ក្រុងច្បារមន: ព្រះអង្គ​មិនមែន​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍ ឬ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ពី​សេវាកម្ម​នាំ​ភ្ញៀវ​ដើរ​កម្សាន្ដ​ក្នុងព្រៃ និង​ឡើង​ភ្នំ​អ្វី​សោះ​ឡើយ​។ ព្រះអង្គ​គ្រាន់តែ​ជា​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ ១ ​អង្គ​ដែល​គង់​នៅ​តែ​អង្គឯង​ក្នុង​អាស្រម​ឈ្មោះ វត្ដ​ព្រៃមេត្ដា​ធម្មជាតិ ជា​ទីកន្លែង​ដែល​តារាចម្រៀង​មាស សុខសោភា ផ្ដួចផ្ដើម​ដាំ​កូនឈើ ១ ​ម៉ឺន​ដើម​។

យ៉ាងណា​មិញ ព្រះតេជគុណ ព្រំ ធម្មជាតិ បាន​ក្លាយ​ជា​ទីភ្នាក់ងារ​មគ្គុទេ្ទសក៍​ទេសចរណ៍​ដោយ​មិន​ដឹង​ព្រះកាយ និង​អាស្រម​អារាម​ដែល​ជា​សំណង់​ឈើ​មួយ​ខ្នង​តាំង​ព្រះពុទ្ធបដិមា​តូចៗ​ប៉ុន្មាន​អង្គ និង​ព្រះ​ពុទ្ធរូប​ប៉ុន្មាន​ផ្ទាំង តំណាង​ឲ្យ​ទីឋាន​សក្ការៈ​សម្រាប់​ពុទ្ធបរិស័ទ​គ្រប់រូប​ក៏​ក្លាយ​ជា​មជ្ឈមណ្ឌល និង​ផ្ទះ​ស្នាក់​ផង​ដែរ​។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា​៖ «​មាន​មនុស្ស​មកពី​ប្រទេស​នេះ ប្រទេស​នោះ ឆាត​មក​អាតា្ម ហើយ​អាត្មា សួរ​ថា​ហេតុអ្វី​បាន​ដឹងថា អាត្មា​នៅ​ទីនេះ​? ពីព្រោះ​អាត្មា​អត់​បាន​វេបសាយ​អី​ទេ ក្រៅ​ពី​ហ្វេសប៊ុក​។ ពួកគេ​ប្រាប់​ថា ពួកគេ​ដឹង​តៗ​គ្នា​ថា ទីនេះ​មាន​ទទួល​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​ដើរ​ព្រៃ​»​។

ដោយ​មាន​ជនបរទេស​ទាក់ទង​ស្វែងរក​ការណែនាំ​ដើរ​ព្រៃ​ក្នុង​តំបន់​ភ្នំក្រវាញ និង​ភ្នំ​ឱរ៉ាល់​ចំពោះ​ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​មក​តាំង​អាស្រម​ក្នុង​ព្រៃ​នេះ​ជារឿយៗ​តាមរយៈ​បណ្ដាញ​សង្គម ម្ចាស់​គណនី «Metta Forest» បាន​ឲ្យ​ដឹងថា ពួកគេ​មកពី​ជុំវិញ​ពិភពលោក​ទាំង​តំបន់​អឺរ៉ុប អាមេរិក និង​អាស៊ី​។

ព្រះសង្ឃ​ស្រឡាញ់​ធម្មជាតិ​អង្គ​នេះ​បាន​បន្ដ​ថា​៖ «​ភ្ញៀវ​ដែល​ទាក់ទាញ​អាត្មា មកពី around the world​។ ពេល​ខ្លះ​អាត្មា​សួរថា​មកពី​ណា​? គាត់​ថា មកពី​កាណាដា ខ្លះ​អាមេរិក អាហ្សង់ទីន ប្រេស៊ីល ហ្វាំងឡង់ នូវែលសេឡង់ អ៊ីចឹង​ទៅ​។ អ្នកខ្លះ​មក​អត់​ស្គាល់​លោក​អត់​ស្គាល់​អី លេង​ជាមួយ​លោក​ដូច​លេង​ជាមួយ​មិត្ដភក្ដិ​អ៊ីចឹង​ទៅ​»​។

ព្រះតេជគុណ ព្រំ ធម្មជាតិ និង​តារាចម្រៀង មាស សុខ​សោភា ដែល​ជំរុញ​ដល់​ការដាំ​ដើមឈើ​ថែរក្សា​បរិស្ថាន​។ រូបថត សហការី

កាលពី​ខែ​ឧសភា ២០ ឆ្នាំ​មុន តេជគុណ ព្រំ ធម្មជាតិ មក​សង់​អាស្រម​តូច​មួយ​ក្នុង​ព្រៃ​នៃ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ បំណង​ជួយ​ថែរក្សា​ព្រៃឈើ និង​ស្វែងរក​ទីឋាន​ស្ងប់ស្ងាត់​សម្រាប់​ការប្រណិប័តន៍​​ព្រះធម៌​ព្រះសម្មាសម្ពុទ្ធ​។

ទោះបី​ជា​ព្រះតេជគុណ​រមែង​និមន្ដ​ត្រាច់ចរ​ក្នុង​ព្រៃ​នៃ​តំបន់ភ្នំ​ឱរ៉ាល់ ធ្លាក់​ទៅ​ដល់​ជួរ​ភ្នំក្រវាញ​ស្ទើរតែ​សព្វ​ជ្រុងជ្រោយ​យ៉ាងណា​ក៏ដោយ ក៏​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​អង្គ​នេះ​មិន​បាន​និមន្ដ​ជូន​ភ្ញៀវទេសចរ​លុកព្រៃ​ដោយ​ផ្ទាល់​នោះ​ទេ ដោយ​ព្រះអង្គ​បាន​បង្វែរ​កិច្ចការ​នេះ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ស្រឡាញ់​ធម្មជាតិ​វិញ​។

តេជគុណ ព្រំ ធម្មជាតិ មាន​សង្ឃដីកា​ថា​៖ «​អាត្មា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ចិត្ដ​ឈឺឆ្អាល​ការពារ​ព្រៃ​ដើម្បី​ទទួល​បន្ទុក​ជា​អ្នក​ជូន​ភ្ញៀវទេសចរ​ដើរ​ព្រៃ តែ​បើ​ញោម​ខ្ជិលៗ អាតា្ម​អត់​ខ្វល់​អី​ទេ​។ អាត្មា​ជួយ​តែ​អ្នក​ចេះ​ជួយ​អភិរក្ស​ព្រៃ និង​សត្វព្រៃ​នោះ​ទេ​»​។

ព្រះសង្ឃ​ដែល​មក​តាំង​អាស្រម​ទីនេះ ២ ទសវត្សរ៍​បាន​បន្ថែម​ថា​៖ «​អាត្មា​បាន​ណែនាំ​ត្រួសៗ​ថា តើ​ពួកគេ​ចង់​ដើរ​ទៅណា​? បើ​ក្រវាញ វា​ឆ្ងាយ​បន្ដិច ហើយ​វា​ស៊ីម៉ោង ស៊ី​ពេលវេលា និង​ស៊ី​ថវិកា​។ បើ​ទៅ​ឱរ៉ាល់ ជិត​ជាង ហើយ​សេវាកម្ម​ជូន​ត្រឹម​តែ ២០ ​ម៉ឺន​រៀល​អីហ្នឹង​។ តែ​បើ​ទៅ​តំបន់​ភ្នំ​ក្រវាញ ពួកគេ​ត្រូវ​ចំណាយ​ច្រើន​»​។

ចំពោះ​ការប្រើប្រាស់​ភាសា ព្រះសង្ឃ​ពុទ្ធសាសនា ព្រំ ធម្មជាតិ មាន​សង្ឃដីកា​ដាក់​ខ្លួន​ថា​៖ «My English is from jungle​។ អង់គ្លេស​អាត្មា​មកពី​ព្រៃ​ទេ​។ ញោម​កុំ​ប្រកាន់​។ អាត្មា​រៀន​ពី​ភ្ញៀវ​វិញ​ទេ​។ បើ​ចង់​ដឹង​ចង់​សួរ​អី ប្រើ​កាយវិការ​ឲ្យ​គេ​ប្រាប់​ទៅ​»​។

ក្រៅពី​ទទួល​ការកក់​របស់​ភ្ញៀវ ព្រះតេជគុណ​ដែល​ចេះ​ឈឺឆ្អាល​ចំពោះ​បរិស្ថាន​អង្គ​នេះ​បាន​ផ្ដល់​ទីតាំង​អាស្រម​ជា​កន្លែង​ស្នាក់​របស់​ភ្ញៀវ និង​បកប្រែ​ភាសា​ខ្លះៗ​ដល់​អ្នក​ស្រុក​ភូមិ​ជា​អ្នកនាំ និង​អ្នក​ដាំ​ស្ល​ផង​ដែរ​។

ចំពោះ​និស្សិត ពួកគេ​មក​បោះតង់​សម្រាក​នៅក្នុង​បរិវេណ​វត្ដ និង​ជិះ​គោយន្ដ​ទៅលេង​ភ្នំ​តូចៗ​ខាង​ក្រោយ​អាស្រម​មើល​ទិដ្ឋភាព​ជួរ​ភ្នំក្រវាញ រួច​ទៅ​លេង​ទឹក​ទំនប់​ពាម​ល្វា​។

ព្រះភិក្ខុ ព្រំ ធម្មជាតិ បាន​បន្ដ​ថា​ចំពោះ​ភ្ញៀវ​គេង ២ ទៅ ៣ យប់​គឺ​ពួកគេ​មក​សម្រាក​នៅ​អាស្រម​មួយ​យប់ រួច​ព្រឹក​ឡើង​ធ្វើ​ដំណើរ​បន្ដ​ដូចជា នៅ​ភ្នំឱរ៉ាល់​ ១ ​ឬ ​២ ​យប់​។ ពួកគេ​ធ្វើដំណើរ​ពី​ភ្នំ​តាំងពី​ព្រឹក​មក​ដល់​អារាម​វិញ​នៅ​រសៀល​ម៉ោង​ ៤ រួច​ក៏​នាំគ្នា​ឡើង​ឡាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។

ព្រះតេជគុណ ព្រំ ធម្មជាតិ និង​ភ្ញៀវបរទេស ដែល​ជំរុញ​ដល់​ការដាំ​ដើមឈើ​ថែរក្សា​បរិស្ថាន​។ រូបថត សហការី

បរិវេណ​អាស្រម​ជាទី​តាំង​បោះតង់​ស្នាក់នៅ​បែប​អេកូ​ទេសចរណ៍​។ រូបថត សហការី

សត្វ​ក្ងោក​ព្រៃ​ដែល​បង្ហាញ​ខ្លួន​នៅក្បែរ​អាស្រម​ព្រះតេជគុណ​។ រូបថត សហការី

ព្រះសង្ឃ​ដែល​តែងតែ​និមន្ដ​បិណ្ឌបាត​សុំ​ក្ដីសន្ដោស​ពី​ការសម្លាប់​សត្វព្រៃ​ធ្វើ​ជា​ចំណី​អាហារ ព្រំ ធម្មជាតិ ត្រូវ​បាន​ចាត់ទុក​ជា​ព្រះសង្ឃ​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សត្វព្រៃ​ដែល​មាន​ភាពស៊ាំ​នឹង​វត្ដមាន​របស់​ព្រះអង្គ​។

ព្រះតេជគុណ​បាន​បកស្រាយ​ថា​៖ «​មិនមែន​មកពី​អាត្មា​ចេះ​ភាសា​សត្វ​អាច​ទាក់ទង​ជាមួយ​សត្វព្រៃ ដូចជា ក្ងោក​នោះ​ទេ​។ តាមពិត​វា​ជា​ការប្រើ​ទំនាក់ទំនង​តាម​ដួងចិត្ដ​អី​ទេ​ញោម​។ វា​ជា​រឿង​ធម្មជាតិ​ទេ ហើយ​ដោយសារ​អាត្មា​មាន​និស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​ចំពោះ​ការអធ្យាស្រ័យ​មនុស្ស​សត្វ​ច្រើន​»​។

សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​កិច្ចការ​របស់​ព្រះសង្ឃ ព្រំ ធម្មជាតិ និង​សាកសួរ​ពី​ដំណើរ​កម្សាន្ដ​ត្រាច់ចរ​តាម​ព្រៃភ្នំ​តូចធំ​នៃ​ជួរ​ភ្នំក្រវាញ និង​ឱរ៉ាល់​អាច​ទាក់ទង​ព្រះតេជគុណ​ផ្ទាល់​តាមរយៈ​ទូរស័ព្ទ ០១៥ ៣៥ ៤៥ ៤៥៕