ក្រុងវ៉ាលែនស្យា: បៃអូផាក វ៉ាលែនស្យា គឺជាសួនសត្វទំហំ២៥អាក្នុងទីក្រុងវ៉ាលែនស្យាប្រទេសអេស្ប៉ាញ ដែលមានសត្វធំៗមកពីអា្រហ្វិកជាច្រើនប្រភេទ។
ដោយខុសពីសួនសត្វធម្មតាដែលសត្វត្រូវបានដាក់ជាប់ក្នុងទ្រុងនោះទេ សត្វក្នុងសួន បៃអូផាក វ៉ាលែនស្យាអាចមានសេរីភាពស្រែកវ៉ូសវ៉ាសដោយសេរី។ ប៉ុន្ដែលោកអ្នកមិនចាំបាច់ភ័យខ្លាចទេ។
សួនសត្វមហិមានេះត្រូវបានហៅឈ្មោះថា «សួនលម្ហ» ជាគំនិតចង់ឲ្យភ្ញៀវទេសចរអាចទស្សនាសត្វនូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយដោយមិនមានការពិបាក។ ប៉ុន្ដែ វាមិនដូចនឹងសួនសត្វនៅប្រទេសចិនដែលភ្ញៀវទេសចរត្រូវដាក់ក្នុងទ្រុងលើរថយន្ដនោះទេ។
ក្នុងបរិវេណសួននេះ គ្មានទ្រុង តែប្រើទន្លេ ត្រពាំង អូរ និងថ្មសម្រាប់ខណ្ឌចែកមនុស្សពីសត្វ។ ទាំងនេះគឺជារបាំងមើលមិនឃើញ ហើយសត្វមានអារម្មណ៍ដូចរស់នៅជម្រកធម្មតារបស់ខ្លួនអ៊ីចឹង។
ប្លុក ហូឡា វ៉ាលែនស្យា បានសរសេរថា៖ «ភ្ញៀវទេសចរអាចខិតចូលទៅជិតសត្វដែលខណ្ឌចែករបាំងដោយទឹកអូរ មិនចាំបាច់ខ្វល់ខ្វាយពីសុវត្ថិភាព។ ទឹកអូរដ៏តូចត្រូវរារាំងពីការបំពានដោយសត្វឆ្កែអាជីណាដែលពួកវាមិនអាចហក់រំលងខ្សែទឹកនោះដោយងាយទេ»។
ការភ័យខ្លាចក្រែងមានការពញ្ញាក់អារម្មណ៍ភ្ញៀវទេសចរជាច្រើនដោយពួកគេបានរាយការណ៍ពីបទពិសោធពេលកម្សាន្ដសួនសត្វលម្ហនេះ។
អ្នកសរសេរប្លុកដដែលបានបន្ដថា៖ «ដំណើរត្រាច់ចរក្បែរចង្កូមមច្ចុរាជពិតជាបទពិសោធគួរឲ្យស្រៀវឆ្អឹងខ្នងណាស់។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចពេលទៅក្បែរសត្វព្រៃដ៏កាចសាហាវទាំងអស់នោះ។ ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះនៅពេលទៅលេងសួនសត្វដទៃឡើយ»។
ចំណុចខុសប្លែកពីគេដែលសួនដទៃមានសត្វរស់នៅដាច់ដោយឡែកពីគ្នា សត្វនៅសួនលម្ហត្រូវបានអនុញ្ញាតឲ្យរស់នៅជុំគ្នាតាមចិត្ដចង់។ ដូច្នេះអ្នកនឹងបានឃើញស្វាហ្គូរីឡានៅជាមួយសត្វ ឬមាន់អ៊ីមូលរួមរស់ជាមួយសេះបង្កង់។
ពូជសត្វទាំងនេះដែលរស់នៅជុំគ្នាក្នុងព្រៃតាមធម្មជាតិ និងដោយសន្ដិភាព ខណៈសត្វសុភាពដទៃទៀត ដូចជា កំប្រុកលីម័រ មានសេរីភាពក្នុងការជួបមនុស្សតទល់គ្នាដោយគ្មានរបាំងរារាំងអ្វីឡើយ។
របាំងផ្សេងទៀតត្រូវបានលាក់បំបាំងដើម្បីឲ្យភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចបានកម្សាន្ដព្រៃពិតៗ៕ HR