![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/earthpower1.jpg)
អ្នកទេសចរដើរឡើងទៅមើលបាតុភូតធម្មជាតិដែលមិនមែន ១ ជីវិតមនុស្សសុទ្ធតែបានឃើញនោះទេ។ AFP
ក្រុងរ៉ៃក្យាវិក៖ ភ្នំភ្លើង Fagradalsfjall នៃប្រទេសអ៊ីស្លង់ដែលបានរក្សាភាពស្ងប់ស្ងាត់អស់ពេលយូរលង់មកហើយនោះស្រាប់តែផ្ទុះចេញកម្អែភ្នំភ្លើងទៅក្នុងបរិយាកាស ដែលអាចមើលឃើញពីទីក្រុងរ៉ៃក្យាវិកក្លាយជាទស្សនីយភាពទាក់ទាញក្រសែភ្នែកមហាជនបើករថយន្តរាប់សិបគីឡូម៉ែត្ររួចបន្តដំណើរថ្មើរជើងឆ្ពោះទៅកៀកកំពូលភ្នំផ្ទុះ។
ភ្នំភ្លើង ដែលចាប់ផ្ដើមកម្រើកកាលពីពាក់កណ្ដាលខែមីនា ក្នុងជ្រលង Geldingadalir ក្បែរភ្នំ Fagradalsfjall បានទាក់ទាញភ្ញៀវមកពីជុំវិញពិភពលោកដោយអ្នកខ្លះចិត្ដសឿងហ៊ានចូលកៀកទៅត្រឹមទីតាំងមានសុវត្ថិភាពជិតបំផុត ដែលរៀបចំឡើង ដើម្បីការពារការផ្ទុះកម្អែថ្មក្រហម។
ភ្ញៀវទេសចរ ហេនរិក វាបផ្ល័រ ជាស្ដ្រីអាល្លឺម៉ង់ដែលរស់នៅអ៊ីស្លង់បាននិយាយពេលឈរជាមួយកូនស្រីនៅជ្រុងម្ខាងនៃភ្នំភ្លើងថា៖ «មើលទៅពិតជាអស្ចារ្យណាស់»។
គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃថាមពលផែនដីនេះ អ្នកស្រីបានប្រាប់ AFP កាលពីថ្ងៃសៅរ៍លើដំណើរលើកទី ៤ មកកាន់តំបន់នេះថា៖ «ខ្ញុំមានអារម្មណ៍ហាក់ដូចជា នៅជិតនឹងអំណាចភ្លើងណាស់តែខ្ញុំមិនខ្លាចទេ»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower2.jpg)
អ្នកចិត្តសឿងកាន់តែហ៊ានចូលទៅកៀកទោះបីជាអ្នកជំនាញព្រមានពីហានិភ័យអាចកើតឡើងដោយបន្ទុះកម្អែក្ដី។ AFP
មកដល់សប្ដាហ៍មុននេះសកម្មភាពរបស់ភ្នំភ្លើងនៅតែបន្ដ និងឆេះងំៗតែពេលនេះវាកំពុងតែឆ្លាស់គ្នា រវាងការឆេះតិចៗ និងផ្ទុះបំភាយកម្អែខ្លាំង។
កម្អែភ្នំភ្លើងមួយនេះត្រូវបានវាស់ចម្ងាយផ្ទុះជាង ៤៦០ ម៉ែត្រនាពេលព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍មុន។ នេះបើយោងតាមការិយាល័យឧតុនិយមជាតិ។
អ្នកស្រី Freyja Wappler-Fridriksdottir បានឱ្យដឹងថា៖ «ការឆេះបំភាយតិចៗនៅតែបន្ដ ជាសំឡេងដែលក្រើនរំឭកពីវត្ដមានរបស់យន្ដហោះ»។
អ្នកស្រីស្ថិតក្នុងចំណោមមនុស្សជាង ២ ៥០០ នាក់នៅទីតាំងនោះកាលពីថ្ងៃសៅរ៍ដោយរក្សាចម្ងាយប្រមាណ ៥០០ ម៉ែត្រពីភ្នំភ្លើង ដែលកម្រិតសុវត្ថិភាពមានចម្ងាយចន្លោះពី ៤០០ ទៅ ៦៥០ ម៉ែត្រអាស្រ័យលើល្បឿនខ្យល់បក់។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower3.jpg)
ដោយបន្តផ្ទុះតាំងពីខែមីនាភ្នំភ្លើងជួនកាលបន្ថយអានុភាពជួនកាលស្រាប់តែផ្ទុះឡើងខ្លាំង។ AFP
អ្នកស្រីបានបន្ដថា៖ «វាមិនរាល់ថ្ងៃនោះទេដែលយើងអាចមកទស្សនាភ្នំភ្លើងជិតៗបែបនេះ វាពិតជាអស្ចារ្យ និងស្រស់ស្អាតមែនទែន» ការផ្ទុះដែលចាប់ផ្ដើមតាំងពីថ្ងៃទី ១៩ ខែមីនាបានកក្រើកឡើងលើកដំបូងលើឧបទ្វីប Reykjanes ក្នុងរយៈពេលជាង ៨ សតវត្សរ៍ ហើយវាជិត ៦ ពាន់ឆ្នាំទៅហើយតាំងពីសកម្មភាពផ្ទុះចុងក្រោយបំផុតកើតឡើងក្នុងតំបន់នេះ។
ប៉ុន្ដែអ្នកជំនាញប្រាកដថា ការផ្ទុះនេះមិនមែនកើតឡើងសើៗនោះទេ ដោយវាផ្ទុះចេញពីស្រទាប់ស្នូលផែនដី។
លោក អេដវើដ ម៉ាសាល មកពីវិទ្យាសាស្ដ្រផែនដីបាននិយាយថា៖ «នេះគឺជាកម្លែភ្នំភ្លើងយុគសម័យដ៏យូរលង់បំផុតដែលយើងបានឃើញតាំងពីសម័យទឹកកកប្រមាណ ១ ម៉ឺនឆ្នាំមុន»៕ HR
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower4.jpg)
រថយន្តជាច្រើនបន្តកន្ទុយគ្នាឆ្ពោះទៅកាន់ជើងភ្នំមុននឹងអ្នកទេសចរបន្តដំណើរដោយថ្មើរជើង។AFP
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower5.jpg)
នារីទេសចរឡើងមកទស្សនាបន្ទុះភ្នំភ្លើង Fagradalsfjall នៃប្រទេសអ៊ីស្លង់។ AFP
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower6.jpg)
ទិដ្ឋភាពរថយន្តបន្តកន្ទុយគ្នាវែងអន្លាយឆ្ពោះទៅកាន់តំបន់ភ្នំភ្លើង។ AFP
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower7.jpg)
ភ្ញៀវទេសចរគយគន់ភ្នំភ្លើង Fagradalsfjall ដែលមានចម្ងាយតែ ៤០ គីឡូម៉ែត្រពីរដ្ឋធានីរ៉ៃក្យាវិកនៃប្រទេសអ៊ីស្លង់។ AFP
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower8.jpg)
កម្អែភ្នំភ្លើងថ្មីពណ៌លឿងទុំលាយឡំនឹងកម្អែចាស់ដែលប្រែជាពណ៌ខ្មៅ។ AFP
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/earthpower9.jpg)
ផ្សែងភ្លើងចេញពីភ្នំភ្លើង Fagradalsfjall មានចម្ងាយតែ ៤០ គីឡូម៉ែត្រពីទីក្រុងរ៉ៃក្យាវិក នៃប្រទេសអ៊ីស្លង់។ AFP