ក្រុង​ព្រះវិហារ៖ ទឹក​ធ្លាក់​ភ្នំ​ត្បែង​​ ឬ​ទឹក​ធ្លាក់​តាម៉ា​ភ្នំ​ត្បែង កម្ពស់​ប្រមាណ​ជិត ៣០ ម៉ែត្រ និង​ហូរ​ជម្រាល​ជា​ច្រើន​តំណាក់​ ផ្ដល់​បរិយាកាស​គួរ​ឲ្យ​គយគន់ និង​ងូត​ទឹក​លេង​ក្រោម​សម្រស់​ធម្មជាតិ​នៃ​ព្រៃ​ព្រឹក្សា​ស្រោប​ស្ទើរ​ជុំ​ជិត​យ៉ាង​ត្រជាក់​ល្ហឹម​។

ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ធ្លាក់​ភ្នំ​ត្បែង ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ត្បែង​មាន​ជ័យ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ​ ចម្ងាយ​ប្រមាណ ៣៥ គីឡូម៉ែត្រ ​ពី​ក្រុង​ព្រះវិហារ​ ភ្ញៀវ​ទេសចរ​ត្រូវ​ដើរ​ឡើង​ជណ្ដើរ​បេតុង​ ១ ៣៤៥ កាំ​​ ដោយ​ឆ្លង​កាត់​អារាម​ភ្នំ​ត្បែង ឬ​វត្ដ​ដំបូក​ខ្មៅ​ ប្រមាណ​ ១ គីឡូម៉ែត្រ​។

ជណ្ដើរ​បេតុង​លាត​ពង្រាយ​តាម​ជម្រាល​ភ្នំ​កម្ពស់ ៦០០ ម៉ែត្រ​ មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​ប៉ុន្មាន​ចំពោះ​មនុស្ស​ទូទៅ​ឡើយ​។ លើស​ពី​នេះ ភ្ញៀវ​ត្រូវ​ស្ពាយ​សម្ភារ​ចាំបាច់​មួយ​ចំនួន​តាម​ខ្លួន ដូចជា អាហារ​ និង​គ្រឿង​សំណែន​ ខណៈ​តូប​ចាប់​ហ៊ួយ​លើ​ភ្នំ​ មាន​អាហារ​កញ្ចប់​តិចតួច មី​កំប៉ុង និង​ទឹក​ពិសារ​ប៉ុណ្ណោះ​។

អារាមភ្នំត្បែង ឬវត្តដំបូកខ្មៅ ល្បីបារមីសច្ចំ សួង ដែលពលរដ្ឋខ្មែរ និងជនជាតិថៃគោរពមានជំនឿស័ក្ដិសិទ្ធិ។ ហុង មិនា

លោក ខែក ធួន អាច​ជា​បុរស​​ដំបូង​ម្នាក់​​​ ដែល​អ្នក​ដំណើរ​បាន​ជួប​ដំបូង​ ពេល​ចត​រថយន្ដ​នៅ​ក្បែរ​ជើង​ភ្នំ​ត្បែង​ ដោយសារ​​អ្នក​​ស្រុក​ត្បែង​មាន​ជ័យ​​រូប​​នេះ ជា​អ្នក​ផ្ដល់​សេវាកម្ម​ស្ពាយ​សម្ពាយ​ជូន​ភ្ញៀវ​ដែល​មាន​បំណង​ឡើង​ភ្នំ​ត្បែង ព្រម​ទាំង​​​ជូន​ដំណើរ​ពួក​គេ​ទៅ​តាម​គោលដៅ​កម្សាន្ដ​មួយ​ចំនួន​។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ពណ៌​ផ្ទៃមេឃ ខោ​ខ្លី​ទឹក​ប៊ឹក​ប្រឡាក់​ក្អែល​ និង​ស្បែក​ជើង​ផ្ទាត់​ទឺក​ស្ក​ជាមួយ​ថង់​បាវ​អង្ករ​ដែល​ច្នៃ​ជា​សម្ពាយ​ លោក ធួន​ អាយុ ៤២ ឆ្នាំ មក​សួរ​នាំ​ភ្ញៀវ​ បើ​ពួក​គេ​ត្រូវ​ការ​កម្លាំង​ជួយ​លីសែង​អីវ៉ាន់​ធ្ងន់​ស្រាល​ឡើង​ភ្នំ​ជាង ១ ០០០ កាំ​​លើ​ជណ្ដើរ​បេតុង​​ និង​ជូន​ទៅ​លេង​ទឹក​ធ្លាក់​លើ​កំពូល​ភ្នំ​។

លោក ខែក ធួន ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​នេះ​ជាង​ ១០ ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ភ្ញៀវ​ភាគ​ច្រើន​មិន​មាន​កម្លាំង​ស្ពាយ​បង្វេច​​ដើរ​ឡើង​ភ្នំ​ដោយ​ខ្លួន​ឯង​បាន​។ អ៊ីចឹង គាត់​អាច​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​។ ភ្ញៀវ​ខ្លះ​ឡើង​ដោយ​អត់​ស្ពាយ​អ្វី​សោះ ក៏​ពិបាក​ដែរ ពីព្រោះ​ផ្នែក​ខ្លះ​នៃ​ជណ្ដើរ​មាន​សភាព​ចោត​ខ្លាំង​»។

រុក្ខជាតិបៃតងតូចធំ អមដំណើរភ្ញៀវទេសចរទៅកាន់ទឹកធ្លាក់។ហុង មិនា

ខណៈ​ក្រុម​យុវវ័យ​នៅ​តែ​បន្ដ​ប្រើ​ល្បឿន​ស្ថេរ​​ចន្លោះ​ជណ្ដើរ​ ២០០ ទៅ ៣០០ កាំ​ដំបូង​ដែល​​បទភ្លេង​​ចម្រៀង​​កំដរ​អារម្មណ៍​បន្លឺ​ចេញ​ពី​កូន​បាស​ស្ពាយ​ជាប់​ខ្លួន អ្នកស្រី សួន អាយុ​ជាង ៦០ ឆ្នាំ បាន​និយាយ​ជាមួយ​ខ្យល់​ដង្ហើម​បែប​ដង្ហក់​ថា​៖ «​ហត់​ខ្លាំង​ណាស់​ក្មួយ​។ ប៉ុន្ដែ​ចេះ​តែ​ខំ​ទៅ​តាម​កម្លាំង​ចិត្ដ ដែល​ចង់​ឃើញ​ចង់​ស្គាល់​ ជា​ពិសេស ទីឋាន​សក្ការៈ​នៅ​លើ​ភ្នំ​»។

សម្ពាយ​នៅ​លើ​ស្មា​ទម្ងន់​ប្រមាណ ២០ គីឡូក្រាម ដើរ​បណ្ដើរ​ ឈប់​ចាំ​ភ្ញៀវ​បណ្ដើរ​ ក្នុង​សភាព​មិន​ហត់​នឿយ​ដូច​អ្នក​ដំណើរ​ទូទៅ លោក ធួន បាន​បន្ដ​ថា​៖ «​ពី​ជើង​ភ្នំ​ឡើង​ដល់​កំពូល​ ជណ្ដើរ​បេតុង​នេះ​មាន ១ ០៩២ កាំ ដោយ​មាន​កន្លែង​ឈប់​សម្រាក​ចំនួន ៣ ក្យូស​។ ដល់​កំពូល​ភ្នំ យើង​ដើរ​ទៅ​កាន់​វត្ដ​ភ្នំ​ត្បែង ឬ​វត្ដ​ដំបូង​ខ្មៅ ដោយ​ឡើង​ជណ្ដើរ​បេតុង​ ២៥៣ កាំ​ទៀត​»។

អ្នក​ផ្ដល់​សេវាកម្ម​ស្ពាយ​អីវ៉ាន់​ឲ្យ​ភ្ញៀវ​រូប​នេះ បាន​អះអាង​ថា ចំពោះ​អ្នក​ដំណើរ​វ័យ​ចាស់ ដែល​មិន​មាន​លទ្ធភាព​ដើរ​ឡើង​ភ្នំ​ខ្លួន​ឯង​បាន ពួក​គេ​អាច​ជិះ​អង្រឹង​ស្នែង​រហូត​ដល់​កំពូល​ភ្នំ​។

ជណ្ដើរ ១ ៣៤៥ កាំ ដែលមានក្យូសឈប់សម្រាក់ ៣ ដំណាក់ មុនទៅដល់ទឹកធ្លាក់។ហុង មិនា

លោក ធួន ដែល​គិត​ថ្លៃ​សេវាកម្ម​ស្ពាយ​សម្ពាយ​ចាប់​ពី ៣ ម៉ឺន​រៀល​ទៅ​តាម​ទម្ងន់​នៃ​អីវ៉ាន់ ដោយ​ដើរ​តាម​ភ្ញៀវ​ត្រុកៗ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​ បាន​និយាយ​ថា​៖ «​ប៉ុន្ដែ យើង​កម្រ​ជួប​ភ្ញៀវ​ដែល​រក​សេវាកម្ម​សែង​ឡើង​ណាស់ ពី​ព្រោះ​ចាស់ៗ​ គាត់​ភ័យ​ពេល​ជិះ​លើ​អង្រឹង​ឡើង​ជណ្ដើរ​ចោទ​។ យូរ​ៗ យើង​ទទួល​ម្ដង​ ដោយសារ​គាត់​ចង់​ទៅ​គោរព​បួងសួង​នៅ​វត្ដ​លើ​ភ្នំ​»។

ក្រោយ​ឈប់​សម្រាក​ច្រើន​លើ​ក​ច្រើន​សា​តាម​ជណ្ដើរ​សណ្ដូក​ខ្លួន​ដូច​សត្វ​នាគ​ និង​ឆ្លៀត​ចោល​កន្ទុយ​ភ្នែក​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ព្រម​ទាំង​អុច​ធូប​ទៀន​បួង​សួង​សុំ​សេចក្ដី​សប្បាយ​ទៅ​តាម​ជំនឿ​​នៅ​អារាម​ភ្នំ​ត្បែង​ ភាព​ហត់​នឿយ​នឹង​ត្រូវ​ជម្រុះ​ចោល​ពេល​បាន​ទៅ​ដល់​ទីឋាន​ទឹក​ធ្លាក់​ភ្នំ​ត្បែង ឬ​តាម៉ា ដែល​ហូរ​ក្នុង​សន្ធឹក​ទឹក​យ៉ាង​ខ្លាំង​ក្លា​នៃ​មុខ​កាត់​ប្រមាណ ៥ ម៉ែត្រ និង​កម្ពស់​ជិត ៣០ ម៉ែត្រ​។

ចេញ​ពី​វត្ដ​ដំបូក​ខ្មៅ ភ្ញៀវ​ទេសចរ​អាច​ជ្រើស​រើស​ផ្លូវ​ពីរ​ ដោយ​មួយ​ទៅ​កាន់​បរិវេណ​​​ផ្នែក​ខាង​ក្រោម​ទឹក​ធ្លាក់ ខណៈ​មួយ​ផ្លូវ​ទៀត​ ទៅ​កាន់​កន្លែង​ជម្រាល​នៃ​ផ្នែក​ខាង​លើ​ ជាទី​ឋាន​សម្រាប់​ងូត​លេង​របស់​ភ្ញៀវ​។ ប៉ុន្ដែ​ភ្ញៀវ​អាច​ឡើង​ពី​បរិវេណ​ខាង​ក្រោម​ទៅ​ខាង​លើ​ ឬ​ចុះ​ពី​ខាង​លើ​មក​ខាង​ក្រោម​បាន​ដូច​គ្នា​។

ភ្ញៀវទេសចរផ្ដិតយកទេសភាពទឹកធ្លាក់ពីចំហៀងខាងក្រោម។ហុង មិនា

រុក្ខជាតិ​តូច​ៗ​ដុះ​តោង​ជញ្ជាំង​ថ្ម​កម្ពស់​ប្រមាណ ៣០ ម៉ែត្រ​ និង​ទឹក​ហូរ​ស្រក់​តក់ៗ​ ដែល​ហាក់​ដូចជា​មេឃ​កំពុង​បង្អោល​ទឹក​ភ្លៀង​ឥត​ឈប់​ឈរ​កាត់​ផែន​កម្រាល​ព្រំ​បៃតង​ ត​ភ្ជាប់​ដោយ​ទឹក​ហូរ​ធ្លាក់​ក្រោម​សន្ធឹក​លាន់​ទ្រហឹង​ បង្កើត​បាន​ជា​ទេសភាព​ផ្ទៃ​ក្រោយ​រូប​ថត​យ៉ាង​ស្រស់​ត្រកាល​សម្រាប់​បរិយាកាស​នៅ​ផ្នែក​ខាង​ក្រោម។

ស្ថិត​នៅ​ពី​ក្រោយ​ទឹក​ធ្លាក់​ ក្រហូង​ថ្ម​ដ៏​ធំ​ជា​ផ្លូវ​រូង​សម្រាប់​ឲ្យ​ភ្ញៀវ​ដើរ​ឆ្លង​កាត់​ទៅ​ទឹក​ធ្លាក់​ផ្នែក​ខាង​លើ។ ឆ្លង​កាត់​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទឹក​ធ្លាក់​ ក៏​ជា​ទី​ឋាន​ផ្ទៃ​ក្រោយ​កាន់តែ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​និយម​សែល​ហ្វី​ មុន​ដើរ​កាត់​ក្រោម​តំណក់​ទឹក​ស្រក់​ពី​ជញ្ជាំង​ភ្នំ ដែល​ហូរ​ជ្រៀក​រុក្ខជាតិ​ស្រស់​ញញឹម​។

ផ្នែក​ខាង​លើ​នៃ​ទឹក​ធ្លាក់​ គឺជា​ជម្រាល​ស្ទឹង​ដ៏​ធំ​ល្វឹងល្វើយ​ក្រោម​ម្លប់ត្រឈឹង​ត្រឈៃ​​នៃ​ដើម​ឈើ​ខ្ពស់​ៗ​។ វា​ពិត​ជា​ស័ក្ដិសម​​សម្រាប់​​ភ្ញៀវ​ទេសចរ​ងូត​លេង​ ​​ទទួល​ទាន​អាហារ​ និង​សម្រាក​បញ្ចូល​ថាមពល​មុន​ពេល​សម្រេច​ចិត្ដ​ចុះ​ពី​ភ្នំ​វិញ​។

វា​​មិន​ទាន់​អស់​នោះ​ទេ នៅ​ខ្សែ​ខាង​លើ​នៃ​ដង​ស្ទឹង​ នៅ​មាន​ទឹក​ហូរ​ទាបៗ​ជា​ច្រើន​តំណាក់​ទៀត ដែល​ទាំង​ភ្ញៀវ និង​អ្នក​នាំ​ភ្ញៀវ​អះអាង​ដូច​គ្នា​ថា វា​កាន់​តែ​ស្រស់​ស្អាត និង​ស័ក្ដិសម​សម្រាប់​ការ​ងូត​លេង​ថែម​ទៀត​។

ទិដ្ឋភាពទឹកធ្លាក់មើលពីក្រហូងថ្ម ដែលជាផ្លូវសម្រាប់ដើរឡើងទៅពីខាងក្រោម ទៅផ្នែកខាងលើនៃទឹកធ្លាក់។ហុង មិនា

អង្គុយ​លើ​ដុំ​ថ្ម​ ភ្នែក​រំពៃ​មើល​ភ្ញៀវ​លេង​ទឹក​ក្រោម​ក្រសែ​ភ្នែក​ជា​អ្នក​ផ្ដល់​សុវត្ថិភាព​ក្នុង​នាម​ជា​អ្នក​នាំ​ផ្លូវ​​ម្នាក់ លោក ខែក ធួន បាន​ប្រាប់​ថា​៖ «​នៅ​បរិវេណ​ទឹក​ធ្លាក់​នេះ ភ្ញៀវ​ចូល​ចិត្ដ​ថត​រូប​ច្រើន​ជាង ហើយ​ចំពោះ​ការ​ងូត​លេង​កម្សាន្ដ​ ពួក​គេ​នាំ​គ្នា​ដើរ​តាម​ខ្សែ​ខាង​លើ​​បន្ដ​ប្រមាណ​ ២០០ ទៅ ៣០០ ម៉ែត្រ​។ វា​មាន​ទឹក​ហូរ​តាម​ជម្រាល​ថ្ម​ច្រើន​តំណាក់​»។

ដើរ​ចុះ​ពី​ខ្សែ​ទឹក​ខាង​មក​កាន់​ខ្សែ​ទឹក​ខាង​ក្រោម​ក្បែរ​ក្បាល​ទឹក​ធ្លាក់ ទេសចរ​មួយ​ក្រុម​បាន​ស្រែក​ប្រាប់​អ្នក​ងូត​ទឹក​ផ្នែក​ខាង​ក្រោម​ថា «​ខាង​លើ​ មាន​កន្លែងៗ​ស្អាត​ច្រើន​ទៀត​»។

ទឹក​ធ្លាក់​ភ្នំ​ត្បែង ឬ​តាម៉ា ស្ថិត​ក្នុង​​​ភូមិ​បេងកោង ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ​ចម្ងាយ​ប្រមាណ ២៨០ គីឡូម៉ែត្រ​ពី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦២ ឬ ១០០ គីឡូម៉ែត្រ ​ពី​​​ផ្លូវ​បំបែក​សៀមរាប ត្រង់​ឃុំ​ត្រពាំង​ឫស្សី​នៃ​​ខេត្ដ​កំពង់ធំ៕

ភ្ញៀវទេសចរងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេង បន្សាបអស់អារម្មណ៍នឿយហត់ពីការឡើងជណ្ដើរជាង ១ ពាន់កាំ។ហុង មិនា

វីដេអូ៖