ក្រុង​ម៉ានីល: ហ្វីលីពីន​បាន​បើក​ឆ្នេរ​រី​សត​ដ៏​ពេញនិយម​បំផុត​នៅ​លើ​ដែន​កោះ បូរ៉ាសេ ឡើង​វិញ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​បិទ​សម្អាត​ភាព​កខ្វក់​រយៈពេល ៦ ខែ ដែល​ញាំញី​ដោយ​ទេសចរ​រាប់​ឆ្នាំ​កន្លង​មក។

ពេល​រដ្ឋាភិបាល​បាន​បើក​ដំណើរការ​ឆ្នេរ​ឡើងវិញ កោះ​បូរ៉ា​សេ នឹង​នៅសល់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តិច​ជាង​មុន ចំនួន​ភ្ញៀវ​ត្រូវ​បាន​កំណត់ និង​ត្រូវ​អនុវត្ដ​ច្បាប់​តឹងរ៊ឹង​ដើម្បី​រក្សា​សម្រស់​ធម្មជាតិ​ឆ្នេរ។

វិធានការ​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​ការពារ​សម្រស់​ផ្ទៃ​ទឹក​ត្បូង​មរកត និង​ឆ្នេរ​ដ៏​សក្បុស ដែល​អន្ទង​ចិត្ដ​ភ្ញៀវ ២ លាន​នាក់​ក្នុង ១ ឆ្នាំ។

រដ្ឋមន្ដ្រី​ទេសចរណ៍ លោកស្រី បេ​ណា​ដេ​ត រ៉ុ​មូ​ឡូ ពូ​យ៉ា​ត រំពឹងថា កោះ​បូរ៉ាសេ​ដ៏​ថ្មី​សន្លាង​នេះ​នឹង​បើក​ទំព័រ​សករាជ​ទេសចរណ៍​ថ្មី​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​ការ​បន្ថែម​គោល​ដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត។

ឆ្នេរ ១០០០ ហិកតា ទទួល​អ្នក​គេង​សំដិល​ថ្ងៃ​រហូតដល់ ៤ ម៉ឺន​នាក់ ដែល​ចាយ​ប្រាក់ ១ ពាន់​លាន​ដុល្លារ​ក្នុង ១ ឆ្នាំ។ តែ​វា​ក៏បាន​បន្សល់​ទុក​នូវ​ភ្នំ​សំរាម ប្រព័ន្ធ​បង្ហូរ​ទឹក​លិច​លង់ ខូច​បរិស្ថាន​ផង​ដែរ។

ស្ថិតក្រោម​ច្បាប់​ថ្មី​នេះ ពេល​សម្អាត​ម្ដង ភ្ញៀវ​តែ ១៩ ២០០ នាក់​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ឡើង​ដែន​កោះ​ដោយ​រដ្ឋាភិបាល​ចង់​គ្រប់គ្រង​ចំនួន​បន្ទប់​សណ្ឋាគារ​ឲ្យ​សម​ល្មម។ ភោជនីយដ្ឋាន និង​ជា​ពិសេស​កាស៊ីណូ​ជាច្រើន​ក៏​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ផង​ដែរ៕