កំពង់ចាម: ក្រោយការសម្ពោធជាផ្លូវការនូវស្ពានបេតុងថ្មីសន្លាងឆ្លងកាត់ទន្លេមេគង្គទៅកាន់ទឹកដីកោះប៉ែនកាលពីដើមខែមីនា ឆ្នាំ ២០១៨ វាក៏ជាទីអវសាននៃស្ពានឫស្សី ឬស្ពានប្រដើសដែលធ្លាប់តែនាំចំណូលផ្នែកវិស័យទេសចរណ៍ដល់សហគមន៍។
នៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រភាគខាងត្បូងស្ពានឫស្សី ស្ពានថ្មីនេះឆ្លងទន្លេមេគង្គពីភូមិព្រែកដើម ចាន់ សង្កាត់សំបួរមាសទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ដ្រ ឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
លោក យុង អូន ជាម្ចាស់ស្ពានប្រដើសចុងក្រោយធ្លាប់បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា វាជាភាពទាក់ទាញសំខាន់មួយក្នុងខេត្តកំពង់ចាមទាំងអ្នកទេសចរក្នុងស្រុក និងបរទេស។ ការបាត់បង់ស្ពាននេះមានន័យថាបាត់បង់អ្នកទេសចរជាច្រើន។
ឆ្លើយតបនឹងក្ដីកង្វល់ចំពោះការបាត់បង់ស្ពានឫស្សីអត្ដសញ្ញាណអ្នកកោះប៉ែនដែលមានប្រវត្ដិកកើតតាំងពីសម័យសង្គមរាស្ដ្រនិយម ស្ពានប្រដើសថ្មីបានចាប់បដិសន្ធិក្នុងបំណងបម្រើវិស័យទេសចរណ៍តាមរយៈការកៀរគរភ្ញៀវមកទទួលយកនូវពិសោធឆ្លងស្ពានឫស្សីកម្សាន្ដខ្សាច់ទន្លេមេគង្គ និងភ្លក្សផ្លែឈើស្រស់ៗពីភូមិឋានកោះប៉ែននេះ។

លោក ប៊ុន ដារ៉ា អាយុ ៦០ ឆ្នាំជាម្ចាស់ស្ពានឫស្សីថ្មីបាននិយាយថា៖ «ស្ពានប្រដើសនេះត្រូវបានកសាងឡើង ២ ឆ្នាំហើយតាំងពីស្ពានកកើតមក។ កាលកសាងពីឆ្នាំទៅវាមានប្រវែងត្រឹម ៧០០ ម៉ែត្រប៉ុណ្ណោះតែវាមិនបានបម្រើប្រយោជន៍ពេញ ១ រដូវរហូតដល់ទឹកឡើងនោះដោយវាឆាប់លិចពេក។ ទើបឆ្នាំ ២០១៩ នេះយើងបង្កើនដល់ ៨០០ ម៉ែត្រ»។
ក្រោយពីបើកសម្ពោធជាផ្លូវការក្នុងរដូវកាលឆ្នាំថ្មីនេះនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ ស្ពានឫស្សីដែលមានទំហំទទឹងពី ១,៥ ម៉ែត្រទៅ ២ ម៉ែត្រដោយប្រើឫស្សី ២ ម៉ឺនដើមទទួលភ្ញៀវជាតិ និងអន្ដរជាតិតាំងពីព្រឹកព្រលឹមរហូតដល់យប់ ជាពិសេសថ្ងៃចុងសប្ដាហ៍ និងបុណ្យទានផ្សេងៗ។
លោក ដារ៉ា បានបន្ដថា៖ «ថ្ងៃធម្មតាមានភ្ញៀវប្រមាណពី ៣០ ទៅ ៥០ នាក់បានដើរឆ្លងស្ពានឫស្សីបំណងថតរូបសែលហ្វ៊ីទៅលេងឆ្នេរខ្សាច់ និងងូតទឹកលើដែនកោះប៉ែន ព្រមទាំងភ្លក្សរសជាតិផ្លែឈើតាមរដូវកាលរបស់អ្នកកោះ»។
អង្គុយលើគ្រែមុខផ្ទះដែលដាក់លក់ក្រូចត្លុងធំៗ អ្នកស្រី នរីន ហៅ មីងប៉ុក បាននិយាយថាក្នុងខែធ្នូ ឬមករានេះក្រូចត្លុងដល់ចុងដៃហើយបើទោះបីជាដំណាំហូបផ្លែនេះហុចផលពេញមួយរដូវកាល។ ក្រូចត្លុង ដែលដាក់លក់នៅមុខផ្ទះរបស់អ្នកស្រីមានតម្លៃ ៥០០០ រៀលក្នុង ១ ផ្លែ។
ស្ដ្រីដែលមានចម្ការក្រូចត្លុងរាប់សិបដើមរូបនេះបានប្រាប់ថា៖ «បើគិតពីរដូវគឺនៅខែបុណ្យអុំទូក។ ១ដើម ខ្ញុំអាចបេះបាន ៤-៥ ឡូ ម្ដង»។
អតីតវិស្វករពីសាលាតិចណូលោក ប៊ុន ដារ៉ា បានបន្ថែមថានៅថ្ងៃបុណ្យទាន ជាពិសេសបុណ្យចូលឆ្នាំមុនស្ពានប្រដើសដែលអាចឲ្យអ្នកដំណើរដើរថ្មើរជើង ឬជិះកង់ឆ្លងកាត់ទទួលភ្ញៀវពី ៨០០ ដល់ ១០០០ នាក់ក្នុង ១ ថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នា។

លោកសម្គាល់ឃើញថា៖ «ក្នុងរយៈពេល ១ ខែចុងក្រោយនេះចំណោមភ្ញៀវទេសចរឆ្លងកាត់ស្ពាន ១០ នាក់ ខ្ញុំមើលឃើញភ្ញៀវបរទេស ២-៣ នាក់។ ពួកគេដើរមើលទិដ្ឋភាពស្ពានឫស្សី គយគន់ទេសភាពដងទន្លេមេគង្គ និងសម្រស់ឆ្នេរខ្សាច់ទន្លេ អង្គុយលម្ហែក្នុងក្យូសប្របមាត់ទឹកព្រមទាំងជិះកង់តាមភូមិឋាននៅលើកោះប៉ែន»។
នៅលើតារាងតម្លៃ អ្នកថ្មើរជើងម្នាក់ ២ ពាន់រៀល ផ្ញើម៉ូតូ ១ គ្រឿងជាមួយមនុស្ស ២ នាក់ ៥០០០ រៀល ផ្ញើរថយន្ដ ឬរ៉ឺម៉ក ១ គ្រឿងជាមួយមនុស្ស ៤ នាក់ ១ ម៉ឺនរៀល ឬរថយន្ដ ១ គ្រឿងជាមួយមនុស្សរហូតដល់ ៨ នាក់ ២ ម៉ឺនរៀល។ តម្លៃអង្រឹងមួយ ៥ ពាន់រៀល ឆត្រមួយ ៦ ពាន់រៀល ក្យូសមួយ ១ ម៉ឺនរៀល និងការជួលមធ្យោបាយជិះលេងកម្សាន្ដពី ៤ ពាន់ទៅ ៤ ម៉ឺនរៀល។ ម្ចាស់ស្ពានឫស្សីថ្មីរូបនេះក៏បានដាក់លេខទូរស័ព្ទនៅលើបដាតារាងតម្លៃផងដែរ។
លោកបានប្រាប់ពីហេតុផលថាលោកចង់ទទួលមតិកែលម្អពីភ្ញៀវដែលមើលឃើញពីចំណុចខ្វះខាតចំពោះសេវាកម្មទទួលភ្ញៀវរបស់លោក។ ប៉ុន្ដែលោកក៏បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ឲ្យជួយសម្អាតបរិស្ថាន និងគោរពគោលការណ៍សុវត្ថិភាពជាចម្បង។
បើទោះបីជាត្រូវរងនូវការជន់លិចភ្លាមៗពីជំនន់ទឹកភ្លៀងលើទឹកដីឡាវដែលបង្កឲ្យខូចខាតរនាបប្រដើសស្ពានឫស្សីកោះប៉ែនប្រមាណ ៥០០ ម៉ែត្រកាលពីប៉ុន្មានសប្ដាហ៍មុនយ៉ាងណាក៏ដោយក៏និមិត្តរូបអ្នកដែនដីកោះប៉ែននេះនៅបន្ដផ្ដល់ភាពរីករាយដល់ភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ៕