បាត់ដំបង៖ ចម្ងាយ​តែ ៣០០ ​​​ម៉ែត្រ​ ស្ថិត​នៅ​ពី​ក្រោយ​ភូមិ​គ្រឹះ​តារា​ភាពយន្ត​ហូលីវូដ​ អេនជេលីណា ជោលី ​ជា​ទីតាំង​​អង្គការ​មូលនិធិ​ម៉ាដក្ស ​ជោលីភីត ដែល​​មាន​បេសកកម្ម​​អភិរក្ស​ព្រៃឈើ សត្វ​ព្រៃ និង​គាំទ្រ​សហគមន៍​ជនបទ​នៅ​កម្ពុជា ទឹក​ធ្លាក់​សំឡូត​ចាស់ អន្ទង​ចិត្ដ​ទេសចរ​​ទាំង​ក្នុង​ស្រុក​ និង​​បរទេស​ជិត​ឆ្ងាយ​មក​ងូត​​ទឹក និង​ហក់​លោត​លើ​អាង​រំលេច​ផ្ទៃ​ទឹក​បៃតង​ស្រស់​ក្នុង​បរិយាកាស​ធម្មជាតិ​​។

ទឹក​ធ្លាក់​សំឡូត​ចាស់ ឬ​អ្នក​ខ្លះ​ហៅ​ថា ទឹក​ធ្លាក់​ អេនជេលីណា ជោលី ស្ថិត​ក្នុង​ព្រៃ​ស្រោង​ស្រោប​​ជុំ​ជិត​នៃ​ភូមិ​​កន្ទួត​​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង រំលេច​នូវ​អាង​ទឹក​ធម្មជាតិ​ដ៏​ថ្លា​ឈ្វេង​បំពេញ​ដោយ​មុខ​ទឹក​ហូរ​ធ្លាក់ ​២ តូច​ៗ​ និង​ថ្ម​លយ​ដែល​អំណោយ​​ផល​ដល់​ការ​ហក់​លោត​ និង​ហែល​លេង​ពី​សំណាក់​យុវវ័យ ចាស់ៗ និង​ភ្ញៀវ​បរទេស​ផង​ដែរ​។

ភាព​ស្រស់​បំព្រង​នៃ​ទឹក​ធ្លាក់​បង្កប់​ខ្លួន​​ក្នុង​ព្រៃ​ឈើ​ចោល​ម្លប់​ត្រឈឹង​ត្រឈៃ​ ​​មួយ​ផ្នែក​ជា​គុណ​សម្បត្ដិ​របស់​មូលនិធិ​ម៉ាដក្ស​ជោលីភីត (MJP) ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៣ ដោយ​តារា​ភាពយន្ដ​ អេនជេលីណា ជោលី បំណង​អភិរក្ស ព្រៃឈើ សត្វ​ព្រៃ​ធម្មជាតិ​​ និង​អភិវឌ្ឍ​សហគមន៍​ក្នុង​​តំបន់​ការពារ​សំឡូត​ ខេត្ដ​បាត់ដំបង​ ដែល​ជា​មាតុភូមិ កំណើត​​កូន​ប្រុស​ច្បង​របស់​ខ្លួន​។

ទិដ្ឋភាព​តំបន់ទឹកធ្លាក់​សំឡូត​ចាស់ ដែល​ហ៊ុមព័ទ្ធ​ដោយរុក្ខជាតិ​បៃតង​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រោយ​ពី​សម្រាក​មួយ​ភ្លែត​ មុន​ពេល​ឡើង​ជណ្ដើរ​ច្នៃ​ពី​ខ្មែង​ឫស្សី​ទៅ​កាន់​ពយ​ខ្ពស់​នៃ​ទឹក​ធ្លាក់​ លោក គា សុវណ្ណ ដែល​នាំ​ភ្ញៀវ​បរទេស ៥ នាក់​ ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ដ​របស់​អង្គការ​មួយ​ បាន​និយាយ​ថា​៖ «​ភាព​ទាក់ទាញ​ដំបូង​របស់​ទឹក​ធ្លាក់​សំឡូត​ចាស់​នេះ ​គឺ​សម្រស់​ធម្មជាតិ​ ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​ឈើ​តូច​ធំ​ផ្ដល់​ម្លប់​សម្រាប់​​ការ​សម្រាក​លម្ហែ​ត្រជាក់​ស្រួល​ខ្លួន​​ ព្រម​ទាំង​ងូត​ទឹក និង​លោត​ទឹក​លេង។ មួយ​វិញ​ទៀត ភ្ញៀវ​ខ្លះ​​ក៏​ចង់​អើត​ឈ្ងោក​មើល​ទិដ្ឋភាព​នៃ​ភូមិ​​គ្រឹះ​របស់​តារា​ហូលីវូដ​ផង​ដែរ​​»។

លោក សុវណ្ណ ដែល​ជួយ​ប្រាប់​អំពី​របៀប​នៃ​ការ​ហក់​លោត​ទឹក​ដល់​មិត្ដភក្ដិ​បរទេស​ បាន​បន្ដ​ថា​៖ «​ពួក​គាត់​ឆ្លៀត​ពេល​ពី​ការងារ​នៅ​ខេត្ដ​ក៏​នាំ​គ្នា​មក​សម្រាក​ ចាប់​មេ​អំបៅ និង​ងូត​ទឹក​លេង​នៅ​ទី​នេះ​។ ផ្លូវ​មក​កាន់​ទឹក​ធ្លាក់ ដែល​កាត់​ក្រោយ​ផ្ទះ​ ជោលី យើង​អាច​​មើល​ឃើញ​ផ្ទះ​ ២-៣ ខ្នង ​ក្នុង​បរិវេណ​ដី​ដែល​ស្រោប​ព្រៃ​ជុំ​ជិត​នេះ​»។

ឫសឈើ​ដុះ​ដាក់​ត្របាញ់​អែបទឹកធ្លាក់ ជាទី​ដែល​ភ្ញៀវ​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់​។ហុង មិនា

ដើម​ឈើ​ធំៗ រុក្ខជាតិ​តូច​ៗ​ វល្លិ ឫស​ឈើ​ចាក់​ត្របាញ់​អែប​ទឹក​ធ្លាក់​ចង្អូរ​តូច​កម្ពស់​ប្រមាណ​ជាង ២ ​ម៉ែត្រ​​ ​ហាក់​បី​ដូចជា​ឫស​ដុះ​តួ​ប្រាង​ប្រាសាទ​ ស័ក្ដិសម​ជា​ទីឋាន​ផ្ទៃ​ក្រោយ​សម្រាប់​អ្នក​និយម​ផ្ដិត​រូបភាព​សែលហ្វ៊ី​បង្ហោះ​បង្អួត​មិត្ដ​ភក្ដិ​ក្នុង​បណ្ដាញ​សង្គម​។

ជា​អ្នក​យាម​​អង្គការ​មូលនិធិ​ម៉ាដក្ស​ជោលីភីត ស្ថិត​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​អក្សរ «T» ដែល​នៅ​រដូវ​ប្រមូល​ផល​ផ្លែ​ឈើ​ ភ្ញៀវ​មិន​ភ្លេច​ឈប់​រថយន្ដ​ចូល​ទិញ​ផលានុផល​អ្នក​ស្រុក​សំឡូត ដូច​ជា មង្ឃុត សាវម៉ាវ និង​ទុរេន លោក ធឿន ដែល​សុំ​មិន​ប្រាប់​ត្រកូល បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ លោក​មើល​ឃើញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ចន្លោះ​ពី ១០ ម៉ូតូ និង ២-៣ រថយន្ដ ​ចូល​ទៅ​កាន់​​ទីធ្លាក់​ ខណៈ​ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ទាន​ធំៗ​ ភ្ញៀវ​មក​លេង​ភ្លូក​ទឹក​ភ្លូក​ដី​។

លោក ធឿន អាយុ ៥៦ ឆ្នាំ ដែល​ជា​​មន្ដ្រី​ប៉ូលិស​ទើប​ចូល​និវត្ដន៍ បាន​ប្រាប់​ថា​៖ «​មាន​សិស្ស​សាលា​ និង​ភ្ញៀវ​​ចាស់​ក្មេង​​​ពី​សំឡូត​នេះ បាត់ដំបង​ និង​ប៉ៃលិន​ មក​លេង​ជា​ហូរហែ​ឥត​ដាច់​។ ថ្ងៃ​បុណ្យ​វិញ មាន​មនុស្ស​ស្ទើរ​តែ​ពេញ​បរិវេណ​ទឹក​ធ្លាក់​»។

ទីតាំង​មូលនិធិ ម៉ាដក្ស ជោលីភីត នៅ​ក្បែរ​ទឹក​ធ្លាក់​សំឡូត​ចាស់​​​។ ហុង មិនា

ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ទឹក​ធ្លាក់​ ក៏​មាន​រណ្ដៅ​មួយ​ប៉ុន​មាត់​លូ និង​មាន​ជម្រៅ​ដ៏​ល្បី​រហូត​ដល់​អ្នក​ជ្រមុជ​ទឹក​អះអាង​ថា ពួក​គេ​មិន​អាច​លឹប​ដល់​បាត​​រណ្ដៅ​។ លោក គា សុវណ្ណ ដែល​នាំ​​ភ្ញៀវ​បរទេស​ម្នាក់​ទៀត ជ្រមុជ​ទឹក​ចូល​រណ្ដៅ​ខាង​លើ​ឫស​ឈើ​ បាន​ប្រាប់​​ថា លោក​ និង​មិត្ដភក្ដិ​បរទេស​ព្យាយាម​​ជ្រមុជ​ចុះ​ជ្រៅ​នៅ​តែ​មិន​ដល់​បាត​។ លោក​ក៏​បាន​ណែនាំ​កុំ​ឲ្យ​អ្នក​អត់​ចេះ​ហែល​ទឹក​ចុះ​ក្នុង​រណ្ដៅ​នេះ ពី​ព្រោះ​ពួក​គេ​អាច​លង់​។

ចេញ​ដំណើរ​ពី​​ក្រុង​បាត់ដំបង​ឆ្ពោះ​ទៅ​កាន់​ទីរួម​ខេត្ដ​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​ ៥៧ ចម្ងាយ​ជិត ៥០ ​គីឡូម៉ែត្រ បត់​ឆ្វេង​តាម​ផ្លូវ​ទៅ​កាន់​ទីរួម​ស្រុក​សំឡូត​ថ្មី ១៥ គីឡូម៉ែត្រ​ រួច​បត់​ស្ដាំ​ និង​បន្ដ​ ដំណើរ​តាម​ផ្លូវ​លំ​ប្រមាណ ២០ គីឡូម៉ែត្រ​ទៀត​ ទើប​ប្រទះ​ឃើញ​ទីស្នាក់ការ​អង្គការ​មូលនិធិ​ម៉ាដក្ស​ជោលីភីត​ ជា​​​ទឹក​ធ្លាក់​សំឡូត​ចាស់​ស្ថិត​នៅ​ផង​ដែរ​៕

វីដេអូ៖