The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហ៊ួយណាំដាង ឧទ្យាន​ជាតិ​រាជដំណាក់​គន់​សមុទ្រ​ឈើ​ថៃ




ហ៊ួយណាំដាង ឧទ្យាន​ជាតិ​រាជដំណាក់​គន់​សមុទ្រ​ឈើ​ថៃ

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ថតរូប​លើ​កំពូល​ភ្នំ​ក្បែរ​រាជតំណាក់​ឆ្លុះផ្ទៃ​ក្រោយ​ជា​សមុទ្រ​​ឈើ​ក្រាស​។ ហុង រស្មី

ហ៊ួយណាំដាង ឧទ្យាន​ជាតិ​រាជដំណាក់​គន់​សមុទ្រ​ឈើ​ថៃ

ក្រុងឈៀងម៉ៃ: ភ្នំ​ដូយឆាង និង​ដូយ​គីយ៉ូឡំ ជា​ចំណុច​គន់​រំលេច​នូវ​ទស្សនីយភាព​ជួរភ្នំ​ក្បែរ​ខាង​ដ៏ស្រស់​ត្រកាល​ហាក់បីដូច​ជាការ​ទស្សនា​សមុទ្រ​ឈើ​នៅ​ខេត្ដ​មណ្ឌលគិរី​អមដោយ​អ័ព្ទ​ផ្សែង​ដេរដាស​ក្នុង​រដូវរងា។

ឧទ្យាន​ជាតិ​ហ៊ួយណាំដាង គ្របដណ្ដប់​លើ​ផ្ទៃដី​ភ្នំ​ជាង ១៨០ គីឡូម៉ែត្រ​ការ៉េ​ស្ថិត​ក្នុង​ស្រុក Amphoe Mae Taeng និង Wiang Haeng នៃ​ខេត្ដ​ឈៀងម៉ៃ និង​ខេត្ដ​ម៉េហុងសន ភាគ​ខាងជើង​ប្រទេស​ថៃ។

ឧទ្យាន​ជាតិ​ផ្ដល់នូវ​ទស្សនីយភាព​ដ៏ស្រស់​ស្អាត​នៃ​ព្រៃភ្នំ​រវាង​ថៃ និង​មីយ៉ាន់ម៉ា។

ភាព​ទាក់ទាញ​ចម្បង​គឺជាការ​ទស្សនា​សមុទ្រ​ឈើ​ចាំង​ឆ្លុះ​ផ្ទៃមេឃ​ខៀវ​ស្រងាត់ និង​ធម្មជាតិ​ព្រៃឈើ​បៃតង​ខ្ចី។

ដូយគីយ៉ូ​ឡំ (Doi Kio Lom) ជាកំពូល​ភ្នំខ្ពស់​ចំទើត​ជម្រាល​លយធំ​ល្វឹងល្វើយ​ដែល​ទាក់ទាញ​ចិត្ដ​ភ្ញៀវទេសចរ​មកឈរ​គយគន់​សម្រស់​ព្រៃភ្នំ​ខ្ពស់​ទាប​រលករលេញ​ពេញនិយម។ ពេល​ថ្ងៃ​មេឃ​ស្រឡះ​ល្អ ភ្ញៀវទេសចរ​អាច​ទស្សនា​សមុទ្រ​ឈើ​យ៉ាងច្បាស់​ក្រឡែត​ពីចម្ងាយ និង​សម្រស់​ថ្ងៃរះ ជាមួយ​នឹង​ពពក​សក្បុស​នៅ​ពេល​ព្រឹក​ព្រលឹម​នា​រដូវរងា។

ភ្នំ​ដូយឆាង (Doi Chang) ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពីក្រោយ​ភ្នំ​ដូយ​គីយ៉ូឡំ ដែល​មាន​កម្ពស់​ជិត ២ ពាន់​ម៉ែត្រ ជា​ចំណុច​ខ្ពស់​បំផុត​នៃ​ឧទ្យាន។

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ឈរ​គយ​គន់​ព្រៃភ្នំ​ពីរាន​ហាល​ខាងលើ។ ហុង រស្មី

ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​បាន​ដោយ​ប្រើតែ​រថយន្ដ​ប្រភេទ​តួខ្ពស់ Off-road។ ទីឋាន​នេះ​ផ្ដល់នូវ​ទេសភាព​ព្រៃភ្នំ​ជាជួរៗ​មិន​ខុសពី​ចំណុច​ភ្នំ​ដូយគីយ៉ូឡំ​នោះ​ទេ។

ស្ថិតនៅ​ពីក្រោយ​ចំណុច​គយគន់​សមុទ្រ​ឈើ ជា​រាជដំណាក់​មួយ​ចំទើត​លើ​ទីទួល​ខ្ពស់​នៃ​បរិវេណ ដែល​រំលេច​នូវ​សួនផ្កា​ចម្រុះ​ពណ៌​ចោល​ក្លិន​ក្រអូប​ភាយ​ពេល​ត្រូវ​សន្សើម។

ក្រៅពី​ចំណុច​គោលដៅ​ពេញនិយម​ទាំង​ពីរ ភ្ញៀវទេសចរ​នៅ​អាច​បន្ដ​កម្សាន្ដ​តាម​បណ្ដា​ទីតាំង​មួយ​ចំនួន​ក្នុង​ឧទ្យាន​ជាតិ​ហ៊ួយណាំដាង​នេះ។

ទឹកធ្លាក់​ហ៊ួយណាំដាង មាន ៤ ជាន់ កម្ពស់ ៥០ ម៉ែត្រ និង​ទំហំ ៤០ ម៉ែត្រ​គ្របដណ្ដប់​ព្រៃ​ក្រាស់។ ទឹកធ្លាក់​ម៉េយេន មាន​ទឹកហូរ​ខួបប្រាំង​ខួបវស្សា​ដែល​មាន​ប្រភព​មកពី Huai Mae Yen Luang។

ថាប៉ៃ ហតស្ព្រីង ទឹក​ក្ដៅ​ធម្មជាតិ សីតុណ្ហភាព ៨០ អង្សាសេ​ជាទី​ឋាន​ត្រាំ​ទឹកក្ដៅ និង​ស្ងោរ​ពង​ពេញនិយម​ក្នុង​ខេត្ដ​ម៉េហុងសន។ ទឹក​ក្ដៅ​ផុង​ឌួតប៉ាប៉ែ ហតស្ព្រីង ស្ថិតក្នុង​ដី​ឈៀងម៉ៃ មាន​សីតុណ្ហភាព​ពី ៩០ ទៅ ៩៩ អង្សាសេ៕

Content image - Phnom Penh Post
ទិដ្ឋភាព​រាជដំណាក់​ស្ថិត​លើ​ជម្រាល​ភ្នំ​ដូយគីយ៉ូឡំ។ ហុង រស្មី

អត្ថបទគួរចាប់អារម្មណ៍