ក្រុង​បាត់ដំបង៖ បុរស​ចំណាស់​​ពាក់​អាវ​យឺត​ ខោ​ខ្លី​ អង្គុយ​​​កៅអី​​ជ័រ​ លើ​តុ​មាន​អាហារ​​សម្រន់​ ពង​ទា​កូន​ និង​ទឹក​ដូង ជុំ​សាច់​ញាតិ​ លោក ណាន់ សុផាន់ណារិទ្ធ ដែល​ហោះ​​ពី​ប្រទេស ​បារាំង ខំ​រំពៃ​មើល​​ទ័ព​ប្រចៀវ​ហើរ​ចេញ​រាប់​ពាន់​ម៉ឺន​ក្បាល​ពី​ល្អាង​ភ្នំ​សំពៅ​នា​ពេល​សុរិយា​ហៀប​អស្ដង្គត​។

បុរស​វ័យ ៥៦ ឆ្នាំ មក​លេង​មាតុភូមិ​កំណើត​ពី​ទីក្រុង​ប៉ារីស​រូប​នេះ​បាន​និយាយ​ថា​៖ «យើង​ទៅ​បាណន់​​ជិះ​ណូរី​មើល​ទេសភាព​ស្រុក​ស្រែ​ ហើយ​ពេល​នេះ យើង​​មក​អង្គុយ​មើល​ប្រចៀវ​ និង​ញ៉ាំ​ពង​ទា​​ជាមួយ​គ្នា​»។

លោក​ ដាំ ឆាង អតីត​​ប្រធាន​សហគមន៍​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ បាន​ឲ្យ​ដឹង​ថា​ ​កាល​ពី​​​​មុន​ នៅ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​ មាន​​ល្អាង​ភ្នំ​​បាណន់​​​ ១ ​ភ្នំ​សំពៅ​មាន​ ៣ ​និង​ភ្នំ​ក្រពើ​ ​២ ​​ដែល​ល្អាង​ទាំង​នោះ​ជា​កន្លែង​សត្វ​ប្រចៀវ​រស់​នៅ​កើត​កូន​ចៅ​ដ៏​រញៀវ។

ដោយ​​បារម្ភ​ពី​ការ​ចាក​ចេញ​នៃ​​ហ្វូង​ប្រចៀវ​ទាំង ​២ ល្អាង​​ចុង​ក្រោយ​ ដែល​ធ្វើ​ឲ្យ​បាត់​​ទាំង​ចំណូល​ពលរដ្ឋ ​លោក​​បាន​ចងក្រង​ជា​សហគមន៍​ល្អាង​​ប្រចៀវ​ភ្នំ​សំពៅ ដើម្បី​​អភិរក្ស​សត្វ​ប្រចៀវ​ ផ្ដល់​​សេវាកម្ម​ទេសចរណ៍​ និង​​ការ​បន្ត​​ប្រមូល​ផល​អាចម៍​ប្រចៀវ​។

ទ័ព​ប្រចៀវ​ហោះហើរ​លើ​អាកាស បង្កើត​បានជាទស្សនីយ​ភាព​ដែល​ភ្ញៀវ​ទន្ទឹង​រង់ចាំ​មើល​។ ហុង មិនា

លោក រឿត សាវន ជា​​​ប្រធាន​សហគមន៍​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ​ថ្មី​បាន​បន្ដ​ថា បច្ចុប្បន្ន មាន​តែ​ល្អាង​ភ្នំ​សំពៅ​ចំនួន​ ២ កន្លែង​ ​គឺ​មួយ​នៅ​ល្អាង​ខាង​កើត ​និង​មួយ​ទៀត​នៅ​ល្អាង​ខាង​លិច​​ ព្រម​ទាំង​ល្អាង​រំសាយ​សក់ ដែល​នៅ​មាន​សេសសល់​សត្វ​ប្រចៀវ​​រស់នៅ ក្រោយ​ពី​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ចាប់​ប្រចៀវ​ធ្វើ​ជា​ចំណី​ និង​រំខាន​ជម្រក​​ពួក​វា​ ដោយ​ការ​ដុត​ ឬ​គប់​ដុំ​ថ្ម​​។ ​

លោក​​និយាយ​ថា​៖ «​ដើម្បី​ជា​កិច្ច​ការពារ​ពេល​​ប្រចៀវ​ហើរ​ចេញ​ពី​ល្អាង​ទៅ​រក​ចំណី ក្រុម​ការងារ​យើង​តាម​ឃ្លាំមើល​ដល់​វាល​ស្រែ​​ពេល​ពួក​វា​ហើរ​ទាបៗ​ ក្រែង​លោ​​មាន​ក្មេង​​គប់​»។

លោក​ សាវន អាយុ ៣៩ ឆ្នាំ បាន​បញ្ជាក់​ថា​៖ «​ចំនួន​ប្រចៀវ​ក្នុង​ល្អាង​ទាំង ២ បាន​ថយ​ចុះ​ប្រមាណ ៧០ ភាគរយ ​ដែល​អាច​មក​ពី​កត្ដា​ ចំណាក​ស្រុក​ទៅ​រស់នៅ​​ល្អាង​ដទៃ និង​ការ​ដាក់​មង​ ពេល​ពួក​វា​ហើរ​ដល់​មាត់​បឹង​ទន្លេ​សាប​​ជាដើម​»។

ថ្ងៃ​បាក់​រសៀល​ តុ​ដែក​អ៊ីណុក​ កៅអី​ជ័រ​ក្រហម​ចាប់​ផ្ដើម​ត្រូវ​បាន​ដំឡើង​នៅ​អម​សង​ខាង​ដង​​ផ្លូវ​ស្ថិត​នៅ​ទិស​ខាង​កើត​​នៃ​ភ្នំ​សំពៅ​ក្បែរ​វត្ដ​ភ្នំ​សំពៅ​ ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​អង្គុយ​ទស្សនា​ហ្វូង​​ប្រចៀវ​ចេញ​ចរ​ស្វែង​រក​ចំណី​នា​ពេល​រាត្រី​។

ដៃ​ម្ខាង​កាន់​កាមេរ៉ា​ឌីជីថល​ ខណៈ​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ជក់​ចិត្ដ​ដែល​ហ្វូង​ប្រចៀវ​ហើរ​រេរាំ​ជា​ខ្សែ​វែង​អន្លាយ​រយៈពេល​ជា​ច្រើន​នាទី ទេសចរ​មក​ពី​សិង្ហបុរី កញ្ញា ជេន្នី តាន់ បាន​ប្រាប់​ថា៖ «​វា​ពិត​ជា​ស្រស់​ស្អាត ពេល​បាន​ឃើញ​ប្រចៀវ​ដ៏​​ច្រើន​សន្ធឹក​​ហើរ​ចេញ​ពី​ល្អាង​បែប​នេះ​»។

ភ្ញៀវទេសចរ​បរទេស​ទាញ​ទូរស័ព្ទ​ថត​ទិដ្ឋភាព​ហ្វូងប្រចៀវចេញពី​ល្អាង។ហុង មិនា

លោក បូ រ៉ា ជា​ប្រជាការពារ​នៅ​ជើង​ភ្នំ​សំពៅ​ប៉ែក​ខាង​កើត រយៈពេល ​៦ ឆ្នាំ បាន​សម្គាល់​ថា ​ថ្ងៃ​ចុង​សប្ដាហ៍​​ និង​ថ្ងៃ​បុណ្យ ​សម្បូរ​ភ្ញៀវ​ខ្លាំង ដល់​ថ្នាក់​រក​តែ​កន្លែង​ចត​រថយន្ត​ពុំ​បាន​ផង​។

ប្រជាការពារ​រូប​នេះ​បាន​ណែនាំ​​ថា​៖ «​បើ​ភ្ញៀវ​មិន​ចង់​មក​ទី​នេះ​អ៊ូអរ​ពេក ពួក​គេ​អាច​ទស្សនា​ពី​ចម្ងាយ​ឯ​វាល​ស្រែ​ខាង​កើត​​ភ្នំ​។ ពួក​គេ​អាច​មើល​ហ្វូង​ប្រចៀវ​ហើរ​ពេល​ថ្ងៃ​ជិត​លិច​ ស្អាត​ម្យ៉ាង​ដែរ​»​។ ​

លោក​ថា ​ជា​​ទូទៅ​ប្រចៀវ​ចាប់​​ផ្ដើម​ចេញ​ពី​រូង​ចន្លោះ​​ម៉ោង​ជិត​ ៦ ល្ងាច រហូត​ដល់​ម៉ោង ​៨ ឬ​ ៨ កន្លះ​យប់​។

ចំពោះ​សក្ដានុពល​​ល្អាង​ប្រចៀវ លោក អ៊ុច អ៊ុំភីនី ស្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្អាង​ប្រចៀវ​ភ្នំ​សំពៅ បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​​មួយ​សម្រាប់​ខេត្ដ​ល្បី​ក្រូច​ពោធិ៍សាត់​នេះ​។

លោក ហ្សារ៉ា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​រៀង​រាល់​ល្ងាច​ ពេល​ព្រះ​អាទិត្យ​កំពុង​រៀប​អស្ដង្គត ​ហ្វូង​​​ប្រចៀវ​រាប់​សែន​ក្បាល​បាន​នាំ​គ្នា​ហោះ​ប្រជ្រៀត​​ចេញ​ពី​ក្នុង​រូង​ក្នុង​សំឡេង​យ៉ាង​កង​រំពង​ដូចជា​ក្បួន​ទ័ព​ចេញ​ទៅ​​ច្បាំង។

សកម្មភាព​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​មក​ទស្សនា ​និង​ថត​យក​​រូបភាព​អនុវស្សាវរីយ៍​ដែល​ជា​មធ្យម​មាន​ចន្លោះ​ពី ២៥០ ទៅ​ ៣០០ នាក់ ​ក្នុង​មួយ​ថ្ងៃ​»។

​ផ្លូវ​ទៅ​កាន់​ច្រកល្អាងប្រចៀវ ដែល​មាន​​រៀបតុ​លក់អាហារ​សម្រន់។ ហុង មិនា

ប្រធាន​មន្ទីរ​រូប​នេះ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នាំ​គ្នា​ចូលរួម​អភិរក្ស ​ដោយ​​ឈប់​គប់​ទៅ​លើ​ហ្វូង​ប្រចៀវ​ពេល​កំពុង​ហោះហើរ​ចេញ​ពី​រូង ឬ​ល្អាង​ភ្នំ​។

ក្រៅ​សក្ដានុពល​ទេសចរណ៍​ល្អាង​ប្រចៀវ​ក៏​ជា​ប្រភព​ធនធាន​ជី​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​ផង​ដែរ​។

លោក​ រឿត សាវន ​ប្រធាន​សហគមន៍​​ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​សហគមន៍​ប្រមូល​ផល​ជី​អាចម៍​ប្រចៀវ​ក្នុង​ល្អាង​ភ្នំ​ទាំង ​២ ចន្លោះ​ពី ៧០ ទៅ ៨០ ការុង​​​ក្នុង​រយៈពេល​កន្លះ​​ខែ​ម្ដង​​ ដោយ​​​លក់​ឲ្យ​ប្រជាកសិករ​ក្នុង​ស្រុក ​១ ការុង ​​តម្លៃ ២៥ ០០០ រៀល។

ល្អាង​ប្រចៀវ​រយៈ​កម្ពស់​ប្រមាណ ៥០ ម៉ែត្រ ​​ស្ថិត​នៅ​ភាគ​​ឦសាន ឬ​ខាង​កើត​​ភ្នំ​សំពៅ​ ចម្ងាយ​ជាង​ ១៣ គីឡូ​ម៉ែត្រ​ពី​ក្រុង​បាត់ដំបង​ ដោយ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៧ និង​បត់​ឆ្វេង​ចូល​​​​តាម​វត្ដ​ភ្នំសំពៅ​៕

វីដេអូ៖