ក្រុង​ប្រេស៊ីលីយ៉ា៖ ពន្លឺ​ថ្ងៃ​​ចាប់​ផ្ដើម​​ជះ​រស្មី​លើ​ជួរ​ភ្នំ​ខានតាប្រ៊ីយ៉ា​ នៃ​ប្រទេស ​អេស្ប៉ាញ​ ក្រុម​អ្នក​ឡើង​ភ្នំ​បាន​​ទៅ​ដល់​កំពូល​រួច​​ជា​ស្រេច​ក្នុង​​បំណង​ទស្សនា​ខ្លា​ឃ្មុំ​សម្បុរ​ត្នោត​។

ដោយ​​មាន​ការ​អៀន​ខ្មាស​ដែល​ស្ថិត​ក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​អេស្ប៉ាញ ខ្លា​ឃ្មុំ​ត្នោត​ខានតាប្រ៊ីយ៉ា បាន​បង្កើន​ចំនួន​ច្រើន​ក្នុង​តំបន់​ភ្នំ​ភាគ​ពាយព្យ​ក្រោយ​ពី​ស្ទើរ​តែ​ផុត​ពូជ​។

ហ្វើណាន់ដូ ហ្គារីតាហ្គូអ៊ីតា បាន​ជួល​ផ្ទះ ​១ ​ខ្នង នៅ​ក្រុង La Peral ជា​កំពែង​ក្នុង​ដែន​ជម្រក​ធម្មជាតិ​ Somiedo នៃ​តំបន់​ Asturias ជា​បុគ្គល​ដំបូង​ដែល​បាន​ថត​ហ្វូង​ខ្លា​ឃ្មុំ​ដោយ​ប្រើ​លេនស៍​កាមេរ៉ា​វែង​។

វិស្សមកាល​ជាមួយ​ក្រុម​គ្រួសារ ផ្ទះ​ជួល​នោះ​មាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​ភ្នំ​ ដែល​ក្រុម​អ្នក​រង់ចាំ​មើល​ហ្វូង​ខ្លា​ឃ្មុំ​ត្នោត​ដំឡើង​តង់​រៀង​រាល់​ថ្ងៃ ដោយ​បំពាក់​ឧបករណ៍​កែវ​យឺត​ និង​កាមេរ៉ា​ថ្លៃៗ​។ ពួក​គេ​រង់ចាំ​ឃ្លាំ​មើល​ខ្លា​ឃ្មុំ​ចេញ​ពី​ព្រៃ និង​ឡើង​តាម​ជម្រាល​​ភ្នំ​ដើម្បី​ស៊ី​ផ្លែ​ប៊ឺរី​​ ​ដុះ​តាម​គុម្ព​ព្រៃ​។

ភ្ញៀវ​ទេសចរ​សម្លឹង​តាម​កែវ​​យឹត និង​កាន់ឧបករណ៍​ថត​ថ្លៃៗ ដើម្បី​ទស្សនា និង​ផ្ដិត​យក​​រូបភាព​ខ្លា​ឃ្មុំ​ពណ៌​ត្នោត​​​។ រូបថត AFP

ភាព​ភ្ញាក់​ផ្អើល​នឹង​ប្រទះ​ភ្នែក​ឃើញ​​ខ្លា​ឃ្មុំ ​១ ក្បាល​ សាស្ដ្រាចារ្យ​វ័យ ៥៣ ឆ្នាំ​រូប​នេះ​បាន​លាន់​មាត់​​ថា​៖ «វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប​រីករាយ និង​មាន​សុភមង្គល​។ លោក​អ្នក​នឹង​មាន​អារម្មណ៍​រំជើប​រំជួល​»។

ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៨០ មិន​សូវ​មាន​ឱកាស​បាន​ឃើញ​ខ្លា​ឃ្មុំ​ត្នោត​នៅ​តំបន់​ជួរ​ភ្នំ​ខានតាប្រ៊ីយ៉ា​ ដែល​លាត​សន្ធឹង​ជាង ៤០០ គីឡូម៉ែត្រ ​តាម​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស ​អេស្ប៉ាញ​។

ហ្គីលលើម៉ូ ផាឡូមេរ៉ូ ប្រធាន​អង្គការ ​the Fundacion Oso Pardo (មូលនិធិ​ខ្លាឃ្មុំ​ត្នោត​)​ បាន​និយាយ​ថា​ ធ្លាក់​មក​ត្រឹម​ចន្លោះ ៦០ ឬ ៧០ ក្បាល ពួក​វា​ប្រែ​ក្លាយ​ជា​សត្វ​ជិត​ផុត​ពូជ​។ ប៉ុន្ដែ​ក្រោយ​យុទ្ធនាការ​យ៉ាង​សស្រោក​សស្រាំ​របស់​ក្រុម​អ្នក​អភិរក្ស​ ចំនួន​ខ្លា​ឃ្មុំ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​ពេល​នេះ តំបន់​នោះ​មាន​ខ្លា​ឃ្មុំ​ចន្លោះ​ពី ៣៣០ ទៅ ៣៥០ ក្បាល​ ដោយ​មាន​ខ្លា​ឃ្មុំញី​ជាង ៤០ ក្បាល​ដែល​បង្កើត​កូន​រៀង​រាល់​ឆ្នាំ​។

ហ្វូង​ខ្លាឃ្មុំ​ឡើង​តាម​ជម្រាល​ភ្នំ​ ដើម្បី​ទៅ​រក​ផ្លែប៊ឺរី​ ឆី​​​​។ រូបថត AFP

អភិបាល​ក្រុង លោក បេឡាមីណូ ហ្វេមេនដេស បាន​និយាយ​ថា​ ខ្លា​ឃ្មុំ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ Somiedo ដែល​ពី​មុន​​មិន​ធ្លាប់​មាន​ទេសចរ​មក​ឡើយ​។

យ៉ាង​ណា​មិញ បច្ចុប្បន្ន​សហគមន៍​ដែល​មាន​ប្រជាជន​ ១ ៣០០ នាក់ ​បាន​បង្កើត​ហាង​ និង​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ទេសចរ​ចំនួន ​៩០ ដែល​មាន​ ១ ៤០០ បន្ទប់​៕ AFP/HR