The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សារមន្ទីរ​ស្គរ​យក្សជនជាតិ​ភាគតិច​ចិន​បើក​ឲ្យភ្ញៀវ​ទស្សនា​មិនយកប្រាក់

សារមន្ទីរ​ស្គរ​យក្សជនជាតិ​ភាគតិច​ចិន​បើក​ឲ្យភ្ញៀវ​ទស្សនា​មិនយកប្រាក់

Content image - Phnom Penh Post
អគារ​សារមន្ទីរ​ស្គរ​យក្ស​ជនជាតិ​ភាគតិច​ចិនដែលធំជាងគេ​ក្នុងលោក​ នៅ​ខេត្ត​ក្វាងស៊ី​។ តាំង វីដា​

សារមន្ទីរ​ស្គរ​យក្សជនជាតិ​ភាគតិច​ចិន​បើក​ឲ្យភ្ញៀវ​ទស្សនា​មិនយកប្រាក់

ខេត្តក្វាងស៊ី: មិន​ត្រឹមតែជាសារមន្ទីរ​ដើម្បី​ប្រមូលផ្តុំ​ និង​សិក្សា​ពី​វប្បធម៌​របស់​ជនជាតិ​ភាគតិច​នោះទេ សារមន្ទីរ​នេះ​ក៏ជាទីតាំងតែ​មួយគត់​ដែល​មាន​នូវ​ស្គរស្ពាន់​តំណាងនូ​អំណាច​ច្រើនជាងគេ​ក្នុង​ពិភពលោក​ដែល​អាចទាក់ទាញ​ភ្ញៀវ​ទេសចរ​បានរហូតដល់​ជាង ១ លាន​នាក់​ក្នុង ១ ឆ្នាំ។

តាមរយៈការ​ប្រារព្ធ​ខួប ៥០ ឆ្នាំ​នៃតំបន់​ស្វយ័ត​ជនជាតិ​ជួង ​ខេត្ត​ក្វាងស៊ី​កាលពី​ឆ្នាំ ២០០៨ រដ្ឋាភិបាលចិន​បានអនុញ្ញាត​ឲ្យ​រដ្ឋបាល​គណៈ​កម្មាធិការ​ប្រជា​ជនតំបន់ស្វយយ័ត​នេះ​សង់​សារ​មន្ទីរ​បងប្អូន​ជនជាតិដ៏ធំ​មួយ​ចំកណ្តាល​ក្រុងណាននីង​ ក្វាងស៊ី ដើម្បី​បើក​ឲ្យ​​ទេសចរ​​ជាតិ​ និង​អន្ដរជាតិ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​ ណ្រមទាំង​បាន​ស្វែង​យល់​នូវ​វប្បធម៌​ អរិយធម៌​របស់​ជនជាតិ​ភាគតិច​ពាក់ព័ន្ធ​នឹងការប្រើប្រាស់​ស្គរ​តំណាង​នា​សម័យនោះ។

មគ្គុទ្ទេសក៍នាំ​ភ្ញៀវ​អ្នកស្រី ជិន យ៉ាយន (Zhen Ya-yaun) នៃ​សារ​មន្ទីរ​បងប្អូន​ជនជាតិ (Guangxi Museum of Nationalities) បាន​​ឲ្យដឹងថា​សារមន្ទីរស្គរ​យក្ស​នេះ​ស្ថិតនៅលើ​មាត់ទន្លេ​យ៉ុងយ៉ាង ខាងត្បូង​ភ្នំ​ឈី​ង​ស៊ូ​សង់​លើ​ផ្ទៃដី​ជាង ៨៦៦៧ ម៉ែត្រការ៉េ និង​មាន​អគារ ៤ ជាន់​ហើយ​ត្រូវបាន​បើកដំណើរ​ការ​​ជា​ផ្លូវ​ការ​នៅឆ្នាំ ២០០៩។

Content image - Phnom Penh Post
​សារមន្ទីរ​មានតាំង​ស្គរ​គ្រប់ប្រភេទ និង​បង្ហាញ​ពី​ការ​ប្រើប្រាស់​ឧបករណ៍​គោះ​នេះ​ផង​ដែរ​។ តាំង វីដា​

បើតាម​មគ្គុទ្ទេស​ក៍ ស្រី​រូប​នេះ ​ថា​គោល​​បំណង​ចម្បង​នៃ​សារមន្ទីរ​ស្គរ​យក្ស​មួយេនះ​​គឺ​ប្រមូលផ្តុំ​សិក្សា​អភិរក្ស​និង​ផ្សព្វផ្សាយ​ពី​វប្ប​ធ​ម៌​របស់​ជន​ជាតិ​ភាគតិចចំនួន ១២ អម្បូរ​ដែល​រស់នៅ​ប្រទេស​ចិន​ប៉ែកអាស៊ី​ភាគ​អាគ្នេយ៍។

 អគារពិព័រណ៍នេះ​មាន ៦ សាលពិព័រ​ណ៍ធំៗ ​រួមមានសាល​វប្បធម៌​ស្គរស្ពាន់​ដែល​ធំ​និង​ចាស់​ ហើយមាន​ច្រើន​ជាងគេ​ក្នុងប្រទេស​ចិន ​ទីពីរ​សាល​ពិព័រណ៍​​នៃ​ភាព​ចម្រុះ​វប្ប​ធ​ម៌​ប្រពៃណី​ជីវភាព​​រស់នៅជនជាតិ​​ភាគតិច​ដូចជា​ជនជាតិ​ជួង មៀ​វ យ៉ាវ តុង ហ្វុ​យ ឈីង សួយ អ៊ី កឺ​ឡា​វ៊ី មុ​ឡាន និង​ម៉ៅ​តានជាដើម។

អ្នក​ស្រី​ ជិន បាន​ឲ្យ​ដឹង​ដែរ​ថា​ស្គរ​ស្ពាន់​ដ៏​​ចំណាស់ទាំងនេះ​​ខ្លះ​មាន​អាយុ​កាល​តាំង​ពីសតវត្សរ៍ទី ១ នៃ​​គ.ស ដ​ល់​សតវត្សរ៍ទី ៤ ទៅ ៧ ហើយ​ស្គរ​ត្រូវបាន​ប្រជាពលរដ្ឋ​ចិន​ចាត់​ទុក​ជា​តំណាង​ដ៏សំខាន់របស់​មេកន្ទ្រាញ​ និង​​មេដឹកនាំ​ប្រើ​ដើម្បី​នាំ​នូវភាពជោគជ័យ។

ស្គរ​ក្នុង​សាល​​ពិ​ព័រណ៍​មាន​ក្បូរ​ក្បាច់​រចនាផ្សេងៗគ្នា និង​មាន​​អត្ថន័យខុសៗពីគ្នា​ក្នុង​នោះ​ជនជាតិ​ជួង​ក៏បាន​ឆ្លាក់​រូបកង្កែប​នៅលើ​ស្គរ​ដែលជា​និមិត្ត​រូប​មួយ​បង្ហាញថា​សត្វ​កង្កែប​ជា​សត្វ​ស្លូត​ល្អ​ និង​នាំសំណាង​គឺ​ទឹក​ភ្លៀងដ៏ត្រជាក់ត្រជុំ។

បើតាម​មគ្គុទេ្ទសក៍​រូបនេះ​ក្នុង​​ឆ្នាំៗមាន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ស្គរ​ និង​ស្វែងយល់​ពី​វប្បធម៌​នៅ​សារមន្ទីរ​នេះ​ជាង ១ លាន​នាក់​ក្នុងនោះ​ភ្ញៀវ​អន្តរជាតិប្រហែល ២ ម៉ឺន​នាក់៕

អត្ថបទគួរចាប់អារម្មណ៍