កំពង់ឆ្នាំង៖ គន់​មើល​ពី​ផ្លូវ​កៅស៊ូ​លេខ ១៣៦ ដែល​តភ្ជាប់​​ចំណុច​ជិត​ផ្សារ​ឧដុង្គ​​ឆ្ពោះ​ទៅ​អម​លាំង អ្នក​ដំណើរ​នឹង​បាន​ឃើញ​​ភ្នំ​មួយ​ដែល​មាន​ថ្ម​ធំ​មួយ​ដុំដុះ​​បន្ដុប​ឈរ​ត្រង់​​​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ ​នេះ​​ជា​ភ្នំ​វត្ដ​ព្រះធាតុ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ជំនឿ​បារមី​ស័ក្ដិសិទ្ធិ​​ហើយ​ក៏​ជា​កន្លែង​​​សម្រាក​លម្ហែ​ដែល​អន្ទង​ចិត្ដ​ទេសចរ​​មក​កម្សាន្ដ​ និង​ថតរូប​លើ​ភ្នំ​ ផ្ទាំង​ថ្ម​ធំ​ៗ​ផង​ដែរ​​។

ភ្នំ ​១​ អារាម ​២ បាន​រំលេច​នូវ​ទស្សនីយភាព​វត្ដ​នៅ​ក្បែរ​ជើង​ភ្នំ​ទាំង​សង​ខាង​រួម​នឹង​​សំណង់​​​សក្ការ​បូជា​អែប​ផ្ទាំង​ថ្ម​ធំៗ​លើ​កំពូល​ភ្នំ។ អារាម​ព្រះ​ធាតុ​ក្រោម​ និង​ព្រះ​ធាតុ​លើ​ សុទ្ធ​តែ​មាន​ភាព​​ទាក់ទាញ​អ្នក​បួងសួង និង​ភ្ញៀវ​ទេសចរ​ដូចៗ​គ្នា​។ ប៉ុន្ដែ​គោលដៅ​រួម​ គឺ​ភ្ញៀវ​ទេសចរ​នឹង​គយគន់​ទេសភាព​ពី​លើ​ខ្នង​ភ្នំ​ ក្រោម​ម្លប់​ថ្ម​យក្ស និង​ដើម​ស្វាយ​អាយុ​កាល​រាប់​រយ​ឆ្នាំ​។

អង្គុយ​បត់​ជើង​ថ្វាយ​បង្គំ​ ៣ ដង​ដៃ​កាន់​ធូប​ ៣ សរសៃ​ លើក​ប្រណម្យ​បួងសួង​ក្នុង​អាស្រម​សក្ការៈ​ដែល​សង់​លើ​ខឿន​គ្រឹះ​ប្រាសាទ​បុរាណ អ្នកស្រី ជឹម​រដ្ឋា​ អាយុ ៣៤ ឆ្នាំបាន​វិល​មក​កាន់​អារាម​ព្រះធាតុ​ជា​ច្រើន​លើក​ច្រើន​សា ​​​បំណង​​បួងសួង​សុំ​សេចក្ដីសុខ និង​​ប្រកប​របរ​រក​ទទួល​ទាន​ថ្កុំ​ថ្កើង​។

អ្នកស្រី​បាន​និយាយ​ក្រោយ​​​ឈាន​ជើង​ចេញ​ពី​ទីសក្ការៈ​បារមី​ជ័យ​រក្សា​ស្ថិត​នៅ​កំពូល​ភ្នំ​ព្រះធាតុ​ថា៖ «​​កាល​ពេល​ខ្ញុំ​នៅ​អត់​ [ជីវភាព​ខ្សត់​ខ្សោយ​] ខ្ញុំ​បាន​បែបន់​ថា ខ្ញុំ​មាន​លុយ​ទិញ​ម៉ូតូ​អាសង់ ០១៤ [Dream 2014] ជិះ។ ស្រាប់​ទៅ​វិញ​បាន​តែ ២-៣ ខែ​និយាយ​ត្រង់ ខ្ញុំ​ត្រូវ​កន្ទុយ​លេខ​​ និង​​មាន​លុយ​ទិញ​ម៉ូតូ​ជិះ​ប្រាកដ​​មែន​​»។

អ្នកស្រី​បន្ដ​ថា​៖ ​«​ក្រោយ​មក​ខ្ញុំ​មក​បែរបន់​ម្ដង​ទៀត​ដោយ​មាន​បំណង​រក​ស៊ី​មាន​បាន​ដូច​គេ​។ ឥឡូវ​ខ្ញុំ​មាន​មុខ​របរ​ មាន​ឡាន​ទំនើប​ជិះ​ដូច​គេ​ដូច​ឯង​អ៊ីចឹង​ទៅ​។ ដំបូង​ឡើយ​គ្រួសារ​ខ្ញុំ​ធ្វើ​ជា​មន្ដ្រី​ប៉ូលិស​បាន​ប្រាក់​ខែ​តែ ៣០ ម៉ឺន​​រហូត​ដល់​ជាង ១ លាន​រៀល​។ ចាយ​មិន​គ្រប់គ្រាន់​ទេ​»​។

នៅ​រដូវប្រាំង ទេសភាព​នៅ​រមណីយដ្ឋាន​សាសនា វត្ត​ព្រះធាតុ ប្រែជា​ពណ៌​មាសជាមួយ​ស្លឹកឈើ​ក្រៀម​ រីឯ​នៅ​រដូវ​វស្សា​ធម្មជាតិ​បៃតងស្រស់​​។ហុង មិនា

លោក សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ដ​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ​នៅ​លើ​កំពូល​ភ្នំ​​មាន​គ្រឹះ​ប្រាសាទ និង​ជា​ទីឋាន​សក្ការ​បូជា។ ប្រជាជន​​​ខ្មែរ​​តែងតែ​មាន​​​ជំនឿ​នៅ​​ទី​កន្លែង​ណា​មាន​វត្ថុ​គោរព​សក្ការ​បូជា។ ចំពោះ​គ្រឹះ​ប្រាសាទ​វត្ដ​ព្រះធាតុ​​នោះ​ពី​មុន​​មក​ ខ្មែរ​​គោរព​ព្រហ្មញ្ញ​សាសនា​ហើយ​ក្រោយ​មក ​​បាន​​ប្រែ​ក្លាយ​ទៅ​ជា​វត្ដ​តាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​វិញ។ អ៊ីចឹង​វត្ដ​ព្រះ​ធាតុ​នេះ​ជា​បណ្ដុំ​សាសនា ​២ គឺ​ព្រហ្មញ្ញ និង​ព្រះពុទ្ធ​សាសនា។

លោក សុខ ធួក បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ជំនឿ​ទីឋាន​ស័ក្ដិសិទ្ធិ​នេះ វា​ទាក់ទង​នឹង​ព្រហ្មញ្ញ​សាសនា​នេះ​ហើយ។ ទីណា​មាន​វត្ថុ​សក្ការ​បូជា​ ទីនោះ​​ជា​ទីឋាន​ស័ក្ដិសិទ្ធិ​ហើយ មិន​ថា​តែ​វត្ដ​ព្រះធាតុ ទីតាំង​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ជំនឿ​ព្រហ្មញ្ញ​សាសនា​ទីតាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទីឋាន​ស័ក្ដិសិទ្ធិ​ទាំង​អស់»​។

នៅ​ក្រោម​ម្លប់​ស្វាយ​ត្រឈឹង​ត្រឈៃ​ក្បែរ​បំណែក​ថ្ម​យក្ស​លោក​ ​តាម៉ុក​ ញ៉ាន បាន​ឆ្លៀត​ពេល​ទំនេរ​​ពី​ការងារ​ស្រែ​ចម្ការ​មក​សម្អាត​ទី​​អារាម​បាន​និយាយ​បន្ថែម​ពី​លើ​ជំនឿ​ដ៏​ស័ក្ដិសិទ្ធិ​​នៃ​វត្ដ​ព្រះ​ធាតុ​​ដោយ​សំដៅ​លើ​តថភាព​ជាក់​ស្ដែង​នៃ​បាតុភូត​ធម្មជាតិ​ ដែល​បន្សល់​ទុក​ត្រឹម​ថ្ម​យក្ស ​១ ​ដុំ​យ៉ាង​ឯកា​។

និយាយ​បណ្ដើរ​ធ្វើ​កាយ​វិការ​ចង្អុល​ប្រាប់​អំពី​តថភាព​ផ្ទាំង​ថ្ម​បណ្ដើរ លោកតា​ ញ៉ាន បាន​ឲ្យ​ដឹង​ថា៖ «​តាម​ពិត វា​មាន​ថ្ម​ធំ ២ ដុំ​ ដែល​ដោត​ជាប់​លើ​កំពូល​ភ្នំ​ព្រះ​ធាតុ​នេះ។ ប៉ុន្ដែ​មួយ​ដុំ​ខាង​លិច​បាន​ដួល​រលំ​ និង​បាក់​ជា ​២ ​កំណាត់​ធំ​ៗ​ ដែល​យើង​អាច​មើល​ឃើញ​នូវ​ស្នាម​រហែក​ស៊ី​គ្នា​បេះ​បិទ​»។

ស្ថិត​នៅ​ចន្លោះ​បំណែក​ថ្ម​ទាំង ២ ដុំ មាន​ដើម​ស្វាយ​ចំណាស់ ​១ ​ដើម ដែល​លោក​អះអាង​ថា វា​មាន​អាយុ​កាល​​រាប់​រយៈ​ឆ្នាំ​មក​ហើយ​ដែរ។

លោក​តា ម៉ុក ញ៉ាន​ អាយុ ៦៧ ឆ្នាំ ដែល​បាន​ឆ្លង​កាត់​ចៅ​អធិការ​វត្ដ​ចំនួន ៥ អង្គ​រួច​ទៅ​ហើយ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​​៖ «​តាំង​ពី​ខ្ញុំ​ដឹង​ក្ដី​មក ខ្ញុំ​ឃើញ​វា​នៅ​ទីនេះ និង​ធំ​ប៉ុណ្ណឹង​ទៅ​ហើយ​។ ខ្ញុំ​មិន​ដឹង​ថា វា​ដុះ​ ឬ​ត្រូវ​គេ​ដាំ​តាំង​ពី​ពេល​ណា​ឡើយ​។ ស្វាយ​បុរាណ​នៅ​លើ​ភ្នំ​​នេះ មាន​ ៣ ដើម​​»។

រមណីយដ្ឋាន​សាសនា​ វត្ត​ព្រះធាតុ​ក៏​ជា​ទី​លម្ហែកាយ​មានទេសភាព​ស្រស់ត្រកាល​។ ហុង មិនា

លោក សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ដ​កំពង់ឆ្នាំង​បាន​បន្ដ​ថា ប្រាសាទ​វត្ដ​ព្រះធាតុ​កសាង​ឡើង​តាំង​ពី​សតវត្សរ៍​ទី ៨ ឬ ៩ ហើយ​ចំពោះ​ភាព​អស្ចារ្យ​នៃ​ដុំ​ថ្ម​បន្ដុប​​លើ​កំពូល​ភ្នំ លោក​បាន​បកស្រាយ​​ថា វា​មិន​ពាក់ព័ន្ធ​នឹង​ប្រវត្ដិសាស្ដ្រ​អ្វី​នោះ​ទេ វា​គ្រាន់​តែ​ជា​បាតុភូត​ធម្មជាតិ​ប៉ុណ្ណោះ​។

លោក​លើក​ឡើង​ថា​៖​ «​វា​គ្រាន់​តែ​បាតុភូត​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​។ នៅ​ក្នុង​សៀវភៅ​សរសេរ​​អំពី​វត្ដ​ព្រះធាតុ​នេះ ក៏​មិន​បាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ថ្ម​មួយ​ដុំ​ធំ​ដោត​ជាប់​កំពូល​ភ្នំ​នោះ​ដែរ។ វា​ផ្ដោត​លើ​ការ​នាំ​យក​ជំនឿ​ព្រះពុទ្ធ​សាសនា​ចូល​មក​ និង​ការ​កសាង​អារាម​លើ​កំពូល​ភ្នំ»។

វត្ដ​ព្រះ​ធាតុលើ​ ​​ដែល​មាន​សំណង់​អារាម ​​និង​ទី​សក្ការៈ​នៅ​ផ្នែក​ខាង​លើ​នៃ​ភ្នំ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ​២០០៩ ដោយ​ផ្ដើម​ពី​ព្រះ​ចៅ​អធិការ​ ១ អង្គ ​គង់​នៅ​លើ​កំពូល​ភ្នំ​ ដែល​ទីតាំង​នោះ​ដំបូង​ព័ទ្ធ​ជុំវិញ​​ដោយ​​ព្រៃ​បន្លា​។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពង់ឆ្នាំង​ឲ្យ​ដឹង​ថា អារាម​ព្រះធាតុ​ទាំង ​២ ​ដើរ​តួនាទី​ជា​ទីឋាន​សក្ការៈ​បែប​សាសនា​ផង និង​ជា​រមណីយដ្ឋាន​សម្រាប់​ពុទ្ធបរិស័ទ និង​ភ្ញៀវ​ទេសចរ​គ្រប់​ប្រភេទ​ផង​ដែរ​។

លោក​បាន​និយាយ​ថា​៖ «​យើង​កំណត់​ជា​រមណីយដ្ឋាន​មួយ​ដែរ ដែល​ជា​រមណីយដ្ឋាន​បែប​សាសនា​។ ភ្ញៀវ​អាច​មក​ធ្វើ​បុណ្យ​ធ្វើ​ទាន​ផង និង​កម្សាន្ដ​សប្បាយ​​ផង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ចូល​ឆ្នាំ និង​បុណ្យ​ផ្សេងៗ​។ យើង​ដាក់​ជូន​ដោយ​ឥត​គិត​ថ្លៃ ដោយ​មិន​តម្រូវ​លក់​សំបុត្រ និង​ភាស៊ី​ម៉ូតូ​ឡាន​អ្វី​ឡើយ​»។

ចូល​តាម​ច្រក​ខាង​កើត​ភ្នំ នោះ​​​ជា​វត្ដ​ព្រះ​ធាតុ​ក្រោម ដែល​មាន​សំណង់​សាលា​ឆាន់​មួយ ​​ព្រះវិហារ​មួយ​ ​អាស្រម និង​ចម្លាក់​ព្រះពុទ្ធ​រូប​ ជាពិសេស ជណ្ដើរ​បេតុង​ពត់​ពេន​ឡើង​កំពូល​ភ្នំ​ ជា​អ្វី​ដែល​រំលេច​នូវ​ទិដ្ឋភាព​ស្រស់​ស្អាត​នៅ​ក្នុង​រូបថត​។

ភ្ញៀវទេសចរ​ភាគច្រើន​មក​កាន់​វត្តព្រះធាតុ សុទ្ធតែ​មានជំនឿលើ​បារមីស័ក្ដិសិទ្ធិ​។ហុង មិនា

វត្ដ​ព្រះធាតុ​ក្រោម​ក៏​ត្រូវ​បាន​ជឿ​ថា ជា​​​ទីឋាន​សក្ការ​បូជា​ដ៏​ស័ក្ដិសិទ្ធិ​ ដែល​អ្នក​មាន​ជំនឿ​មក​បែរបន់​ចំពោះ​បារមី​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័ក្ខ​ណ៍។ អារាម​នេះ​បាន​រក្សា​ទុក​នូវ​វត្ថុ​តាង​​កី​តម្បាញ​ដែល​អតីត​នារី​គ្រប់​ល័ក្ខណ៍​ធ្លាប់​បាន​ប្រើប្រាស់​ផង​ដែរ​។

លោក មាស សាវុន អាយុ ៥៥ ឆ្នាំ ជា​អាចារ្យ​ និង​ជា​អ្នក​ថែរក្សា​ទីឋាន​សក្ការៈ​នេះ​តាំង​ពី​មិន​ទាន់​កកើត​ជា​វត្ដ​​អារាម​ ​និយាយ​ថា​៖​ «​គិត​តាំង​ពី​ការ​កសាង​ អារាម​នេះ​មាន​អាយុ​ ៣២ ឆ្នាំ​ហើយ​។ មាន​ពលរដ្ឋ​មក​គ្រប់​ច្រក​ល្ហក​តាំង​ពី​បណ្ដា​ខេត្ដ​នានា ក៏​ដូចជា​ក្រុង​ភ្នំពេញ មក​បួងសួង​ទីកន្លែង​ស័ក្ដិសិទ្ធិ​នៃ​ព្រះ​​​ម៉ែ​ស្រី​គ្រប់​ល័ក្ខណ៍​នេះ​។ បងប្អូន​ប្រជាពលរដ្ឋ​មក​បែបន់​ និង​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​ពួក​គាត់​ ហើយ​ពួក​គាត់​មក​លា​មាត់​លា​ក​ក៏​បាន​កសាង​​វត្ដ​នេះ​ឡើង»​។

លោក​ សាវុន ​បាន​និយាយ​ និង​ចង្អុល​ទៅ​កន្លែង​រក្សា​ទុក​កម្ទេច​ឈើ​កី​តម្បាញ​នៅ​ក្បែរ​ព្រះ​ពុទ្ធបដិមា​ជា​ច្រើន​អង្គ​ថា​៖ «​មាន​ការ​និយាយ​តៗ​គ្នា​ថា ព្រះ​​ម៉ែ​ស្រី​គ្រប់​ល័ក្ខណ៍​ជា​នារី​គ្រប់​ល័ក្ខណ៍ ដែល​មក​លាក់​ខ្លួន​នៅ​ទី​នេះ ដោយ​ការ​ធ្វើ​តម្បាញ​តាំង​ពី​បរម​បុរាណ​។ គាត់​ជា​នារី​ស្អាត​​គ្រប់​ល័ក្ខណ៍ និង​ជា​នារី​បរិសុទ្ធ​»។

នា​រដូវ​វស្សា ទិដ្ឋភាព​ភ្នំ​ព្រះធាតុ​រំលេច​នូវ​រុក្ខជាតិ​បៃតង​ស្រស់​អម​ដោយ​ផ្ទាំង​ថ្ម​ភ្នំ​ធំៗ​ ដែល​ផ្ដល់​ម្លប់​ត្រឈឹង​ត្រឈៃ​ដល់​អ្នក​ដំណើរ​ជិត​ឆ្ងាយ​នូវ​ផាសុកភាព​។ ចំណែក​ឯ​រដូវ​ប្រាំង ភ្នំ​ព្រះ​ធាតុ​ ប្រែ​សម្រស់​មួយ​បែប​ទៀត​ទៅ​ជា​ពណ៌​មាស​ ខណៈ​ដើម​ឈើ​ធំ​ជម្រុះ​សន្លឹក​ទុំ និង​រុក្ខជាតិ​តូច​ៗ​ដែល​ក្រៀម​ស្វិត​ត្រូវបាន​ព្រះ​អគ្គី​លេប​ត្របាក់​ទៅ​តាម​ធម្មជាតិ​។

រមណីយដ្ឋាន​ភ្នំ​ព្រះ​ធាតុ ស្ថិត​ក្នុង​ភូមិ​ច្រកកូវ ឃុំ​ពាម ស្រុក​សាមគ្គីមាន​ជ័យ ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ខេត្ដ​កំពង់ស្ពឺ នៃ​ផ្លូវ​លេខ ១៣៦ បត់​ស្ដាំ​តាម​ទំនប់​បឹង​អន្លង់ជ្រៃ ឬ ៨២ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង​៕

វីដេអូ៖