កោះស៊ូម៉ាត្រាៈ គេសង្កេតឃើញថារយៈពេលប្រមាណជាប៉ុន្មានរយឆ្នាំចុងក្រោយនេះមានរឿងចម្លែកបានកើតឡើងនៅក្នុងភូមិតូចពីររបស់ប្រទេសឥណ្ឌូនេស៊ីឯណោះ។ ភូមិទាំងនោះស្ថិតភាគខាងលិចនៃកោះស៊ូម៉ាត្រា ដោយគេបានឃើញមានដើមឈើបានចាក់ឫសប្រទាក់ក្រឡាគ្នាបង្កើតបានជាស្ពានមួយមានប្រវែង៣០ម៉ែត្រឆ្លងកាត់ទន្លេមួយខណៈអ្នកភូមិក៏អាចប្រើវាសម្រាប់ឆ្លងនិងដឹកទំនិញនានាបានផងដែរ។ បច្ចុប្បន្នទីនោះត្រូវបានគេស្គាល់វាថា«ចេមបាតាន អាកា (Jembatan Akar)»ដែលមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំងទៅទស្សនា។
យោងតាមព័ត៌មានអ្នកស្រុកនោះបានឲ្យដឹងថាស្ពានឫសឈើនេះមានកំណើតដំបូងឡើយនៅឆ្នាំ១៨៩០ដោយគំនិតរបស់លោកប៉ាគីស សូហាន ជាគ្រូបង្រៀនសាសនាមូស្លីមនៅភូមិលូបួក ក្លែរ ហើយសិស្សរបស់លោកដែលនៅភូមិពូលុត ពូលុតនាត្រើយទន្លេម្ខាងទៀតឯណោះមិនសប្បាយចិត្តនឹងការធ្វើដំណើរមករៀននូវគម្ពីរគូរ៉ានរបស់សាសនានោះឡើយព្រោះមានទន្លេបាតាងបាយ៉ាងជាឧបសគ្គ។
លោកគ្រូក៏បានសម្រេចចិត្តដាំដើមឈើប្រភេទចាវី ចាវី ចំនួនពីរដើមនៅត្រើយទន្លេទាំងសងខាងហើយលោកប្រើដើមឫស្សីជាគ្រោងមួយសម្រាប់ឲ្យឫសឈើតោងវាររហូតបង្កើតបានជាស្ពានឫសឈើឆ្លងកាត់ទន្លេនេះឡើង។ តែនៅពីរទសវត្សរ៍ដំបូងវាមិនអាចឲ្យអ្នកភូមិនិងសិស្សានុសិស្សធ្វើដំណើរឬដឹកទំនិញលើវាបានឡើយ។
លុះដល់រយៈពេល២៦ឆ្នាំទើបវាបានលេចចេញជារូបរាងមួយដ៏គួរស្មានមិនដល់ដែលគេហៅវាថាស្ពានចេមបាតាន អាកា។ ពីមួយឆ្នាំទៅមួយឆ្នាំឫសឈើទាំងនោះបានចាក់ឫសប្រទាក់គ្នាបង្កើតបានជាស្ពានដ៏រឹងមាំមួយតែម្តង។
ស្ពានយោងធ្វើពីឫសឈើមានកម្ពស់ជាងបីម៉ែត្រពីផ្ទៃទឹកទន្លេបាតាងបាយ៉ាងនោះក៏អាចបង្កគ្រោះថ្នាក់ផងដែរពេលគេធ្វើដំណើរនៅរដូវភ្លៀង ព្រោះវាអាចរអិល។ ដើម្បីរក្សាសុវត្ថិភាពនិងការពារកុំឲ្យមានគ្រោះថ្នាក់នោះ អ្នកភូមិបានយកឈើក្តារចងទប់និងសរសៃដែកថែបចងភ្ជាប់វាឲ្យរងមាំជាងមុន៕PR