The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ដាប់ភ្លេង គេង​សំដិល​ថ្ងៃ លើ​ឆ្នេរ​ខ្សាច់ កណ្ដាល​ក្រុង​អង្គរ

ស្ដាប់ភ្លេង គេង​សំដិល​ថ្ងៃ លើ​ឆ្នេរ​ខ្សាច់ កណ្ដាល​ក្រុង​អង្គរ

Content image - Phnom Penh Post
ភ្ញៀវទេសចរ​អង្គុយ​សំដិល​ថ្ងៃ និង​ងូតទឹក​លេង​កម្សាន្ត​នៅ​ឆ្នេរ​សិប្បនិម្មិត មិន​ឆ្ងាយ​ពី​តំបន់​ផាប់ស្ទ្រីត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្ដាប់ភ្លេង គេង​សំដិល​ថ្ងៃ លើ​ឆ្នេរ​ខ្សាច់ កណ្ដាល​ក្រុង​អង្គរ

សៀមរាប: បើ​ទោះបី​ជា​រដូវក្ដៅ​គឺជា​ឱកាស​ភ្ញៀវ​បរទេស ពិសេស​ទេសចរ​មកពី​តំបន់​អឺរ៉ុប​ប្រាថ្នា​ស្រូប​យក​ពន្លឺ​ថ្ងៃ វីតាមីន ឌី យ៉ាងណា​ក៏ដោយ ក៏​ដំណើរ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ទឹកដី​សៀមរាប​អង្គរ ភ្ញៀវ​ជាច្រើន​រមែង​ត្អូញត្អែរ​ពី​ការលំបាក​ទ្រាំ​នឹង​កម្ដៅថ្ងៃ​ខ្លាំង​នា​វេលា​រសៀល​។

ជា​ការជួយ​បន្សាប​កម្ដៅ​ពុំ​ចាំបាច់​ជិះ​រាប់រយ​គីឡូម៉ែត្រ​ទៅ​ហែល​ទឹក​នៅ​តំបន់​ឆ្នេរសមុទ្រ ឆ្នេរ​សំដិល​ថ្ងៃ​សិប្បនិម្មិត​ត្រូវ​បាន​បង្កើត​ឡើង​ចេញពី​គំនិត​របស់​លោក ចេស ពេញ ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​ក្រុង​សៀមរាប​ជាមួយ​​មិត្ដភក្ដិ​ចម្រុះ​ជាតិ​សាសន៍ ៧ នាក់​ទៀត​។

អ្នកគ្រប់គ្រង​ទូទៅ Cambo Beach Club ដែល​ទើប​បើក​សម្ពោធ​ទទួល​ភ្ញៀវ​កាលពី​ចុង​ឆ្នាំ​ទៅ​នេះ​បាន​និយាយ​ថា​៖ «​យើង​មានគំនិត​ផ្ដួចផ្ដើម​ជាមួយ​​មិត្ដភក្ដិ​បរទេស​ដោយ​មើលឃើញ​ថា​ភ្ញៀវ​ខ្លះ​ទៅ​ទស្សនា​ប្រាសាទ​ពេលព្រឹក រួច​ត្រឡប់​មក​វិញ​អត់​មាន​ទីកន្លែង [relax]​។ អ៊ីចឹង​យើង​ក៏​បង្កើត​ឆ្នេរ​មួយ​ដូច​សមុទ្រ​ដើម្បី​គាត់​មកពី​ប្រាសាទ​វិញ​ក្ដៅ គាត់​អាច​សម្រាក​លើ​ឆ្នេរ​ទីនេះ​»​។

Content image - Phnom Penh Post
ស្ថិត​នៅ​ផ្ទៃដី ៥០២២ ​ម៉ែត្រការ៉េ ខេមបូ ប៊ីច អាច​ទទួល​ភ្ញៀវ ១ ​ពាន់​នាក់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្ថិត​នៅ​ចម្ងាយ​តែ ៨ ​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ដ និង ៥០០ ម៉ែត្រ​ពី​តំបន់​ផាប់ស្ទ្រីតខេមបូ ប៊ីច ក្លិប រំលេច​នូវ​អាង​ហែល​ទឹកធំ​ទទឹង ៨ ​ម៉ែត្រ និង​បណ្ដោយ ៣០ ​ម៉ែត្រ​ដែល​មាន​ជម្រៅ ១,៥ ​ម៉ែត្រ​នៅ​កន្លែង​សម្រាប់​ភ្ញៀវ​ហែល និង​ជម្រៅ ៤,២០ ​ម៉ែត្រ នៅ​កន្លែង​ជ្រៅ​សម្រាប់​ភ្ញៀវ​ហក់លោត​ពី​លើ​របារ​ខ្ពស់​។

ព័ទ្ធជុំវិញ​អាងទឹក​រំលេច​ក្រឡា​បាត​អាង​យ៉ាង​ស្រស់ស្អាត ឆ្នេរ​ខ្សាច់​ដែល​ក្រាល​ដោយ​ខ្សាច់​ពណ៌​សក្បុស​បន្ថែម​គ្រែ​សំដិល ឆត្រ តង់ និង​ដើមដូង​ដាំ​ថ្មីៗ ដើម្បី​បាំងបិទ​កម្ដៅថ្ងៃ​ខ្លាំង​បាន​អន្ទង​ចិត្ដ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​មក​សម្រាក​លម្ហែ​ស្រូប​យក​ពន្លឺ​វីតាមីន​ឌី និង​ស្ដាប់​ភ្លេង​បែប​បស្ចិមប្រទេស​ពីរោះ​រណ្ដំ​។

អែប​សង​ខាង​អាងទឹក គឺជា​បារ៍​ ២ ដែល​បម្រើ​ភេសជ្ជៈ​គ្រប់មុខ​ចាប់ពី​ទឹកក្រូច ស្រាបៀរ ស្រាក្រឡុក និង​ទឹកក្រឡុក​ដើម្បី​បន្សាប​ការ​ស្រេកទឹក​នៅ​ក្រោម​កម្ដៅថ្ងៃ​ព្រម​ទាំង​មុខម្ហូប​ទាំង​អាស៊ី និង​អឺរ៉ុប​។

ម្ចាស់​ហ៊ុន ខេមបូប៊ិក ម្នាក់​ក្នុង​ចំណោម​មិត្ដភ័ក្ដិ​ចម្រុះ​ជាតិសាសន៍​ទាំងនោះ បាន​បន្ដ​ថា​៖ «​ក្រៅពី​ឆ្នេរ និង​អាង​ទឹកធំ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ យើង​នៅ​មាន​ទីលាន​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ តុ​ស្នូកឃ័រ​ពីរ តុ​ប៉េងប៉ុង​ ១ និង​ផ្ទះ​ម៉ាស្សា​​ ១ ​ថែមទៀត ជាពិសេស​បន្ទប់ទឹក​ដែល​រចនា​ឡើង​ពី​គ្រឿង​យានយន្ដ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​របស់​យើង​»​។

យោង​តាម​សម្ដី​របស់​លោក ចេស ពេញ បាន​ឲ្យ​ដឹង​ថា​ស្ថិត​នៅ​លើ​ផ្ទៃដី ៥០២២ ម៉ែត្រការ៉េ ខេមបូ ប៊ីច ឆ្នេរ​សិប្បនិម្មិត​ថ្មី និង​តែ​មួយ​គត់​នៅ​ក្រុង​សៀមរាប​ទទួល​ភ្ញៀវ​បាន​រហូត​ដល់ ១ ពាន់​នាក់​សម្រាប់​ទទួល​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេងៗ​។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ជាធម្មតា ខេមបូ ប៊ីច ទទួល​ភ្ញៀវ​ពី ៦០ ទៅ ៧០ នាក់​ក្នុង​ ១ ​ថ្ងៃ តែ​ចុង​សប្ដាហ៍​យើង​មាន​ច្រើន​រហូត​ដល់​ពី ១៥០ ទៅ ២៥០ ​នាក់​ដែល​ភាគច្រើន​ជា​ភ្ញៀវ​ក្នុង​ស្រុក​»​។

សំបុត្រ​ចូល​លេង​ឆ្នេរ​សិប្បនិម្មិត និង​ហែល​ទឹក​មាន​តម្លៃ ៥ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ម្នាក់​អាច​ប្ដូរ​គូ​ប៉ុង​នោះ​យក​ម្ហូប និង​ភេសជ្ជៈ​មាន​តម្លៃ​ស្មើ​វិញ​។

លោក ចេស ពេញ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​មុខម្ហូប​ទាំង​អាស៊ី និង​បស្ចិម​ប្រទេស​មាន​តម្លៃ​ចាប់ពី ២,៥ ​ដុល្លារ​រហូត​ដល់ ៧ ឬ ៨ ​ដុល្លារ និង​ភេសជ្ជៈ​តម្លៃ​ចាប់ពី ១,៥ ​ដុល្លារ​ឡើង​»​។

ខេមបូ ប៊ីច ក្លិប​ស្ថិត​ក្នុង​ផ្លូវ Funky Lane ភូមិ​ស្ទឹងថ្មី ឃុំ​ស្ទឹងថ្មី ស្រុក​សៀមរាប ចម្ងាយ​ ៥០០ ​ម៉ែត្រ​ពី​ផាប់ស្ទ្រីត បើក​ទ្វារ​ពី​ម៉ោង ១០ ​ព្រឹក​ដល់​ម៉ោង ១១ ​យប់​។ ទំនាក់​ទំនង​ទូរស័ព្ទ ០៧៧ ៦៦២ ៦៨៤៕

Content image - Phnom Penh Post
ខេមបូ ប៊ីច មាន​អាហារ​អាស៊ី និង​អឺរ៉ុប​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍