
ក្រុង អាំស្ទ៊ែរដាំៈ ស្ថាបត្យករ ឃឺន អុលសូស ដែលជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនសំណង់អគារហូឡង់ដុកឡេនដ៍បានគូរ គម្រោងកោះបណ្តែតទឹកមួយចំនួនសម្រាប់គម្រោងក្រុមហ៊ុនអភិវឌ្ឍន៍កោះ ផាម របស់ទីក្រុងឌុយបៃ ផងដែរ។ ស្នាដៃនៃគម្រោងសំណង់របស់លោកច្រើនរចនាដូចជាស្រទាប់ៗប្រើបច្ចេកវិទ្យាលើទឹកដ៏ទំនើប ខណៈផ្ទះបណ្តែតទឹកទាំងនោះមានទំហំធំអាចចតរថយន្តបានមានផ្លូវ បើកបរបានដូចជា ផ្ទះនៅលើដីគោកដែរ។
លោកបាននិយាយថា៖«វាគ្រាន់ តែសំណង់ផ្ទះបណ្តែតទឹកដោយភាគច្រើនសង់ពីសំណង់បេតុងធ្ងន់ៗតែវា មានតុល្យភាពអាចឡើងចុះបានតាមចរន្តទឹករលកបោកបក់នៅលើផ្ទៃ សមុទ្រ»។
ដោយលោក ឃឺន អុលសូសគឺជាដៃគូនៃក្រុមហ៊ុនអចលនទ្រព្យហូឡង់ដុកឡេនដ៍នោះបានសាង សង់ផ្ទះបណ្តែតទឹកដ៏ស្រស់ប្រណីតចំនួន១៨៥ខ្នងរួចតម្រៀបគ្នាជា រាងផ្កា ដែលមានឈ្មោះថា «បុប្ផាសមុទ្រ» ឬ Ocean Flower ដោយក្នុងនោះក៏មានត្រពាំងធំៗចំនួន៥ និងសាលសន្និសីទមួយ និងទីលានវាយកូនគោលមួយផងដែរ។
លោក ឃឺន អុលសូស បន្ថែមថា៖ «ខ្ញុំជាជនជាតិហូឡង់ ដែលជាទឹកដីសិប្បនិម្មិត។ ប្រជាជនយើងរស់នៅលើដីដែលបានមកពីការបូមទឹកសមុទ្រចេញ២៤ម៉ោងលើ ២៤ម៉ោង»។
លោក ឃឺន អុលសូស បានបញ្ជាក់ថា នៅរយៈពេល៥០ឆ្នាំខាងមុខទៀត ការបូមទឹកសមុទ្រដើម្បីវាតទីយកដីសង់ផ្ទះ វាអាចលែងក្លាយជាជម្រើសរបស់ស្ថាបត្យករទៀតហើយ ដោយសារតែកត្តាប្រែប្រួលអាកាសធាតុ ការរលាយទឹកកក និងកំណើនកម្ពស់ទឹកសមុទ្រ។
លោកបានបន្តទៀតថា៖ «យើងត្រូវតែសម្របតាមធម្មជាតិ។ បើធម្មជាតិមិនផ្ដល់ដីឲ្យយើងរស់នៅ យើងត្រូវចេះសង់ផ្ទះនៅលើទឹក។ ខ្ញុំគិតថាទីក្រុងលើទឹកគឺជាក្ដីស្រមៃដែលក្លាយជាការពិត»៕ PR