The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​




វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​

Content image - Phnom Penh Post

វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​

ក្រុងហាណូយ៖ គណកម្មការ​ប្រជាជន​ដីសណ្ដរ​ទន្លេ​មេគង្គ​នៃ​ខេត្ដ​ដុងថាប បាន​អនុម័ត​តំបន់​ទេសចរណ៍​សហគមន៍​ថ្មី​ចំនួន ១៤​។ ខេត្ដ​នេះ មាន​សហគមន៍​ទេសចរណ៍​ប្រមាណ ១០០​ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ទីក្រុង​កាវ​ឡាញ និង​សាដេក ក៏ដូចជា​​ស្រុក​ឡៃ​វុង តាំណុង និង​ថាប​មួយ​។

លោក ង៉ោ ក្វាង​ធូយេន អនុប្រធាន​នាយកដ្ឋាន​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ដ បាន​និយាយ​ថា​៖ «​ការ​ឯកភាព​របស់​ថ្នាក់​ខេត្ដ​នេះ មាន​បំណង​ប្រែ​ក្លាយ​ខេត្ដ​ដុង​ថាប ទៅ​ជា​ទីឋានទេសចរណ៍​ពេញ​និយម និង​ល្បី​ល្បាញ​សម្រាប់​ភ្ញៀវ​ និង​ថែមទាំង​ទីភ្នាក់ងារ​ទេសចរណ៍​»។

លោក ធូយេន បាន​ឱ្យ​ដឹងថា ទេសចរណ៍​សហគមន៍​បា​ននិង​កំពុង​តែ​មាន​ប្រជា​ប្រិយ​នៅ​តាម​ដី​សណ្ដរ​ទន្លេ​មេគង្គ​។ វា​បាន​ជួយ​ផ្សព្វ​ផ្សាយ​ពី​តម្លៃ​នៃ​កសិផល​កសិកម្ម​ បង្កើត​ការងារ​តាម​ទី​ជន​បទ និង​នាំ​ចូល​ចំណូល​ចីរភាព​ដល់​អ្នក​ស្រុក។

តែ ៥​ផ្ទះ​ប៉ុណ្ណោះ​នៅ​តំបន់​ទេសចរណ៍​ផ្កា​ឈូក​ថាបមួយ ក្នុង​ស្រុកថាបមួយ បាន​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ដំបូង​គេ​។ ប៉ុន្ដែ​បច្ចុប្បន្ន​ ពួកគេ​បាន​កើន​ឡើង​ដល់​រាប់​សិន​ផ្ទះ​។ ពួកគេ​ផ្ដល់​សេវាកម្ម​ខុស​ៗ​គ្នា​ ដូចជា​ការ​ជិះ​ទូក​គយ​គន់​ផ្កាឈូក ស្ទូច​ត្រី និង​រីករាយ​ជីវិត​បែប​ជនបទ​។

Content image - Phnom Penh Post

មុន​ពេល​ជួប​វិបត្ដិកូវីដ តំបន់​ទេសចរណ៍​ទាំង​នេះ​ទទួល​ភ្ញៀវ​មធ្យម​ ១ ​ម៉ឺន​នាក់​ក្នុង​មួយ​ខែ និង​ ១​ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ចំពោះ​ថ្ងៃ​បុណ្យ​ជាតិ​ និង​បុណ្យ​ចូលឆ្នាំ​តេត​។

ស្រុក​តាំណុង ជាទីដែល​ឧទ្យាន​ជាតិ​ត្រាម​ឈិន ស្ថិត​នៅ បាន​បង្កើត​សមាគមន៍​ទេសចរណ៍​មួយ​ដើម្បី​ស្ទួយ​ផលិតផល​វិសេស​ប្រចាំ​តំបន់​ ផលិត​ផល​ទេសចរណ៍ និង​គុណភាព​សេវាកម្ម​។

សមាគមន៍​បច្ចុប្បន្ន​មាន​សមាជិក​ ៣០ ​នាក់ ដែល​ផ្ដល់​សេវាកម្ម​ ដូចជា ចំណី​អាហារ និង​ភេសជ្ជៈ ផ្ទះស្នាក់ មគ្គុទេសក៍ និង​សកម្មភាព​ក្នុង​សហគមន៍។ តំបន់​ទេសចរណ៍​ក្នុង​ស្រុក​បាន​ស្វាគមន៍​ភ្ញៀវទាំង​ជាតិ និង​អន្ដរជាតិ​ប្រមាណ ១០​ម៉ឺន​នាក់​រៀង​រាល់ឆ្នាំ​។

Content image - Phnom Penh Post

លោក ធូយេន បាន​និយាយថា កសិកម្ម​ក៏​ផ្ដល់​ប្រយោជន៍​សម្រាប់​ស្រុក​ដុងថាប ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍ផង​ដែរ​។ វាមាន​ផលិតផល​ចម្រុះ​ ដូចជា ផ្កា ផ្លែឈើ និង​គ្រឿង​សមុទ្រ​។

បរិវេណ​ដំណាំ​សម្រាប់​ទេសចរណ៍​នីមួយៗ​ក្នុងខេត្ដ​ មាន​ផ្ទៃដី​ប្រមាណ ៥ ០០០ ​ម៉ែត្រក្រឡា រហូត​ដល់​ជាង​មួយ​ហិកតា ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ពី ៥០០ ទៅ​ ១​ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ ដែល​ភាគ​ច្រើន​នៅ​ចុង​សប្ដាហ៍​។

ទីតាំង​ដែល​ពេញ​និយម​ជាង​គេ​គឺ​សួន​ចម្ការ​ល្មើ​ក្នុង​ទីក្រុង​សាដេក ចម្ការ​ស្ដ្រូប៊ឺរី​តាន់​ធួន ក្នុង​ក្រុង​កាវ​ឡាញ និង​ចម្ការ​ទំពាំង​បាយជូរ​បាធួន ក្នុង​ស្រុក​ហុង​ងូ​ ជាតីដែល​ភ្ញៀវ​អាច​ភ្លក្ស​ផ្លែ​ឈើ​ស្រស់​ៗ​ និង​ថត​រូប​សែលហ្វី​។

Content image - Phnom Penh Post

វូ មិញធៀន ជា​នាយក​គ្រប់​គ្រង​ចម្ការ​ល្មើ​ បាន​និយាយ​ថា រដូវ​ប្រមូល​ផល​ល្មើ​គឺ​ចំបុណ្យ​ចូល​ឆ្នាំ​ក្នុង​ខែ​មេសា ដែល​បានទាក់ទាញ​ភ្ញៀវ​ពី ៣០០ ទៅ ៤០០​ នាក់​ក្នុង​មួយ​ថ្ងៃ។

គោលដៅទេសចរណ៍​ដែល​មាន​ភ្ញៀវ​មក​ច្រើន​បំផុត​ក្នុង​ស្រុក​ដុងថាប គឺ​ភូមិ​ផ្កា​សាដេក លើ​ផ្ទៃដី​ ៣១៣ ​ហិកតា​ ដែល​មាន​ផ្កា​ជាង ២​ពាន់​ប្រភេទ​ ដើម​ឈើ​លម្អ និង​ឈើ​តឿ​ពី​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​វៀតណាម​។

ពេលនេះ ភូមិ​ផ្កា​មាន​ផ្ទះ​ពលរដ្ឋ​ដែល​បម្រើ​សេវា​ទេសចរណ៍​ជា​ច្រើន​ រួមទាំង ផ្ទះស្នាក់ ដោយ​លោក ធូយេន បាន​និយាយថា​៖ «​ទេសចរណ៍​សហគមន៍ កំពុង​ជួយ​ប្រជាកសិករ​ស្រុក​ដុងថេប ឱ្យ​មាន​ចំណូល​ប្រសើរ​ឡើង​»។

ចំណូល​សរុប​ពី​តំបន់​ទេសចរណ៍​សហគមន៍​ចន្លោះ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០២០ មាន​ជាង ៤៣​ ពាន់​លាន​ដុង (១,៨ លាន​ដុល្លារ​)។ ទេសចរណ៍សហគមន៍​ក៏​បាន​ជួយ​ស្រុក​ដុង​ថាប ស្ថិត​ក្នុង​លំដាប់​ថ្នាក់លេខ ៣​ ដែល​មានភ្ញៀវ​ទេសចរច្រើន ក្នុង​​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ៕ VNS/HR

Content image - Phnom Penh Post
Content image - Phnom Penh Post
Content image - Phnom Penh Post

Content image - Phnom Penh Post
Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍