ក្រុងប៉េកាំង៖ ពិធីបុណ្យទឹកកកប្រចាំឆ្នាំរបស់ចិននៅទីក្រុងហាប៊ីន បានចាប់ផ្ដើមជាមួយគូស្នេហ៍នាំគ្នារៀបអាពាហ៍ពិពាហ៍ក្រោមរចនាប័ទ្មព្រឹលទឹកកក ដោយក្រុមអ្នកហែលទឹកចិត្ដសឿងហ៊ានចុះងូតទឹកត្រជាក់ ព្រមទាំងវិមានទឹកកកចែងចាំងច្រូងច្រាងយ៉ាងស្រស់ស្អាត។
កាំជ្រួចផុសលើវេហាស៍បង្ហាញពីការបើកសម្ពោធពិធីបុណ្យពីរាត្រីថ្ងៃអាទិត្យ ខណៈទេសចរដើរទស្សនាវិមានទឹកកកឯទីក្រុងភាគឦសាន។
នាព្រឹកព្រលឹម កូនក្រមុំ ៤៣ នាក់ គ្រងឈុតស្បៃអាពាហ៍ពិពាហ៍ និងបន្ថែមអាវរងាឈរជាជួរជាមួយកូនកំលោះដើម្បីចូលរួមអាពាហ៍ពិពាហ៍ព្រឹល និងទឹកកក។
អ្នកក្លាហានចិត្ដសឿងប៉ុន្មាននាក់នាំគ្នាហក់ចុះទឹកដែលឆ្លាក់នៅទន្លេសុងហ៊ួ នៅថ្ងៃប្រារឰពិធីដែលមានសីតុណ្ហភាពក្រោម -៧ អង្សាសេ ទោះនៅពេលរសៀល។
ពិធីបុណ្យព្រឹល និងទឹកកកអន្ដរជាតិក្រុងហាប៊ីនឆ្នាំនេះ ក្នុងខេត្ដហៃឡុងជៀង ត្រូវប្រើទឹកកក ១៧ ម៉ឺនម៉ែត្រ គុប ដែលប្រមូលពីទន្លេសុងហ៊ួ ដោយកម្លាំងកម្មករជាង ១០០ នាក់។
ក្រុមកម្មករខិតខំបំពេញការងារជាច្រើនម៉ោងលើទឹកកករៀងរាល់ថ្ងៃរយៈពេលជាច្រើនសប្ដាហ៍មុនពេលពិធីបុណ្យចាប់ផ្ដើម ដោយត្រូវកាត់ច្រៀកទឹកកកជាច្រើនផ្ទាំងរៀងរាល់ ១២ ម៉ោងម្ដង។
ពិធីបុណ្យហាប៊ីន ដែលរំលេចនូវវិមានទឹកកកភ្លឺចញ្ចែងចញ្ចាច និងទស្សនីយភាពទឹកកកជាច្រើនទៀត បានទាក់ទាញទេសចររាប់លាននាក់រយៈពេលជាច្រើនឆ្នាំនេះដែលមកលេងទីក្រុងវិមានព្រឹល ហាប៊ីន។
ចិនបានខិតខំផ្សព្វផ្សាយទេសចរណ៍ព្រឹល និងទឹកកកនៅមុនកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ក្នុងទីក្រុងប៉េកាំង។
មហាវិថីមួយកំពុងត្រូវបានកសាងតភ្ជាប់វាងក្រុងប៉េកាំង ជាទីក្រុងស្ថិតនៅភាគខាងជើងខេត្ដហឺប៉ី ដែលនឹងរៀបចំព្រឹត្ដិការណ៍រដូវរងាផងដែរ ខណៈខ្សែរថភ្លើងល្បឿនលឿនមួយកំពុងតភ្ជាប់ទីក្រុងទាំង ២ ដែលបើកសម្ពោធកាលពីថ្ងៃទី ៣០ ខែធ្នូ។
ចិនរំពឹងថានឹងមានភ្ញៀវ ៣៤០ លាននាក់ មកលេងគោលដៅទេសចរណ៍ព្រឹល និងទឹកកកក្នុងរដូវរងាឆ្នាំ ២០២១-២០២២ កើនពី ២២៤ លាននាក់ ពីឆ្នាំ ២០១៨-២០១៩។ នេះបើយោងតាមស៊ីនហ៊ួ ចុះផ្សាយកាលពីថ្ងៃចន្ទ៕ AFP/HR