ក្រុងប៉ារីស: តំបន់ Provence ប្រទេសបារាំងបានក្លាយជាទីឋានទេសចរណ៍ដ៏ពេញនិយមសម្រាប់ជនជាតិចិន។ រូបភាពដ៏រ៉ូមេនទិក ប្រណីតភាព និងកេរដំណែលវប្បធម៌ គឺជាមូលហេតុចម្បងដែលទាក់ទាញភ្ញៀវទេសចរចិន។
ការស្ទង់មតិមួយបានបង្ហាញថា ក្នុងទំនោរបែបថ្មី ទេសចរចិនកាន់តែនិយមសេវាកម្មទេសចរណ៍កញ្ចប់ទៅកាន់តំបន់អឺរ៉ុបដោយចាប់ផ្ដើមដំណើរកម្សាន្ដដ៏វែងឆ្ងាយខុសពីទម្លាប់ដដែលៗ។
ក្នុងប្រទេសបារាំង កសិដ្ឋានផ្កាឡាវេនឌ័រ គឺជាគោលដីដ៏ទាក់ទាញមួយ។ ទេសចរអាស៊ីជាច្រើនមកលេងចម្ការផ្កាឡាវេនឌ័រដោយបានតាមដាននូវរឿងភាគដ៏ល្បី «ក្ដីសុបិនពីក្រោយវាំងននគ្រីស្ដាល់»។
តំបន់ផ្កាដូចនៅ Provence ក្នុងប្រទេសចិន និងទីឋានល្បីៗចំពោះគោលដៅទេសចរណ៍សកលលោក សុទ្ធតែសម្បូរចិន។ ជនជាតិចិនហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់លើពិធីអាពាហ៍ពិពាហ៍ ដើម្បីមុខមាត់កិត្តិយសគ្រួសារ។ យុវវ័យទ្រព្យស្ដុកចិនអាចចំណាយជាង ៥ ម៉ឺនអឺរ៉ូ (៥៦ ៤០០ ដុល្លារ) សម្រាប់ថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។
វាលផ្កាឡាវេនឌ័រដ៏ស្រស់ត្រកាល Valensole ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបារាំងបង្កើតបានជារូបភាពផ្ទៃក្រោយយ៉ាងអស្ចារ្យសម្រាប់ការថតរូបវិស្សមកាលរបស់ភ្ញៀវទេសចរ។ ចាប់ពីពាក់កណ្ដាលខែមិថុនាដល់ពាក់កណ្ដាលខែកក្កដាពេលផ្ការីកស្គុសស្គាយ Valensole ហ៊ុមព័ទ្ធដោយកម្រាលព្រំពណ៌ខៀវ និងស្វាយដែលលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក។
មគ្គុទេសក៍នឹងនាំភ្ញៀវទស្សនាការកែច្នៃផ្កាទៅជាប្រេងឱសថសម្រាប់សម្លាប់មេរោគ និងប្រឆាំងការរលាក សាប៊ូដុសខ្លួនរហូតដល់ការ៉េម។
រៀងរាល់ថ្ងៃអាទិត្យសប្ដាហ៍ទី ៣ នៃខែកក្កដា កសិករបារាំងនាំគ្នាប្រារឰពិធីបុណ្យឡាវេនឌ័រដោយមានក្បួនដង្ហែ ការសម្ដែងតន្ដ្រី និងពិព័រណ៍ដែលជាប្រពៃណីប្រណិប័តន៍រយៈពេលជាង ៩០ ឆ្នាំមកហើយនៅប្រទេសអឺរ៉ុបមួយនេះ៕ HR