The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វត្ដ​ព្រះធាតុ ទីសក្ការៈ​អាច​គន់​មើល​ក្រុង​ឈៀងម៉ៃ​មិនគួរ​រំលង




វត្ដ​ព្រះធាតុ ទីសក្ការៈ​អាច​គន់​មើល​ក្រុង​ឈៀងម៉ៃ​មិនគួរ​រំលង

Content image - Phnom Penh Post
ចេតិយ​ដែល​ភ្ញៀវ​មកអុជធូប និង​ដើរ​ជុំវិញ​បីដង​សុំពរ។ ហុង រស្មី

វត្ដ​ព្រះធាតុ ទីសក្ការៈ​អាច​គន់​មើល​ក្រុង​ឈៀងម៉ៃ​មិនគួរ​រំលង

ក្រុងឈៀងម៉ៃ: អារាម​ហីនយាន វត្ដ​ប្រាថាត ដូយស៊ូថេប (វត្ត​ព្រះ​ធាតុ) ជាទី​ឋាន​សក្ការៈ​តម្កល់​ព្រះ​សារីរិកធាតុ​ព្រះពុទ្ធ​ជាម្ចាស់ ស្ថិត​លើ​កំពូលភ្នំ​ដែល​ភ្ញៀវទេសចរ ខកខាន​ឱកាស​ទស្សនា​ទិដ្ឋភាព​ក្រុង​ឈៀងម៉ៃ​មិន​បាន។

ប្រវត្ដិ​ទីអារាម​ដែល​មាន​ចេតិយ​ធំ​ពណ៌មាស​ផ្ទុក​ព្រះ​សារីរិកធាតុ​នៅតែ​មានភាព​ស្រពេច​ស្រពិល ខណៈ​រឿងព្រេង​តំណាល​ទីឋាន​សក្ការៈ​មាន​លក្ខណៈ​ខុសប្លែកៗ​គ្នា។ អារាម​នេះ​ត្រូវបាន​គេ​ជឿថា​បាន​កសាង​ក្នុង​ឆ្នាំ ១៣៨៣ ពេល​ចេតិយ​ដំបូង​ត្រូវបាន​សាងសង់។

រយៈពេល​ជាច្រើន​រយឆ្នាំ​កន្លង អារាម​នេះ​ត្រូវបាន​សង់​ពង្រីក​អម​ដោយការ​រចនា​តុបតែង​កាន់តែ​ទាក់ទាញ។ ចំណែកឯ​ផ្លូវ​ឆ្ពោះ​ទៅកាន់​កំពូល​ភ្នំ​ត្រូវបាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៣៥។

យោងតាម​ព្រេង​តំណាល បាន​ឲ្យដឹង​ថា ព្រះសង្ឃ​មួយអង្គ​ព្រះនាម ស៊ូម៉ាណាធេរ៉ា មកពី​រាជាណាចក្រ​សុខោទ័យ បាន​យល់​សុបិន​ឃើញ​មានគេ​ទូល​ព្រះសង្ឃ​និមន្ដ​ទៅ​ផាងឆា និង​ស្វែងរក​អដ្ឋិធាតុ​ដែល​ជឿថា​ជា​ព្រះសារីរិកធាតុ​ព្រះពុទ្ធ។ ពេល​ស្ដេច ឡានណា បានឮ​រឿងនេះ​ក៏និមន្ដ​ព្រះសង្ឃ​មកជួប​ទ្រង់។

ឆ្អឹង​នោះ​បាន​បែក​ជាពីរ​បំណែក ដោយ​បំណែក​តូច​ត្រូវបាន​យក​ទៅ​តម្កល់​នៅក្នុង​វត្ដ​សួន​ដុក ហើយ​មួយ​បំណែក​ទៀត​ត្រូវបាន​ព្រះមហាក្សត្រ​ដាក់​លើ​ខ្នង​ដំរី​សរួច​លែង​ឲ្យចូល​ព្រៃ។ ដំរី​នោះ​ត្រូវបាន​គេ​និយាយថា​បាន​ឡើងភ្នំ​ដូយស៊ូ​ថេប​នេះ​ដោយ​បញ្ចេញ​សំឡេង ៣ ដង​រួច​ក៏ងាប់​ទៅ។

ជាមួយ​នឹង​ទីឋាន​សក្ការៈ​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ជាពិសេស ពុទ្ធបរិស័ទ​មកពី​ជុំវិញ​ពិភពលោក​អុជធូប​ទៀន​ផ្កាភ្ញី និង​រៀបចំពិធី​សូត្រធម៌​ដើរ​ជុំវិញ​ព្រះ​សក្យមុនី​ចេតិយ​បីជុំ​ដើម្បី​សុំពរ​សព្វ​សាធុការ ភ្ញៀវទេសចរ​ក៏មិន​ភ្លេច​ទស្សនា​ការរៀបចំ​ដ៏ស្អាត​នៃ​ទី​អារាម និង​ទស្សនា​ទេសភាព​ក្រុង​ឈៀងម៉ៃ​ពីរាន​ហាល​នៃ​កំពូល​ភ្នំ​ដ៏ត្រជាក់​ភ្នែក​ផងដែរ។

ចំពោះ​ទីសក្ការៈ​គន់​ទីក្រុង​នេះ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ចេញ​ពីក្រុង​ឈៀង​ម៉ៃ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ រួចបន្ដ​ដើរ​ឡើងភ្នំ​តាម​ជណ្ដើរ ៣០៩ កាំឬ​តាម​ទូខ្សែ​រ៉ក​ឡើង​ចុះ​ដើម្បី​សម្រួល​បញ្ហា​នឿយហត់។

ពេល​ឡើងដល់​បរិវេណ​ទីអារាម ភ្ញៀវ​ទាំងអស់​ត្រូវ​ស្លៀកពាក់​សមរម្យ និង​ដោះ​ស្បែកជើង​ជាចាំបាច់។ ព្រះ​សក្យមុនីចេតិយ គឺជា​ទីសក្ការៈ​ដ៏ពិសិដ្ឋ​បំផុត​ចំពោះ​អារាម​លើ​ភ្នំនេះ។

ក្រៅ​ពីនោះ មាន​ចម្លាក់ កណ្ដឹង សារមន្ទីរ និង​អាស្រម​តូចៗ​ជាច្រើន​ទៀត។ មិន​ខុសពី​ព្រះសក្យមុនីចេតិយ លើ​កំពូល​ភ្នំ​ឧដុង្គ​គន់​ទេសភាព​ស្រុកស្រែ​នោះ​ទេ៕

Content image - Phnom Penh Post
ចម្លាក់កណ្ដឹង​ដែល​ភ្ញៀវ​អាច​គោះសុំ​សេចក្ដីសុខ​។ ហុង រស្មី

Content image - Phnom Penh Post
ភ្ញៀវទេសចរ​​គន់មើល​ទេសភាព​ក្រុង​ឈៀងម៉ៃ​ពីទីខ្ពស់​។ ហុង រស្មី

អត្ថបទគួរចាប់អារម្មណ៍