The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រះឈូក​នៅ​ស្រុក​កំណើត​អ៊ំហូ ​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ




ស្រះឈូក​នៅ​ស្រុក​កំណើត​អ៊ំហូ ​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ

Content image - Phnom Penh Post
នៅខែឧសភា ជាវេលាដែលផ្កាឈូករីកស្គុសស្គាយ ភាយ​​ក្លិន និង​រំលេច​សម្រស់ទាក់ទាញភ្ញៀវ។ រូបថត VNS

ស្រះឈូក​នៅ​ស្រុក​កំណើត​អ៊ំហូ ​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ

ក្រុង​ហាណូយ៖ ផ្កាឈូក​ត្រូវ​បាន​ចាត់​ទុក​ជា​បុប្ផា ដែល​តំណាង​ឲ្យ​សព្ទសាធុការពរ​របស់​ប្រជាជន​វៀតណាម ជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ និង​កម្លាំង​ពលំ ផ្ដួល​រលំ​សត្រូវ​។

ស្រះ​ឈូក​ជា​ច្រើន​ត្រូវ​បាន​ដាំ​​ក្នុង​ភូមិ​សេន (ឈូក​) ភាគ​កណ្ដាល​ខេត្ដ​ញេ​អាន ជា​ដែន​ដី​កំណើត​របស់​​លោក​ប្រធាន ​ហូ ជីមិញ ជា​​ការ​ឧទ្ទិស​ដល់​ដួង​ព្រលឹង​វីរបុរស​ជាតិ​ បាន​ជួយ​លើក​មុខ​មាត់​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​។

លោក ង្វៀង គុយហ៊ូង អាយុ ៨០ ឆ្នាំ ដែល​កើត​​ក្នុង​ភូមិ​នេះ ស្គាល់​ច្បាស់​អំពី​​អត្ថន័យ​នៃ​​ឈូក​ក្នុង​ស្រុក​ ក៏ដូចជា​ពលរដ្ឋ​ក្នុង​សហគមន៍​។ ខែ​ឧសភា ជា​វេលា​ស្រង់​ភាព​​ក្រអូប​នៃ​ក្លិន​ស្រូវ​ជាមួយ​គន្ធាពិដោរ​នៃ​ផ្កា​ឈូក​រីក​ ដែល​ជួយ​បន្ធូរ​ភាព​តានតឹង​ដល់​មនុស្ស​​ម្នា​។

លោក​បាន​និយាយ​ថា​៖ «​ភូមិ​​ឈូក គួរ​តែ​មាន​ស្រះ​ឈូក​។ នរណា​បាន​មក​លេង​ឃុំ​គីមឡែន សុទ្ធ​តែ​នឹក​ដល់​ផ្កាឈូក។ ពេល​នេះ ជា​ពិសេស​នៅ​ថ្ងៃ​កំណើត​លោក​ប្រធាន ហូ (ថ្ងៃទី ១៩ ខែឧសភា​) ភ្ញៀវ​ទេសចរ​នឹង​មាន​ឱកាស​បាន​ត្រជាក់​ភ្នែក​ជាមួយ​សម្រស់​ផ្កា​ឈូក ក្រែប​ក្លិន​តែ​ផ្កា​ឈូក និង​ចំណី​ពី​ផ្កា​ឈូក​ដទៃ​ទៀត​។ ផ្កា​ឈូក ​គឺ​ជា​សេចក្ដី​ស្រឡាញ់ និង​ចូលចិត្ដ​របស់​អ៊ំហូ​»។

Content image - Phnom Penh Post
ស្រះឈូកលាត​សន្ធឹង​លើផ្ទៃដី ៦ ហិកតា នៅ​ភូមិ​សេន ឃុំគីមឡែន ភាគកណ្ដាល​ខេត្តញេអាន។ រូបថត VNS

ស្រះ​ឈូក​ជា​ច្រើន​ក្នុង​សហគមន៍​ត្រូវ​បាន​ដាំ​ប្រភេទ​ផ្កា​ពណ៌​ស និង​ផ្កា​ឈូក​។ យោង​តាម​លោក ឡេ ធីហាយ ជា​ពលរដ្ឋ​ចំណាស់​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ស្រះ​​ជា​ច្រើន​ដែល​ប្រើ​ចិញ្ចឹម​ត្រី​កាល​ពេល​មុន ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ស្រះ​ឈូក​។
ស្រះ​ឈូក​ទាំង​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ ៦ ហិកតា នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​តភ្ជាប់​ភូមិ​មូតៃ​​ ជា​ផ្ទះ​របស់​ឪពុក​អ៊ំហូ និង​ភូមិ​ ហួង ទ្រូ ជា​ផ្ទះ​របស់​ម្ដាយ​លោក​។

នៅ​ក្នុង​បរិវេណ​នោះ ស្រះ​ឈូក​ ​២ ត្រូវ​បាន​ដាំ​ឈូក​ពណ៌​ស និង​ផ្កា​ឈូក ខណៈ​ស្ពាន​នៅ​ចំ​កណ្ដាល​បឹង​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​អង្គុយ​សម្រាក​លេង​។ ស្រះ​​ឈូក​​ជួយ​លើក​សម្រស់​បរិស្ថាន​ក្នុង​តំបន់​ និង​ផ្ដល់​នូវ​ទេសភាព​ស្រស់​ត្រកាល​​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ឈូក​ប្រមាណ ៥០ ប្រភេទ​ត្រូវ​បាន​ដាំ​ក្នុង​តំបន់ ដែល​ប្រើ​ជា​ទឹក​តែ​ក្លិន​ឈ្ងុយ​ គ្រាប់​ឈូក​ស្រស់ៗ គ្រាប់​ឈូក​ស្ងួត ទឹក​​ពី​គ្រាប់​ឈូក គីមឈី​​​ស្លឹក​ឈូក មើម​ឈូក​ជ្រក់ និង​ប្រេង​ឈូក​​។

លោក ផាន គីមទៀន នាយក​កសិកម្ម​ថាញ​វិញ JSC បាន​និយាយ​ថា៖ «​​យើង​កំពុង​ព្យាយាម​វេច​ខ្ចប់​ គីមឈី​ស្លឹក​ឈូក និង​តែ​ឈូក​ ឲ្យ​កាន់​តែ​ទាក់ទាញ​»៕ VNS/HR

អត្ថបទគួរចាប់អារម្មណ៍