ខេត្តត្បូងឃ្មុំៈ រមណីយដ្ឋាន​ហ្លួង​ព្រះស្តេច​កន ឬ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ គឺ​បណ្ដុំ​នៃ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សាសនា​ដែល​បាន​បង្កប់​នូវ​រឿងរ៉ាវ​របស់​អតីត​ស្តេច​ខ្មែរ​មួយ​ព្រះអង្គ​មាន​ស្នា​ព្រះហស្ថ​ដ៏អស្ចារ្យ​គឺ​ព្រះស្រី​ជេដ្ឋាធិរាជ​ព្រះស្តេច​កន ដែល​បាន​សោយរាជ្យ​ឆ្នាំ​ ១៥១២-១៥២៥​។ បច្ចុប្បន្ន​ទីនេះ​មិន​ត្រឹម​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏ល្បី​មួយ​ប៉ុណ្ណោះ តែ​ក៏​កំពុង​ក្លាយ​ជា​ទីកន្លែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​យ៉ាងច្រើន​ទាក់ទិន​នឹង​ជំនឿ​វត្ថុ​ស័ក្តិសិទិ្ធ និង​ការគោរព​ព្រះពុទ្ធ​សាសនា គឺ​មាន​ពុទ្ធរូប​ផ្ទំ ១ អង្គ​ដ៏ធំ​សម្បើម​។

ស្ថិត​នៅ​ភូមិ​បន្ទាយ​ព្រៃនគរ និង​ភូមិ​អង្គរក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដ​ត្បូងឃ្មុំ​មាន​ចម្ងាយ​ជាង ១៤ គីឡូម៉ែត្រ​ពី​ផ្លូវ​បំបែក​នៃ​ទិសដៅ​ខេត្ត​កំពង់ចាម និង​មណ្ឌលគិរី​ដោយ​បត់​ឆ្វេង​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ចាម​នោះ​នឹង​បាន​ឃើញ​រមណីយដ្ឋាន​ហ្លួង​ព្រះស្ដេច​កន ឬ​អ្នកស្រុក​និយម​ហៅថា វត្ត​អង្គរក្នុង​។

ទីកន្លែង​រូប​សំណាក ហ្លួង​ព្រះស្តេចកន​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទីនេះ​ត្រូវ​បាន​អភិរក្ស​ចាប់​តាំងពី​ឆ្នាំ​ ២០០៦ មក​ដោយ​ការសង់​រូប​សំណាក ហ្លួង​ព្រះស្ដេចកន​កំពុង​ជិះសេះ​លើក​ធ្នូស​របាញ់​ដែល​បង្ហាញ​ពី​ឫទិ្ធ​អំណាច និង​រូប​សម្បតិ្ត រឹងមាំ​ស្វាហាប់ និង​មាន​តួ​ប្រាសាទបុរាណ​សង់​ពី​ថ្មបាយក្រៀម​ចំនួន​ ២ ដែល​ជា​ទីកន្លែង​សក្ការៈបូជា​នៃ​សាសនា​ក្នុង​អតីតកាល​បន្សល់​មក​ដល់​បច្ចុប្បន្ន​នេះ​។

ទន្ទឹម​នឹង​នេះ​រមណីយដ្ឋាន​ខាងលើ​ក៏​បាន​កសាង​ពុទ្ធរូប ១ ​ព្រះអង្គ​ផ្ទំ​ជា​ព្រះពុទ្ធរូប​មួយ​ដ៏ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវែង​ពី​ចុង​ព្រះបាទ​ទៅ​ព្រះកេស ៤៥ ម៉ែត្រ ២ ​តឹក កម្ពស់​ពី​ព្រះហស្ថ​ទៅ​ព្រះកេស ១៣ ម៉ែត្រ ៥ ​តឹក​។ ព្រះពុទ្ធ​រូបនេះ​ត្រូវ​បាន​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​ ២០០៧ និង​រួចរាល់​នៅ​ឆ្នាំ​ ២០០៩​។ ខណៈ​ព្រះពុទ្ធ​រូប​នេះ​សង់​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ទៅ​ដល់​ពុទ្ធបរិស័ទ​ឲ្យ​ស្គាល់​ពី​កិរិយា​របស់​ព្រះពុទ្ធ​បរមគ្រូ​នាពេល​ព្រះអង្គ​ផ្ទំ​។

ក្រៅពី​នេះ​ក៏​បង្កប់​ជំនឿ​ដ៏ស័ក្តិសិទិ្ធ​របស់​ព្រះអង្គ​សំរឹទ្ធ ឬ​ព្រះអង្គ​ខ្មៅ​ដែល​ស្ថិត​នៅ​ក្នុង​ព្រះវិហារ​ផង​ដែរ​ដោយសារ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​តែងតែ​មក​គោរពបូជា​នៅ​ទី​នេះ​ជា​រៀងរាល់​ថ្ងៃ​សីល​មិន​ដែល​ខាន​នោះ​ឡើយ​។

ព្រះភិក្ខុ ម៉ែន ប្រុស គង់នៅ​វត្ត​អង្គរក្នុង ឬ​វត្ត​ហ្លួង​ព្រះស្តេចកន​មាន​សង្ឃដីកា​ថា​៖ «​ចំណុច​ពិសេស​មួយ​ទៀត​គឺ​ក្សិណ​ទឹក​ជុំវិញ​ប្រាសាទ​ពី​បុរាណ​ហ្នឹង​។ បច្ចុប្បន្ន​នេះ​គឺ​នៅតែ​ជា​ក្សិណ​ទឹក​ដដែល គ្រាន់តែ​ថា​ទឹក​រាក់ ឬ​ជ្រៅ​តាម​រដូវកាល ហើយ​ពលរដ្ឋ​ទី​នេះ​សហការ​គ្នា​ណាស់​បាន​ជួយ​ថែរក្សា​បេតិកភណ្ឌ​នានា ថែរក្សា​ដើមឈើ គ្មាន​ការបំផ្លាញ​អី​ទេ ហើយ​វត្ត​ក៏​ទើប​តែ​ជីក​ស្រះ​ធំៗ​ចំនួន​ ២ បន្ថែម​ទៀត​ផង​ដែរ​សម្រាប់​សង់​ទីកន្លែង​កម្សាន្ត​»​។

ពុទ្ធរូប​ផ្ទំ​ដ៏ធំ​សម្បើម​នៅ​រមណីយដ្ឋាន​ហ្លួង​ព្រះស្តេច​កន​។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

រមណីយដ្ឋាន​ហ្លូង​ព្រះស្តេចកន​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន ៥០ នាក់​ទៅ ១០០ ​នាក់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ខណៈ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​វិញ​អាច​មាន​ភ្ញៀវ​ចាប់ពី ១០០ ​នាក់​ឡើង​ទៅ​។ នាពេល​មាន​ពិធីបុណ្យ មិន​ថា​បុណ្យជាតិ ឬ​សាសនា ទីនេះ​មាន​ភ្ញៀវ​មក​កម្សាន្ត​ដល់​រាប់ពាន់​នាក់​ដែរ​។

ព្រះភិក្ខុ ម៉ែន ប្រុស មាន​សង្ឃដីកា​បន្ថែម​ថា​៖ «​ពេល​មាន​ពិធី​បុណ្យ​ផ្សេងៗ ដូចជា​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាដើម​នោះ ព្រះចៅ​អធិការ​វត្ត​តែងតែ​រៀបចំ​ពិធី​រយៈពេល ១០ ​ថ្ងៃ​ដល់​កន្លះ​ខែ​ដោយ​មាន​ការកម្សាន្ត​ច្រើន​ដូចជា ល្ខោន បញ្ចាំង​កុន លេងល្បែង​ប្រជាប្រិយ និង​រាំលេង​ជាដើម ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធីបុណ្យ​ឲ្យ​បាន​គ្រប់ៗ​គ្នា​»​។

បើ​យោង​តាម​ឯកសារ​មហា​បុរស​ខែ្មរ​ក្នុង​ព្រះរាជ​កិច្ចដឹកនាំ​នៃ​ហ្លួង​ព្រះសេ្តចកន បាន​ធ្វើឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការអភិវឌ្ឍ ហើយ​បាន​បោះពុម្ព​រូបិយវត្ថុ​ប្រាក់​ស្លឹង និង​មាន​មាសសន្លឹក​ចរាចរ​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ខណៈ​ឯកសារ​ប្រវតិ្តសាស្ត្រ​ក៏​បាន​សរសេរ​ទៀត​ថា ព្រះបាទ​ស្រីជេដ្ឋា​ទី​ ២ ឬ​ហ្លួង​ព្រះស្ដេចកន​ទ្រង់​បាន​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​ ១៥០៨ ឬ​ឆ្នាំ​ ១៥១២ នៃ​គ.ស នៅឯ​ទួលបាសាន ហើយ​ទ្រង់​បាន​សោយទិវង្គត​នៅ​ឆ្នាំ​ ១៥២៥ នៅឯ​បន្ទាយ​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​៕

វីដេអូ៖