សៀមរាប : អស់​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​តាំងពី​បើក​សម្ពោធ​មក ធាមហៅស៍ ជា​ផ្ទះ​វិចិត្រសាល​តាំង​បង្ហាញ​ព្រម​ទាំង​លក់​វត្ថុ​សិល្បៈ និង​សិប្បកម្ម​ខ្មែរ​បែប​សហ​សម័យ រូប​ស្មូនម្រ័ក្សណ៍ខ្មុក សិល្បៈ​ដេគ័រ​ផ្ទៃក្នុង​អគារ​ និង​វត្ថុ​អនុស្សាវរីយ៍​នានា​ដែល​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​ដោយ​មិន​គិត​កម្រៃ​អ្វី​ទាំងអស់​។

ធាមហៅស៍ ឬ​ផ្ទះ​លោក ធាម ជា​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​លោក លីម មួយធាម អតីត​នាយក​ផ្នែក​សិល្បៈ​នៅ​សិប្បករ​អង្គរ ឬ Artisans d’Angkor ដែល​ផ្ដល់នូវ​បទពិសោធ​ជូន​ភ្ញៀវ​ដូច​បាន​វិល​ទៅ​កាន់​ប្រវត្ដិសាស្ដ្រ​សិល្បៈ​កម្ពុជា​ពេល​ឈាន​ជើង​ចូល​សាល​វិចិត្រ​នេះ​។

លោក ធាម មើល​ឃើញ​ពី​ការចំណាយ​ច្រើន​លើ​ការថែទាំ ជួសជុល​វិចិត្រសាល និង​បន្ដ​ដាក់​បន្ថែម​វត្ថុ​សិល្បៈ​ឥតឈប់ឈរ​រៀងរាល់​ឆ្នាំ​ពេល​នេះ លោក​ទំនង​ជា​ចង់​សម្រេច​ចិត្ដ​លក់​សំបុត្រ​ចូល​ទស្សនា​ពី​ភ្ញៀវ​នៅ​ឆ្នាំក្រោយ​។

ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​ក្នុង​ទម្រង់​ដ៏មាន​សោភណភាព​។ ផា លីណា

លោក​បាន​អះអាង​ថា​៖ «​ពេល​នេះ អត់​ទេ​! តែ​ក៏​កំពុង​ពិចារណា​ឆ្នាំ​ក្រោយ ចាប់ផ្ដើម​លក់​សំបុត្រ​ដល់​ភ្ញៀវ​ដែល​មាន​បំណង​ចង់ឃើញ​វត្ថុ​សិល្បៈ​ខ្មែរ ដោយសារ​ឥឡូវ​នេះ​យើង​នៅ​បន្ដ​រៀបចំ​កែលម្អ​ថែម​ទៀត​»​។

លោក ធាម បាន​លើក​ឡើង​ថា​៖ «​យើង​នៅ​បន្ដ​ផ្សែផ្សំ​ទិញ​សម្ភារ​ថែម និង​ចំណាយ​លើ​ជាង​ឈើ ជាងភ្លើង ១២ ​នាក់​ដើម្បី​មើលថែរក្សា​របស់​ទាំងអស់​នោះ​។ ខ្ញុំ​ពិចារណា​មើល​ទៅ​ថា ទិញ ឬ​មិន​ទិញ ភ្ញៀវ​មក​ថត ពេញចិត្ដ ធ្វើ​អ៊ីចេះ ធ្វើ​អ៊ីចុះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។ បើ​ភ្ញៀវ​ជួយ​គាំទ្រ ជួយ​ទិញ​អីវ៉ាន់ អូខេ យើង​អាច​ទប់ទល់​បាន​។ តែ​ភ្ញៀវ​មួយ​ចំនួន​ក៏​អត់​ចង់​ទិញ គ្រាន់តែ​ពេញចិត្ដ​ដោយ​ខ្វះ​ថវិកា ឬ​ពិបាក​កាន់​ស្ពាយ​យក​ទៅ​វិញ​»​។

អ្នក​សិល្បៈ​ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សិល្បៈ​រស់​ជា​ចម្បង​រូប​នេះ​បាន​បញ្ជាក់​ថា​យ៉ាង​ណា​មិញ​លោក​មិន​បើក​សារមន្ទីរ​ផ្ទះ ដើម្បី​តែ​ប្រាក់ចំណូល​មួយ​មុខ​នោះ​ឡើយ​ឲ្យ​តែ​សិល្បៈ​បាន​រស់​។

លោក លីម មួយធាម បាន​និយាយ​ថា​៖ «​បំណង​ខ្ញុំ​មិន​ផ្ដោត​លើ​ការរក​ចំណូល​ធ្វើ​អ្នក​មាន​ទេ ឲ្យ​តែ​បាន​រស់​ទាំងអស់​គ្នា​ខាង​សិល្បៈ​វិញ​ទេ​។ យើង​ [​បុគ្គលិក​] មិន​បាច់​ទៅ​ធ្វើការ ធ្វើស្រែ ហើយ​ខ្ញុំ​ក៏​មិន​បាច់​ទៅ​ធ្វើការ​ជួយ​គូស​ប្លង់​អី​ទេ​»​។

ការចូលរួម​ទិញ​វត្ថុ​សិល្បៈ​អាច​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សាលវិចិត្រ​។ ផា លីណា

ជាមួយ​នឹង​គោលបំណង​បើកទូលាយ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​បាន​ស្គាល់​នូវ​សិល្បៈ​ខ្មែរ និង​ស្វែងយល់​ពី​ការផ្ទេរ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដោយ​មិន​ផ្ដោត​ចម្បង​លើ​ការលក់ដូរ អ្នកសិល្បៈ​ដែល​បាន​សិក្សា​ឌីហ្សាញ​ផ្ទៃក្នុង និង​សិល្បៈ​នៅ​សាលា​បារាំង École des Beaux-Arts រូប​នេះ​បាន​ប្រាប់​ថា​ស្នាដៃ​កូន​ខ្មែរ​ពិត​ជា​ល្អ​អស្ចារ្យ លើស​ពី​ការ​កោតស្ញប់ស្ញែង​។

លោក ធាម បាន​និយាយ​ថា​៖ «​ជាមួយ​គ្រឿង​ចម្លាក់ គំនូរ និង​រូប​ស្មូន​ដែល​ខ្លះ​ជា​ស្នាដៃ​ថ្មីៗ​របស់​កូនជាង​ខ្ញុំ​ប្រមាណ​ជាង ៣០ ​នាក់ និង​ផលិតផល​ទិញ​ពី​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស​ដំបូង ខ្ញុំ​អត់​លក់​ទេ​តែ​ដោយសារ​ចង់​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​សិល្បៈ​កូន​ខ្មែរ​ដល់​ភ្ញៀវ​ទើប​យើង​សម្រេច​ចិត្ដ​ផលិត​លក់​ជូន​ភ្ញៀវ​ជា​អនុស្សាវរីយ៍​។ តែ​យើង​នៅ​តែ​រក្សា​រចនាប័ទ្ម​ដដែល​ពីព្រោះ​វា​ពិតជា​អស្ចារ្យ​ណាស់​»​។

បុរស​ដែល​កើត​នៅ​ទឹកដី​ខ្មែរ និង​បន្ដ​រស់នៅ​ក្រុង​ប៉ារីស​ពេល​ភៀស​ខ្លួន​ក្នុង​សម័យ​ប៉ុលពត​រូប​នេះ​បាន​បន្ដ​ថា​៖ «​ជាក់ស្ដែង​ចម្លាក់​ស្ពាន់​ត្រូវ​បាន​ឆ្លាក់​កន្លុក​គន្លាក់​យ៉ាង​ស្រស់ស្អាត​។ បរទេស​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​មែនទែន ប៉ុន្ដែ​កូន​ខ្មែរ​យើង​អត់​ទាន់​ឲ្យ​តម្លៃ​ដោយសារ​វា​ជា​វត្ថុ​ដែល​វិសេស​ពេក​»​។

សាលវិចិត្រ​អាច​នឹង​ត្រូវ​ដាក់លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ឆ្នាំ​ក្រោយ​។ផា លីណា

លោក សុខ លុក បម្រើការ​នៅ ធាមហៅស៍ ជាង​កន្លះ​ឆ្នាំ​ជា​មគ្គុទ្ទេសក៍​បាន​ប្រាប់​ថា​ក្នុង​ការជូន​ភ្ញៀវ​ទស្សនា​វត្ថុ​សិល្បៈ​នៅ​ធាមហៅស៍​ត្រូវ​ចំណាយ​ពេល​ចាប់ពី ២០ ទៅ ៤០ នាទី​អាស្រ័យ​លើ​ភ្ញៀវ​ត្រូវ​ថតរូប​តិច ឬ​ក៏​ច្រើន​ដោយ​ដំណើរ​នាំ​ភ្ញៀវ​ចាប់ពី​ឆ្វេង​ដៃ​ច្រកចូល​នៃ​ជីវប្រវត្ដិ​ម្ចាស់​ផ្ទះ រូបថត វត្ថុ​បុរាណ វត្ថុ​សិល្បៈ ព្រះពុទ្ធ​បដិមា​ផលិត​ពី​ឈើ ឧបករណ៍​ភ្លេងបុរាណ សម្លៀកបំពាក់​អាពាហ៍ពិពាហ៍ គំនូរ រូប​ស្មូន​ចម្រុះ​ពណ៌ សម្ភារ​ផ្ទះបាយ​ចាស់ៗ រោង​ជាង និង​បញ្ចប់​ដំណើរ​ទស្សនា​នៅ​ហាង​កាហ្វេ​ចំ​កណ្ដាល​បរិវេណ​។

លោក ធាម ជា​អ្នក​ឌីហ្សាញ​ផ្ទៃក្នុង និង​គំនូរ​សិល្បៈ​នៅ​សណ្ឋាគារ​ប្រណីត​រចនាប័ទ្ម​ទសវត្សរ៍​ឆ្នាំ ៦០ បាន​ប្រាប់​ពី​ការនាំ​ភ្ញៀវ​ថា​៖ «​យើង​អត់​អាច​ធ្វើការ​ជាមួយ​សណ្ឋាគារ​ណា​ដែល​នាំ​ភ្ញៀវ​មក​ច្រើនៗ​ឡើយ​។ ខ្ញុំ​ធ្វើការ​តែ​ជាមួយ​អូតែល​ណា​នាំ​ភ្ញៀវ​ក្រុម​តូចៗ​ចាប់ពី ២ ទៅ ៤ នាក់​ក្នុង​ ១ ​ក្រុម​។ ពេលព្រឹក ៣-៤ ​ឡាន និង​ល្ងាច​ ៣-៤ ឡាន​អស់​ហើយ​ស្មើ​ប្រមាណ​ជាង ២០ ​នាក់​។ Low season ក៏​មាន​ពេលព្រឹក ២-៣ ឡាន និង​ល្ងាច ២-៣ ​ឡាន ប្រហាក់​ប្រហែល​គ្នា​»​។

សាលវិចិត្រ ធាមហៅស៍ ស្ថិត​នៅ​ចម្ងាយ ៥០ ម៉ែត្រ​ពី​វិទ្យាល័យ​ ហ៊ុន សែន សៀមរាប​លើ​វិថី ៣០ ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​ចាប់​បើក​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៦ ​ល្ងាច​រៀង​រាល់​ថ្ងៃ​៕

វីដេអូ៖