ក្រុងពោធិ៍សាត់: អូរសោម ជា​សហគមន៍​ជនបទ​តូច​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល​ជួរ​ភ្នំក្រវាញ រវាង​តំបន់​អភិរក្ស​ក្រពើ​ភ្នំ និង​ភ្នំ​សំកុះ ភាគ​និរតី​ប្រទេស​កម្ពុជា​កំពុង​ប្រែក្លាយ​ជា​គោលដៅ​អេកូទេសចរណ៍ និង​អ្នក​និយម​សម្រស់​ធម្មជាតិ​មកពី​គ្រប់​ច្រកល្ហក​។

ភូមិឋាន​ដ៏ស្ងប់ស្ងាត់​ចំនួន ៤ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ៤០០ គ្រួសារ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ ជង គឺជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដែល​ផ្ដល់​បទពិសោធ​ជីវិត​បែប​ជនបទ​សម្រាប់​ភ្ញៀវ​បរទេស​មុន​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វប្បធម៌ និង​ប្រវត្ដិសាស្ដ្រ​។

លោក ម៉ៃឃើល ជាមួយ​ភរិយា​ដែល​ជា​អ្នក​ថែ​សួន​ដូចគ្នា​នៅ​បារាំង បាន​ចាប់ផ្ដើម​ដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​កោះកុង និង​អូរសោម​នៃ​ខេត្ដ​ពោធិ៍សាត់ មុន​ពេល​បន្ដ​ដំណើរ​ទៅកាន់​បាត់ដំបង និង​សៀមរាប​។ ដំបូង​ឡើយ​ពួកគេ​គ្រោង​ស្នាក់នៅ​អូរសោម​តែ​​ ២ ​យប់​ដោយ​ជ្រើសរើស​ការគេង​ក្នុង​អង្រឹង​តម្លៃ ១ ម៉ឺន​រៀល​ម្នាក់​។

លោក ម៉ៃឃើល បាន​ប្រាប់​ថា​៖ «​យើង​គិតថា ចង់​ស្នាក់នៅ​ទីនេះ​តែ ២ ​យប់​ទេ រួច​បន្ដ​ទៅ​ខេត្ដ​បាត់ដំបង និង​សៀមរាប​។ តែ​ពេល​យើង​បាន​ឃើញ​សម្រស់​ទេសភាព​ធម្មជាតិ​ស្អាត បដិសណ្ឋារកិច្ច​ល្អ ព្រម​ទាំង​អាហារ​សរីរាង្គ និង​តម្លៃ​សមរម្យ យើង​សម្រេច​ចិត្ដ​បន្ថែម​ប៉ុន្មាន​ថ្ងៃ​ទៀត​»​។

បឹងហ្គាឡូ​បឹងមាស​ស្ថិត​នៅ​សហគមន៍​អេកូទេសចរណ៍​អូរសោម​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

អំឡុង​ពេល​ស្នាក់នៅ​អូរសោម ប្ដី​ប្រពន្ធ​ទាំង​ ២ ​នាក់​បាន​ដើរលេង​តាម​ភូមិ ឡើង​ភ្នំ​សំកុះ ទស្សនា​អាង​ក្រពើ ទឹកធ្លាក់​ឆាយរកា និង​ឆាយប្រុយ​ជាដើម​។

អូរសោម ជា​សហគមន៍​ដែល​ពលរដ្ឋ​ធ្លាប់​ប្រកបរ​បរកាប់​ឈើ ប្រមាញ់​សត្វព្រៃ និង​រុករាន​ដី​ខុសច្បាប់​បាន​ប្រែ​ក្លាយ​ការរស់នៅ​បែប​ជា​សហគមន៍​អេកូទេសចរណ៍​ដែល​ពលរដ្ឋ​អាច​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ដើម្បី​បង្កើន​ជីវភាព និង​បញ្ចៀស​មុខរបរ​ខុសច្បាប់ មជ្ឈមណ្ឌល​សហគមន៍​ក្រវាញ​អូរសោម (OsoamCCC) ត្រូវ​បាន​បង្កើតឡើង​ក្នុង​បំណង​បង្កើន​គុណភាព​នៃ​ការរស់នៅ​តាមរយៈ​ការអប់រំ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អេកូទេសចរណ៍ និង​កម្មវិធី​កសិកម្ម​ជាដើម​។

លោក នួន លីម ស្ថាបនិក​មជ្ឈមណ្ឌល​ជាទី​ដែល​បម្រើ​ជា​ផ្ទះ​ស្នាក់​ដ៏ពេញនិយម​បំផុត​មួយ​នៅ​អូរសោម​បាន​និយាយ​ថា​៖ «​មជ្ឈមណ្ឌល​សហគមន៍​ក្រវាញ​អូរសោម បង្កើតឡើង ៥ ឆ្នាំ​ហើយ​ជាមួយ​នឹង​វត្ដមាន​ភ្ញៀវទេសចរ​តិចតួច​បំផុត​។ ពួកគេ​ទទួលទាន​ជាមួយ​យើង និង​ស្នាក់​នៅក្នុង​អង្រឹង​។ ឆ្នាំ​ទី ២ ទេសចរ​កើនឡើង​បន្ដិច​ពី ៣៥ នាក់​ក្នុង​ឆ្នាំ​ ២០១៤ ដល់ ៤៥ នាក់​ក្នុង​ឆ្នាំ​ ២០១៥​។ ពួកគេ​សុទ្ធតែ​ជា​អ្នក​ផ្សងព្រេង​ពិតៗ​ដោយ​ការជិះ​ម៉ូតូ​ធំៗ​ឆ្លងកាត់​តំបន់​ជួរ​ភ្នំក្រវាញ​»​។

ដោយ​មាន​ការអភិវឌ្ឍ​ជា​លំដាប់ មជ្ឈមណ្ឌល​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក និង​វេបសាយ​ផ្ទាល់ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​កិច្ចការ​សហគមន៍​រហូត​ប្រែក្លាយ​ជា​គោលដៅ​អេកូទេសចរណ៍​។

ទេសភាព​នាពេល​ព្រឹក​ព្រហាម វេលា​អាកាសធាតុ​ត្រជាក់​មាន​អ័ព្ទ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក លីម ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ពេលនេះ​យើង​មាន​ផ្ទះ​ស្នាក់ ២ និង​ផ្ទះសំណាក់ ២ ដែល​ត្រៀម​បើកទ្វារ ៣ បន្ថែម​ទៀត​។

ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១២០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កោះកុង និង ៦០ គីឡូម៉ែត្រ​ពី​ឃុំ​ប្រមោយ ទីរួមស្រុក​វាលវែង​នៃ​ខេត្ដ​ពោធិ៍សាត់​ដែល​មាន​ស្ថានភាព​ផ្លូវ​ដ៏លំបាក​បំផុត​។ អូរសោម គ្មាន​ភោជនីយដ្ឋាន​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​ភ្លាមៗ​តាម​ការកុម្ម៉ង់​នោះ​ទេ ក្រៅពី​ការកក់​ទុក​ ២ ​ទៅ​ ៣ ​ថ្ងៃ​មុន ដោយ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ស្វែងរក​មាន់ទា​តាម​ផ្ទះ និង​បន្លែ​ក្បែរ​របង​ផ្ទះ​។

លោក ឈុប ពីនី ជា​អ្នកភ្នំពេញ​ដែល​បាន​រៀបការ​ជាមួយ​ភរិយា​នៅ​អូរសោម និង​រួមរស់​ជាមួយ​គ្នា ២០ ​ឆ្នាំ​បាន​បើកទ្វារ​ផ្ទះសំណាក់​មួយ និង​បន្ទប់​បឹងហ្គាឡូ ២ ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ផ្ទះ​ស្នាក់​លោក លីម បាន​ផ្ដល់​បន្ទប់​ស្នាក់​តម្លៃ​ពី​ ១០ ​ទៅ​ ៣០ ​ដុល្លារ​ក្នុង​ ១ ​យប់​។

លោក ពីនី ម្ចាស់ផ្ទះ​សំណាក់​បឹង​មាស​បាន​ប្រាប់​ថា​៖ «​យើង​មិនមាន​ផ្សារ​លក់​ផលិតផល​ម្ហូបអាហារ​អ្វី​ធំដុំ​ទេ​។ ភ្ញៀវ​មិន​អាច​កុម្ម៉ង់​ម្ហូប​ភ្លាមៗ​បាន​ឡើយ​។ យើង​ត្រូវការ​កក់​ទុក​មុន​ ដើម្បី​ឲ្យ​យើង​អាច​រក​បន្លែ និង​ត្រី​សាច់​»​។

ទេសចរ​បរទេស​អង្គុយ​កម្ដៅ​ខ្លួន​ក្បែរ​ភ្នក់ភ្លើង រីករាយ​នឹង​បទពិសោធ​ជីវិត​បែប​ជនបទ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក នួន លីម អាយុ ៣៨ ឆ្នាំ​ធ្លាប់​ជា​មន្ដ្រី​អនុរក្ស​ព្រៃ​នៃ​ខេត្ដ​កោះកុង ១១ ​ឆ្នាំ​បាន​បើក​ផ្ទះស្នាក់​ដោយ​ផ្ដើមដំបូង​តែមួយ​បន្ទប់​សម្រាប់​ភ្ញៀវ​ដើរ​ផ្សេងព្រេង​គ្មាន​គោលដៅ​ប៉ុណ្ណោះ​។ ពេល​នេះ​ផ្ទះ​ស្នាក់ OsoamCCC មាន​ផ្ទះ​ប្រពៃណី​ខ្មែរ ៨ និង​តុបាយ​ធំ​មួយ​ជាមួយ​តៀម​កាហ្វេ​មួយ​។

លោក លីម បាន​អះអាង​ថា​៖ «​បច្ចុប្បន្ន​យើង​បាន​ទទួល​ភ្ញៀវ​មកពី​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក​។ រៀងរាល់​ថ្ងៃ​យើង​បើកទ្វារ​យ៉ាង​តិច ២ ទៅ ៣ បន្ទប់​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​។ ពួកគេ​ញ៉ាំ​នូវ​អ្វី​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​ដូច​គ្នា​»​។

មជ្ឈមណ្ឌល​សហគមន៍​ក្រវាញ​អូរសោម​ក៏​បាន​បើក​ទូលាយ​ចំពោះ​អ្នកស្ម័គ្រចិត្ត​ជួយ​ដល់​កិច្ចការ​សង្គម​ដូចជា ការបង្រៀន​ភាសា​អង់គ្លេស កុំព្យូទ័រ ថែទាំ​សួន កសិកម្ម និង​គម្រោង​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ​ជាដើម​។

សហគមន៍​អេកូទេសចរណ៍​អូរសោម​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់​។ សម្រាប់​ព័ត៌មាន​បន្ថែម សុំ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៨៩ ៨៩ ៩៨ ៩៥៕