ក្រុងកាស្មៀរ៖ ភ្ញៀវ​ទេសចរ​ដែល​ត្រូវ​បាន​ព្រមាន​ដោយ​ភាគី​ឥណ្ឌា​​ឲ្យ​ចាក​ចេញ​ពី​ទីក្រុង​កាស្មៀរ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​កម្ទេច​តំបន់​ស្វយ័ត​ស្ថិត​ក្នុង​ជ្រលង​ភ្នំ​នេះ នឹង​ត្រូវ​បាន​ស្វាគមន៍​ត្រឡប់​មក​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ​បើ​យោង​តាម​អភិបាល​ក្រុង​មូលដ្ឋាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​។

អាជ្ញាធរ​កាល​ពី​ដើម​ខែ​សីហា​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​សុំ​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់​ចំពោះ​ក្ដី​បារម្ភ​ពី​ការ​គំរាម​កំហែង​ភេរវកម្ម​លើ​ក្បួន​ព្យុហយាត្រា​ព្រហ្មញ្ញ​សាសនា​ធំ​មួយ​ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ប្រញាប់​ឡើង​យន្ដហោះ​ និង​រថយន្ដ​ក្រុង​រត់​ចែក​ជើង​គ្នា​។

ក្រុង​ញូវដែលី ក៏​បាន​ចាត់​វិធានការ​លើ​រាល់​ចលនា​ និង​កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​រួម​ទាំង សេវាកម្ម​អ៊ីនធឺណិត និង​ទូរស័ព្ទ​ នៅ​មុន​ការ​សម្រេច​ចិត្ដ​ផ្ដាច់​ខ្លួន​ដ៏​ចម្រូង​ចម្រាស​ដែល​បង្ក​ជា​ចលាចល​។

ប៉ុន្ដែ​រដ្ឋាភិបាល​មូលដ្ឋាន​ សាតយ៉ា ផាល ម៉ាលីក បាន​ប្រាប់​ពី​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ក្រុង​ញូវដែលី​ឡើង​វិញ​ថា អាជ្ញាធរ​បាន​ដក​បម្រាម​គោចរ​ ដោយ​បាន​បន្ថែម​ថា ការ​រឹត​បន្ដឹង​ទាក់ទង​នឹង​សន្ដិសុខ​ ត្រូវ​បាន​ដក​ចេញ​ពី​ភាគ​ច្រើន​នៃ​តំបន់​។

រដូវ​ស្លឹកឈើជ្រុះ​នៅ​កាស្មៀរ ស្រស់ស្អាត តែ​ខ្សត់ភ្ញៀវទេសចរ​។ រូបថត AFP

ប្រតិបត្ដិករ​ទេសចរណ៍​បាន​ប្រាប់​ទីភ្នាក់ងារ ​AFP កាល​ពី​ចុង​ខែ​សីហា​ថា ពួក​គេ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​តាមរយៈ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​យ៉ាង​គំហុក​ និង​មាន​ក្ដី​បារម្ភ​ថា មនុស្ស​ជា​ច្រើន​នឹង​លែង​មក​បៀត​ទីនេះ​រយៈពេល​យូរ​ទៀត​។

តួលេខ​បាន​បង្ហាញ​ថា អ្នក​ដំណើរ​បរទេស​តែ ១៥០ នាក់ ​បាន​មក​កាន់​ទីក្រុង​កាស្មៀរ​ ក្រោយ​ថ្ងៃទី ៥ ខែ​សីហា ពេល​ក្រុង​ញូវដែលី លុប​ចោល​ស្វ័យភាព​រហូត​ដល់​ដំណាច់​ខែ​។

ក្រុង​កាស្មៀរ ​ត្រូវ​បាន​ខណ្ឌ​ចែក​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន តាំង​ពី​ឆ្នាំ ​១៩៤៧ និង​បង្ក​ជា​ជម្លោះ​បង្ហូរ​ឈាម​រវាង​ប្រជាជាតិ​ផលិត​នុយក្លេអ៊ែរ​​ទាំង ២​។

មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ចំពោះ​ក្រុម​ប្រឆាំង​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​តាំង​ពី​ឆ្នាំ ​១៩៨៩ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​៕ AFP/HR