ក្រុងបាកដាដ: ៣ ​ទសវត្សរ៍​ក្រោយពី​របប​គ្រប់គ្រង សាដាម ហ៊ូសសេន ធ្វើឲ្យ​ខះទឹក​នៅ​តាម​តំបន់​ដីសើម ឥឡូវ​បឹងបួ​នានា​មាន​ភាពស្រស់​បំព្រង​ឡើងវិញ ដោយសារ​តែ​សម្ទុះ​នៃ​កំណើន​អេកូ​ទេសចរណ៍ និង​ដំណើរ​កម្សាន្ដ​តាម​ដង​ទន្លេ​រីក​ស្គុសស្គាយ​ជាថ្មី​។

ផ្ទះមួយ​បន្ទប់ សង់​ពី​ស្លឹកត្នោត​ត្បាញ​បណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេ​។ ក្បែរ​នោះ​វា​ជា​ចង្ក្រាន​ចង្អើរ​អាំងត្រី​អណ្ដែង រសជាតិ​បែប​អ្នកស្រុក​អ៊ីរ៉ាក់​។ ទូក​កាណូត​ប៉ុន្មាន​គ្រឿង​បើក​ឆ្វែល​ដាក់​គូស្នេហ៍​ប៉ុន្មាន​គូ និង​មិត្ដភក្ដិ​នាំ​គ្នា​ស្រែកច្រៀង​តាម​ចង្វាក់​ស្គរដៃ​។

លោក ហាប៊ិប អាល់ ជូរ៉ានី បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​បាន​មក​ដល់​ទីកន្លែង​ដែល​ស្រស់ស្អាត​យ៉ាង​នេះ និង​ប្រភពទឹក​ដ៏វែងអន្លាយ​បែប​នេះ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​»​។

ផ្ទះ​ស្នាក់​មាន​រចនាប័ទ្ម​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​។ រូបថត AFP

ក្រឡេក​មើល​ជុំវិញ​តំបន់​ដីសើម​ដែល​ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ក្នុង​ឆ្នាំ​ ២០១៦ ជូរ៉ានី​បាន​រំពឹង​ថា​៖ «​សម្រាប់​អ្នក​ចូល​ចិត្ដ​ដំណើរ​កម្សាន្ដ​បែប​ផ្សងព្រេង និង​ស្រឡាញ់​ធម្មជាតិ​»​។

ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង​ខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ នេះ​បើ​យោង​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ឌីឃ្វា ភាគ​ខាង​ត្បូង​ប្រទេស លោក​ អាសាដ អាល់ ឃ្វាហ្គោលី​។

លោក​បាន​ប្រាប់ AFP ថា​៖ «​យើង​ទទួល​ភ្ញៀវទេសចរ ១ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ២០១៦ ហើយ​ឆ្នាំ​ ២០១៧ មាន ១២០០០ នាក់​ព្រម​ទាំង​ឆ្នាំ​ ២០១៨ មាន ១៨០០០ ​នាក់​»​។

ការចម្អិន​អាហារ​បែប​ពលរដ្ឋ​អ៊ីរ៉ាក់​សម្រាប់​ភ្ញៀវទេសចរ​។ រូបថត AFP

ប្រពៃណី​រស់នៅ​បុរាណ​ប្រវត្ដិ​តាំងពី​ជាង ៥០០០ ​ឆ្នាំ​មុន​បាន​រស់រាន​ឡើង​វិញ ដែល​ជា​ទស្សនីយភាព​ដ៏ទាក់ទាញ​។

អ្នកស្រុក​ឈ្មោះ មេឌី អាល់ ម៉ាយ៉ាលី អាយុ ៣៥ ​ឆ្នាំ​ដែល​ចិញ្ចឹម​ក្របី និង​លក់​ទឹកដោះ​របស់​វា​ដ៏សម្បូរ​ជាតិ​ក្រែម​លក់​ជា​អាហារ​ពេលព្រឹក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា​៖ «​ទឹក​វិល​វិញ និង​ជីវិត​ធ្លាប់​ស្រស់បំព្រង​ក៏ត្រឡប់​វិញ​»​។

ជីវិត​សត្វព្រៃ​នានា​រួម​ទាំង​សត្វ​ភេ​រោម​រលោង​ដ៏ងាយ​រងគ្រោះ អណ្ដើក​ស្នូក​ទន់ និង​ចាប​បាស្រា​បាន​វិល​មក​តំបន់​ដីសើម​វិញ​រួម​ជាមួយ​ពពួកសត្វ​ងាយ​រងគ្រោះ​បំផុត​ព្រមទាំង​ភ្ញៀវទេសចរ​ផង​ដែរ​។

ទោះ​តំបន់​នោះ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីស្នាក់នៅ​សមរម្យ​យ៉ាងណា​ក៏ដោយ ក៏​ការ​ចំណាយពេល​​ ១ ​ថ្ងៃ​ក្នុង​តំបន់​សើម​នៅ​អ៊ីរ៉ាក់​ភ្ញៀវ​ត្រូវ​ជួល​អ្នកភូមិ​ម្នាក់ ដើម្បី​ចែវ​ក្បូន​តាម​ដង​ទន្លេ​មាន​តម្លៃ​ប្រមាណ ២៥ ដុល្លារ និង​នៅ​មិនទាន់​គិត​ថ្លៃ​អាហារ​ដែល​ផ្គត់ផ្គង់​ដោយ​អ្នកភូមិ​អ៊ីរ៉ាក់​៕ HR