
ក្រុងសេអ៊ូល : ខណៈដែលវិស័យចម្រៀងប៉ុបកូរ៉េកំពុងតែសាយភាយពាសពេញពិភពលោក នារី និងបុរសមិនតិចទេដែលប្រាថ្នាចង់ឲ្យមានសម្រស់ដូចតារាកូរ៉េខាង ត្បូងនោះ។
ពួកគេបានជ្រួលជ្រើមទិញផលិតផលគ្រឿងសម្អាងកូរ៉េ និងខ្លះទៀតសុខចិត្តចំណាយប្រាក់ហោះមកក្រុងសេអ៊ូលដើម្បីសិក្សា ផ្នែកតុបតែងខ្លួនតែម្ដង។
នៅទីក្រុងដ៏ស៊ីវិល័យនេះ មជ្ឈមណ្ឌលយ៉ុងដុង (Myeong-dong) គឺជាសម្បុកនៃហាងលក់គ្រឿងសម្អាងដ៏កកកុញក្នុងទីក្រុងសេអ៊ូល ដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់។
នាង អ៊ីរ៉ែន ម៉ាទីណេ ជានិស្សិតវ័យ២៣ឆ្នាំមកពីប្រទេសប៉េរូ បាននិយាយថា៖ «ខ្ញុំស្រឡាញ់ស្ទីលតុបតែងខ្លួនរបស់កូរ៉េ ដោយសារតែនៅក្នុងទូរទស្សន៍ តួកុន និងតារាចម្រៀងទាំងនោះស្អាតៗ និងគួរឲ្យស្រឡាញ់ណាស់ ខុសប្លែកពីតួកុននៅស្រុកខ្ញុំដែលចូលចិត្តផាត់មុខដិតៗហើយសិចស៊ី»។
អ្នកនាង ហុង ស៊ីនហេ ប្រធានផ្នែកទីផ្សារគ្រឿងសម្អាងកូរ៉េ អេទូត (Etude) បានថ្លែងថា គន្លឹះដែលធ្វើឲ្យស្ទីលតុបតែងមុខកូរ៉េទទួលបានប្រជាប្រិយភាពនោះ គឺការផាត់មុខបែបធម្មជាតិរបស់តារាល្បីៗតែម្ដង»។
នាងបានថ្លែងថា៖ «បើគ្មានវប្បធម៌ប៉ុបកូរ៉េទេ ទីផ្សារគ្រឿងសម្អាងរបស់យើងក៏មិនអាចរីកចម្រើនដូចសព្វថ្ងៃដែរ»។
មិនត្រឹម តែវិស័យគ្រឿងសម្អាងទេដែលកាក់កប សូម្បីតែវិស័យវះកាត់កែសម្ផស្សក៏ទទួលបានភ្ញៀវទេសចរច្រើនដែរ។ របាយការណ៍បានឲ្យដឹងថា នៅតាមគ្លីនិកកែសម្ផស្សនីមួយៗយ៉ាងហោចណាស់ក៏មានវត្តមានជនបរទេស ២០នាក់ដែរក្នុងមួយថ្ងៃៗ។
មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរកាន់តែច្រើនសុខចិត្តហោះមកប្រទេសកូរ៉េដើម្បីថតរូប មុនរៀបមង្គលការតាមស្ទីលតុបតែងខ្លួនបែបកូរ៉េខាងត្បូងផងដែរ៕