The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សួនផ្កា​សិរមាន់ ជា​គោលដៅ​ទេសចរណ៍​ថ្មី​បំផុត​មួយ​នៅ​ឥណ្ឌូនេស៊ី

សួនផ្កា​សិរមាន់ ជា​គោលដៅ​ទេសចរណ៍​ថ្មី​បំផុត​មួយ​នៅ​ឥណ្ឌូនេស៊ី

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ក្នុង​ស្រុក​នាំគ្នា​ទៅ​ថតរូប​អនុស្សាវរីយ៍​នៅ​សួនផ្កា​សិរមាន់​។ រូបថត AFP

សួនផ្កា​សិរមាន់ ជា​គោលដៅ​ទេសចរណ៍​ថ្មី​បំផុត​មួយ​នៅ​ឥណ្ឌូនេស៊ី

ក្រុងហ្សាការតា: បន្ថែម​ពី​ក្ដីបំណង​ប៉ង​ទៅ​លេង​ឆ្នេរ និង​ភ្នំ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ ខេត្ដ​អាសេ មាន​តំបន់​ទេសចរណ៍​ថ្មីៗ​ដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នានា​រួមទាំង​បណ្ដាញ​សង្គម ជាពិសេស​ឧទ្យាន​ផ្កាសិរមាន់ (Celocia Garden)​។

តំបន់​ឧទ្យាន​ផ្កា​រំលេច​នូវ​សម្រស់​បុប្ផា​ចម្រុះ​ដែល​បច្ចុប្បន្ន​ស្វាគមន៍​ភ្ញៀវ​ទាំង​ជាតិ និង​អន្ដរជាតិ​។

ឧទ្យាន​នេះ​ត្រូវ​បាន​កសាង​ឡើង​លើ​ផ្ទៃដី​ជាង ១ ហិកតា​ដោយ​អ្នក​ស្រុក​ម្នាក់​ឈ្មោះ​ថា Emperor​។ Emperor គឺជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ អាលូពីត ស្រុក​ផានហ្គា​។

Content image - Phnom Penh Post
ផ្កាសិរមាន់​ត្រូវ​បាន​ដាំ​ជា​ជួរ​ទុក​ចន្លោះ​ឲ្យ​ភ្ញៀវ​អាច​ឈរ​ថតរូប​លេង​។ រូបថត AFP

Emperor បាន​កសាង​ឧទ្យាន​នេះ​ដោយ​យក​លំនាំ​តាម​ពេល​លោក​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​លេង​ប្រទេស​ហូឡង់ និង​វៀតណាម​។ ដូច្នេះ​លោក​សាកល្បង​ធ្វើ​សួនផ្កា​ចម្រុះ​ពណ៌​មួយ​ក្នុង​ខេត្ដ​អាសេ​នេះ និង​បាន​ដាក់​ឈ្មោះ​ថា Celocia Garden​។ ចំពោះ​គ្រាប់​ផ្កា​ទាំងនោះ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ​។

វត្ដមាន​ឧទ្យាន​ផ្កាសិរមាន់​ក្នុង​ខេត្ដ​អាសេ​អាច​ទាក់ទាញ​ចិត្ដ​ភ្ញៀវទេសចរ​នូវ​បុប្ផា​ពណ៌​លឿង ក្រហម និង​ទឹកក្រូច ហើយ​ពណ៌​ដទៃ​ទៀត​បាន​ធ្វើឲ្យ​ឧទ្យាន​ផ្កា​នេះ​កាន់តែ​ស្រស់ស្អាត មិន​ចាញ់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។

ឧទ្យាន​ផ្កាសិរមាន់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​ជា​លើកដំបូង​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​នា​ដើម​ឆ្នាំ​ ២០១៩ ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​បង្ហោះ​រូបភាព​ជា​ហូរហែ​។

រៀងរាល់​ថ្ងៃ​ឧទ្យាន​ផ្កាសិរមាន់​ទទួល​ភ្ញៀវ​រាប់រយ​នាក់​ទាំង​ជាតិ និង​អន្ដរជាតិ ដែល​ស្រឡាញ់​សម្រស់​បុប្ផា និង​ផ្ដិត​យក​រូបភាព​បង្ហោះ​បង្អួត​លើ​អ៊ីនធឺណិត​។ ទេសចរ​ចំណាយ​ប្រាក់ ១ ម៉ឺនរូព្យា (៣០០០ រៀល​) ចំពោះ​សំបុត្រ​ចូល​ទស្សនា​៕ HR

អត្ថបទគួរចាប់អារម្មណ៍