ក្រុងខេមរភូមិន្ទ: ឆ្នេរ​ខ្សាច់​ស​អម​ដោយ​ដូងជ្រំ តាម​បណ្ដោយ​ឆ្នេរ​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា​ចម្ងាយ​ប្រមាណ ១៧០ គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ​កំពុង​រង់ចាំ​ភ្ញៀវទេសចរ​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ឆ្នេរ​នេសាទ​បាន​ទទួល​ភ្ញៀវ​ទេសចរ​រឹតតែ​ច្រើន​ដែល​ប្រាថ្នា​ភាពស្ងប់ស្ងាត់​តាម​ការចែករំលែក​លើ​បណ្ដាញ​សង្គម​តៗ​គ្នា​។

លោក សឿង សុភាព ហៅ ម៉ៅ ជា​អ្នកគ្រប់គ្រង​នៅ​រីសត​មួយ​កន្លែង​នៃ​ឆ្នេរ​នេសាទ​បាន​ប្រាប់ថា​៖ «​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ឆ្នេរ​នេសាទ​ទទួល​វត្ដមាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ឡើងៗ​តាមរយៈ​ការផ្សព្វផ្សាយ​តៗ​គ្នា​។ ចាប់តាំងពី​ចិន​ផ្ដើម​ទិញ​នៅ​កំពង់សោម​ខ្លាំង ភ្ញៀវ​ក៏​ចាប់ផ្ដើម​បុក​មក​ទី​នេះ​ច្រើន​ផងដែរ​»​។

ការចំណាយ​ខ្ពស់​បាន​បង្ខំ​ឲ្យ​ទេសចរ​ចំណូល​ទាប និង​មធ្យម​បង្វែរ​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​ពី​ក្រុង​ព្រះសីហនុ​ទៅ​តាម​ទីកន្លែង​ផ្សេងៗ​។ អង្គុយ​មើល​កូនៗ​ប្រលែង​លេង​លើ​ឆ្នេរ​យ៉ាង​សប្បាយ​រីករាយ​លោក សុ វុទ្ធី អាយុ ៤៥ ​ឆ្នាំ​ ជា​ទេសចរ​មកពី​ភ្នំពេញ​បាន​មក​កាន់​ឆ្នេរ​នេសាទ​ជា​លើក​ដំបូង​តាមរយៈ​ការណែនាំ​ពី​មិត្ដភក្ដិ​។

ទេសភាព​ដើម​ដូង​ដ៏ស្រស់ត្រកាល អាប់​សោភណភាព​ដោយសារ​តែ​សំរាម​។ ហុង មិនា

លោក​បាន​និយាយ​ទៀត​ថា​៖ «​ដោយសារ​នៅ​កំពង់សោម​ពិបាក​ចូល​ដែល​លោក​លើក​ហេតុផល​ថា ការ​ស្នាក់នៅ និង​ការហូបចុក​មាន​តម្លៃ​ថ្លៃ​។ ឆ្នេរ​នេសាទ​មាន​សភាព​ល្អ និង​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន តែ​បារម្ភ​ខ្លាច​​ក្រែង​អ្នកវិនិយោគ​ចិន​វាតទី​មក​អភិវឌ្ឍ​តំបន់​នេះ​ទៀត​»​។

គ្រាន់តែ​ថ្ងៃបុណ្យ​ជាតិ រីសត​ឆ្នេរ​ដូងជ្រំ​នេះ​បាន​ទទួល​ភ្ញៀវ​ពី ២០០ ទៅ ២៥០ ​រថយន្ដ​ក្នុង​ ១ ​ថ្ងៃ ខណៈ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ធម្មតា​មាន​ប្រមាណ ៣០ ទៅ ៤០ ​រថយន្ដ​ក្នុង​ ១ ​ថ្ងៃ​។

លោក សឿង សុភាព បាន​បន្ដ​ថា​៖ «​វា​ជា​ចំនួន​ដ៏ច្រើន​លើសលប់ បើ​ធៀប​នឹង​វត្ដមាន​ភ្ញៀវទេសចរ​កាល​ពេល ២ ឬ ៣ ឆ្នាំ​មុន​ ដែល​ឆ្នេរ​នេសាទ​ទទួល​ភ្ញៀវ​មិន​ដល់ ១០ ​រថយន្ដ​ផង​ក្នុង​ ១ ​ថ្ងៃ​»​។

ទោះ​យ៉ាង​ណា​លោក វុទ្ធី ដែល​មិន​សម្រេច​ចិត្ដ​ស្នាក់នៅ​ស្រុកស្រែ​អំបិល​បាន​និយាយ​ថា សហគមន៍​នៅ​ខ្វះ​សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ​ព្រមទាំង​បញ្ហា​បរិស្ថាន​នៅ​ជុំវិញ​ឆ្នេរ​ដែល​ភ្ញៀវទេសចរ និង​ម្ចាស់​រីសត​មិន​បាន​ចូលរួម​សម្អាត​អនាម័យ​ទាំងអស់​គ្នា​។

ចំនួន​ភ្ញៀវ​មកលេង​ឆ្នេរ​នេសាទ​បាន​កើនឡើង ខណៈ​កាលពី​ ២-៣ ​ឆ្នាំ​មុន​ក្នុង​ ១ ​ថ្ងៃ​មាន​ភ្ញៀវ​សឹង​មិន​ដល់ ១០ ​រថយន្ត​ផង​។ ហុង មិនា

លោក​និយាយ​ថា​៖ «​សម្រាប់​យើង​ជា​អ្នកទេសចរ​មែនទែន យើង​អត់​អាច​ទទួល​យក​បាន​នោះ​ទេ​ចំពោះ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​។ ទាំង​ភ្ញៀវ​មក​លេង​ផង និង​ម្ចាស់​រីសត​ផង គឺជា​កត្ដា​គួបផ្សំ​ដែល​ធ្វើឲ្យ​បរិស្ថាន​ឆ្នេរ​កខ្វក់​។ ម្ចាស់​រីសត​អត់​បាន​រៀបចំ​ស្ដង់ដា​អនាម័យ​ដោយ​ការដំឡើង​ធុងសំរាម​ទុក​ដាក់​ត្រឹមត្រូវ​»​។

ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​សហគមន៍​ស្រែ​អំបិល មន្ទីរ​ទេសចរណ៍​ខេត្ដ​កោះកុង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​អាស៊ាន​រយៈពេល ៣ ​ថ្ងៃ​ ចំពោះ​សេវាកម្ម​ទេសចរណ៍​។

លោក ឈុន សំឃីម ប្រធាន​ស្ដីទី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ដ​កោះកុង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា​៖ «​សក្ដានុពល​ចម្បង​របស់​យើង​គឺ​ឆ្នេរ​ខ្សាច់​ស​ស្អាត​ប្រវែង ៣,៥ ​គីឡូម៉ែត្រ ព្រៃកោងកាង និង​អាហារ​គ្រឿងសមុទ្រ​។ បច្ចុប្បន្ន​យើង​មាន​សហគមន៍​ចំនួន​ ២ ដែល​ជា​សហគមន៍​នេសាទ និង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​មាន​បំណង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ និង​បាន​សុំ​កិច្ចសហការ​ជាមួយ​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​»​។

លោក​បន្ដ​ថា​សហគមន៍​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការផ្ដល់​សេវាកម្ម​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ក្នុង​សហគមន៍​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះស្នាក់ ព្រមទាំង​ភោជនីយដ្ឋាន​។

ភ្ញៀវទេសចរ​ថតរូប​អនុស្សាវរីយ៍ វេលា​សុរិយា​រៀប​អស្ដង្គត​នៅ​ឆ្នេរ​នេសាទ​។ហុង មិនា

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​អ្នកភូមិ​មិន​មាន​លទ្ធភាព​សាងសង់​សណ្ឋាគារ​ស្ដង់ដា​រង់ចាំ​ភ្ញៀវ​រយៈពេល​ជាច្រើន​មុន​នោះ​ទេ​។ សេវាកម្ម​ស្នាក់នៅ​នឹង​កើត​ក្រោយ​ពេល​មាន​តម្រូវការ​ច្រើន​ពី​ភ្ញៀវ​»​។

ទាក់ទង​នឹង​កង្វល់​ចំពោះ​បរិស្ថាន​លោក ឈុន សំឃីម បាន​ប្រាប់​ថា មន្ទីរ​ទេសចរណ៍​តែងតែ​ណែនាំ​ដល់​អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍​គិតគូរ​បញ្ហា​អនាម័យ​បរិស្ថាន ដោយ​លោក​បាន​លើក​ហេតុផល​ ២ ​យ៉ាង​គឺ​កត្ដា​មនុស្ស​ពង្រាយ និង​កត្ដា​ធម្មជាតិ​ដែល​បក់បោក​មក​តាម​រលក​សមុទ្រ​។

គេង​យោង​អង្រឹង​ក្នុង​តូប​លក់​អាហារ​លោក សឿង សុភាព ដែល​មាន​សេវាកម្ម​លក់​បាយស និង​គ្រឿង​សមុទ្រ (​តម្លៃ​ចន្លោះ​ពី ៣៥ ០០០ ទៅ ៥ ម៉ឺន​រៀល​ក្នុង​ ១ ​គីឡូក្រាម​) បាន​ពន្យល់​អំពី​បញ្ហា​បរិស្ថាន​ថា រៀងរាល់​ថ្ងៃ​ចន្ទ និង​អង្គារ លោក​ជួល​អ្នក​អនាម័យ​ប្រមូល​សំរាម និង​ដុតចោល​។

ឆ្នេរ​នេសាទ​ស្ថិត​នៅ​ក្នុង​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​ចម្ងាយ​ប្រមាណ ២០ ​គីឡូម៉ែត្រ ​ពី​ផ្លូវជាតិ​ ៤៨ ឬ​ប្រមាណ ១៧០ គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​៕

វីដេអូ៖