​បើ​មាន​ខ្យល់​ខ្លាំង ​និង​អា​ធំ​អាច​ផ្ទុក​បាន ​៤ នាក់»។

លោក នែល វីលឃីនសិន អ្នកគ្រប់គ្រងមជ្ឈមណ្ឌលជិះទូកក្ដោង Discovery Centre។ហុង មិនា

លោក​បាន​រៀប​រាប់​ទៀត​ថា៖ «យើង​ក៏​មាន​ទូក​ប្រភេទ Optimist sailing ជា​ស្ដង់ដា​ស័ក្ដិសម​សម្រាប់​កុមារ​រៀន​​បញ្ជា​ទូក​ក្ដោង ដោយ​ផ្ដើម​ពី​បច្ចេកទេស​ងាយៗ ដែល​ពួក​គេ​​អាច​យក​ទៅ​ប្រើប្រាស់​​លើ​ទូកក្ដោង​ប្រភេទ​​ផ្សេង​ទៀត​បាន។ យើង​ក៏​មាន​ទូក​កាយៈ និង​ក្ដារ​​ចែវ​ច្រវា ហើយ​បើ​​មាន​ខ្យល់​​ទៀត វា​រឹត​តែ​ប្រសើរ​ក្នុង​ការ​ជិះ​ទូក​ក្ដោង»។

អំឡុង​ចុង និង​ដើម​ឆ្នាំ លោក​សម្គាល់​ឃើញ​ថា៖ «វេលា​នេះ យើង​មាន​​ខ្យល់​គ្រប់គ្រាន់​ល្អ​​ណាស់ ហើយ​យើង​តែង​តែ​តាមដាន​​​ព្យាករ​អាកាសធាតុ​លើ​អ៊ីនធឺណិត​ ព្រោះ​ការ​ស្វែងយល់​ពី​ខ្យល់ ​គឺ​ជា​ធាតុ​សំខាន់​បំផុត​ក្នុង​ការ​រៀន​ជិះ​ទូកក្ដោង។ បើ​គ្មាន​ខ្យល់​ទេ​ វា​ដូច​ជា​ការ​ជិះ​ឡាន​អត់​សាំង​អ៊ីចឹង»។

ក្រៅ​ពី​ការ​ផ្ដល់​បទពិសោធ​កម្សាន្ត ខណៈ​កម្ពុជា​ក៏​មាន​សហព័ន្ធ​កីឡា​ទូក​ក្ដោង​ផង​ដែរ​នោះ Discovery Centre ក៏​បាន​ជួយ​​​បណ្ដុះបណ្ដាល​​ធនធាន​កីឡាករ​កម្ពុជា ដែល​អាច​​នឹង​តំណាង​មុខ​មាត់​ប្រទេស​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​

លោក នែល វីលឃីនសិន បាន​​និយាយ​ថា៖ «ខ្ញុំ​​បាន​នាំ​​​ចំណេះ​ដឹង​ជា​ច្រើន​ឆ្នាំ​របស់​ខ្ញុំ​មក​កាន់​ទី​នេះ ដើម្បី​ណែនាំ​ និង​បង្រៀន​​អ្នក​ដែល​នឹង​ក្លាយ​ជា​កីឡាករ​កម្ពុជា​ផ្នែក​ទូក​ក្ដោង​នេះ»។

គម្រោង​យូរ​អង្វែង​សម្រាប់​ក្លិប​ទូក​ក្ដោង​ គឺ​ការ​ណែនាំ​កីឡា​​លើ​ទឹក​មួយ​នេះ​ដល់​យុវជន​កម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​ដុស​ខាត់​ទេពកោសល្យ​​​​ក្លាយ​ជា​​អ្នក​ជំនាញ​អាជីព​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នានា។

អគ្គនាយក​រីសត​ថ្ងៃ​បាំង​ឆត្រ លោក ជេហ្វ មូនស៍ (Jef Moons) បាន​ឲ្យ​ដឹង​ថា៖ «ក្លិប​ទូក​ក្ដោង​យើង​ក៏​មាន​រៀបចំ​ការ​​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​នេះ ក៏​ដូចជា​ជួយ​​​​ផ្សារ​ភ្ជាប់​ប្រជាជន​កម្ពុជា​​ទៅ​​នឹង​បទពិសោធ​​ដ៏​ស្រស់​បំព្រង​នៃ​ឆ្នេរ​សមុទ្រ​​ដ៏​ស្អាត​របស់​កម្ពុជា​​​ផង​ដែរ»។

សកម្មភាព​​​រៀបចំ​ទូកក្ដោងចុះទឹក ដើម្បីឲ្យភ្ញៀវ​ជិះលេង​កម្សាន្ត​​​ អាស្រ័យ​លើ​​ថាមពល​​កម្លាំង​ខ្យល់សុទ្ធសាធ។ ហុង មិនា

វិល​មក​កាន់​ឆ្នេរ​ខ្សាច់​នៃ​រីសតវិញ​ប្រកប​ដោយ​សុវត្ថិភាព ក្រោយ​ពី​បញ្ចប់​​ការ​ជិះ ទូក​ក្ដោង​​​ទាំង​ក្ដី​រំភើប អ្នក​ទេសចរ នួន​ សុខសារីម ​បាន​បង្ហាញ​​ទឹក​មុខ​​ញញឹម​ញញែម​ ខណៈ​អ្នក​ជំនាញ​​បាន​សរសើរ​​លើក​ទឹក​ចិត្ត​​លោក​ថា​​ មាន​ទេពកោសល្យ​ ហើយ​រៀន​ឆាប់​ចេះ​​ពី​ការ​​បញ្ជា​ទូក​ក្ដោង​លើ​សមុទ្រ។

លោក​ សារីម បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ការ​ជិះ​ទូក​ក្ដោង​ពិត​ជា​សប្បាយ និង​រំភើប​​ ហើយ​ឆ្នេរ​កែប​យើង​ក៏​ស្អាត​ដែរ។ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​​ត្រឡប់​មក​ទី​នេះ​វិញ ​ដើម្បី​អនុវត្ត​ការ​ជិះ​ទូក​​ក្ដោង​នេះ​បន្ត​ទៀត»។

នៅ Discovery Centre ការ​ជិះទូក​ក្ដោង​​មាន​ចាប់​ពី​ម៉ោង ៨ ព្រឹក រហូត​ដល់ ៥ ល្ងាច​ជា​រៀង​រាល់​ថ្ងៃ។ តម្លៃ​នៃ​ការ​ជិះ​អាស្រ័យ​តាម​ប្រភេទ​ទូក​គឺ៖ Optimist/Dinghy (មាន​ចំនួន ១១ គ្រឿង) តម្លៃ ២០ ដុល្លារ​ក្នុង ១ ម៉ោង ប្រភេទ​ Wave 13-foot catamaran តម្លៃ ៣០ ដុល្លារ ​ក្នុង ១ ម៉ោង ប្រភេទ T2 16-foot Hobie Cat តម្លៃ ៥០ ដុល្លារ ក្នុង ​១ ម៉ោង ប្រភេទ Wind surfing (Star board with 5.5-meter sail) តម្លៃ ២០ ដុល្លារ ​ក្នុង ១ ម៉ោង។

ព័ត៌​មាន​បន្ថែម​​មាន​នៅ​ទំព័រ​ហ្វេសប៊ុក @discoverycentrekep ឬ​ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៧៨ ៣៣៣ ៦៨៥៕

វីដេអូ៖