ភ្នំពេញៈ ប្រាកដជាមានភាពប្លែក និងថ្មីសន្លាងមែនហើយ គឺតំបន់សួនកម្សាន្តដាយណូស័រ ដ៏រស់រវើកដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា « ជូរ៉ាស់ស៊ិកឃីងដុម ឬ Jurassic Kingdom» ដោយសារវាមិនមែនជាការយកនូវហ្វូងសត្វដាយណូស័រសូន្យពីថ្មនឹងថ្កល់ដែលមិនអាចកម្រើកបានឡើយ។ តែវាគឺជាសួនដាយណូស័រជ័រដែលអាចមានចលនាដូចជាសត្វមានជីវិតអ៊ីចឹង។
សួនកម្សាន្តដាយណូរស័រ ជូរ៉ាស់ស៊ិកឃីងដុម ដ៏ថ្មីសន្លាងដំបូងគេមួយនេះ គឺជាការបោះទុនវិនិយោគសាងសង់ឡើងដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅមិនឆ្ងាយពីតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រសាសន៍របស់អគ្គនាយកនៃទូរទស្សន៍ភីអិនអិន ខណៈពេលបានចុះទៅមើលការពន្លឿននៃការសាងសង់ដើម្បីបញ្ចប់គម្រោងទាំងមូល នឹងដាក់ឲ្យដំណើរការសម្រាប់ចូលទស្សនានៅថ្ងៃទី ១៧ ក្នុងខែវិច្ឆិកា ខាងមុខដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា៖ «ដោយមានការបោះទុនវិនិយោគរួមគ្នាជាមួយនឹងដៃគូវិនិយោគមកពីប្រទេសថៃសួនកម្សាន្តដាយណូស័រមួយនេះគឺនៅមិនឆ្ងាយពីមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំ និងលំដាប់ដ៏ប្រណីតមួយទៀត មានឈ្មោះ «ឌឹព្រេមៀរសែនសុខសេនធ័រ» ដែលទើបតែសម្ពោធកាលពីព្រឹកមិញនេះ [ថ្ងៃទី ១ ខែវិច្ឆិកា] ផងដែរ។
ទីតាំងនេះស្ថិតនៅក្បែរផ្សារទំនើបអ៊ីអនទី ២ និង ជិតផ្សារលក់ទំនិញបោះដុំគឺផ្សារម៉ាក្រូ ទៀតផង។ លក្ខណពិសេសរបស់សួនកម្សាន្តដាយណូរស័រ ជូរ៉ាស់ស៊ិកនេះ ចែកចេញជា ៣ ទីតាំងសំខាន់ៗ មានដូចជា ទី ១ ជាកន្លែងដាយណូស័រដើរ និងជិះលេងមានចំនួន ៤០ ដាយណូស័រ។ ទី ២ ជាកន្លែងសួនវង្វេង ទី ៣ ជាកន្លែងទឹកជ្រោះធ្លាក់ និងមានកន្លែងកម្សាន្តផ្សេងៗទៀត ដោយលាតសន្ធឹងលើផ្ទៃដីធំទូលាយទំហំកន្លះហិកតា»។
អគ្គនាយកនៃទូរទស្សន៍ភីអិនអិន ក៏បានបន្តឲ្យដឹងទៀតដែរថា៖ «សម្រាប់សំបុត្រចូលទស្សនា មានតម្លៃចាប់ពី ២ ដុល្លារ សម្រាប់ក្មេង និងតម្លៃ ៥ ដុល្លារ សម្រាប់មនុស្សពេញវ័យ ឬមនុស្សធំ»។
គួរបញ្ជាក់ថា តំបន់ខណ្ឌសែនសុខ កំពុងក្លាយជាចំណុចផ្ទាំងស៊ីបសម្រាប់ការវិនិយោគនៃអ្នកជំនាញអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដែលបានចាត់ទុកតំបន់ខណ្ឌសែនសុខនេះ គឺជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល និងទាក់ទាញខ្លាំងបំផុតក្នុងការវិនិយោគសាងសង់លំនៅឋាន និងតំបន់ពាណិជ្ជកម្ម។
ជាក់ស្តែងតំបន់នេះ បច្ចុប្បន្នប្រជុំដោយសាលារៀអន្តរជាតិ មណ្ឌលសុខភាព ផ្សារទំនើប មណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ សណ្ឋាគារ និងផ្សារលក់ទំនិញទាំងបោះដុំ និងលក់រាយជាច្រើន បំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕