ក្រុងហាណូយ: អស់រយៈ​កាល​ជា​យូរ ទីក្រុង Hue ត្រូវ​បាន​ចាត់ទុក​ជា​ដែនដី​នៃ​សិល្បៈ វប្បធម៌ អក្សរសិល្ប៍ និង​កំណាព្យ នៅ​វៀតណាម ក៏​ដូចជា​ស្រុក​កំណើត​របស់​កវី​និពន្ធ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ប្រទេស​នេះ​ដែរ។

ក្នុង​ជំនួប​រវាង​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ និង​អ្នក​និពន្ធ ពួកគេ​ជឿថា ទីក្រុង Hue មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​វិស័យ​អក្សរសិល្ប៍ ជា​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។

ទីភ្នាក់ងារ​ទេសចរណ៍ បាន​ចាប់ផ្ដើម​ផ្ដល់​កញ្ចប់​ដំណើរ​កម្សាន្ត​ដោយ​ផ្សារ​ភ្ជាប់​ទៅ​តាម​ការ​រៀប​រាប់​ក្នុង​កំណាព្យ​និពន្ធ​ដោយ​កវី​មាន​ដើម​កំណើត​ក្នុង​ទីក្រុង Hue។

លោក ត្រាន ក្វាង​ហាវ ជា​នាយក​ទីភ្នាក់ងារ​ទេសចរណ៍ Huetourist បាន​ឲ្យដឹង​ថា៖ «ក្រុមហ៊ុន​របស់​យើង​បាន​រៀបចំ​កញ្ចប់​ដំណើរ​កម្សាន្ត ៥ ថ្ងៃ​ទៅ​កាន់​ផ្នូរ​រាជវង្ស រាជវាំង អារាម និង​ផ្ទះ​បុរាណ​មាន​សួនច្បារ អាង​ទឹក​ធម្មជាតិ ទៅ​តាម​អត្ថបទ​អក្សរសិល្ប៍​​ដែល​បកប្រែ​រួច»។

លោក​ ហាវ បាន​ឲ្យដឹង​ទៀត​ថា មគ្គុទេសក៍​ទេសចរណ៍​ដ៏​ជោគជ័យ​របស់​លោក អាច​សូត្រ​ឃ្លា​ដ៏​ពីរោះៗ​នៃ​កំណាព្យ​​ស្ដី​អំពី​ទីក្រុង Hue។

នាយក​ភ្នាក់ងារ​ទេសចរណ៍​រូបនេះ​បាន​លើក​ឡើង​ថា៖ «ភ្ញៀវ​ទេសចរ​យើង​ជក់​ចិត្ត​នឹង​ស្ដាប់​កំណាព្យ​​រៀបរាប់​ពី​ចម្លាក់​ថ្ម​នៅ​អារាម Huyen Khong Son Thuong ណាស់»។

លោក​បន្ត​ថា៖ «ដូច្នេះ​យើង​គិត​ថា ការ​ប្រើប្រាស់​អក្សរសិល្ប៍​ស្ដីពី​ទីក្រុង Hue ក្នុង​ការ​រៀប​ចំ​កញ្ចប់​ទេសចរណ៍ គឺជា​គំនិត​ដ៏​ប្រពៃ​មួយ ហើយ​យើង​ក៏​អាច​ច្នៃ​បង្កើត​ផលិតផល​ទេសចរណ៍​ដ៏ប្លែក​មួយ​ផងដែរ»។

ទីក្រុង Hue ក៏ជា​ស្រុក​កំណើត​របស់​អ្នក​និពន្ធ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា លោក ង្វៀង ឌូ (១៧៦៦-១៨២០) កវី កាវ បាក្វាត (១៨០៩-១៨៥៥) និង ផាន ប៊យចាវ (១៨៦៧-១៩៤០)។

អារាម​ដ៏ល្បីល្បាញ​​នៅ​ទីក្រុង Hue ប្រទេស​វៀតណាម​។ រូបថត AFP

ទន្ទឹម​នឹងនោះ ​កំណត់ត្រា​រាជវង្ស​​ស្ដេច​អង្គ​មុនៗ ក៏​មាន​​ទេពកោសល្យ​​ខាង​តែង​និពន្ធ​និង​អក្សសាស្ត្រ​ផង​ដែរ។

អ្នកនិពន្ធ​ ហូដាង ថាញ់ង៉ក់ បាន​គាំទ្រ​ថា៖ «ប្រសិន​បើ​យើង​​រៀបចំ​កញ្ចប់​ទេសចរណ៍​ផ្សារ​ភ្ជាប់​នឹង​ស្នាដៃ​អក្សរសិល្ប៍​ល្អៗ យើង​មិន​ត្រឹម​តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ផ្ដល់​នូវការ​ចងចាំ​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​យើង​ផង​ដែរ»។

ដោយឡែក​ អ្នកនិពន្ធ លោក ​ឡេ វូទ្រឿងយ៉ាង បាន​​កត់​សម្គាល់​ឃើញ​ថា វិស័យ​ទេសចរណ៍​អក្សរ​សិល្បៈ មាន​ភាព​ទាក់​ទាញ​គួរសម​ក្នុង​សកល​លោក ប៉ុន្តែ​មាន​តែ​មនុស្ស​មាន​ចំណូល​ចិត្ត​ពិត​ប្រាកដ​ទេ​ដែល​ចាប់​អារម្មណ៍​រឿង​នេះ។

លោកនិយាយ​ថា៖ «ទាល់តែ​អ្នក​ស្នេហា​អក្សរសិល្ប៍ និង​មាន​ចំណេះ​ដឹង​ពី​សាវតារ​វប្បធម៌​ស្រដៀង​គ្នា ទើប​គេ​ចាប់​អារម្មណ៍​ទិញ​កញ្ចប់​ទេសចរណ៍​បែប​នេះ ហើយ​វា​ក៏​មិន​ងាយ​ស្រួល​ដែរ​ក្នុង​ការ​នាំ​ភ្ញៀវ​ទៅ​មើល​គោលដៅ​ទេសចរណ៍​មាន​រៀប​រាប់​ក្នុង​កំណាព្យ​ល្បីៗ»។

ទោះ​បី​ជា​​អត្ថបទ​អក្សរសិល្ប៍ និង​​កំណាព្យ​​សម្បូរ​បែប​ក្ដី ក៏​ការ​​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​​នៅ​មាន​កម្រិត​​នៅ​ឡើយ។ ទិស​ដៅ​ទេសចរណ៍​ទាំង​នោះ​ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​ដាក់​រូប​ចម្លាក់ អត្ថបទ​អក្សរសិល្ប៍ ភ្ជាប់​ជាមួយ​ឈ្មោះ​ម្ចាស់​ស្នាដៃ និង​​កាល​បរិច្ឆេទ។

តំបន់​ភ្នំ​នៅទីក្រុង Hue ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​រៀបចំ​ពិព័រណ៍​ស្នាដៃ​កំណាព្យ និង​អក្សរសាស្ត្រ​ស្តីពី​ទីក្រុង​នេះ និង​អំពី​វប្បធម៌​វៀតណាម បន្ថែមពី​លើ​ការ​សម្ដែង​សិល្បៈ និង​សកម្មភាព​កម្សាន្ត​បែប​វប្បធម៌​សម្រាប់​សាធារណជន។

លោក ឡេ ហ៊ូមិញ នាយក​ស្ដីទី​នាយកដ្ឋាន​ទេសចរណ៍ បាន​លើកឡើង​ថា៖ «គំនិត​នេះ​អាច​ទៅ​រួច ហើយ​ខ្ញុំ​នឹងធ្វើ​ការ​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​ក្នុងការ​អនុវត្ត​គម្រោង​ទេសចរណ៍»៕ANN/VNS